ក្រសួង​វប្បធម៌​ប្រកាស​ប្រឡង​និពន្ធ​ប្រលោម​លោក​និង​កំណាព្យ​រឿង​ប្រចាំ​ឆ្នាំ​២០១៥

    ភ្នំពេញ​: ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ជូន​ដំណឹង​មួយ​ដល់​បណ្ដាល​អ្នក​និពន្ធ​គ្រប់​មជ្ឈដ្ឋាន​ ដើម្បី​ចូល​រួម​ប្រឡង​ស្នាដៃ​ក្នុង​ការ​តែង​និពន្ធ​ប្រលោម​លោក​ និង​កំណាព្យ​រឿង​ប្រចាំ​ឆ្នាំ​២០១៥​ ដែល​បេក្ខជន​អាច​ទៅ​ចុះ​ឈ្មោះ​និង​ដាក់​ស្នាដៃ​របស់​ខ្លួន​ចូល​រួម​ប្រឡង​ចាប់​ពី​ពេល​នេះ​រហូត​ដល់​មុន​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៥​។

     ក្នុង​សេចក្ដី​ជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ស្រី​ ភឿងសកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​បញ្ជាក់​ថា​ ការ​ប្រឡង​ជ្រើសរើស​​ស្នាដៃ​និពន្ធ​ប្រលោម​លោក​និង​កំណាព្យ​រឿង​នៅ​ឆ្នាំ​នេះ​បាន​កំណត់​រឿង​ក្រោម​ប្រធានបទ​" យុវជន​ដើម្បី​វប្បធម៌​" ដែល​ជា​ពាន​រង្វាន់​របស់​លោក​ហ៊ែល​ ស៊ុំផា។ ចំពោះ​លក្ខខណ្ឌ​ជ្រើស​រើស​អក្ខរាវិរុទ្ធ​ត្រូវ​ប្រើ​តាម​វចនានុក្រម​សម្ដេច​ព្រះសង្ឃ​រាជ​ជួនណាត អក្សរ​វាយ​កុំព្យូទ័រ​(Font យូនីកូត Khmer OS Metal Chrieang 12)​ ខ្នាត​ក្រដាស​៤A កាត់​ និង​ត្រូវ​វាយ​ឱ្យ​បាន​១៣០​ទំព័រ​ឡើង​ទៅ​។

     បេក្ខជន​បេក្ខនារី​ទាំង​អស់​ដែល​មាន​បំណង​ចូល​រួម​ប្រឡង​នៅ​ឆ្នាំ​នេះ​អាច​ទៅ​ធ្វើ​ការ​ចុះ​ឈ្មោះ​ចាប់​ព​សេចក្ដី​ជូនដំណឹង​នេះ ទៅ ។ ជា​មួយ​គ្នា​នេះ​ បេក្ខជន​ បេក្ខនារី​ទាំង​អស់​ទៅ​ប្រគល់​ឱ្យ​ការិយាល័យ​រដ្ឋបាល​ឬ​នាយកដ្ឋាន​សៀវភៅ​ និង​ការ​អាន​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​រៀង​រាល់​ម៉ោង​ធ្វើការ​ឱ្យ​បាន​មុន​ថ្ងៃ​ទី៣១​ ខែ​ធ្នូ​ឆ្នាំ​២០១៥។

    សេចក្ដី​ជូន​ដំណឹង​ខាង​លើ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ សម្រាប់​ផ្ទៃ​រឿង​ដែល​ជា​ស្នាដៃ​របស់​បេក្ខជន​នីមួយៗ​ចាំ​បាច់​ត្រូវ​មាន​លក្ខណៈ​សមស្រប​ដែល​មាន​ការ​កំណត់​ដូច​ខាង​ក្រោម:

    -អត្ថរូប: មាន​បី​ចំណុច​ គឺ​: វិធី​តែង ,​រចនាបថ និង​សោភ័ណ​ ដោយ​មាន​ភ្ជាប់​អត្ថបទ​ចម្រៀង​មួយ​បទ​។ -អត្ថន័យ​​: មាន​បី​ចំណុច​គុណធម៌​សច្ចធម៌​ និង​សីលធម៌​។ អត្ថរស​: មាន​បី​ចំណុច​គឺ: បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​អប់រំ​ការ​រីក​ចម្រើន​និង​តម្លៃ​អត្តសញ្ញាណ​​ជាតិ។

    ចំណែក​អ្នក​ទទួល​ជ័យ​លេភី​គឺ​សម្រាប់​លេខ​១​ដល់​លេខ​៣ ទទួល​ពាន​រង្វាន់​ អម​ដោយ​ទឹក​ប្រាក់​។ លេខ​៤​ដល់​លេខ​៥​ប័ណ្ណ​សរសើរ​អម​ដោយ​ទឹក​ប្រាក់​ និង​រង្វាន់​លួង​ចិត្ត​។ ចំពោះ​បេក្ខជន​បេក្ខនារី​ដែល​មាន​បំណង​ចូល​រួម​ប្រឡង​អាច​ទំនាក់​ទំនង​ទូរស័ព្ទ​លេខ​០១២ ៩២២ ៥៤៧ និង​០១២ ៨០១ ១២២/០១៧ ៧៨៩ ០២៩៕ 

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃអាទិត្យ-ចន្ទ​ ទី​១២-១៣ ខែ​កក្កដា ឆ្នាំ​២០១៥