ភ្នំពេញ: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយស្ដ្រីខ្មែររងគ្រោះចំនួន៥នាក់ ដែលត្រូវបានមេខ្យល់លួងលោមបោកបញ្ឆោតនាំយកទៅរៀបការជាមួយបុរសជនជាតិចិន ហើយត្រូវបានប្តីធ្វើបាប ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។
ប្រភពបានឲ្យដឹងថា ស្ដ្រីខ្មែររងគ្រោះទាំង ៥នាក់ មានឈ្មោះ ៖ ១-យេន ស៊ីម៉ា នៅភូមិអណ្ដូងស្នាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ២- ផាត ដារី នៅភូមិក្ដុលក្រោម ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ៣- ផាត ធីតា នៅភូមិក្ដុលក្រោម ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ៤- នាង ស្រីដា នៅភូមិពពាខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និង៥- ព្រំ កុសល នៅភូមិពពាខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រភពបានបន្តថា ស្ត្រីខ្មែររងគ្រោះទាំង៥ ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៥ វេលាម៉ោង ១០: ២០ នាទី ព្រឹក តាមជើងយន្តហោះ MH 754។
គួរកត់សំគាល់ថា ករណីស្ដ្រីខ្មែររៀបការជាមួយបុរសជនជាតិចិន និងត្រូវបានប្តីវាយធ្វើបាប ហើយស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា អន្តរាគមន៍ជួយសង្គ្រោះ អោយវិលត្រឡប់មកកម្ពុជាវិញ បានកើតឡើងសឹងតែជារៀងរាល់ថ្ងៃ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ធ្លាប់បានអញ្ជើញសាមីខ្លួន ដែលបាន ដាក់ពាក្យសុំច្បាប់អនុញ្ញាតរៀបការជាមួយបុរសជនជាតិចិន មកជំរាបជូនពីហានិភ័យដែលបាន និងកំពុងកើតមានចំពោះស្ដ្រីខ្មែរក្នុងពេលបច្ចុប្បន្នដើម្បីពួកគេបានដឹង ក្នុងគោលបំណងអោយ ធ្វើការត្រិះរិះពិចារណាអោយបានហ្មត់ចត់។
លើសពីនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែងតែធ្វើការអំពាវនាវជា ញឹកញាប់ដល់មាតាបិតា អាណាព្យាបាល និងស្ត្រីខ្មែរដែលជាជនងាយរងគ្រោះ អោយចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហានេះ ហើយត្រូវមានការប្រុងប្រយ័ត្នចំពោះការលួងលោម ភូតកុហក ឆបោក អូសទាញ បញ្ជុះបញ្ជូលរបស់ពួកមេខ្យល់ ដែលមានគំនិតទុច្ចរិតទាំងនោះ៕