យុវជន​កម្ពុជា​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស

ជា​ញឹកញាប់ ខ្ញុំ​បាន​និយាយ​អំពី​តួនាទី​របស់​យុវជន​ថា ជា​ភ្នាក់ងារ​ធ្វើ​អោយ​មាន​ការ​ផ្លាស់ប្តូរ នៅ​កម្ពុជា និង​នៅ​ក្នុង​តំបន់​។ នៅ​ក្នុង​ប្លក់​នេះ ខ្ញុំ​សូម​សរសើរ​ដល់​ការ​ខិតខំ​ដ៏​ក្លាហាន​របស់​យុវជន​កម្ពុជា នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ដែល​ជា​បញ្ហា​មួយ​ច្រើន​កើត​មាន​ទៅ​លើ​យុវជន​ដែល​មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​។ ដោយ​ឡែក ខ្ញុំ​សូម​សរសើរ​ការងារ​របស់​សមាគម​យុវជន​ខ្មែរ (KYA) ដែល​បាន​រៀបចំ​សិក្ខាសាលា​ប្រចាំ​ឆ្នាំ​ឆ្លុះ​បញ្ចាំង​លើ​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៅ​ឆ្នាំ​នេះ​។ ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស (CTIP) គឺ​ជា​កម្មវិធី​មួយ​ដែល​សំរបសំរួល​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ។ ការ​ខិតខំ​របស់ KYA គឺ​ជា​ផ្នែក​មួយ​នៃ​ចលនា​ដែល​កំពុង​មាន​ការ​រីក​ធំ​ឡើង ហើយ​ដែល​មាន​បំណង​ធ្វើ​អោយ​យុវជន​មាន​ការ​ចូលរួម នៅ​ទូទាំង​ប្រទេស ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍន៍​។លោកស្រី​អនុប្រធានទូត Julie Chung បាន​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​ឆ្លុះ​បញ្ចាំង​ប្រចាំ​ឆ្នាំ ដែល​មាន​ការ​ចូលរួម​របស់​សមាជិក​នៃ​បណ្តាញ​យុវជន​តាម​សហគមន៍​ចំនួន ៥០ រូប ដើម្បី​ពិភាក្សា​ពី​ការ​ប្រតិបត្តិ​ល្អ​ក្នុង​ការ​ជំរុញ​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព និង​ក្នុង​ការ​ការពារ​កុំ​អោយ​មាន​ការ​ជួញដូរ​មនុស្ស​។ ជោគជ័យ​នៃ​សិក្ខាសាលា​នេះ​គឺ​ជា​លទ្ធផល​នៃ​អង្គការ​យុវជន​ដ៏​រឹង​មាំ​មួយ​។ នៅ​ពេល​នេះ KYA មាន​សមាជិក​ចំនួន ១ ៤៦០ នាក់ ដែល​ធ្វើ​សកម្មភាព​ក្នុង​បណ្តាញ​យុវជន​តាម​សហគមន៍​ចំនួន​ជាង ១៣៤ នៅ​តាម​ឃុំ​សង្កាត់​ចំនួន ៣៩ ក្នុង​ខេត្ត​ចំនួន ៩​។ អនុសាសន៍ និង​ការ​ពិភាក្សា​របស់​យុវជន​ផ្តោត​លើ​សេចក្តី​ត្រូវការ​លើ​ឱកាស​ការងារ​អោយ​បាន​ច្រើន និង​ប្រាក់​បៀវត្ស​ខ្ពស់ ដោយ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ទីភ្នាក់ងារ​ជ្រើសរើស​មនុស្ស​ធ្វើការ​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ ហើយ​និង​ការ​គាំទ្រ​បន្ថែម​ទៀត​ចំពោះ​ការ​ជំរុញ​សកម្មភាព​សង្គម​របស់​យុវជន​។ ប្រធានបទ​ទាំង​នេះ​បង្ហាញ​ថា យុវជន​កម្ពុជា​មាន​ការ​យល់​ដឹង មាន​ទំនាក់ទំនង និង​ការ​ត្រៀម​រៀបចំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ហើយ​ត្រួសត្រាយ​សំរាប់​អនាគត​ដ៏​រឹងមាំ​មួយ​សំរាប់​ប្រទេស​កម្ពុជា​។ ស្មារតី​រឹងប៉ឹង និង​ការ​សង្ឃឹម​ជំរុញ​ទឹក​ចិត្ត​របស់​យើង​ទាំងអស់​គ្នា​អោយ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​អោយ​អស់​។រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​ការ​ខិតខំ​របស់​យុវជន ដែល​អនុវត្ត​គំរោង​ដ៏​សំខាន់​នេះ​។ យើង​ជួយ​អង្គការ​មួយ​ចំនួន​ដែល​ធ្វើការ​លើ CTIP ដោយ​ផ្តល់​ធនធាន​បន្ថែម ដើម្បី​តាមដាន​បណ្តាញ​ជួញដូរ​មនុស្ស ហើយ​ជំរុញ​ការ​ការពារ​ដល់​កម្មករ​ដែល​កើត​នៅ​បរទេស​។ តែ​ទីភ្នាក់ងារ USAID និង​អង្គការ​យុវជន​ដូចជា KYA មិន​មែន​មាន​តែ​ម្នាក់​ឯង​ទេ នៅ​ក្នុង​ការ​ខិតខំ​ទាំង​នេះ​។ សិល្បៈការនី មៀន សូនីតា ដែល​មក​ពី​កម្មវិធី​អប់រំ​ឡូយ ៩ របស់ BBC Media Action ក៏​គាំទ្រ​ដល់​បុព្វហេតុ​នេះ​ដែរ ដោយ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត CTIP ថ្មី​។ រួម​ជាមួយ​នឹង​យុវជន​ដទៃ​ទៀត​ដែល​បាន​ឆ្លង​កាត់​ការ​រៀន​សូត្រ​ស្តីពី CTIP ពេល​នេះ នាង​លេច​មុខ​ក្នុង​វីដេអូ​ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​លើ​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព និង​ការ​ជួញដូរ​មនុស្ស​។ សូម​សរសើរ និង​អរគុណ​ដល់​សូនីតា និង​យុវជន​ទាំងអស់​ដែល​បាន​ឆ្លង​កាត់​ការ​រៀនសូត្រ​ស្តីពី CTIP ចំពោះ​ការងារ​ដ៏​ល្អ​របស់​គេ​!ខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ការងារ​របស់​សមាជិក​នៃ​កម្មវិធី​គំនិត​ផ្តួចផ្តើម​ស្តីពី​មេ​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍ (YSEALI) នៅ​ប្រទេស​កម្ពុជា​។ កម្មវិធី YSEALI បាន​ផ្តល់​អោយ​យុវជន​កម្ពុជា​នូវ​ឱកាស​បាន​ចូលរួម​ជាមួយ​អ្នក​ដទៃ​ទៀត នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍​លើ​បញ្ហា​ជួញដូរ​មនុស្ស និង​បញ្ហា​ដទៃ​ទៀត​ដែល​ប៉ះពាល់​តំបន់​នេះ​ទាំង​មូល​។ កាលពី​ខែ​មេសា​កន្លង​ទៅ លីវ គឹមឡាយ លី ប៉ោហួ និង​នុត រង្សី ដែល​ជា​សមាជិក ៣ រូប​ក្នុង​កម្មវិធី YSEALI និង​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្​សាយុវជន​របស់​ខ្ញុំ​ផង​ដែរ បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​របស់​កម្មវិធី YSEALI ស្តីពី​ការ​ជួញដូរ​មនុស្ស នៅ​ទីក្រុង​កូឡាឡាំពួរ ដើម្បី​ចងក្រង​បណ្តាញ ហើយ​រក​មើល​ដំណោះស្រាយ​ថ្មី​ៗ​។ ខ្ញុំ​មាន​ចិត្ត​រីករាយ​ដោយ​ដឹង​ថា គេ​បាន​វិល​ត្រឡប់​មក​ពី​សន្និសីទ​នេះ​វិញ​ដោយ​មាន​គំនិត​ល្អ​ៗ និង​ការសាទរ​។ តាំង​ពី​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ គេ​បាន​រៀបចំ​ការ​បញ្ចាំង​ភាពយន្ត​ឯកសារ​ដែល​មាន​ចំណងជើង​ថា “​ពាក់​កណ្តាល​មេឃ​” (Half the Sky) ហើយ​បាន​ធ្វើការ​ពិភាក្សា​ដែល​ដៅ​លើ​ប្រធានបទ​មួយ​ៗ ដើម្បី​អោយ​យុវជន​ចូលរួម​ក្នុង​សកម្មភាព​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​អោយ​បាន​ច្រើន​គ្នា​។យើង​អាច​ទទួល​បាន​ការ​បំផុស​ទឹក​ចិត្ត​ពី​យុវជន​ទាំង​នេះ​។ ទឹក​ចិត្ត​ប្តេជ្ញា និង​ទស្សនៈ​ពិសេស​ៗ​របស់​គេ ជួយ​យើង​ក្នុង​ការ​ជំរុញ​ទៅ​រក​អនាគត​មួយ​ដែល​គ្មាន​បញ្ហា​ជួញដូរ​មនុស្ស​។ ពួកគេ​ក៏​ជា​អ្នក​រំលឹក​យើង​ផង​ដែរ​ថា យើង​ទាំងអស់​គ្នា​មាន​កាតព្វកិច្ច​ចូលរួម​ដោះស្រាយ​បញ្ហា​។ សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ការ​តាំងចិត្ត​ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក ហើយ​យើង​សូម​អរគុណ​បើ​អ្នក​ទាំង​នេះ និង​យុវជន​ជា​ទី​ចាប់​អារម្មណ៍​ដទៃ​ទៀត​ជួយ​យើង​នៅ​ថ្ងៃ​ណា​មួយ អោយ​សំរេច​គោលដៅ​នេះ​៕ប្លក់ផ្ទាល់របស់ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំកម្ពុជា

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំទី២៣ លេខ៦៧៦០ថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០១៥