រាជរដ្ឋាភិបាល​បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ចាត់វិធានការ​ញុះញង់ ជេរប្រមាថ និង​រើសអើង​ពូជសាសន៍​

     ភ្នំពេញ: នៅ​ទីបំផុត​រាជរដ្ឋាភិបាល​បាន​បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​បច្ចេក​វិទ្យា នឹង​ចាត់វិធានការ​ចំពោះ​សកម្មភាព​ញុះញង់ ជេរប្រមាថ​និង​រើសអើង​ពូជសាសន៍​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ដែល​បាន​កើតមាន​នាពេល​កន្លងមក និង​កំពុងតែ​កើតមាន​នាពេល​បច្ចុប្បន្ននេះ​។​

​     មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៧ ខែកញ្ញា ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជា​សេនាធិការ​នៃ​ក្រសួងមហាផ្ទៃ នឹងសិក្សា​រៀបចំ​គោលការណ៍ វិធានការ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​លើ​ការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើបអង្កេត​និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​។ 

​    នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា មាន​តួនាទី​ក្នុង​ប្រមូល​និង​វិភាគ​ទិន្នន័យ​ប្រព័ន្ធ ទូរគមនាគមន៍ ដើម្បី​រក​ឲ្យ​ឃើញ​បទល្មើស និង​ការគំរាមកំហែង ដល់​សន្តិសុខ​ជាតិ តាម ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​។ ហើយ​នាយកដ្ឋាន​នេះ មាន​តួនាទី​ស៊ើបអង្កេត និង​ចាត់វិធានការ​តាមច្បាប់​ចំពោះ​សកម្មភាព​ញុះញង់ ជេរប្រមាថ រើសអើង​ពូជសាសន៍ បង្កចលាចល​ក្នុងសង្គម តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​”​។​

​    លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ឲ្យ​រស្មី​កម្ពុជា​ឲ្យ​ដឹងថា “​យើង​បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ឲ្យ​មាន​តួនាទី ភារកិច្ច ធ្វើ​កិច្ចការងារ​នេះ ដោយ​ជំនាញ​តែម្តង ហើយ​កន្លងមក​យើង​មិនបាន​បង្កើត​នាយកដ្ឋាន​ទេ គឺមាន​ត្រឹមតែ​ការិយាល័យ​ស៊ើបអង្កេត​នៅក្នុង​ព្រហ្មទណ្ឌ​។ ហើយ​ការបង្កើត​នាយកដ្ឋាន​នេះ គឺ​ឲ្យ​ទាន់​ទៅតាម​សម័យ​រីកចំរើន នៃ​បច្ចេកវិទ្យា​ព័​ត៍​មាន​វិទ្យា ហើយ​យើង​ឃើញ​ហើយ កន្លងមក​មានដូចជា​ការ​លួច​លុយ​នៅក្នុង​ធនា​ការ និង​បន្លំ​ពី​ធនាគារ បើ​យើង​មិនបង្កើត​នាយកដ្ឋាន​នេះ​ទេ វា​អាចមាន​គ្រោះថ្នាក់​ដល់​ការរីកចំរើន​ដល់​សេដ្ឋកិច្ច​យើង ដូចជា​ការ​ហេ​ក​នៅក្នុង​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​”​។​

​    អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ​។​

​    ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​អ្នកកាសែត​ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នេះ ទើបតែ​បង្កើត​ថ្មី និង​មិនទាន់​លេច​ជា​រូបរាង​នៅឡើយ​ទេ​។ ហើយ​ការបង្កើត​នាយកដ្ឋាន​នេះ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ទាក់ទង នឹង​ការ​ញុះញង់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​។ 

​     លោក​បញ្ជាក់ថា ការ​ញុះញង់​ឲ្យ​មាន​បញ្ហា គឺ​វា​ទាក់ទង​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម ហើយ​បើសិនជា​អត់​មាន​វិធានការ​ដើម្បី​ទប់ស្កាត់ ដើម្បី​ដោះស្រាយ​បញ្ហា​នឹង​ទេ សង្គម​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​។​

​សូម​រម្លឹកថា លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ខែឧសភា ឆ្នាំ​២០១៥  បានដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ឲ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​ផ្លូវ​បច្ចេកទេស​លើ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែល​លោក​ហៅថា​ជា​”​ជន​អគតិ និង​អសីលធម៌​” ករណី​ប្រមាថ និង​វាយប្រហារ​បរិហារកេរ្តិ៍​ទៅលើ​មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥