ចំបាប់​រក​បាន​ មេដាយ​សំរឹទ្ធិ​២គ្រឿង​នៅ​ថ្ងៃ​ដំបូង​

    សិង្ហបុរី​៖ នៅ​ថ្ងៃ​ដំបូង​(១២ មិថុនា ឆ្នាំ​២០១៥) នៃ​ព្រឹត្តិការណ៍​ South-east ASIA  Wrestling Senior Championship 2015 នៅ​ប្រទេស​សិង្ហ​បុរី​កម្ពុជា​រក​បាន​មេដាយ​សំរឹទ្ធិ​ចំនួន ២គ្រឿង​ ។

ការ​ប្រកួត​នេះ​មាន​ប្រទេស​ចំនួន​៦ ចូលរួម​ គឺ​សិង្ហបុរី​ ជា​ម្ចាស់​ផ្ទះ​ កម្ពុជា វៀតណាម ថៃ ហ្វីលីពីន​និង​ប្រទេស​ម៉ាឡេស៊ី ។ ការ​ប្រកួត​​មាន​ ពីរ​វិញ្ញាសា​គឺប្រភេទ​ចំបាប់​សេរី(Free Style )​និង​ចំបាប់​ក្រិចកូ(Grec-Co)។ 

កីឡាករ​ ឆាំ ពិស៊ីន ដែល​ប្រកួត​ចំបាប់​ក្រិចកូ​ ទម្ងន់​ក្រោម ៧១គីឡូក្រាម​នោះ ទម្រាំ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធិ​គេ​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន​​៣​ ប្រកួត​គឺ​ ប្រកួត​ជាមួយ​កីឡាករ​ ម៉ាឡេស៊ី​ Moradihamedani  ប្រកួត​ជាមួយ​កីឡាករ​ចំបាប់​វៀតណាម Duong hongPhuc និង​ចុង​ក្រោយ​ប្រកួត​ជាមួយ​កីឡាករ​ ហ្វីលីពីន​ Jefferson Manatad ។

ចំពោះ​កីឡាការិនី ឌន ស្រីម៉ៅ ដែល​ប្រកួត​ចំបាប់​សេរី​ ទម្ងន់ ៤៨ គីឡូក្រាម​​នោះ​បាន​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន​២​ប្រកួត​គឺ​ជាមួយ​កីឡាការិនី​វៀតណាម Vu ThaiHang និង​ប្រកួត​ជាមួយ​កីឡាការនី ហ្វីលីពីន Grace Loberanes ។

លោក ធិន វិចិត្រ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ទទួល​ស្គាល់​ថា​ លើ​កត្តា​បច្ចេកទេស​កម្ពុជា​មិន​អន់​នោះ​ទេ តែ​បញ្ហា​កម្លាំង​គឺ​យើង​នៅ​ចាញ់​ប្រៀប​គេច្រើន​។

សម្រាប់​កីឡាករ​ ៣ រូប​ទៀត​ដែល​ត្រូវ​ប្រកួត​បន្ត​នោះ លោក​មាន​ជំនឿ​ចិត្ត​ថា នឹង​បន្ត​រក​បាន​មេដាយ​មាស​បន្ថែម​ទៀត​មិន​ខាន​៕ ​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃ អាទិត្យ-ច័ន្ទ ទី១៤-១៥ មិថុនា ឆ្នាំ២០១៣