រដ្ឋមន្ត្រី ​ក្រសួងសុខាភិបាល​អំពាវនាវ​ឲ្យ​ឈប់​ប្រើ​ឡេ​លាយ​សម្រាប់​លាប​ស្បែក​

ភ្នំពេញ៖រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ប្រើ​ឡេ​លាយ​សម្រាប់​លាប​ស្បែក​ឲ្យ​ស​ព្រោះ​នឹង​នាំ​ឲ្យ​ខូច​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​។ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពិសេស​សុភាព​នារី​បាន​ពេញ​និយម​ចំពោះ​ការប្រើប្រាស់​ឡេ​លាយ​សម្រាប់​លាប​ស្បែក​ឲ្យ​ស​នេះ​ដោយ​ពួកគាត់​អះ​អាង​ថា​នឹង​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ស​និង​ចំណាយ​ថវិកា​តិច ។ 

​ការ​អំពាវ​នាវ​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ៥ ខែ​តុលា ឆ្នាំ​២០១៥ ខណៈ​លោក​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ដុត​កម្ទេច​ឱសថ​ក្លែងក្លាយ​ចំនួន​៥៤​ការុង​ស្មើនឹង​១.៩៦៧​គីឡូក្រាម​នៅ​ឡ​កម្ទេច​សំណល់​វេជ្ជសាស្ត្រ​បឹង​ជើងឯក​ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។​

​លោក ម៉ម ប៊ុន​ហេង បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ថា​បច្ចុប្បន្ន​ក្រសួង សុខាភិបាល​បាន​និង​កំពុង​បន្ត​យុទ្ធនា​ការ​បង្ក្រាប​ជា​រៀងរាល់ថ្ងៃ​ចំពោះ​ការ​ចរាចរ​ឡេ​លាយ​សម្រាប់​លាប​ស្បែក​ឲ្យ​ស ។ លោក​ចាត់ទុកថា​ឡេ​ទាំងនេះ នឹង​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ពិសេស​ស្បែក​នឹង​រលាក​នា​ពេល​ខាង​មុខ ។ 

​គួរ​បញ្ជាក់​ថា​កន្លង​ទៅ​ធ្លាប់​មាន​នារី​មួយ​ចំនួន​បាន​រង​គ្រោះ​ដោយ​សារ​ការ​លាប​ឡេ​លាយ​ឲ្យ​ស្បែក​ស​នេះ​ផង​ដែរ ។ អ្នក​ជំនាញ​អះ​អាង​ថា​ឡេ​ប្រភេទ​នេះ​គឺ​ផ្សំ​ឡើយ​ដោយ​ជាតិ​អាស៊ី ត​ខ្លាំង​និង វត្ថុ​ធាតុគីមី​មួយ​ចំនួន​ដែល​នឹង​នាំ​ស្បែក​ឆាប់​ស​ប្រាកដ​មែន ។ ប៉ុន្តែ​ស្បែក​នេះ​នឹង​ខូច​ទៅវិញ រហូត​មក​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងនធ្ងរ​នា​ពេល​ខាង​មុខ ៕

 
ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី ០៤ តុលា ឆ្នាំ២០១៥