ក្រសួង​ព័ត៌មាន​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា​ ៥លាន​ដុល្លារ​អាមេរិក​បង្កើត​បណ្ណាល័យ​ឯកសារ​តាម​ប្រព័ន្ធ​ឌីជីថល​

   ភ្នំពេញ​៖​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អះអាង​ថា​  ក្រសួង​គ្រោង​នឹង​បង្កើត​បណ្ណាល័យ​ឯកសារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឌីជីថល​  ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង​ ៥លាន​ដុល្លារ​អាមេរិក​  ដើម្បី​ដាក់​បញ្ចូល​ឯកសារ​រូបថត​ទិន្នន័យ​  និង​ឯកសារ​សំឡេង​ នៅ​ដើម​ឆ្នាំ ២០១៦ ខាង​មុខ​នេះ​។​

   ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​  ស្ដីពី​អនាគត​នៃ​ប្រព័ន្ធ​ឌីជីថល​​  និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​  កាល​ពី​រសៀល​ថ្ងៃ​ទី​ ២០​ ខែ​តុលា​ ឆ្នាំ ២០១៥​ កន្លង​មក​នេះ​  នៅ​ក្រសួង​ព័ត៌មាន​  លោក​ ខៀវ​  កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​  បាន​មាន​ប្រសាសន៍​ថា​ក្រសួង​កំពុង​តែ​រៀបចំ​បង្កើត​បណ្ណាល័យ​ឯកសារ​  ឌីជីថល​ នៅ​ដើម​ឆ្នាំ ២០១៦​ ខាង​មុខ​នេះ​  ដោយ​ចាប់​ផ្ដើម​បណ្ដុះបណ្ដាល​មន្ត្រី​  ជំនាញ​ក្នុង​ការ​រៀបចំ​ឯកសារ​រូបថត​  ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​  និង​ឯកសារ​សំឡេង​។​

   លោក​បាន​បញ្ជាក់​ថា​  ការ​បង្កើត​បណ្ណាល័យ​ឯកសារ​នេះ​  ក្រសួង​កំពុង​រង់ចាំ​ការ​ទម្លាក់​ថវិកា​ពី​រដ្ឋាភិបាល​​  ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​  និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​  ហើយ​ក្រសួង​ព័ត៌មាន​ក៏​កំពុង​ស្វែងរក​ថវិកា​បន្ថែម​ទៀត​  ក្នុង​ការ​រៀបចំ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សាយ​ពី​អាណូឡូក​ទៅ​ជា​ឌីជីថល​ផង​ដែរ​។​

   លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ សម្រាប់​ការ​រៀបចំ​ផ្លាស់ប្ដូរ​ការ​ផ្សាយ​ពី​ប្រព័ន្ធ​អាណូឡូក​ ទៅ​ជា​ឌីជីថល​  គឺ​ត្រូវ​ការ​ថវិកា​ច្រើន​រាប់​រយ​លាន​ដុល្លារ​ឯណោះ​  ហើយ​ការ​បណ្ដុះបណ្ដាល​ដល់​អ្នក​ជំនាញ​បច្ចេកទេស​នៅ​តាម​ស្ថានីយ​វិទ្យុ​ ទូរទស្សន៍​ទាំង​អស់​នឹង​ជួយ​ជំរុញ​ដល់​ពួកគេ​ឱ្យ​បាន​ត្រៀម​លក្ខណៈ​ក្នុង​ការ​រៀបចំ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​បច្ចេកវិទ្យា​  សម្រាប់​ការ​ផ្សាយ​ពី​ប្រព័ន្ធ​អាណូឡូក​ទៅ​ជា​ឌីជីថល​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

   លោក​ ខៀវ​  កាញារីទ្ធ​ បាន​ឱ្យ​ដឹង​ទៀត​ថា​ នេះ​គឺ​ជា​​ការវិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​  ដែល​បច្ចុប្បន្ន​នេះ​រោងចក្រ​ជា​ច្រើន​ឈប់​ផលិត​សម្ភារៈ​ប្រើប្រាស់​ប្រព័ន្ធ​អាណូឡូក​ទៀត​ហើយ​ ដោយ​ចាប់​ផ្ដើម​ផលិត​តែ​សម្ភារៈ​សម្រាប់​ប្រព័ន្ធ​ឌីជីថល​  ហើយ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​  ត្រូវ​ខិតខំ​ជំរុញ​គុណភាព​  និង​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ផ្សាយ​ ជា​ឌីជីថល​ឱ្យ​បាន​កម្រិត​ប្រហាក់ប្រហែល​ ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​ និង​អន្តរជាតិ​។​

   បើ​តាម​ការ​លើកឡើង​របស់​លោក​ ពៅ​  ពិសិដ្ឋ​ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​  កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ផ្ដោត​ទៅ​លើ​ប្រព័ន្ធ​បច្ចេកទេស​​  ការ​ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​ ប្រព័ន្ធ​បណ្ណាល័យ​គ្រប់គ្រង​ឯកសារ​  ដំណើរ​ការវិវឌ្ឍន៍​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​​ ទៅ​ជា​ឌីជីថល​  ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់

   ការ​ផ្សាយ​​ ការ​គ្រប់គ្រង​កម្មវិធី​ដោយ​ស្វ័យប្រវត្តិ​ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រេកង់​ ៧០០​ បន្ទាប់​ពី​មាន​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សាយ​ពី​អាណូឡូក​ទៅ​ជា​ឌីជីថល​។​

   លោក​អគ្គនាយក​រង​បាន​បន្ត​ថា​  សិក្ខាសាលា​នេះ​ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ចូលរួម​ជួយ​លើកកម្ពស់​ការ​យល់ដឹង​ដល់​មន្ត្រី​ជំនាញ​បច្ចេកទេស​ផ្នែក​វិទ្យុ​  និង​ទូរទស្សន៍​  ក្នុង​ការ​ត្រៀម​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សាយ​ពី​អាណូឡូក​ទៅ​ជា​ឌីជីថល​នៅ​កម្ពុជា​។​

   គួរ​រំលឹក​ថា​សិក្ខាសាលា​នេះ​  មាន​សិក្ខាកាម​ចូលរួម​សរុប​ ១៥០​ នាក់​  ដែល​មក​ពី​ស្ថានីយ​វិទ្យុ​  និង​ទូរទស្សន៍​ឯកជន​ ចំនួន​ ១៤​ អង្គភាព​ និង​មន្ត្រី​ក្រសួង​ព័ត៌មាន​មក​ពី​ ២៥​ រាជធានី​ ខេត្ត​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥