តួ​នាទី​ដ៏​មាន​សារ​សំខាន់​របស់​យុវជន​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា

ដោយ​លោក​William E. Todd ឯក អគ្គ រដ្ឋ​ទួត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា

    បន្ទាប់​ពី​ការ​ប្រជុំ​ក្នុង​ពេល​ថ្មីៗ​នេះ​របស់​ជា​មួយ​យុវជន​កម្ពុជា​២៥​រូប​ដែល​មាន​ភាព​ស្វាហាប់​ហើយ​កំពុង​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​យុវជន​ឯក អគ្គ​រដ្ឋ​ទូត​របស់​​ខ្ញុំ ខ្ញុំ​នឹក​ឃើញ​ជា​ថ្មី​ដល់​ការ​ខិត​ខំ​មិន​ធម្មតា​របស់​យុវជន​នៅ​កម្ពុជា​។​ដូច​ដែល​មិត្ត​អ្នក​អាន​ខ្លះ​របស់​ខ្ញុំ​ប្រហែល​ជា​បាន​ដឹង​ហើយ​ខ្ញុំ​បាន​បង្កើត​ក្រុម​ប្រឹក្សា​យុវជន​ឯក​អគ្គ​រដ្ឋទូត​ក្រោយ​ពី​ខ្ញុំ​បាន​មក​ដល់​ប្រទេស​កម្ពុជា​​នៅ​ឆ្នាំ​២០១២​ដើម្បី​បណ្ដុះ​អ្នក​ដឹក​នាំ​ក្នុង​ចំណោម​យុវជន​មក​ពី​ទូទាំង​ប្រទេស​។​ចាប់​តាំង​ពី​ការ​ប្រជុំ​លើក​ដំបូង​របស់​យើង​មក​យុវជន​ទាំង​នេះ​បាន​រួម​ចំណែក​ច្រើន​លើ​សហគមន៍​របស់​គេ​និង​ដល់​ការ​រក្សា​និង​បង្កើន​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​ដែល​ជា​ការ​បំផុស​ទឹក​ចិត្ត​ដល់​ខ្ញុំ​បុគ្គល​របស់​ខ្ញុំ​ហើយ​សំខាន់​បំផុត​នោះ​ដល់​ជន​រួម​ជាតិ​របស់​គេ​។ ខ្ញុំ​សូម​សម្ដែង​ការ​កោត​សរសើរ​ដល់​សមាជិក​នៃ​ក្រុម​ប្រឹក្សា​យុវជន​របស់​ខ្ញុំ​និង​សូម​អបអរសាទរ​ដល់​ពួក​គេ​​ចំពោះ​អ្វីៗ​គ្រប់​យ៉ាង​ដែល​គេ​សម្រេច​បាន​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​ទៅ​នេះ​។​វា​រួម​មាន​គម្រោង​មួយ​ចំនួន​ដែល​បាន​ផ្ដោត​លើ​ការ​អប់រំ​ភាព​ជា​សហគ្រិន​ការ​ការពារ​សត្វ​ព្រៃ​ការ​ផ្ដល់​អំណាច​ដល់​ស្ត្រី​និង​បញ្ហា​ជា​គន្លឹះ​ដទៃ​ទៀត​។​ពិត​ណាស់​ការងារ​សត្វ​ព្រៃ​ការ​ផ្ដល់​ផល​ល្អ​ដល់​ជីវិត​រស់​នៅ​របស់​ប្រជាជន​កម្ពុជា។​

    ដូច​សមាជិក​នៃ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​របស់​ខ្ញុំ​ដែរ​យុវជន​ក្នុង​ចំនួន​កាន់​តែ​​ច្រើន​កំពុង​តែ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​នៃ​ប្រជាជន​កម្ពុជា​។ដោយ​៧០​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ស្ថិត​ក្នុង​អាយុ​ក្រោម​៣៥​ឆ្នាំ​មនុស្ស​កាន់​តែ​ច្រើន​នៅ​កម្ពុជា​ចាប់​ផ្ដើម​មើល​ឃើញ​សេចក្ដី​ត្រូវ​ការ​បញ្ចូល​ឲ្យ​បាន​សកម្ម​ថែម​ទៀត​នូវ​គំនិត​បទ​ពិសោធន៍​ និង​ថាមពល​របស់​យុវជន​ទៅ​ក្នុង​ផែនការ​សម្រាប់​អនាគត​របស់​ប្រទេស។​ខ្ញុំ​មាន​មោទនភាព​​ជា​ពិសេស​ដែល​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ចាត់​ទុក​ការ​ចូល​រួម​របស់​យុវជន​ថា​ជា​អាទិភាព​កំពូល​ក្នុង​បេសកកម្ម​របស់​ខ្លួន។សហរដ្ឋអាមេរិក​បាន​ធ្វើ​ការ​វិនិយោគ​ជា​ច្រើន​ទៅ​លើ​យុវជន​មិន​មែន​គ្រាន់​តែ​ដោយ​សារ​ថា​គេ​ជា​អ្នក​រួម​ដឹក​នាំ​តែ​ប៉ុណ្ណោះ​ទេ​តែ​ថែម​ទាំង​ដោយ​សារ​គេ​កំពុង​តែ​មាន​ភាព​សកម្ម​នៅ​ពេល​នេះ។​តែ​ការ​រួម​ចំណែក​របស់​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ទាំង​នេះ​ពេល​ខ្លះ​អាច​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ទៅ​ឬ​មើល​ស្រាល​លើ។​លើស​ពី​នេះ​ទៀត​មាន​យុវជន​ដែល​ចង់​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ជឿន​លឿន​ទៅ​មុខ​របស់​ប្រទេស​តែ​មិន​ដឹង​ពី​ឱកាស​និង​មនុស្ស​គំរូ​នៅ​ក្នុង​ប្រទេស​។​នៅ​ក្នុង​ខ្ទង់​សារ​ព័ត៌មាន​​របស់ខ្ញុំ​នៅ​ចុង​សប្ដាហ៍​នេះ​ខ្ញុំ​ចង់​និយាយ​ពី​​​​​​តួ​នាទី​ដ៏​មាន​តម្លៃ​របស់​យុវជន​ក្នុង​ការ​ឆ្លើយ​ទៅ​នឹង​សំណួរ​មួយ​ដែល​មិត្ត​អ្នក​អាន​ជា​ច្រើន​បាន​សួរ​។សំណួរ​នេះ​សួរ​ថា​ក្នុង​នាម​ជា​យុវជន​កម្ពុ​ជា​ម្នាក់​តើ​ខ្ញុំ​អាច​ធ្វើអ្វី​ដើម្បី​ជួយ​សហគមន៍​និង​ប្រទេស​របស់​ខ្ញុំ​បាន?

    ប្រការ​ល្អ​បំផុត​មួយ​នៃ​ប្រការ​ល្អ​បំផុត​ទាំង​ឡាយ​ក្នុង​ការ​ធ្វើ​ជា​ឯក អគ្គ​រដ្ឋ​ទូត​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ​ឱកាស​បាន​ធ្វើ​ដំណើរ​ទៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ហើយ​បាន​ជួ​ប​ជា​មួយ​យុវជន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ជា​ច្រើន។​ខ្ញុំ​បាន​ឃើញ​មនុស្ស​វ័យ​ក្មេង​ប្រុស​ស្រី​ប្រកប​ដោយ​ថាមពល​គំនិត​ច្នៃ​ប្រឌិត​និង​លើក​ទឹក​ចិត្ត​ជួសផុល​នៅ​គ្រប់​កន្លែង​ទាំង​អស់​នៃ​ប្រទេស។​សម្រាប់​យុវជន​កម្ពុជា​ដែល​ចង់​ចូល​រួម​អភិវឌ្ឍ​ប្រទេស​របស់​គេ​ជំហាន​សំខាន់​ដំបូង​អាច​ជា​ការ​រក​ឲ្យ​បាន​និង​ចង​ក្រង​បណ្ដាញ​ជា​មួយ​អ្នក​ដទៃ​ដែល​កំពុង​ធ្វើ​ការ​ដើម្បី​អនាគត​ល្អ​របស់​ប្រទេស​កម្ពុជា​។

    ក្នុង​ពេល​ថ្មីៗ​នេះ​យុវជន​កម្ពុជា​​មួយ​ក្រុម​បាន​ជួប​ជា​មួយ​សមាជិក​សភា​ដោយ​បាន​អំពាវ​នាវ​ឲ្យ​មាន​តម្លាភាព​និង​តួនាទី​ដែល​មាន​លក្ខណៈ​ចូល​រួម​ច្រើន​ជាង​មុន​ក្នុង​រដ្ឋាភិបាល​។ខ្ញុំ​​សូម​សរសើរ​មេ​ដឹក​នាំ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ចំពោះ​ការ​ទទួល​ស្គាល់​សំឡេង​របស់​យុវជន​។​តាម​ពិត​ទៅ​នៅ​ពេល​នេះ​គណបក្ស​នយោបាយ​ជា​ច្រើន​បាន​បង្កើត​ក្រុម​យុវជន​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​យុវជន​ជា​ច្រើន​ចូលរួម​នឹង​ចាប់​អារម្មណ៍​លើ​នយោបាយ​។​សមាជិក​សង្គម​ស៊ីវិល​ក៏​កំពុង​ជួយ​ផង​ដែរ​ឲ្យ​យុវជន​កម្ពុជា​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​​ស្ដី​លើ​ដំណើរ​ការ​​នយោបាយ។ឧទាហរណ៍​អង្គការ​តម្លា​ភាព​អន្តរជាតិ​កម្ពុជា​(Transparency International Cambodia) បាន​បើក​សិក្ខា​សាលា​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​​ដើម្បី​ផ្ដល់​អំណាច​និង​លើក​ទឹក​ចិត្ត​ឲ្យ​គ្រូ​សកលវិទ្យាល័យ​បង្រៀន​សិស្ស​ពី​វិធី​ចូល​​រួម​​នៅ​ក្នុង​សាធារណៈ។​ដោយ​មាន​ជំនួយ​ពី​កម្ម​វិធី​ស្ដី​ពី​គណនេយ្យ​ភាព​​​​​ក្នុង​អភិបាលកិច្ច​និង​នយោបាយ​របស់​ទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​យុវជន​រាប់​លាន់​នាក់​នៅ​ទូទាំង​ប្រទេស​បាន​មើល​ឃើញ​ពី​ការ​ដែល​គេ​អាច​ជួយ​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​របស់​សាធារណជន​​នៅ​ក្នុង​ដំណើរ​ការ​នយោបាយ​និង​ពង្រឹង​អភិបាលកិច្ច​។​ខ្ញុំ​រីក​រាយ​នឹង​លឺ​អំពី​ការ​ខិត​ខំ​ទាំង​នេះ​ពី​ព្រោះ​ថា​ការ​ចូលរួម​របស់​យុវជន​ក្នុង​នាម​ជា​ពលរដ្ឋ​មាន​ភាព​ចាំ​បាច់​សម្រាប់​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ការ​ដុះ​ដាល​ឡើង​នៅ​កម្ពុជា។

    យុវតី​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ការ​ពិភាក្សា​ជា​មួយ​សមាជិក​សភា​បាន​និយាយ​ថា​ទោះ​បី​ខ្ញុំ​ជា​ស្រី​ក៏​ដោយ​ក៏​ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​ចូល​រួម​បាន​នៅ​ក្នុង​នយោបាយ​ពី​ព្រោះ​វា​ជា​សិទ្ធិ​និង​ជា​កាតព្វកិច្ច​របស់​ខ្ញុំ។​ការ​ផ្ដល់​អំណាច​ដល់​នារី​និង​កុមារី​នាំ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​ជំទាវ​ស្ត្រី​ទី១​របស់​សហរដ្ឋអាមេរិក​Michelle Obama បាន​មក​ធ្វើ​ទស្សនៈ​កិច្ច​កាល​ពី​ខែ​មិនា​ឆ្នាំ​២០១៥​ដើម្បី​ជំរុញ​គម្រោង​"​ឲ្យ​កុមារី​បាន​រៀន​សូត្រ"​ដែល​ជា​គំនិត​​ផ្ដួច​ផ្ដើម​នៅ​តាម​សហគមន៍​និង​មាន​នៅ​ក្នុង​រដ្ឋាភិបាល​ទាំង​មូល​ហើយ​បញ្ចូល​គ្នា​នូវ​ការ​ខិត​ខំ​របស់​ប្រជាជន​កម្ពុជា​និង​បណ្ដា​អង្គការ​ដូច​ជា​អង្គការ​ Peace Corps សារ ជីវកម្ម​បញ្ហា​ប្រឈម​សហស្សវត្ស(Millennium Challenge Corporation) ​និង​ទី​ភ្នាក់ងារ​USAID ដើម្បី​ផ្ដល់​ការ​អប់រំ​និង​អំណាច​ដល់​កុមារី​។​យុវតី​ជា​ច្រើន​ដែល​បាន​ចូលរួម​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ជំទាវ​ក៏​បាន​ទទួល​ផង​ដែរ​នូវ​ការ​គាំទ្រ​នានា​ពី​គ្រួសារ​សហគមន៍​​សមាជិក​នៃ​សង្គម​ស៊ី​វិល​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។

    ដោយ​ពេល​នេះ​កំពុង​ធ្វើជា​គ្រូ​បង្រៀន​អ៊ុច​សុទ្ធា​គឺ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​នៅ​​ក្នុង​អង្គការ​Cambodia Youth​Star ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​បង្កើត​ឡើង​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​របស់​ទី​ភ្នាក់ងារ​ Peace ​​Corps ដែល​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​និង​ជា​អង្គការ​ដែល​បញ្ជូន​អ្នក​រៀន​ចប់​សកលវិទ្យាល័យ​នៅ​កម្ពុជា​ឲ្យ​ចុះ​ជួយ​តាម​ភូមិ​ជនបទ​រយៈពេល​មួយ​ឆ្នាំ​។​វេន​សាហង​ដែល​ជា​សិស្ស​ពូកែ​ថ្នាក់​ទី១២​និង​ជា​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​យុវជន​នៅ​ក្នុង​សាលា​របស់​នាង​នៅ​ក្នុង​រយៈពេល​២ឆ្នាំ​កន្លង​ទៅ​នេះ​ក៏​ជា​គ្រូ​បង្រៀន​ម្នាក់​ដែរ​នៅ​ក្នុង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ដែល​មាន​ឈ្មោះ​ថា​អ្នក​ស្ម័គ្រ​ចិត្ត​កម្ពុជា​ដើម្បី​ការ​អភិវឌ្ឍន៍​សហគមន៍​។​អៀង​លីន​ដា​ដែល​ជា​និស្សិត​ឆ្នាំ​ទី៣​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​នៃ​កម្ពុជា​ពេល​នេះ​កំពុង​រៀន​ហាត់​ការ​នៅ​ក្នុង​ការិយាល័យ​ស្ដី​ពី​លទ្ធិប្រជាធិបតេយ្យ​និង​អភិបាលកិច្ច​របស់​ទី​ភ្នាក់ងារ​យូសេដ​ហើយ​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា​និស្សិត​ផង​ជា​អ្នក​សម្រប​សម្រួល​នៃ​ក្លឹប​ពិភាក្សា​គ្នា​ផង​ដែរ។​ម្នាក់​ទៀត​​ដែល​សំខាន់​ផង​ដែរ​គឺ​ជឿន​បញ្ញា​ដែល​ជា​សមាជិក​ម្នាក់​នៃ​បណ្ដាញ​យុវជន​តាម​សហគមន៍​នៅ​ខេត្ត​សៀមរាប​ហើយ​បាន​ធ្វើ​ការ​ដើម្បី​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព​និង​ប្រយុទ្ធ​ទ​ប្រឆាំង​​នឹង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​។​យុវតី​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​វិនិយោគ​ទៅលើ​យុវជន​ផ្ដល់​ផល​ចំណេញ​យ៉ាង​ច្រើន។

    គំរូ​របស់​បញ្ញា​បង្ហាញ​ថា​យុវជន​ក៏​មាន​តួនាទី​សំខាន់​ផង​ដែរ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ពិបាក​បំផុត​ខ្លះៗ​នៅ​កម្ពុជា។នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០១៥​ស្ដី​ពី​ការ​ជួញ​ដូរ​មនុស្ស​ដែល​ចេញ​ដោយ​សហរដ្ឋអាមេរិក​ប្រទេស​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​​២​ក្នុង​បញ្ជី​តាមដាន​ដែល​។​ថ្វី​បើ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ក្រាស់ក្រែល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ហើយ​ក្ដី​តែ​នៅ​មាន​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។​ការ​បង្កើន​ចំនួន​នៃ​ការ​ទៅ​លើ​ជន​ប្រព្រឹត្ត​​ការ​ជួញ​ដូរ​ព្រម​ជា​មួយ​នឹង​ការ​ធ្វើ​តាម​អនុសាសន៍​នៅ​ក្នុង​របាយការណ៍​​​នឹង​ផ្ញើ​សារ​មួយ​ច្បាស់​និង​ខ្លាំង​​ថា​បទ​ល្មើស​ទាំង​នេះ​មិន​ត្រូវ​បាន​អនុ​គ្រោះ​ឡើយ​។​សមាគម​យុវជន​​​​​​​​​​​ខ្មែរ​(KYA) កំពុង​បណ្ដុះបណ្ដាល​យុវជន​ជា​ច្រើន​ដូច​ជា​បញ្ញា​ឲ្យ គាំទ្រ​សារ​នេះ។​ដោយ​មាន​ជំនួយ​ពី​កម្ម​វិធី​ទី​២​ស្ដី​ពី​ការ​ប្រឆាំង​នឹង​ការ​ជួយ​ដូរ​មនុស្ស​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​USAIDសមាគម​KYA​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​រៀប​ចំ​​សិក្ខា​សាលា​ឆ្លុះ​បញ្ចាំង​ប្រចាំ​ឆ្នាំ​ស្ដី​ពី​ការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​។​ដោយ​យល់​ថា​ការ​ជួញ​ដូរ​មនុស្ស​គឺ​ជា​បញ្ហា​ប្រឈម​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​ព្រមទាំង​ជា​បញ្ហា​ប្រឈម​ផង​ដែរ​សម្រាប់​សមត្ថកិច្ច​អនុសាសន៍​របស់​យុវជន​នៅ​ក្នុង​សិក្ខាសាលា​នេះ​ផ្ដោត​លើ​តម្រូវ​ការ​ឲ្យ​មាន​ឱកាស​ការងារ​ច្រើន​និង​ប្រាក់​ខែ​ខ្ពស់​ដោយ​ទន្ទឹម​នឹង​នោះ​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ជ្រើសរើស​មនុស្ស​ធ្វើ​ការ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ហើយ​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ដល់​សកម្មភាព​សង្គម​របស់​យុវជន​។​អនុសាសន៍​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​យុវជន​មាន​ការ​ប្ដេជ្ញា​ក្នុង​ការ​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ហើយ​ខ្ញុំ​រីករាយ​ណាស់​​ដែល​មាន​យុវជន​ជា​ច្រើន​ជួយ​ធ្វើ​ឲ្យ​ប្រទេស​សម្រេច​គោល​ដៅ​នេះ​នៅ​ថ្ងៃ​ណាមួយ​។

   លោក​ Nelson Mandela​បាន​មាន​ប្រសាសន៍​ថា​"​ការអប់រំ​គឺ​ជា​អាវុធ​ដ៏​ខ្លាំង​ដែល​គេ​អាច​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ប្រែប្រួល​"។ខ្ញុំ​យល់​ស្រប​ជា​ខ្លាំង​។​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ច្រើន​និយាយ​ទៅ​កាន់​​យុវជន​កម្ពុជា​អំពី​តម្លៃ​នៃ​ការ​សិក្សា​។​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្ដល់​ឱកាស​នានា​ឲ្យ​ប្រជាជន​​​កម្ពុជា​បាន​សិក្សា​នៅ​សហរដ្ឋអាមេរិក​ដោយ​រំពឹង​ថា​គេ​ត្រឡប់​មក​កម្ពុជា​វិញ​ជា​មួយ​នឹង​ជំនាញ​បទ​ពិសោធន៍​និង​បណ្ដាញ​ថ្មីៗ​ដើម្បី​ជួយ​អ្នកដទៃ​ក្នុង​សហគមន៍​របស់​គេ​​។​បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​របស់​គេ​​នៅ​សហរដ្ឋអាមេរិក​និស្សិត​រាប់​រយ​នាក់​បាន​ក្លាយ​ជា​សមាជិក​នៃ​និស្សិត​អាហារូបករណ៍​Fulbrightនៅ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា​(FUSAAC)ហើយ​ស្ម័គ្រ​ចិត្ត​ចែក​រំលែក​បទ​ពិសោធន៍​របស់​គេ​ជា​មួយ​យុវជន​កម្ពុជា។FASAACបាន​បង្កើត​និង​បាន​ជួយ​កម្មវិធី​និង​ព្រឹត្តិការណ៍​នានា​ដូច​ជា​ពិព័រណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​មុខ​វិជ្ជា​សិក្សា​និង​ការងារ​ដែល​ផ្ដល់​ដល់​និស្សិត​សកល​វិទ្យាល័យ​នូវ​ព័ត៌មាន​សំខាន់​ៗ​សម្រាប់​ជួយ​ក្នុង​ការ​ធ្វើ​ការ​​​​​​​​​សម្រេច​ចិត្ត​ទាក់ទង​និង​ការ​សិក្សា​និង​អាជីព​របស់​គេ។

    ថ្វី​ត្បិត​តែ​សមាជិក​ភាព​ក្នុង​សមាគម​FUSAAC​គឺ​សម្រាប់​តែ​អតីត​និស្សិត​អាហារូបករណ៍​​ពី​កម្ម​វិធី​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មែន​តែ​កម្ម​វិធី​ស្ដី​ពី​មេ​ដឹក​នាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​កម្មវិធី​YSEALI មានបំណង​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​នៅ​ទូទាំង​តំបន់​អាស៊ាន​ធ្វើ​ការ​ជា​មួយ​របស់​ពលរដ្ឋ​​បរិស្ថាន​និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ហើយ​និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​តាំង​តែ​ពី​លោក​ប្រធានាធិបតី​Obama បង្កើត​កម្មវិធី​ពិសេស​នេះ​ឡើង​សម្រាប់​ភាព​ជា​មេ​ដឹក​នាំ​យុវជន​និង​ការ​ភ្ជាប់​ជា​បណ្ដាញ​ជា​មួយ​​គ្នា​នៅ​អាស៊ីអាគ្នេយ៍​មាន​យុវជន​កម្ពុជា​ចំនួន​ជាង​២.៥០០នាក់​បាន​ចូលរួម​ជា​សមាជិក​នៃ​កម្មវិធី​YSEALI ។អ្នក​ដឹក​នាំ​វ័យ​ក្មេង​ទាំង​នេះ​ជា​ច្រើន​បាន​ចែក​រំលែក​គំនិត​យោបល់​គ្នា​នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​តំបន់​បាន​ធ្វើ​ដំណើរ​ទៅ​បរទេស​ដើម្បី​ចូលរួម​ប្រាស្រ័យ​ជា​មួយ​មេ​ដឹក​នាំ​យុវជន​ឯទៀត​ហើយ​ថែម​ទាំង​បាន​ទទួល​អំណោយ​ថវិកា​សម្រាប់​គម្រោង​នៅ​ក្នុង​សហគមន៍​របស់​គេ​ថែម​ទៀត​ផង​។​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​យុវជន​កម្ពុជា​ច្រើន​ថែម​ទៀត​ចូលរួម​ក្នុង​កម្មវិធី​YSEALI មិនមែន​គ្រាន់​តែ​ដើម្បី​ប្រាស្រ័យ​ជា​មួយ​យុវជន​ឯទៀត​លើ​បញ្ហា​ជា​គន្លឹះ​តែ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ដើម្បី​សម្រេច​សក្ដានុភាព​ពេញលេញ​របស់​គេ​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​​របស់​គេ​​និង​នៅ​ទូទាំង​តំបន់​ថែម​ទៀត​ផង​។

    ខ្ញុំ​រីករាយ​នឹង​លឺ​អំពី​មេ​ដឹក​នាំ​យុវជន​ដែល​នឹង​ចូលរួម​ក្នុង​ទិវា​យុវជន​អន្តរជាតិ​នៅ​ថ្ងៃ​ទី១២​ខែ​សីហា​។​​ដោយ​មានខ្លឹមសារ​"ការ​ចូលរួម​របស់​យុវជន​"ព្រឹត្តិការណ៍​នៅ​ឆ្នាំ​នេះ​សង្កត់ធ្ងន់​ថា​ការចូលរួម​របស់​យុវជន​និង​ការ​ចូលរួម​របស់​ពលរដ្ឋ​មាន​សារៈសំខាន់​ណាស់​ដើម្បី​សម្រេច​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ប្រកបដោយ​ចិរភាព​។​យុវជន​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស​សកល​លោក​នឹង​ចូលរួម​នៅ​ក្នុង​ការងារ​បម្រើ​សហគមន៍​និង​គម្រោង​លើ​កម្ពស់​ការ​យល់ដឹង​ដើម្បី​បង្ហាញ​ថា​យុវជន​អាច​​​​​​ហើយ​ធ្វើ​ការ​រួម​ចំណែក​ប្រកប​ដោយ​អត្ថន័យ​ដល់​សង្គម​ការ​អភិវឌ្ឍន៍​និង​សន្តិភាព​។​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​នៅ​ទូទាំង​ប្រទេស​ចាត់​ទុក​ទិវា​នេះ​ជា​ឱកាស​មួយ​សម្រាប់​ធ្វើ​តាម​គំរូ​របស់​មេ​ដឹក​នាំ​យុវជន​ដទៃ​ទៀត​ហើយ​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។

    សូម​អរគុណ​ម្ដង​ទៀត​ចំពោះ​ការ​អាន​ខ្ទង់​សារព័ត៌មាន​របស់ខ្ញុំ​នៅ​សប្ដាហ៍​នេះ​និង​នៅ​រាល់​សប្ដាហ៍​។​សូម​ផ្ញើ​សំណួរ​មក​ខ្ញុំ​ជា​ភាសា​ខ្មែរ​ឬ​អង់គ្លេស​តាម​ AskAMBTOddp@state.gov និង​តាម​ដាន​Blogរបស់​ខ្ញុំ​តាម http: //blogs.usembassy.gov/todd ។​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃច័ន្ទ ទី​៣ ខែសីហា ឆ្នាំ ២០១៥