នាយករដ្ឋមន្ដ្រីកម្ពុជា និងអូស្ដ្រាលីនឹងពិភាក្សាបន្ថែម លើការអនុវត្ដន៍អនុស្សរណៈស្ដីពីជនភៀសខ្លួន

    ភ្នំពេញ: នាយករដ្ឋមន្ដ្រីកម្ពុជា និងអូស្ដ្រាលី នឹងជួបពិភាក្សាបន្ថែមទៀត លើការអនុវត្ដន៍អនុស្សរណៈស្ដីពីជន ភៀសខ្លួន ដែលបានចុះហត្ថលេខា កាល ពីខែកញ្ញា ឆ្នាំ២០១៤ ។ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន គ្រោងនឹងទៅ បំពេញទស្សនកិច្ចនៅប្រទេសអូស្ដ្រាលី នាដើមខែធ្នូ ខាងមុខ ។

    សេចក្ដីខាងលើនេះ ត្រូវបាន ប្រកាសឡើងក្នុងកិច្ចប្រជុំរវាងប្រមុខ ការទូតកម្ពុជា និងអូស្ដ្រាលី កាលពីថ្ងៃ ទី៥ ខែសីហា ឆ្នាំ២០១៥ នៅក្រៅ កិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសនៅប្រទេស ម៉ាឡេស៊ី ។

    ក្រសួងការបរទេសកម្ពុជា បាន ប្រកាសកាលពីថ្ងៃទី១០សីហាថា ក្នុង ជំនួបទ្វេភាគីជាមួយលោកស្រី ជូលី ប៊ីស្សប  រដ្ឋមន្ដ្រីការ បរទេសអូស្ដ្រាលី កាលពីថ្ងៃទី៥សីហា លោកស្រីបានសម្ដែងការស្វាគមន៍ ចំពោះគម្រោងទស្សនកិច្ចនៅអូស្ដ្រាលី របស់លោកហោ ណាំហុង ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេសនៅដើមខែ កញ្ញា និងរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅដើមខែធ្នូ ខាងមុខនេះ ។ ប្រទេសទាំង២ ធ្វើការពិភាក្សាគ្នាបន្ថែម ទៀតលើការពង្រឹងកិច្ចសហប្រតិបត្ដិការទ្វេភាគី ។

    សេចក្ដីប្រកាសដដែល ក៏បាន លើកឡើងថា ភាគីទាំង២បានពិភាក្សា ពីការអនុវត្ដន៍អនុស្សរណៈស្ដីពីជន ភៀសខ្លួន ដែលបានចុះហត្ថលេខា កាលពីខែកញ្ញា ឆ្នាំ២០១៤ ហើយ នាយករដ្ឋមន្ដ្រីរបស់ប្រទេសទាំង២ នឹងពិភាក្សាគ្នាបន្ថែមទៀត ក្នុងឱកាស ទស្សនកិច្ចរបស់សម្ដេចតេជោនាយក រដ្ឋមន្ដ្រី ។

    សេចក្ដីប្រកាស បានបន្ថែមថា លោកស្រីរដ្ឋមន្ដ្រី បានជម្រាបលោក ឧបនាយករដ្ឋមន្ដ្រីពីគម្រោងបញ្ជូន និស្សិតអូស្ដ្រាលី មកសិក្សានៅកម្ពុជា ចំនួន ១១៩ នាក់ ក្នុងឆ្នាំ២០១៥ និង ១៦០ នាក់ ក្នុងឆ្នាំ២០១៦ តាមកម្មវិធី “ផែនការគូឡំបូថ្មី”។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានស្វាគមន៍និស្សិតអូស្ដ្រាលី និងបាន លើកឡើងពីបំណងប្រាថ្នាចង់ឱ្យមាន និស្សិតកម្ពុជា ទៅសិក្សានៅអូស្ដ្រាលី ច្រើនជាងមុន ។    

    សូមរំលឹកថា អនុវត្ដតាមអនុស្សរណៈស្ដីពីជនភៀសខ្លួនរវាង កម្ពុជា និងអូស្ដ្រាលីគឺកម្ពុជាបានទទួលជនភៀស ខ្លួន ៤ រូប ( ស្ដ្រីម្នាក់ )មកពី កោះណៅរុ រួមមាន ជនជាតិរ៉ូហ៊ីងយ៉ា ភូមា ម្នាក់ និងអ៊ីរ៉ង់ ៣ នាក់ មករស់នៅ កម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៥ ៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥