​ក្រសួងមហាផ្ទៃ​ជំរុញ​ឲ្យ​ខេត្ត និង​នគរបាល​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ទាន់ពេល​

    បន្ទាយមានជ័យ: មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​និយាយថា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​ខាងមុខនេះ តម្រូវ​ឲ្យ​ពលរដ្ឋ​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​អម​នឹង​ប័ណ្ណបោះឆ្នោត​។​

​    លោក ឡេង វី អនុ​រដ្ឋលេខា​ធី​ការ​ក្រសួងមហាផ្ទៃ លើកឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជំរុញ​ការអនុវត្តន៍ ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី នៅ​សាលប្រជុំ​សាលាខេត្ត កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៥​។​

​    លោក អនុរដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍ថា មន្ត្រីនគរបាល​ធ្វើ​អត្ថ​សញ្ញាណ​ប័ណ្ណ​ត្រូវ​អនុវត្តន៍​មួយថ្ងៃ​ឲ្យ​បាន​ចំនួន ១.០០០​ប័ណ្ណ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សិទ្ធិ​គ្រប់គ្រាន់​ចូលរួម​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយនេះ​។ ការអនុវត្ត​ធ្វើ​អត្តសញ្ញាណ​កម្ម​ត្រូវ​ត្រួតពិនិត្យ និង​វាយតម្លៃ​ជាក់ស្តែង​ចំពោះ​ពលរដ្ឋ​ណា​ដែល​ត្រូវ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដើម្បី​ចៀសវាង​ការផ្តល់​ខុស​លក្ខខណ្ឌ​ជំនាញ​ដល់​ជន​មាន​សមាស​ភាពមិនប្រក្រតី​។​

​     លោក​វរសេនីយ៍ អ៊ុន សំអន ស្នងការរង​នគរបាល​ខេត្ត​និយាយថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ដែល​ត្រូវ​ផ្តល់ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​មាន​អាយុ ១៥​ឆ្នាំ​ឡើង សរុប​ចំនួន​៥០៤.០៥៦​នាក់​។ អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ដែល​បានផ្ដល់​ឲ្យ​ពលរដ្ឋ​រួចហើយ​បាន​២២៩.០២០​នាក់​។ ដូច្នេះ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដែល​ប្រជាពលរដ្ឋ​មិនទាន់​បានធ្វើ​នៅសល់​សរុប​២៧៥.០៣៦​នាក់​ទៀត​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥