គ្រោង​ចំណាយ​បី​លាន​ដុល្លារ​សម្រាប់​ការ​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ​

      ភ្នំពេញ​ :ក្រសួង​អប់រំ​យុវជន​និង​កីឡា​គ្រោង​នឹង​ចំណាយ​ប្រមាណ​១២​ពាន់​លាន​រៀល​ ឬ​ស្មើ​នឹង​ចំនួន​បី​លាន​ដុល្លារ​អាមេរិក​ សម្រាប់​បំពេញ​ឱ្យ​ការងារ​ប្រឡង​បាក់ឌុប​របស់​សិស្សានុសិស្ស​នា​ឆ្នាំ​នេះ​។ ការ​ចំណាយ​នេះ​បង្ហាញ​ថា​ មាន​ការ​ថយ​ចុះ​បើ​ធៀប​ទៅ​នឹង​ការ​ប្រឡង​កាល​ពី​ឆ្នាំ​មុន​។

    ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​និង​ បំពេញ​វិជ្ជា​ឬ​បាក់ឌុប​នៅ​ឆ្នាំ​នេះ​នឹង​ ប្រព្រឹត្តទៅ​នា​សម័យ​ប្រឡង​ថ្ងៃ​ទី ២៤​ ខែ​សីហា​ ឆ្នាំ ២០១៥ ដែល​មាន​ថ្នាក់​ វិទ្យា​សាស្រ្ត​ និង​ថ្នាក់​វិទ្យា​សាស្រ្ត​សង្គម រួម​មាន​បេក្ខជន​ប្រឡង​សរុប​ ៨៨.៤៨៨នាក់​ និង​មាន​មណ្ឌល​ប្រឡង​ ១៤៩​មណ្ឌល​ ចែក​ចេញ​ជា​៣.៥៧៦ បន្ទប់​នៅ​រាជធានី​ខេត្ត​ទាំង​២៥ ខណៈ​ការ​ប្រឡង​បាក់​ឌុប​កាល​ពី​ឆ្នាំ​២០១៤​ នៅ​ថ្ងៃទី៤ និង​ថ្ងៃ​ទី​៥សីហា​ ដោយ​មាន​បេក្ខជន​ដាក់​ពាក្យ​ប្រឡង​ចំនួន​ ៩៣.៤៥៦ នាក់ ស្មើ​១៥៤​មណ្ឌល​ នៅ​ទូទាំង​រាជធានី​ខេត្ត​ ចែក​ជា​៣.៧៧៩ ​បន្ទប់ ក្នុង​នោះ​មាន​បេក្ខជន​ប្រឡង​ជាប់​តែ​២៣.១២៦នាក់​ប៉ុណ្ណោះ ដែល​ស្មើ​នឹង​២៥,៧២ ភាគ​រយ​នៃ​បេក្ខជន​ទូទាំង​ប្រទេស​។​

    លោក​បណ្ឌិត​ហង់​ ជួន​ណា​រ៉ុង រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ធ្លាប់​បាន​លើក​ឡើង​ថា​ ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​មិន​មាន​រៀប​ចំ​ការ​ប្រឡង​លើក​ទី​២ ដូច​ឆ្នាំ​មុន​ទៀត​ទេ​ ហើយ​ការ​លុប​ចោល​ប្រឡង​បាក់​ឌុប​លើក​ទី២​នេះ​ ដោយ​សារ​តែ​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​ ពោល​គឺ​សិស្ស​ខាត​ពេល​សិក្សា​ ពិសេស​ធ្វើ​ឱ្យ​ការ​បើក​បវេសនកាល​ឆ្នាំ​ថ្មី​មាន​ការ​យឺត​យ៉ាវ​ជា​ដើម​។ ម៉្យាង​ទៀត​បើ​យើង​មិន​ប្រឡង​លើក​ទី​២ទេ​ វាក៏​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អ្វី​ដែរ​ ហើយ​វា​ក៏​មិនមែន​មក​ពី​បញ្ហា​ថវិកា​ទើប​នាំ​ឱ្យ​លុប​ការ​ប្រឡង​លើក​ទី​២​នោះ​ទេ​។​

     លោក​រដ្ឋ​មន្រ្តី​បញ្ជាក់​ ''ការ​មិន​មាន​ប្រឡង​លើក​ទី២នេះ​ នឹង​ជួយ​ជំរុញ​ឱ្យ​សិស្ស​ខិតខំ​រៀន​ពី​ដើម​ឆ្នាំ​ទៅ​ហើយ​បើ​សិស្ស​ខំ​រៀន​នោះ​លទ្ធផល​នឹង​បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ តែ​បើ​លទ្ធផល​មាន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​ប្រឡង​លើក​​ទី​១ ក្រសួង​នឹង​ពិចារណា​ជា​ក្រោយ​តើ​ប្រឡង​លើក​ទី​២​ឬ​អត់?''។

    ការ​ប្រឡង​ឆ្នាំ​នេះ​ នៅ​តែ​មាន​វិធាន​ការ​រឹត​បន្តឹង​នឹង​វិន័យ​ម៉ឺង​ម៉ាត់​​ដដែល​ក្នុង​ការ​ប្រឡង​ និង​បើក​ឱកាស​ឱ្យ​មាន​ការ​ចូល​រួម​តាម​ដាន​ឃ្លាំមើល​ពី​គ្រប់​មជ្ឈដ្ឋាន​ ពិសេស​មាន​ការ​អង្កេត​ការណ៍​ពី​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ និង​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​បន្ថែម​ទៀត​។

     កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​សាធារណជន​ មាតា​បិតា​ ឬ​អ្នក​អាណាព្យាបាល​ និង​សិស្សានុសិស្ស​ ទាំង​អស់​មេត្តា​ប្រុង​ប្រយ័ត្ន​កុំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ ឬ​ចាញ់​បោក​ការ​ផ្សព្វផ្សាយ​របស់​ជន​ឆ្លៀត​ឱកាស​ ដើម្បី​កេង​រក​ផល​ចំណេញ​ក្នុង​សម័យ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នេះ​ឱ្យ​សោះ​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ ២០១៥