សហភាព​អឺរ៉ុប​ផ្ដល់ជំនួយ​បន្ថែមចំនួន​១០​លាន​អឺរ៉ូ ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​

    ភ្នំពេញ:  សហភាព​អឺរ៉ុប​បាន សម្រេច​ចិ​ត្ដ​ផ្ដល់​បន្ថែម​នូវ​ទឹកប្រាក់​ដែល ជា​ជំនួយឥតសំណង​ចំនួន ១០ លាន​អឺរ៉ូ ដើម្បី​គាំទ្រ​ដល់​សមាសភាគ​ជាតិ និង អន្ដរជាតិ នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា (ECCC) និង​ដើម្បី គាំទ្រ​ដល់​ការអប់រំ​ស្ដីពី​របប​ប្រល័យ ពូជសាសន៍​នៅក្នុង​ប្រទេស​កម្ពុជា ។​

​    ​នេះ​បើតាម​សេចក្ដីប្រកាស ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ប្រចាំ កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ​២០១៥ ។​

          ​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បាន បញ្ជាក់ថា ទឹកប្រាក់​ចំនួន ៨,៩ លាន​អឺរ៉ូ នៃ​ជំនួយ​សរុប​នេះ នឹងត្រូវ​ប្រើប្រាស់ ដើម្បី​គាំទ្រ​ដល់​សមាសភាគ​ជាតិ និង អន្ដរជាតិ នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង តុលាការ​កម្ពុជា ដើម្បី​ធានា​ឱ្យបាន​នូវ ប្រព័ន្ធ​យុត្ដិធម៌​ប្រកបដោយ​ស្ដង់ដារ អន្ដរជាតិ​ដែល​ចាំបាច់​របស់​តុលាការ កូនកាត់​មួយ​នេះ ។​

​    ​ចំណែក​ទឹកប្រាក់​ចំនួន ១,១ លាន​អឺរ៉ូ នឹងត្រូវ​ប្រើ​ដើម្បី​ផ្ដល់​ការ អប់រំ​អំពី​របប​ប្រល័យពូជសាសន៍​ដែល ជា​មធ្យោបាយ​ក្នុង​ការលើក​ទឹក​ចិ​ត្ដ និង​ពង្រឹង​ការចងចាំ​ប្រ​វ​ត្ដិ​សាស្ដ្រ​ជា សមូហភាព​និង​ជា​បុគ្គល​ព្រមទាំង​ការ យល់ដឹង​អំពី​សារសំខាន់​នៃ​ការគោរព សិទ្ធិមនុស្ស និង​ភាព​សម្បូរបែប នៃ វប្បធម៌​នេះ ។​

​    ​លោកស្រី Fiona Ramsey, ភារធារី​ស្ដីទី​នៃ​ប្រតិភូ​នៃ​សហភាព អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថាៈ ”​ការផ្ដល់​ជំនួយឥតសំណង​ជាថ្មី​ដល់ សាលាក្ដី​ខ្មែរក្រហម​នេះ គឺជា​ភស្ដុតាង បង្ហាញ​ពី​ការបន្ដ​ប្ដេជ្ញា​ចិ​ត្ដរបស់ សហភាព​អឺរ៉ុប ក្នុងការ​លើកកម្ពស់ អភិបាលកិច្ច​ល្អ និង​នីតិរដ្ឋ​នៅក្នុង ប្រទេស​កម្ពុជា​ក៏ដូចជា​ដើម្បី​លើកកម្ពស់ ស្ដង់ដារ​រដ្ឋបាល​នៃ​ប្រព័ន្ធ​យុត្ដិធម៌ និង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​និ​ទណ្ឌ​ភាព​ក្នុង ប្រទេស​នេះ​” ។​

​    ​ការរួមចំណែក​ក្នុងការ​ផ្ដល់ ជំនួយឥតសំណង​រប​ស់​សហភាព​អឺរ៉ុប នេះ​នឹង​ត្រូវបាន​គ្រប់គ្រង​ដោយ ការិយាល័យ​អង្គការសហប្រជាជាតិ សម្រាប់​សេវាកម្ម​គម្រោង (UNOPS) ក្នុង​ភាពជា​ដៃគូ ជិតស្និទ្ធ​ជាមួយ​ផ្នែក កិច្ចការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៃ អង្គការសហប្រជាជាតិ (UNDESA) ។​

​    ​បូករួម​នឹង​ការផ្ដល់​ជំនួយ ឥត​សំណង​ថ្មី​នេះ ការឧបត្ថម្ភ​គាំទ្រ របស់​សហភាព​អឺរ៉ុប ចំពោះ​អង្គ​ជំនុំ ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បច្ចុប្បន្ន​មាន​ចំនួន​សរុប​ជាង ១៧,៣ លាន​អឺរ៉ូ ក្នុង​រយៈពេល ៩ ឆ្នាំ (​ចាប់​តាំង ពី​ឆ្នាំ ២០០៧) ។​

​    ​មកដល់​បច្ចុប្បន្ន សហភាព​អឺរ៉ុប និង​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​បាន ចូលរួមចំណែក ក្នុងការ​ផ្ដល់ជំនួយ​ដល់ តុលាការ​មួយ​នេះ មាន​ចំនួន​ប្រមាណ ៥៥ លាន​ដុល្លារ​អាមេរិក ត្រូវ​នឹង ២៦​ភាគរយ​នៃ​ជំនួយ​សរុប​។ នេះ​បាន ធ្វើឱ្យ​សហភាព​អឺរ៉ុប និង​រដ្ឋ​ជា​សមាជិក សហភាព​អឺរ៉ុប​បានរួម​បញ្ចូល​គ្នា​ក្លាយជា ម្ចាស់ជំនួយ​ធំ​បំផុត​ទី​ពីរ​ក្នុងការ​ផ្ដល់ ជំនួយ​ដល់​តុលាការ​នេះ​៕​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៥