ក្រុម​អ្នក​ច្បាប់​នៃ​គណ:​រដ្ឋមន្រ្តី​នឹង​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់ស្តី​អំពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ សប្តាហ៏​ក្រោយ​

    ភ្នំពេញ​:​មន្រ្តី​ជាន់​ខ្ពស់​ទីស្តី​ការ​គណ:រដ្ឋមន្រ្តី​បាន​បង្ហើប​ប្រាប់​រស្មីកម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ឪ្យ​បាន​ដឹង​នៅ​សប្តាហ៏​ក្រោយ​ក្រុម​អ្នក​ច្បាប់​ទីស្តីការ​គណ:រដ្ឋមន្រ្តី​និង​ធ្វើ​ការ​ប្រជុំ​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដើម្បី​​ដាក់​បញ្ចូល​ទៅ​ឪ្យ​រដ្ឋសភា​ ​សុំ​ការ​អនុម័ត​ក្នុង​ពេល​ឆាប់ៗ​នេះ​។​ការ​ប្រជុំ​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ទីស្តី​ការ​គណ:រដ្ឋមន្រ្តី​គ្រោង​និង​ប្រជុំ​នៅ​សប្តាហ៏​ក្រោយ​នេះ​គឺ​ស្រប​ពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​និង​ប្រជុំ​នៅ​សប្តាហ៏​ក្រោយ​នេះ​គឺ​ស្រប​ពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​បញ្ឈប់​ការ​តាក់តែង​ច្បាប់​នេះ​។​ក្រុម​អង្គការ​សង្គម​ជាតិ​ និង​ អន្តរជាតិ​មួយ​ចំនួន​បាន​រួម​គ្នា​សន្និ​សិទ​កាសែត​ ស្តី​ពី​ផល​ប៉ះពាល់​នៃ​សេចក្តី​ព្រាង​ច្បាប់​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ​ នៅ​ភោជនីដ្ឋាន​ខ្មែរ​សុរិន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​ ឧសភា​ឆ្នាំ​២០១៥​។​លោក​តឹក​ វណ្ណារ៉ា​នាយក​ប្រតិបតិ្ត​ នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​(NGO  Forum)​ បាន​ថ្លែង​ថា​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ បាន​ស្នើ​សូម​ឪ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​សេចក្តី​ព្រាង​នេះ​។​ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​ផ្ញើ​ទៅ​ក្រសួង​មហាផ្ទៃ​ ក្រសួង​ការបរទេស​ រដ្ឋសភា​ និង​សមាគមន៍​អឺរ៉ុប​ ស្ថានទូត​សហរដ្ឋអាមេរិច​ និង​តំណាង​ស្ថានទូត​នានា​ដែល​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។​ទាក់ទង​និង​ការ​ស្នើ​ឪ្យ​បញ្ឈប់​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ​។​លោក​បន្ត​ថា​ក្រុម​សង្គម​ស៊ី​វិល​ចំនួន​ ៣៣៦​ បាន​ចេញ​សេចក្តី​ថ្លែងការណ៏​រួម​គ្នា​គាំ​ទ្រ​មតិ​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ​។​និង​ស្នើ​សូម​ឪ្យ​មាន​ការ​ពិភាក្សា​មុន​ពេល​បញ្ជូន​ទៅ​រដ្ឋសភា​និង​សូម​ឪ្យ​មាន​ការ​ចូលរួម​ផ្តល់​មតិ​យោបល់​។​ទាក់ទង​សេចក្តី​ព្រាង​ច្បាប់​នេះ​ ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ការ​បញ្ចាក់​ថា​ក្នុង​រយៈ​ពេល​ថ្មី​ៗ​ កន្លង​មក​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្នុង​ស្រុក​និង​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​សម្តែង​នូវ​ចំណាប់​អារម្មណ៏​ និង​កង្វល់​ចំពោះ​ការ​សម្រច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​តម្រូវ​ឪ្យ​មាន​ច្បា​ប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ ហើយ​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​មជ្ឈដ្ឋាន​មួយ​ចំនួន​ទាក់ទង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ខ្លឹមសារ​ពិត​ប្រាកដ​ពី​សេចកី្ត​ព្រាង​ច្បាប់​ទេ​។​យោង​តាម​សេចកី្ត​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហា​ផ្ទៃ​ សី្ត​ពី​ការ​រៀប​ចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ បាន​ឪ្យ​ដឹង​ថា​ក្នុង​រយៈ​ពេល​ថ្មីៗ​ កន្លង​មក​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ និង​មជ្ឈដ្ឋាន​មួយ​ចំនួន​ បាន​សម្តែង​នូវ​ចំណាប់​អារម្មណ៏​ និង​កង្វល់​ក្នុង​ការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​តម្រូវ​អោយ​មាន​ច្បាប់​ស្តីពី​សមាគម​ និង​ អង្គការ​មិនមែន​រដ្ឋាភិបាល​។​ឆ្លើយ​តប​និង​ចំណុច​ខាង​លើ​ក្រសួង​មហា​ផ្ទៃ​សូម​ជម្រាប​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ស្គាល់​ពី​សារសំខាន់​ពី​ការ​ចូល​រួម​ចំណែក​មិន​អាច​ខ្វះ​បាន​របស់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​លើ​គ្រប់​វិស័យ​។​ដូច​នេះ​ដើម្បី​លើក​ស្ទួយ​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ព្រម​ទាំង​ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបតិ្ត​ការ​ក្នុង​ភាព​ជា​ដៃ​គូរ​ជា​មួយ​ នឹង​អង្គការ​សមាគម​លើ​គ្រប់​វិស័យ​តាម​គោល​ការណ៏​ប្រជាធិបតេយ្យ​តម្រូវ​អោយ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រូវ​មាន​ច្បាប់​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដូច​បណ្តាល​ប្រទេស​នានា​លើ​សកល​លោក​។​ក្នុង​ដំណើរ​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​សី្ត​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ក្រុម​អ្នក​ច្បាប់​របស់​រាជរដ្ឋាភិបាល​បាន​ធ្វើ​ការ​សិក្សា​ស្រាវជា្រវ​នូវ​បទពិសោធន៏​ និង​ការ​អនុវត្ត​ ជា​អន្តរជាតិ​អំពី​ក្របខ័ណ្ឌ​ច្បាប់​ដែល​ពាក់ព័ន្ធ​ទៅ​និង​ការ​បង្កើត​ និង​ចុះ​បញ្ជី​សមាគម​និង​ អង្គការ​មិនមែន​រដ្ឋាភិបាល​ គឺ​ ជា​សិទិ្ធ​ពលរដ្ឋ​ ប៉ុន្តែ​ក៏​មាន​ភ្ជាប់​ជា​មួយ​នឹង​កាតព្វកិច្ច​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​ សិទ្ធិ​នេះ​ផង​ដែល​។​ទន្ទឹម​នេះ​ ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ក៏​ត្រូវ​បាន​រៀបចំ​ដោយ​ផ្នែក​ និង​គិត​គូរ​គ្រប់​ជ្រុងជ្រោយ​លើ​មូលដ្ឋាន​នៃ​ធាតុ​ចូល​ ដែល​ទទួល​បាន​ពី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ចំនួន​២​លើក​ ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ និង​ពី​មតិ​នានា​ដែល​ទទួល​បាន​ពី​ជំនួប​ពិភាក្សា​ដោយ​ឡែកៗ​ពី​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​វាង​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ជា​មួយ​តំណាង​ស្ថានទូត​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តជាតិ​។​ក្រសូង​មហាផ្ទៃ​បាន​បញ្ចាក់​ថា​សេចក្តី​ព្រាង​ច្បាប់​ សី្ត​ពី​សមាគម​ និង​ អង្គការ​មិនមែន​រដ្ឋា   ភិបាល​ដែល​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តាក់តែង​បាន​ផ្អែក​លើ​បទពិសោធន៏​ និង​ ការ​អនុវត្ត​ដូច​បណ្តា​ ប្រទេស​នានា​លើ​សកល​លោក​។​ទន្ទឹម​នេះ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​ត្រូវ​បាន​រៀបចំ​ឡើង​លើ​មូលដ្ឋាន​គ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣​ និង​មូលដ្ឋាន​នៃ​កតិសញ្ញា​អន្តជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោលបាយ​។​ ដូច​នេះ​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​មជ្ឈដ្ឋាន​មួយ​ចំនួន​ទាក់ទង​និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពល​រដ្ឋ​គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ខ្លឹមសារ​ពិត​ប្រាកដ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ​។​គួរ​បញ្ជាក់​ថា​អង្គការ​ សមាគម​ មិនមែន​រដ្ឋាភិបាល​ ដែល​កំពុង​ធ្វើ​សកម្មភាព​តាំង​ពី​ឆ្នាំ​ ១៩៩៣​ រហូត​មក​ដល់​បច្ចុប្បន្ន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​មាន​ចំនួន​សរុប​ ៤.៤៩៧​ ក្នុង​នោះ​មាន​ចំនួន​សមាគម​ចំនួន​១.៧៣៩​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ២.៧៥៨​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៥