ជប៉ុន​នឹង​ធ្វើ​បង្ហាញ​ពី​រថ​ភ្លើង​ធុន​ស្រាល​ស្វ័យ​ប្រវត្តិ​ដែល​គ្រោង​រត់​នៅ​ភ្នំពេញ​

    ភ្នំពេញ​៖ មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​៦​ខែ​សីហា​នេះ​មជ្ឈ​មណ្ឌល​កិច្ច​សហ​ប្រតិបត្តិ​ជប៉ុន​ហៅ​កាត់​ថា​"CJCC”​នៅ​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​បទ​បង្ហាញ​​ជា​ផ្លូវ​ការ​ស្ដី​ពី​ប្រព័ន្ធ​ចរាចរណ៍​នៅ​ទី​ក្រុង​ភ្នំពេញ​និង​សារ​សំខាន់​នៃ​រថភ្លើង​ធុន​ស្រាល​ស្វ័យប្រវត្តិ​"SKY TRAIN”ជា​ផ្លូវ​ការ​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​គម្រោង​នេះ​ស្ថិត​ក្នុង​ការ​សិក្សា​ភ្ជាប់​ទៅ​នឹង​ប្លង់​មេ​នៃ​ការ​អភិវឌ្ឍន៍​ទី​ក្រុង​ឆ្នាំ​២០៣៥។

    គម្រោង​ការ​នេះ​ត្រូវ​បាន​លោក​ហ្សឺមិស៊ុ​គិហ្សឺ​អគ្គនាយក​រង​កិច្ចការ​​វិស្វកម្ម​នៃ​ក្រសួង​ដែន​ដី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​និង​ទេសចរណ៍​ប្រទេស​ជប៉ុន​បាន​លើក​ឡើង​ក្នុង​ជំនួប​ជា​មួយ​លោក​ប៉ា​សុជាតិវង្ស​អភិបាល​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​​៤​ខែ​សីហា​​ឆ្នាំ​២០១៥​។

    មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​រថភ្លើង​ធុន​ស្រាល​ស្វ័យ​ប្រវត្តិ​មាន​លក្ខណៈ​ពិសេស​ច្រើន​យ៉ាង​និង​មាន​ផល​ចំណេញ​សេដ្ឋកិច្ច​កាត់​បន្ថយ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​គឺ​ទី១​​ផ្លូវ​ពិសេស​ដែល​មាន​ភាព​បត់​បែន​តាម​កាលៈទេសៈ។​ទី​២​ការ​កំណត់​រចនាសម្ព័ន្ធ​របស់​ប្រព័ន្ធ​ផ្លូវ​​រថ​និង​ទី​៣​សុវត្ថិភាព​ការ​ជឿ​ជាក់​និង​ភាព​ទៀង​ទាត់​ពេល​វេលា​។​ទី​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​មាន​ម៉ូតូ​ជាង​មួយ​លាន​គ្រឿង​និង​រថយន្ត​ជាង​៣០​ម៉ឺន​គ្រឿង​កំពុង​ធ្វើ​ចរាចរ​នៅ​រាជធានី​ភ្នំពេញ​ដូច្នេះ​បញ្ហា​កក​ស្ទះ​ចរាចរ​ពិត​ជា​ចៀស​មិន​ផុស​ដែល​តម្រូវ​ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​មាន​ប្រព័ន្ធ​ផ្លូវ​អាកាស​(Sky train) ឬ​រថ​​ភ្លើង​ធុន​ស្រាល​ស្វ័យ​ប្រវត្តិ​។​លោ​ហ្សីមិស៊ុ​គិយ៉ូហ្សី​បាន​បញ្ជាក់​ពី​គោល​បំណង​និង​សុច្ឆន្ទៈ​ក្នុង​ការ​ចូល​រួម​ដោះ​ស្រាយ​​បញ្ហា​កក​ស្ទះ​ចរាចរ​នៅ​តាម​ដង​ផ្លូវ​និង​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​រាជធានី​​តាម​រយៈ​បង្កើត​ឲ្យ​មាន​រថភ្លើង​ធុន​ស្រាល​ស្វ័យ​ប្រវត្តិ​ដូច​បណ្ដាល​ប្រទេស​ដទៃ​ទៀត​។​ដោយ​មាន​កិច្ច​សហ​ការ​ពី​ក្រសួង​ដែន​ដី​ហេដ្ឋារចនាសម្ពន្ធ​​ដឹក​ជញ្ជូន​និង​ទេស​ចរ​ប្រទេស​ជប៉ុន​ជា​មួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​មាន​គម្រោង​​​រៀប​ចំ​ឲ្យ​មាន​រថ​ភ្លើង​ធុន​ស្រាល​ស្វ័យ​ប្រវត្តិ​នៅ​រាជ​ធានី​ភ្នំពេញ។

    ចំពោះ​គម្រោង​ខាង​លើ​នេះ​លោក​ប៉ា​សុជាតិ​វង្ស​បាន​បង្ហាញ​នូវ​សេចក្ដី​រីករាយ​និង​គ្រាំ​ទ្រ​ឲ្យ​មាន​ការ​សិក្សា​និង​ពិភាក្សា​ចំពោះ​គម្រោង​នេះ​ដោយ​លម្អិត​ព្រោះ​ថា​រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​សាលា​រាជ​ធានី​ក៏​មាន​ទិស​ដៅ​ដូច​គ្នា​ក្នុង​ការ​​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ជា​ពិសេស​ដំណោះ​ស្រាយ​កក​ស្ទះ​ចរាចរ​ដែល​កំពុង​ប្រឈម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេញ​បច្ចុប្បន្ន​ផង​ដែរ​។​លោក​បាន​បញ្ជាក់​ថា​មាន​កត្តា​ជា​ច្រើន​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បន្ត​ធ្វើ​ការ​ដោះ​ស្រាយ​ព្រោះ​នា​ពេល​បច្ចុប្បន្ន​រាជធានី​មាន​ប្រជាជន​រស់នៅ​កាន់​តែ​ច្រើន​​,រថយន្ត​និង​ម៉ូតូ​កើន​ឡើង​ដែរ។​កន្លង​មក​រាជ​រដ្ឋាភិបាល​បាន​កសាង​ផ្លូវ​ថ្នល់​និង​​ស្ពាន​អាកាស​ជា​ច្រើន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​​បាន​មួយ​កម្រិត​ស្រប​ពេល​ដែល​អង្គការ​ចៃកា​ក៏​បាន​ឧបត្ថម្ភ​និង​បង្កើត​ឲ្យ​មាន​រថយន្ត​ក្រុង​សាធារណៈ​ដែល​កំពុង​ដំណើរការ​សព្វ​ថ្ងៃ​នេះ។

    លោក​បន្ត​ថា​ក្នុង​នោះ​រាជ​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​អង្គការ​ចៃកា​បាន​ជួយ​ឧបត្ថម្ភ​និង​ផ្ដល់​ជំនួយ​ឥត​សំណង់​ដល់​រាជ​ធានី​ភ្នំពេញ​ជា​ច្រើន​មក​ហើយ​ទាំង​ប្រព័ន្ធ​លូ​និង​ចរាចរណ៍​និង​បាន​បញ្ជូន​មន្ត្រី​ជំនាញ​របស់​ខ្លួន​មក​ជួយ​សិក្សា​គម្រោង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​។​

    នៅ​ក្នុង​ឱកាស​នោះ​លោក​ប៉ា​សុជាតិវង្ស​បាន​សំណួរ​ពរ​ដល់​ភាគី​ជប៉ុន​សុំ​ឲ្យ​ការ​សិក្សា​ភ្ជាប់​ទៅ​នឹង​ប្លង់​មេ​នៃ​ការ​អភិវឌ្ឍន៍​ទី​ក្រុង​ឆ្នាំ​២០៣៥​ដែល​រាជ​រដ្ឋាភិបាល​នឹង​សម្រេច​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ​នេះ​ទៀត​ផង៕​

 
ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៥