ស្ថាប័ន​រដ្ឋ​ និង​សង្គម​ស៊ីវិល​ពិភាក្សា​បញ្ហា​ប្រឈម​និង​កាលានុវត្តនភាព​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត

    ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ បាន​បើក​កិច្ច​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ និង​កាលានុវត្តនភាព​ ចំពោះ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ិនធឺណេត​ក្នុង​ប្រទេស​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​កញ្ញា​ នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២។

ក្នុង​សិក្ខាសាលា​ស្ដី​ពី​សេរីភាព​អ៊ិនធឺណេត​នៅ​កម្ពុជា​ កាលានុវត្តនភាព​និង​ការ​ប្រឈម​លោក​ស្រី​ជីម​ មាណាវី​នាយិកា​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ចំនួន​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ិនធឺណិត​មាន​ការ​កើន​ឡើង​ជា​លំដាប់​ ដោយ​សារ​តែ​ប្រព័ន្ធ​អ៊ិនធឺណេត​បាន​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើ​ប្រាស់​តែ​ផ្ទុយ​ទៅ​វិញ​វា​ក៏​នាំ​ទុក្ខ​ទោស​ដល់​អ្នក​ប្រើ​ប្រាស់​ផង​ដែរ​ប្រសិន​បើ​ប្រើ​ប្រាស់​ខុស។

​លោក​ស្រី​បាន​បន្ត​ថា​ សេរីភាព​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ិនធឺណិត​នេះ​បាន​កំពុង​តែ​ពេញ​និយម​សម្រាប់​ប្រើ​ប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក, អ៊ីម៉ែល​, ជីម៉ែល​ និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត​សម្រាប់​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​ និង​ផ្ដល់​យោបល់​ឬ​កែ​លម្អ​ប៉ុន្តែ​ការ​បញ្ចេញ​មតិ​ទាំង​អស់​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត​ត្រូវ​តែ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ច្បាប់​។

ចំណែក​លោក​ស៊ិន​ រ៉ា​ពីដ​ ប្រធាន​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ និង​គមនាគមន៍​មាន​ប្រសាសន៍​ថា កាល​ដើម​ឡើយ​ប្រព័ន្ធ​អ៊ិនធឺណេត​ប្រើប្រាស់​តែ​តាម​កុំព្យូទ័រ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​សង្កេត​ឃើញ​ថា​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ិនធឺណេត​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលាយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ប្រជុំ​ជន​ និង​ជនបទ​មួយ​ចំនួន​ទៀត​ដែល​ពួក​គេ​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​តាម​រយៈ​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន​ និង​ទូរទស្សន៍​ជា​ដើម។ អ៊ិនធឺណេត​បាន​ប្រើប្រាស់​គ្រប់​វិស័យ​ដូច​ជា​វិស័យ​ឯកជន​ វិស័យ​សាធារណៈ​ និង​ការ​ប្រើប្រាស់​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​តាម​រយៈ​អនឡាញ​វិស័យ​កសិកម្ម​ក៏​ត្រូវ​ការ​ប្រព័ន្ធ​អ៊ីនធឺណេត​ សម្រាប់​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​កសិករ​ផង​ដែរ។

លោក​បន្ត​ថា​ រាជ​រដ្ឋាភិបាល​បាន​ជំរុញ​ និង​លើក​កម្ពស់​ លើក​វិស័យ​គមនាគមន៍​លើ​បច្ចេកវិទ្យា​អ៊ិនធឺណេត​នោះ​ឱ្យ​កាន់​តែ​ទំនើប​ និង​មាន​គុណភាព​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ ក្នុង​តម្លៃ​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាជន​អាច​ប្រើប្រាស់​បាន​គុណភាព​អន្តរជាតិ​ និង​សេវា​អាច​គ្រប់​ដណ្ដប់​ដល់​ទី​ជន​បទ​​មាត់​ញក​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាម​យក​ប្រព័ន្ធ​អ៊ិនធឺណេត​នោះ​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​បាន​គ្រប់​គ្នា​។ ប្រព័ន្ធ​អ៊ិនធើណេត​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​ជាង​៥​លាន​នាក់​តាម​រយៈ​ទូរស័ព្ទ​ដៃ។

លោក​ឱ្យ​ដឹង​ទៀត​រាជ​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​សេរី ចំពោះ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ិនធឺណេត​នៅ​កម្ពុជា​ជាក់​ស្ដែង​ក្រសួង​ប្រៃសណីយ៍​ និង​គមនាគមន៍​តែង​តែ​គាំទ្រ​ការ​បញ្ចេញ​មតិ​ដូច​ដែរ​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ដូច​ជា​ច្បាប់​ ស្ដី​ពី​របប​សារព័ត៌មាន​និង​ក្រម​ព្រហ្មទណ្ឌ​ដែល​ប្រជាពលរដ្ឋ​អាច​ចូល​រួម​សម្ដែង​មតិ​លើ​ផ្នែក​នយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ជា​ដើម។ ប៉ុន្តែ​ការ​សម្ដែង​មតិ​នោះ​ត្រូវ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​ ហើយ​ប្រសិន​បើ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​លើស​លុប​ពេល​នោះ​ត្រូវ​បាន​រំលោភ​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​។

លោក​ប៊ុន​ ជិ​ ប្រធាន​គម្រោង​អភិបាល​កិច្ច​ល្អ​ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​ថា​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ិនធឺណេត​អ្នក​ប្រើប្រាស់​តែង​តែ​មាន​ប្រយោជន៍​ តែ​វា​មាន​ផល​អាក្រក់​ប្រសិន​យក​ទៅ​ប្រើ​ប្រាស់​ចាក​ពី​ច្បាប់​។​ប៉ុន្តែ​ប្រសិន​បើ​គ្មាន​កាលានុវត្តនភាព​និង​ការ​ប្រឈម​នោះ​ទេ​ក៏​មិន​មាន​ការ​រីក​ចម្រើន​លើ​ប្រព័ន្ធ​អ៊ិនធឺណេត​នោះដែរ​៕

បោះពុម្ព​ផ្សាយ: 
ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥