​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​ឧបនាយក​រដ្ឋមន្រ្តី​សុខ​ អាន​ ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​ជា​មួយ​កសិករ​ខេត្ត​តាកែវ​

     ភ្នំពេញ​: ដោយ​បាន​អះអាង​ពី​សក្ដានុពល​កសិកម្ម​ ពិសេស​ដំណាំ​ស្រូវ​នៅ​ក្នុង​ខេត្ត​តាកែវ​ ដែល​នៅ​សល់​ជាង​កន្លះ​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ​នោះ​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ សុខ អាន​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចិន​មក​ពី​ទី​ក្រុង​ Xing yang  ខេត្ត Hubei នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ធ្វើ​ការ​វិនិយោគ​ជា​មួយ​កសិករ​ខេត្ត​តាកែវ​ លើ​ការ​ដាំដុះ​ដំណាំ​ស្រូវ​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​ សុខ​ អាន​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្រ្តី បាន​ជំរុញ​បែប​នេះ​ ទៅ​កាន់​គណៈ​ប្រតិភូ​ចិន​ដឹក​នាំ​ដោយ​លោក​ Qin Jun អភិបាលក្រុង​ Xingyang ខេត្ត​Hubei​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្នុង​ឱកាស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០​ ខែ​​ កកដ្កា​ ឆ្នាំ២០១៥​ នៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្រ្តី​។ 

លោក​ ឯក​ ថា​ អនុ​ប្រធាន​នាយក​ដ្ឋាន​​ព័ត៌មាន​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្តី​ បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​ជំនួប​នោះ​ថា​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​ ភាគី​ចិន​បាន​ធ្វើ​ការ​ស្វែង​យល់​អំពី​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​ ហើយ​ភាគី​ចិន​នឹង​ចុះ​ទៅ​កាន់​ខេត្ត​តាកែវ​ នៅ​ថ្ងៃ​ទី​២១​ ខែ​កកដ្កា​ ឆ្នាំ​២០១៥​ ដើម្បី​ចុះ​ហត្ថលេខា​ចង​សម្ព័ន្ធ​មេត្រីភាព​ជា​មួយ​ខេត្ត​តាកែវ​ និង​ខេត្តHubei។

នៅ​ក្នុង​ជំនួប​នោះ​ លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ សុខ​ អាន​ បាន​ប្រាប់​ភ្ញៀវ​អំពី​គោល​នយោបាយ​កសិកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​គោល​នយោបាយ​នាំ​ចេញ​ស្រូវ​ អង្ករ។ លោក​ សុខ​ អាន​ បាន​ជម្រាប​ជូន​ភ្ញៀវ​ថា​ ខេត្ត​តាកែវ​ បាន​ក្លាយ​ជា​ខេត្ត​មួយ​ជាប់​ចំណាត់​លេខ​១ ក្នុង​ការ​ផលិត​ស្រូវ​ អង្ករ​ ហើយ​ក្នុង​មួយ​ឆ្នាំ​​ៗ​ខេត្ត​តាកែវ​ ក៏​មាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម​ ដោយ​អាច​ធ្វើ​បាន​ទាំង​ស្រូវ​ប្រាំង​ និង​ស្រូវវស្សា​។

លោក​ Qin Jun បាន​លើក​ឡើង​អំពី​គោល​បំណង​របស់​ទី​ក្រុង​ Xingyang  ថា​ បន្ទាប់ពី​ចុះ​អនុស្សរណៈ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជាមួយ​ខេត្ត​តាកែវ​ ក្រុមហ៊ុន​ចិន​បាន​សម្លឹង​ឃើញ​ពី​កិច្ច​សហការ​ផលិត​ស្រូវ​នៅ​ក្នុង​ខេត្ត​តាកែវ​ ដោយ​លោក​បាន​លើក​ឡើង​ថា​ ប្រសិន​ជា​កសិករ​កម្ពុជា​ធ្វើ​ស្រែ​ក្នុង​មួយ​ឆ្នាំ​ទទួល​ផល​បាន​២​តោន​ និង​ផ្ដល់​ប្រាក់​ឈ្នួល​ដល់​កសិករ​កម្ពុជា​បន្ថែម​លើ​ស្រូវ​របស់​ពួក​គេ​ទៀត​។ ភាគី​ចិន​នឹង​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​កម្ពុជា​ដើម្បី​នាំ​​ចេញ​ទៅ​កាន់​ក្រុង​ Xingyang ​ខេត្តHubei​របស់​ប្រទេស​ចិន។ បញ្ហា​នេះ​ភាគី​ចិន​បាន​លើក​ឡើង​ថា​ នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ទាំង​ក្រុមហ៊ុន​ចិន​ និង​ប្រជាកសិករ​ខេត្ត​តាកែវ​ទទួល​បាន​ផល​ចំណេញ​ទាំង​សង​ខាង​។

លោក​ Qin Jun បាន​យល់​ស្រប​ចំពោះ​ទស្សនៈ​នៃ​ការ​លើក​ឡើង​របស់​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ សុខ​ អាន​ ថា​ជា​ការ​ពិត​ប្រទេស​ចិន​​ត្រូវ​ការ​អង្ករ​ បរិមាណ​ច្រើន​ក្នុង​មួយ​ឆ្នាំ​ហើយ​ប្រទេស​ចិន​បាន​នាំ​ចូល​អង្ករ​ក្រអូប​ពី​ប្រទេស​ថៃ​យ៉ាង​ច្រើន​ ហើយ​ប្រទេស​ថៃ​ក៏​បាន​នាំ​ចូល​អង្ករ​ក្រអូប​ពី​កម្ពុជា​ផង​ដែរ។

លោក​ សុខ​ អាន​ បាន​បន្ត​ថា​ប្រជាកសិករ​កម្ពុជា​បាន​លក់​ផល​ស្រូវ​ជា​ច្រើន​ក្នុង​មួយឆ្នាំៗ​ ទៅ​កាន់​ប្រទេស​ជិត​ខាង​របស់​របស់​ខ្លួន​មាន​ថៃ​ និង​វៀតណាម​ ដោយ​សារ​តែ​កសិករ​របស់​យើង​ត្រូវ​ការ​ទុន​ជា​បន្ទាន់​ បន្ទាប់​ពី​ពួក​គេ​ប្រមូល​ផល​រួច​ ដើម្បី​យក​ទុន​នោះ​ទៅ​បន្ត​ធ្វើ​ការ​ងារ​កសិកម្ម​បន្ត​ទៀត​។ ដូចនេះ​ប្រសិន​ជា​មាន​ការ​បណ្ដាក់​ទុន​លើ​ការ​បង្កើត​ឃ្លាំង​​ បង្កើត​រោង​ម៉ាស៊ីន​កិន​ស្រូវ​ និង​ទុន​នៃ​ការ​ប្រមូល​ទិញ​ស្រូវ​នោះ​ វា​នឹង​ជួយ​កសិករ​របស់​យើង​បាន​ច្រើន​ ដែល​ជា​ការ​​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​លើក​កម្ពស់​ជីវភាព​ របស់​កសិករ​ឱ្យ​​កាន់​តែ​ប្រសើរ​ឡើង​។​ លោក​ សុខ​ អាន​ ក៏​បាន​ជំរុញ​ឱ្យ​ភាគី​ចិន​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ចិញ្ចឹម​សត្វ​ ព្រោះ​ខេត្ត​តាកែវ​ ក៏​មាន​សក្ដានុពល​ច្រើន​សម្រាប់​វិស័យ​ចិញ្ចឹម​សត្វ​។ 

អង្ករ​ កម្ពុជា​បាន​ជាប់​លំដាប់​ថ្នាក់​លេខ​១​បី​ឆ្នាំ​ជាប់ៗ​គ្នា​នៅ​លើ​ពិភពលោក​។​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​ប្រមាណ​មួយ​សែន​តោន​ក្នុង​មួយ​ឆ្នាំ​ ហើយ​ថ្មីៗ​នេះ​ប្រទេស​ចិន​ក៏​បាន​យល់​ព្រម​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​មួយ​ឆ្នាំ​ ២​សែន​តោន​បន្ថែម​ទៀត​ ក៏​ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​នេះ​ហាក់​ដូច​ជា​មិន​ទាន់​សម្រេច​បាន​​នៅ​​ឡើយ​ទេ​ ដោយ​សារ​បញ្ហា​តម្លៃ​ភាគី​ចិន​ចង់​បាន​តម្លៃ​ថោក​ តែ​កម្ពុជា​ថា​ មិន​អាច​ទៅ​រួច​ប្រសិន​តម្លៃ​មិន​តាម​ការ​គ្រោង​ ព្រោះ​អង្ករ​កម្ពុជា​មាន​តម្លៃ​​ថ្លៃ​ជាង​ អង្ករ​ថៃ​​ និង​វៀតណាម​ដោយ​សារ​តែ​ថ្លៃ​ដើម​នៃ​ការ​ផលិត​នៅ​កម្ពុជា​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៥