អាស៊ាន​ផ្ដល់​ឱ្យ​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ដើម្បី​ទទួល​រង្វាន់​មួយ​ម៉ឺន​ដុល្លារ​ពី​កម្មវិធី​ ''រង្វាន់​ប្រជាជន​អាស៊ាន​''​

    ភ្នំពេញ​៖​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៥​ថា​ អាស៊ាន​នឹង​ជ្រើសរើស​ពលរដ្ឋ​កម្ពុជា​មួយ​រូប​ ដើម្បី​ទទួល​រង្វាន់​ជា​ទឹក​ប្រាក់​ចំនួន​១០.០០០​ដុល្លារ​អាមេរិក​ ក្នុង​កម្មវិធី​''រង្វាន់​ប្រជាជន​អាស៊ាន​'' (ASEAN People's Award)​ នា​ឱកាស​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧​ នៅ​ទីក្រុង​ កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​។​

យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា​ បេក្ខជន​បេក្ខនារី​ ដែល​មាន​បំណង​ចូល​រួម​ក្នុង​កម្មវិធី​ខាង​លើ​ ត្រូវ​មាន​លក្ខណ​សម្បត្តិ​ដូច​ខាង​ក្រោម​៖​ សម្រេច​បាន​នូវ​សន្តិភាព​ ស្ថិរភាព​ វិបុលភាព​ សាមគ្គីភាព​ អត្តសញ្ញាណ​ វប្បធម៌​រឹងមាំ​ ការ​អភិវឌ្ឍន៍​ ការ​យល់ដឹង​វប្បធម៌​នានា​ កាត់បន្ថយ​គម្លាត​អភិវឌ្ឍ​ លើក​កម្ពស់​ និង​ការពារ​សិទ្ធិ​មនុស្ស​ ឬ​ការ​លើក​កម្ពស់​ការ​តភ្ជាប់​។​ សរសេរ​អត្ថបទ​សង្ខេប​ពី​ ៣​ ទៅ​៥​ទំព័រ​ រៀបរាប់​ពី​ប្រវត្តិរូប​ផ្ទាល់​ខ្លួន​/ស្នាដៃ​/​វិភាគទាន​របស់​ខ្លួន​ដែល​សម្រេច​បាន​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​ ព្រម​ទាំង​កម្មវិធី​សហគមន៍​ផ្ទាល់​ខ្លួន​នា​ពេល​អនាគត​។​ ជ័យ​លាភី​ត្រូវ​យល់​ព្រម​បង្ហាញ​ពី​ការងារ​សមិទ្ធ​ផល​របស់​ខ្លួន​នៅ​ក្នុង​អំឡុង​ពេល​ពិធី​ប្រកាស​ទទួល​រង្វាន់​។​

    ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ជ្រើសរើស​បេក្ខជន​/បេក្ខនារី​ ចំនួន​២រូប​ ដែល​មាន​ចំណេះដឹង​​ផ្នែក​សហគមន៍​នយោបាយ​សន្តិសុខ​អាស៊ាន​, ក្រសួង​ពាណិជ្ជកម្ម​ជ្រើសរើស​ ២រូប​ ដែល​មាន​ចំណេះដឹង​ ផ្នែក​សហគមន៍​អាស៊ាន​ និង​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ជ្រើសរើស​២រូប​ទៀត​ ដែល​មាន​ចំណេះដឹង​ផ្នែក​សង្គម​វប្បធម៌​អាស៊ាន​។​

បេក្ខជន​បេក្ខនារី​ ត្រូវ​បញ្ជូន​អត្ថបទ​សង្ខេប​របស់​ខ្លួន​មកកាន់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ឱ្យ​បាន​មុន​ដំណាច់​ខែ​សីហា​នេះ​។​

នៅ​ដើម​ខែ​ កញ្ញា​ខាង​មុខ​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​វាយតម្លៃ​ជ្រើសរើស​ជ័យ​លាភី​១​រូប​ ក្នុង​ចំណោម​៦​រូប​ខាង​លើ​ដើម្បី​ទទួល​រង្វាន់​ក្នុង​កម្មវិធី​នេះ​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី ខែសីហា ឆ្នាំ២០១៥