រដ្ឋ​មន្ត្រី​ព័ត៌មាន : ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​មិន​មែន​សម្រាប់​​តែ​អ្នក​សារ​ព័ត៌មាន​ទេ

ភ្នំពេញ​: រដ្ឋ​មន្ត្រី​ព័ត៌មាន​បាន​លើក​ឡើង​ថា ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ មិន​មែន​សម្រាប់​តែ​អ្នក​សារព័ត៌មាន​ទេ គឺ​សម្រាប់​ប្រជាជន​ទូទៅ​ ក្នុង​នោះ​រួម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ប្រកប​របរ​រក​ស៊ី​​ដោយ​សុចរិត​នៅ​កម្ពុជា​ផង​ដែរ​ ។

 

វគ្គ​បណ្ដុះ​បណ្ដាល​ក្រុម​ការងារ​បច្ចេកទេស​ (A2I TWG) រៀប​ចំ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ក្រសួង​ព័ត៌មាន​ និង​អ្នក​ច្បាប់​ដើម្បី​ឱ្យ​មន្ត្រី​វ័យ​ក្មេង​ជំនាន់​ក្រោយ​របស់​ក្រសួង​ព័ត៌មាន​ បាន​ស្វែង​យល់​ពី​នីតិវិធី​នៃ​ការ​តាក់​តែង​ច្បាប់​នៅ​កម្ពុជា​។

 

លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បិទ​វគ្គ​ ក្រុម​ការងារ​បច្ចេកទេស​​(A2I TWG) រៀប​ចំ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥ កន្លង​មក​នេះ​ នៅ​សណ្ឋាគារ​រ៉េស៊ីដង់ សុខា​ភ្នំពេញ​ថា​ វគ្គ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​២​ថ្ងៃ​នេះ​ដើម្បី​លើក​កម្ពស់​ដល់​ដំណើរ​ការ​កសាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​រវាង​រាជ​រដ្ឋាភិបាល​ជាមួយ​ប្រជាពលរដ្ឋ​(A2I TWG) និង​ដើម្បី​​ឱ្យ​មន្ត្រី​វ័យ​ក្មេង​ជំនាន់​ក្រោយ​របស់​ក្រសួង​ព័ត៌មាន​ទទួល​បាន​ចំណេះ​ដឹង​និង​បទ​ពិសោធន៍​បន្ថែម​ក្នុង​ការ​កសាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​​ព័ត៌មាន​ ក៏​ដូច​ជា​ការ​កសាង​ច្បាប់​ផ្សេងៗ​ទៀត​។

 

លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា​ ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មិនមែន​មាន​សារ​សំខាន់​ចំពោះ​តែ​អ្នក​សារ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​ប្រជាជន​ទូទៅ​​ក្នុង​នោះ​រួម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ប្រកប​របរ​រក​ស៊ី​ដោយ​សុចរិត​នៅ​កម្ពុជា​ផង​ដែរ​ ពួក​គេ​មាន​សិទ្ធិ​ទទួល​បាន​​ព័ត៌មាន​ ហើយ​ជា​កាតព្វកិច្ច​យើង​ត្រូវ​តែ​ផ្ដល់​ឱ្យ​គេ​​ លើក​លែង​តែ​ព័ត៌មាន​ខ្លះ​ ហើយ​មិន​មែន​តែ​ស្រុក​ខ្មែរ​ទេ​ដែល​ត្រូវ​លាក់​ព័ត៌មាន​ខ្លះ​នោះ​ នៅ​អាមេរិក​ក៏​គេ​មាន​ដែរ​។

 

លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ទៀត​ថា​ច្បាប់​នេះ​យើង​មាន​គម្រោង​ធ្វើ​ឡើង​រយៈ​ពេល​បី​ឆ្នាំ​ បច្ចុប្បន្ន​សម្រេច​បាន​ប្រមាណ​ជា ២០ភាគ​រយ​ហើយ ។ នៅ ក្នុង​សង្គម​យើង​សម័យ​នេះ​ ការងារ​ព័ត៌មាន​ គឺ​ជា​ការងារ​មួយ​សំខាន់​​ណាស់​ ហើយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ គឺ​ការ​ដណ្ដើម​យក​បេះដូង​ និង​ខួរ​ក្បាល​ជា​សំខាន់​ ដូច្នេះ​ការ​គ្រប់​គ្រង​ត្រូវ​តែ​ប្រកប​ដោយ​តម្លាភាព​ ទើប​បាន​ជា​ក្រសួង​ព័ត៌មាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ឡើង​។

 

លោក​កាញារីទ្ធ​ បាន​បន្ថែម​ថា​យើង​បាន​អញ្ជើញ ខាង​តំណាង​សារ​ព័ត៌មាន​តំណាង​យូនីស្កូ​ ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​រួម​មាន​ស្ថាប័ន​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​ដើម្បី​ចូល​រួម​ក្នុង​ការ​បង្កើត​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​។

 

គួរ​រំលឹក​ថា វគ្គ​បណ្ដុះ​បណ្ដាល​ក្រុម​ការងារ​បច្ចេកទេស​ (A2I TWG) រៀប​ចំ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធី​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​លើ​ប្រធាន​បទ​ស្ដី​ពី​នីតិវិធី នៃ​ការ​តាក់​តែង​ច្បាប់​នៅ​កម្ពុជា​គឺ​ដើម្បី​លើក​កម្ពស់​ដល់​ដំណើរ​ការ​ កសាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​រវាង​រាជ​រដ្ឋាភិបាល​ជា​មួយ​ប្រជាពលរដ្ឋ​ដោយ ( A2I TWG) និង​មន្ត្រី​វ័យ​ក្មេង​ជំនាន់​ក្រោយ​របស់​ក្រសួង​ព័ត៌មាន​ទទួល​បាន​នូវ​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​បន្ថែម​ក្នុង​ការ​កសាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក៏​ដូច​ជា​ការ​កសាង​ច្បាប់​ផ្សេង​ៗ​ទៀត​ នា​ពេល​អនាគត​ឱ្យ​មាន​ប្រសិទ្ធភាព​តាម​ស្តង់ដារ​នៅ​ក្នុង​តំបន់​ និង​អន្តរជាតិ​ និង​តាម​ប្រព័ន្ធ​ វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ ៕

 

 

 

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃ​ទី ២០​ ខែ​ សីហា​ ឆ្នាំ​២០១៥