មន្ត្រី​វ័យ​ក្មេង​កម្ពុជា​៩០០​នាក់​ហើយ​បាន​ចូល​រួម​ក្នុង​កម្មវិធី​បណ្ដុះ​បណ្ដាល​សម្រាប់​អ្នក​ដឹក​នាំ​វ័យ​ក្មេង​នៅ​ប្រទេស​ជប៉ុន

ភ្នំពេញ : តំណាង​ទី​ភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ហៅ​កាត់​ចៃកា​(JICA)បាន​ឱ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ រហូត​ដល់​ពេល​នេះ​មន្ត្រី​វ័យ​ក្មេង​កម្ពុជា​ប្រមាណ​៩០០​នាក់​ហើយ​បាន​ចូល​រួម​ក្នុង​កម្មវិធី​បណ្ដុះ​បណ្ដាល​សម្រាប់​អ្នក​ដឹក​នាំ​វ័យ​ក្មេង​លើ​មុខ​ជំនាញ​ផ្សេងៗ​ គ្នា​នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ផ្សេងៗ​ នៅ​ប្រទេស​ជប៉ុន។

មន្ត្រី​ចំនួន​៤២​នាក់​បន្ថែម​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​បែក​ចែក​ជា​បី​ ក្រុម​ក្រុម​ទី​១​សម្រាប់​វគ្គ​សិក្សា​ស្ដី​ពី​"ការ​គ្រប់​គ្រង​សុខភាព​មាតា​ និង​ទារក" ក្រុម​ទី​២​សម្រាប់​វគ្គ​សិក្សា​ស្ដី​ពី​"ការ​អភិវឌ្ឍន៍ និង​លើក​កម្ពស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​"និង​ក្រុម​ទី​បី​សម្រាប់​វគ្គ​សិក្សា​ស្ដី​ពី" ការ​អប់​រំ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​"ដែល​នឹង​ត្រូវ​ចេញ​ដំណើរ​ចុង​ខែ​មិថុនា​ និង​ពាក់​កណ្ដាល​ ខែ​កក្កដា​ឆ្នាំ២០១៥​ខាង​មុខ​នេះ។

សិក្ខាសាលា​តម្រង់​ទិស​មុន​ពេល​ចេញ​ដំណើរ​សម្រាប់​សិក្ខាកាម​២​ក្រុម​ត្រូវ​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ ឆ្នាំ​២០១៥​កន្លង​មក​នេះ​ក្រោម​វត្តមាន​លោក​ យា ប៊ុនណា អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​និង​សិប្បកម្ម​និង​លោក​កូហ្សីម៉ា​ តាកេហារុ(Kojima Takeharu) អនុ​ប្រធាន​ការិយាល័យ​ JICA ប្រចាំ​នៅ​កម្ពុជា​នៅ​សណ្ឋាគារ​ភ្នំពេញ​។

លោក​កូហ្សីម៉ា តាកេហារុ​បាន​មាន​ប្រសាសន៍​ថា​ កម្មវិធី​បណ្ដុះ​បណ្ដាល​សម្រាប់​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ គឺ​ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​សហប្រតិបត្តិការ​បច្ចេកទេស​នានា របស់​ JICA ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨៤ ។ កម្មវិធី​នេះ​មាន​គោល​បំណង​ធំ​ពីរ​ទី​១ គឺ​ផ្ដល់​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​វ័យ​ក្មេង​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ដើរ​តួនាទី​ជា​អ្នក​ដឹក​នាំ​នា​ពេល​អនាគត​នូវ​ឱកាស​ដើម្បី​អភិវឌ្ឍ​ចំណេះ​ដឹង​ និង​ជំនាញ​បច្ចេកទេស​តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​នៅ​ប្រទេស​ជប៉ុន​ និង​ទី​២​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ដល់​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​និង​មិត្ត​ភាព​រវាង​ប្រទេស​ជប៉ុន​ និង​បណ្ដា​ប្រទេស​ដទៃ​ទៀត​ នៅ​លើ​ពិភពលោក។

លោក​ស្រី​បាន​បន្ត​ថា​ ប្រទេស​កម្ពុជា​បាន​ចូល​រួម​កម្មវិធី​នេះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​ ។ រហូត​មក​ដល់​ពេល​នេះ​មាន​មន្ត្រី​កម្ពុជា​វ័យ​ក្មេង​ប្រមាណ​ជា៩០០​នាក់​ ហើយ​ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ លើ​មុខ​ជំនាញ​ផ្សេងៗ​គ្នា​នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ផ្សេងៗ​ នៅ​ប្រទេស​ជប៉ុន​ ។​នេះ​ជា​លទ្ធផល​ប្រកប​ដោយ​ផ្លែ​ផ្កា​មួយ​ដែល​អ្នក​ដឹក​នាំ​វ័យ​ក្មេង​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ៗ បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​នេះ ។

លោក​ស្រី​បាន​បន្ថែម​ថា សម្រាប់​ឆ្នាំ​២០១៥​នេះ​កម្ពុជា​ត្រូវ​បាន​គេ​ផ្ដល់​កូតា​សម្រាប់​សិក្ខាកាម​ចំនួន​៤២រូប​ដែល​ត្រូវ​បាន​បែង​ចែក​ចេញ​ជា​បី​ក្រុម​ផ្សេងៗ​គ្នា​សម្រាប់​កម្មវិធី​បណ្ដុះ​បណ្ដាល​អ្នក​ដឹក​នាំ​វ័យ​ក្មេង​។ សិក្ខាសាលា​ណែនាំ​ថ្ងៃ​នេះ​ធ្វើ​ឡើង​សម្រាប់​២​ក្រុម​ដែល​មាន​សិក្ខាកាម​២៨​នាក់​។ ក្រុម​ទី​១​ មាន​សិក្ខាកាម​១៤នាក់​នឹង​ត្រូវ​បាន​បញ្ជូន​សម្រាប់​វគ្គ​សិក្សា​ស្ដី​ពី​ការ​គ្រប់​គ្រង​សុខភាព​មាតា​និង​ទារក​"ក្រុម​ទី​២​សម្រាប់​វគ្គ​សិក្សា​ស្ដី​ពី"ការ​អភិវឌ្ឍន៍​ និង​លើក​កម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​"ដែល​សិក្ខាកាម​ទាំង​អស់​នោះ​ នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ដោយ​ក្រុម​ទី​១​នឹង​ត្រូវ​ចេញ​ដំណើរ​ពាក់​កណ្ដាល​ខែ​កក្កដា​ឆ្នាំ​២០១៥​ខាង​មុខ​។ សម្រាប់​ក្រុម​ទី​៣​មាន​១៤នាក់​ ដែរ​ដែល​នឹង​បញ្ជូន​សម្រាប់​វគ្គ​សិក្សា​ស្ដី​ពី"ការអប់រំ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​"នឹង​ត្រូវ​ចេញ​ដំណើរ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ ។

លោក​ យា ប៊ុនណា​ក្រៅ​ពី​ការ​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ជប៉ុន​តាម​រយៈ​ JICA ក្នុង​ការ​ជួយ​រួម​ចំណែក​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​លោក​បាន​ផ្ដាំ​ផ្ញើ​ដល់​សិក្ខាកាម​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​ទាំង​អស់​ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​នៅ​ឯ​ប្រទេស​ជប៉ុន​តាម​ជំនាញ​រៀង​ៗ​ខ្លួន​ដើម្បី​យក​មក​ចូល​រួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ចែក​រំលែក​ដល់​មិត្តភ័ក្ដិ​រួម​ការងារ​​ ឬ​ក្មេងៗ​ជំនាន់​ក្រោយ​ផង​ដែរ៕នីកា

ប្រភព​ព័ត៌មាន: 
រស្មី​កម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃ​ទី​២៩​ ខែ​មិថុនា ឆ្នាំ​២០១៥