ACU​ រៀបចំ​ព្រាង​ច្បាប់​សម្រាប់​ការពារ​សាក្សី​ និង​ប្រភព​ផ្ដល់​ព័ត៌មាន​

ភ្នំពេញ​៖​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​ បាន​ប្រកាស​ថា​នឹង​ចាប់ផ្ដើម​សរសេរ​សេចក្ដី​ព្រាងច្បាប់​សម្រាប់​ការពារ​ដល់​សាក្សី​ និង​ប្រភព​ផ្ដល់​ព័ត៌មាន​នានា​  ដែល​ផ្ដល់​ឱ្យ​ដល់​អង្គភាព​របស់​ខ្លួន​  ដើម្បី​ការពារ​ដល់​អ្នក​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​​ថែមទៀត​។​

ការ​បញ្ជាក់​បែប​នេះ​  ធ្វើ​ឡើង​ដោយ​លោក​ ឱម​  យ៉ិនទៀង​  ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​  ដែល​បាន​បើក​កិច្ច​ប្រជុំ​លើក​ទី​ ៤​ អាណត្តិ​ទី​ ២​  នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​  កាល​ពី​រសៀល​ថ្ងៃ​ទី​ ៣០​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ កន្លងមក​។​

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​  ដែល​រស្មី​កម្ពុជា​បាន​ទទួល​នៅ​ថ្ងៃ​ទី​ ១​ ខែ​តុលា​ បង្ហាញ​ឃើញ​ថា​ចាប់​ពី​ខែ​តុលា​នេះ​ទៅ​  អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​នឹង​ធ្វើ​ការ​ចាប់​ផ្ដើម​សរសេរ​សេចក្ដី​ព្រាងច្បាប់​ស្ដី​ពី​ ការ​ការពារ​ដល់​សាក្សី​ និង​ប្រភព​ផ្ដល់​ព័ត៌មាន​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​ ការ​បង្កើត​ឱ្យ​មាន​ច្បាប់​នេះ​ គឺ​ប្រយោជន៍​ដើម្បី​ការពារ​ដល់​ទាំង​សាក្សី​  និង​ប្រភព​ផ្ដល់​ព័ត៌មាន​នានា​សម្រាប់​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​កាន់​តែ​មាន​ភាព​ខ្លាំងក្លា​  និង​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​។​

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ លោក​ ឱម​  យ៉ិនទៀង​ បាន​រាយការណ៍​ជូន​ដល់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ នូវ​លទ្ធផល​ការងារ​ខែ​កញ្ញា​កន្លង​មក​  ដោយ​ក្នុង​នេះ​បាន​ទទួល​នូវ​ពាក្យ​បណ្ដឹង​សរុប​ចំនួន​ ៦៣​ ក្នុង​នេះ​មាន​ពាក្យ​បណ្ដឹង​អនាមិក​ ២៧​ ឬ​ស្មើ​នឹង​៤២ភាគរយ​។​ ក្រៅពី​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ក៏​បាន​ធ្វើ​លិខិត​ឆ្លើយតប​ ទៅ​ម្ចាស់​បណ្ដឹង​វិញ​បាន​ចំនួន​ ៨២​លិខិត​ និង​ពិសេស​បាន​ឱ្យ​ស្ថាប័ន​អង្គភាព​  និង​សាមីខ្លួន​ពាក់ព័ន្ធ​  ដែល​ត្រូវ​ទទួល​រង​ការ​ចោទប្រកាន់​​  ដើម្បី​ធ្វើ​លិខិត​ឆ្លើយ​បំភ្លឺ​ចំនួន​ ៣៣​ លិខិត​  បាន​ទទួល​លិខិត​បំភ្លឺ​មក​វិញ​ពី​ស្ថាប័ន​អង្គភាព​សាមី​ខ្លួន​ពាក់ព័ន្ធ​ ៤០ ​លិខិត​ផង​ដែរ​។​

នៅ​ក្នុង​ឱកាស​នោះ​  លោក​ ឱម​  យ៉ិនទៀង​​ បាន​ឱ្យ​ដឹង​ថា​ ចំពោះ​បញ្ហា​ការប្រកាស​ទ្រព្យ​សម្បត្តិ​ នៅ​ខែ​កន្លង​មក​តាម​របប ​២ ឆ្នាំ​នោះ​  មាន​មន្ត្រី​ចូល​ខ្លួន​ប្រកាស​ចំនួន​ ២៥ រូប​  ​មន្ត្រី​ទើប​តែងតាំង​ថ្មី​ចំនួន​ ៧១រូប​  មន្ត្រី​លាឈប់​​ និង​ចប់​អាណត្តិ​ចំនួន​ ៣៣ រូប​ មន្ត្រី​ចូលនិវត្តន៍​ចំនួន​ ៤ រូប​។ ជាមួយ​គ្នា​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចូលរួម​សង្កេតការណ៍​ ការ​ដេញថ្លៃ​ចំនួន​ ៤៧​លើក, ការ​ពិគ្រោះ​ថ្លៃ​ចំនួន​ ២០លើក​​។

លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​  បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា​ ក្នុង​ខែ​កញ្ញា​នេះ​  អង្គភាព​ប្រឆាំង​អំពើពុករលួយ​​បាន​បញ្ចប់​ការ​ស្រាវជ្រាវ​ពី​ការ​ប្រឡង​ជ្រើសរើស​ក្រឡាបញ្ជី​។​ លទ្ធផល​ទោះបី​មាន​កំហុស​បច្ចេកទេស​តិចតួច​ពិតមែន​  ប៉ុន្តែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សង្កេត​ឃើញ​ថា​  ការ​ប្រឡង​មាន​ភាព​ល្អ​ត្រឹមត្រូវ​​។​ អង្គភាព​  ក៏​បាន​ជម្រាប​ជូន​ម្ចាស់​ពាក្យ​បណ្ដឹង​យ៉ាង​លម្អិត​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ផង​ដែរ​។​ ក្រៅ​ពី​នេះ​  អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ក៏​បាន​បង្កើត​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផ្ទៃក្នុង​មួយ​  ដែល​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​ និង​ថវិកា​។​ 

លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្លាប់​បាន​លើក​ឡើង​នា​ពេល​កន្លង​មក​ថា​  ការ​ផ្ដល់​ព័ត៌មាន​​ និង​សាក្សី​ជា​ប្រភព​សំខាន់​សម្រាប់​អង្គភាព​របស់​លោក​  ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​  ក៏​ដូច​ជា​ចាប់​ជនល្មើស​មក​ធ្វើ​ការ​ផ្ដន្ទាទោស​  ហើយ​បើ​ខ្វះ​ពួកគេ​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ក៏​អង្គភាព​របស់​លោក​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​នោះ​បាន​ដែរ​។​

ការ​ចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ​ពិសេស​ពី​សំណាក់​ពលរដ្ឋ​ គឺ​ជា​កត្តា​សំខាន់​បំផុត​  ហេតុ​នេះ​ការ​ធ្វើ​ច្បាប់​សម្រាប់​ការពារ​សាក្សី​  និង​ប្រភព​ផ្ដល់​ព័ត៌មាន​​ វា​ជា​រឿង​មួយ​មិន​អាច​ខ្វះ​បាន​សោះ​ឡើយ​។

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី​០២​ខែ​កញ្ញា​ឆ្នាំ២០១៥