លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចូល​រួម​សន្និសីទ​ស្ដីពី​ផល​លាភ​ប្រជាសាស្ត្រ​និង​ការងារ​សមរម្យ​នៅ​អាមេរិក

    ភ្នំពេញៈ លោក​អ៊ិត សំហេង​​​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ដឹក​នាំ​ប្រតិភូ​ក្រសួង​ ចូល​រួម​សន្និសីទ​ស្ដីពី​ផល​លាភ​ប្រជាសាស្ត្រ​និង​ការងារ​សមរម្យ​នៅ​ទីស្នាក់ការ​​កណ្ដាល​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​របស់​ប្រទេស​សហរដ្ឋអាមេរិក​។

ក្នុង​សន្និសីទ​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី ថ្ងៃ​ទី​១ ខែ​មិថុនា​ឆ្នាំ​២០១៥​កន្លង​មក​​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​ថ្លែង​ទៅ កាន់​សន្និសីទ​អំពី​ភាព​រីក​ចម្រើន​ជាច្រើន​របស់​កម្ពុជា​​ពិសេស​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ​​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ដែល​នាំឲ្យ​មាន​ការ​រី​ចម្រើន​ស្ទើរ​គ្រប់​វិស័យ​ហើយ​កំណើន​នៃ​អត្រា​មាន​ការងារ​ ធ្វើ​របស់​ពល​រដ្ឋ​មាន​ការ​កើន​ឡើង​ខ្ពស់​ បើ​ប្រៀបធៀប​កាលពីមុន​មកនេះ។ 

មន្ត្រី​ក្រសួង​ប្រាប់​ថា​ លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ជូន​អង្គ​សន្និសីទ​ផង​ដែរ​អំពី​ភាព​វិជ្ជមាន​នៃ​ផល​លាភ​ប្រជាសាស្ត្រ​​ ដែល​កម្ពុជា​មាន​ប្រជាជន​វ័យ​ក្មេង​ច្រើន​ និង​មាន​អត្រា​កំណើន​ប្រជាជន​មធ្យម​មួយ​ដែល​អាច​គ្រប់គ្រង​បាន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​អាច​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​ទៅ​ក្នុង​សង្វាក់​ផលិត​កម្ម​ និង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

មន្ត្រី​នៃ​ក្រសួង​ការងារ​បាន​បញ្ជាក់​ដែរ​ថា​ តាម​កម្មវិធី​ដែល​គ្រោង​ទុក​នោះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ នឹង​ជួប​ប្រ​ជុំ​ទ្វេ​ភាគី​ជាមួយ​តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ(ILO)​ប្រចាំ​ទីក្រុង​ញូវយ៉ក​ព្រមទាំង​ឯកអគ្គរដ្ឋទូត​មួយ​ចំនួន​ដែល​ជា​មិត្ត​នៃ​កម្មវិធិ​ការងារ​សមរម្យ​ផង​ដែរ៕ 

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៥