អ្នកកាសែត​ម្នាក់​ត្រូវបាន​អង្គភាព​២ និង​បុគ្គល​ម្នាក់​ប្តឹង​ពីបទ​បរិហារកេរ្តិ៍​សាធារណៈ​តាម​ហ្វេ​ស​ប៊ុ​ក​

    សៀមរាប: លោក​ចាន់ សុភាព ដែល​ប្រើ​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sopheap Chan ត្រូវបាន អង្គភាព នគរបាល​ចំនួន​២ និង​បុគ្គល​នគរបាល ម្នាក់​ផ្សេងទៀត​ប្តឹងទៅ​ស្ថាប័ន អយ្យការ អម​សាលាដំបូង​ខេត្តសៀមរាប​ចោទ ប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​ហ្វេ​ស​ប៊ុ​ក​។ សំណុំ​រឿងនេះ ដើមបណ្តឹង​បាន​ប្តឹង​ចូលទៅ​ដល់ដៃ​នាយក ក្រឡាបញ្ជី​របស់​អយ្យកា​រ​រួចហើយ នៅពេល​ថ្មីៗ​នេះ​។​      លោក​ចាន់ សុភាព ត្រូវបាន​ម្ចាស់​បណ្តឹង​ទាំង​៣​បញ្ជាក់ថា គាត់​នៅ​បម្រើការ​ជា​អ្នកកាសែត អង្គរធំ ប្រចាំខេត្ត​សៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ឈ្មោះ​នេះ​គាត់​បាន​ប្រើ​ហ្វេ​ស​ប៊ុ​ក​ដាក់ ថា Sopheap Chan និង​គាត់​បានដាក់​រូប ផ្ទាល់ខ្លួន​នៅក្នុង​ប្រូ​ហ្វា​ល់​ថែមទៀត ផង​។​       ដោយឡែក​ដើមបណ្តឹង​ទាំង ៣ គឺ​លោក​វរសេនីយ៍ទោ​អ៊ុំ សា​អាត អត្តលេខ ១០៤៨៨ ឋានៈ​នាយក ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប (​ប្តឹង​ក្នុងនាម​អង្គភាព​) ទី​២​គឺ​លោក អនុសេនីយ៍ឯក​ញឹក សុផល នាយ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ស្លក្រាម ក្រុង សៀមរាប (​ប្តឹង​ក្នុងនាម​អង្គភាព​) និង​ទី​៣​គឺ លោក​អនុសេនីយ៍ទោ​សាក់ សុទ្ធា​រ៉ូ នាយផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ប្តឹង​ក្នុងនាម​បុគ្គល​។ បណ្តឹង​ទាំង​៣ ខាងលើ គឺ​ទាមទារ​ក្នុង​អង្គភាព​នីមួយៗ និង​បុគ្គល​នីមួយៗ តែ​៥​លាន​រៀល មានន័យថា ៣​បណ្តឹងទាមទារ​១៥​លាន រៀល​។​       បណ្តឹង​នេះ​គឺធ្វើឡើង​បន្ទាប់ ពី​លោក​ចាន់ សុភាព បម្រើ​ការងារ នៅ​កាសែត​អង្គរធំ ប្រចាំខេត្ត សៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​សរសេរ​ក្នុង អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ កន្លងទៅ មាន​ខ្លឹមសារ​ថា កូន​ប៉ូលិស​តូចតាច​កំ​ប៉ិក​បំ​ប៉ុក​ដេកស៊ី​តែ​ប្រាក់ ខែ​ងាប់​ត្រូវគេ​បោះបង់ចោលៈ មាន​សេចក្តីរាយការណ៍​ក្តៅ​មួយ​បានឱ្យដឹងថាៈ បន្ទាប់ពី​អាជ្ញាធរ ខេត្តសៀមរាប និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ បាន​ប្រជុំ​ផ្សព្វផ្សាយ​រួមគ្នា​ទប់ស្កាត់​លុបបំបាត់ គ្រឿងញៀន​នៅ ខេត្តសៀមរាប មិនទាន់​មួយថ្ងៃ​ផង ក៏ បែកធ្លាយ​មន្ត្រីនគរបាល​យុត្តិធម៌​២​រូប នៅ​ការិយាល័យ​គ្រឿងញៀន​ជា​កូន ចៅ​របស់លោក​អ៊ុំ សា​អាត ប្រធានការិយាល័យ​គ្រឿងញៀន នៃ​ស្នងការ នគរបាល​ខេត្តសៀមរាប​ចែកចាយ និង ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ ទី​១. ឈ្មោះ ជាតិ ទី​២.​ឈ្មោះ សូ អ្នក​ទាំង​២ នាក់​នេះ ជា​អ្នក​ចែកចាយ​យ៉ាងសកម្ម បំផុត​ប្រចាំ​ខេត្តសៀមរាប​។ កន្លងមក ពួកគេ​ទាំង​២​នាក់​នេះ បាន​សហការគ្នា ជាមួយ​បុ​ស្តិ៍​នគរបាល​ស្លក្រាម​ស្វែងរក អ្នកណា​ដែលមាន​លុយ​ទិញ​គ្រឿង ញៀន​របស់​ពួកគេ ហើយ​បើ​មិន​ទិញ​ទេ ឈ្មោះ សូ និង​ឈ្មោះ ជាតិ នឹង​រៀបចំ ផែនការ​ព័ទ្ធចាប់​ជាមួយ​បុ​ស្តិ៍​នគរបាល ស្លក្រាម ដើម្បី​បញ្ជូនទៅឱ្យ​លោក ប្រធាន​អ៊ុំ សា​អាត សួរនាំ ថា​មាន​លុយ ឬ​អត់ បើ​អត់លុយ​ត្រូវតែ​បញ្ជូនទៅ តុលាការ​។ (​សូមបញ្ជាក់​ឈ្មោះ​សូ និង ឈ្មោះ ជាតិ នេះ ត្រូវបាន​កម្លាំង ការិយាល័យ​គ្រឿងញៀន​នៃ​កង​រាជ​- អាវុធហត្ថ​ខេត្តសៀមរាប​ចាប់​បញ្ជូនទៅ តុលាការ​ជាប់គុក​ជា​ច្រើនដង​មកហើយ​តែ​ត្រូវបាន​ដោះ លែង​មកវិញ​) ។​       ខ្លឹមសារ​ខាងលើ​ដែល​លោក ចាន់ សុភាព បង្ហោះ​ក្នុង​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែល​មិន មានការ​ពិត ទើប​លោក​វរសេនីយ៍ទោ​អ៊ុំ សា​អាត​, លោក​អនុសេនីយ៍ឯក​ញឹក សុផល និង​លោក អនុសេនីយ៍ទោ​សាក់ សុទ្ធា​រ៉ូ បាន​ប្តឹង​ចោទប្រកាន់​ទៅកាន់ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត សៀមរាប ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​ហ្វេ​ស​ប៊ុ​ក ។​       លោក​អ៊ុំ សា​អាត នៅពេល​ប្តឹង ទៅកាន់​ស្ថាប័ន​តុលាការ​គាត់​ក៏បាន​ធ្វើលិខិត​បំភ្លឺ​ដោយ ឡែក​មួយ អម​ជាមួយនឹង​ពាក្យបណ្តឹង​ដែល​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​មិន​ពិត ប្រាកដ ខាងលើ ។ ទោះបី​បណ្តឹង​នេះ តំណាង អយ្យការ មិនទាន់​បានធ្វើការ​ចោទប្រកាន់ នៅឡើយ​ក្តី ប៉ុន្តែ​បណ្តឹង​បាន ដាក់​ដល់ដៃ​នាយក​ក្រឡាបញ្ជី​តំណាង អយ្យការ​រួចហើយ ។        ដោយឡែក​លោក​អនុ​សេនីយ៍ ឯក​ញឹក សុផល នាយប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ស្លក្រាម​ដែលជា ដើមបណ្តឹង ម្នាក់​នោះបាន​ថ្លែង​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែកក្កដា ថា​លោក​បាន​ប្តឹង ពិតប្រាកដ​មែន ហើយ​មិនមាន​ការសម្របសម្រួល​ទេ ហើយ​ចំនួន​ការប្តឹង​នេះ ទារប្រាក់​តិចតួច​ក្តី ប៉ុន្តែ​ដើម្បីឱ្យ តុលាការ​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្លួន ។​       លោក​អនុសេនីយ៍ឯក​ញឹក​- សុផល បានបញ្ជាក់​ទៀតថា ការ​បរិហាកេរ្តិ៍​តាម​ហ្វេ​ស​ប៊ុ​កមក លើ​សមត្ថកិច្ច ខាងលើ​គឺជា​រឿង​គំនុំ​ផ្ទាល់ខ្លួន​មួយ ព្រោះថា កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៥ កន្លងទៅ ប្អូនប្រុស​របស់លោក ចាន់ សុភាព ឈ្មោះ​ចាន់ សុភា អាយុ ៣២​ឆ្នាំ និង​ឈ្មោះ​សួន លាប ជា​អ្នក សារព័ត៌មាន​ទាំងពីរ​នាក់ ត្រូវបាន សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ប្រើប្រាស់ និង​ចែកចាយ គ្រឿងញៀន ហើយ​រហូតមក ដល់ពេលនេះ ជន​ទាំងពីរ​កំពុង​ត្រូវ បាន​ឃុំខ្លួន​នៅ​តុលាការ ។ ក្នុង​សកម្មភាព​ដែល​ប្អូនប្រុស​ឈ្មោះ​ចាន់ សុភា និង គូកន​របស់គេ​ម្នាក់ទៀត​ឈ្មោះ​សួន លាប កំពុង​ជាប់ពន្ធនាគារ ឈ្មោះ​ចាន់​ សុភាព ត្រូវជា​បង​ក៏បាន​រត់​ការណ៍ ដើម្បី​ដោះ​ប្អូនប្រុស និង​បក្ខ ពួក ចេញពី ពន្ធនាគារ ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​ទេ ។ សមត្ថកិច្ច​ដែល​ចាប់ខ្លួន​ប្អូនប្រុស របស់​ចាន់ សុភាព គឺ​សមត្ថកិច្ច​ដែលជា​ដើមបណ្តឹង​ខាងលើ ។​       ដោយសារ​ដើមចម​ខាងលើនេះ ហើយ ទើប​ឈ្មោះ​ចាន់ សុភាព បាន​ខឹង​មន្ត្រី នគរបាល ខាងលើ ហើយក៏​បាន សរសេរ​អត្ថន័យ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ខាងលើនេះ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ ដល់ មន្ត្រីនគរបាល​ជាដើម​បណ្តឹង​ខាងលើ ។ នៅ​រសៀល​ថ្ងៃទី​៣ ខែកក្កដា អ្នកយក ព័ត៌មាន​យើង មិនអាច​សុំ​បំភ្លឺ​បន្ថែម​ពី លោក​ចាន់ សុភាព  អ្នកកាសែត​អង្គរធំ បានទេ ៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំទី២៣ លេខ៦៧៦៥ ថ្ងៃសៅរ៦ ទី៤ ខែកក្កដា​ ឆ្នាំ២០១៥