អ្នក​សារព័ត៌មាន​ចង់​ឱ្យ​មាន​វគ្គ​បណ្ដុះ​បណ្ដាល​ច្បាប់​ស្ដី​ពី​សិទ្ធិ​មនុស្ស​និង​ច្បាប់​ធ្វើ​បាតុកម្ម​ឱ្យ​បាន​ច្រើន

ដោយ​: សេង​ ឃួន​

ក្រចេះ: ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​​សហប្រជាជាតិ​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ច្បាប់​សិទ្ធិ​មនុស្ស​ធុរកិច្ច​ និង​ច្បាប់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដល់​ភ្នាក់​ងារ​សារព័ត៌មាន​ជាង​៣០​នាក់​។ សិក្ខាកាម​ដែល​មក​ពី​បណ្ដា​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ក្រចេះ​ ស្ទឹង​ត្រែង​រតនគិរី នៅ​សណ្ឋាគារ​ហ៊រប៊ុន្នី​ក្រុង​ក្រចេះ រយៈ​ពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១០​កញ្ញា​ឆ្នាំ​២០១៥។

      លោក​សឺន​ សាលី​មន្ត្រី​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ និង​ជា​អ្នក​សម្រប​សម្រួល​បាន​ឱ្យ​ដឹង​ថា​ ការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ក្នុង​គោល​បំណង​ចង់​ឱ្យ​ភ្នាក់​ងារ​សារ​ព័ត៌មាន​ទាំង​អស់​យល់​ដឹង​អំពី​ច្បាប់​បាតុកម្ម និង​ដើម្បី​សរសេរ​ព័ត៌មាន​ពី​ច្បាប់​បាតុកម្ម​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ពី​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី​។ ព្រោះ​កន្លង​មក​ប្រជាពលរដ្ឋ​អត់​បាន​យល់​ពី​ច្បាប់​បាតុកម្ម​ក៏​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​សាធារណៈ​បណ្ដាល​ឱ្យ​កក​ស្ទះ​ចរាចរ​និង​ពេល​ខ្លះ​ពួក​គាត់​ធ្វើ​បាតុកម្ម​ដោយ​ហិង្សា​ថែម​ទៀត​ផង។

      កញ្ញា​ ធាវី​ ភ្នាក់​ងារ​វិទ្យុ​សំឡេង​ស្ត្រី​ប្រចាំ​ខេត្ត​ក្រចេះ​ ក៏​ដូច​ជា​ភ្នាក់​ងារ​សារព័ត៌មាន​មួយ​ចំនួន​ទៀត​បាន​សំណូម​ពរ​ដល់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​វគ្គ​បណ្ដុះ​បណ្ដាល​ផ្សេងៗ​ដល់​ភ្នាក់ងារ​អ្នក​សារព័ត៌មាន​តាម​បណ្ដា​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​​ឱ្យ​បាន​ច្រើន​ដើម្បី​ជួយ​ឱ្យ​អ្នក​សារ​ព័ត៌មាន​បាន​យល់​ដឹង​បន្ថែម​ស្ដី​ពី​ច្បាប់​សិទ្ធិ​មនុស្ស​ធុរកិច្ច​ និង​ច្បាប់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នេះ​កាន់​តែ​កើន​ឡើង​ថែម​ទៀត៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី​១៤​ខែ​កញ្ញា​ឆ្នាំ២០១៥