ក្រសួង​ការងារ​ ច្បាប់​សហជីព​មាន​គោលដៅ​ការពារ​សិទ្ធ​និង​ផល​ប្រយោជន៍​កម្មករ​

ក្រុម​សហជីព​មួយ​ចំនួន​ដាក់​លិខិត​ទៅ​រដ្ឋសភា ​និង​ស្ថានទូត​ជំទាស់​និង​ច្បាប់​សហជីព​

ភ្នំពេញ៖ ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បាន​ចេញ​ប្រកាស​បញ្ជាក់​ថា​ ច្បាប់​សហជីព​ដែល​បាន​រៀប​ចំ​តាក​តែង​ ៧​ឆ្នាំ​មក​ហើយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​ដៅ​ដើម្បី​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​កម្មករ​ ព្រម​ទាំង​ធានា​នូវ​សិទ្ធិ​សេរីភាព​នៃ​អង្គការ​វីជ្ជា​ជីវៈ របស់​កម្មករ​និយោជិត និង និយោជក ។ ក្នុង​នោះ​ដើម្បី​ជំរុញ​ឲ្យ​មាន​សុខដុមរមនា​​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ រួម​ចំណែក​ក្នុង​ការ​បង្កើត​ការងារ​សមរម្យ​ បង្កើន​ផលិតភាព​​ដើម្បី​អភិវឌ្ឍន៍​​ប្រទេសជាតិ​និង​លើក​កម្ពស់ជីវភាព​កម្មករ​។

ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បាន​លើកឡើង​​ខាង​លើ​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​រៀបចំ​តាក់តែង​ច្បាប់​ស្ដីពី​សហជីព​ចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥។

ក្នុង​សេចក្ដី​ប្រកាស​ក្រសួង​ការងារ​បាន​លើក​ឡើង​ថា​ ចាប់​ពី​ពេល​កសាង​ច្បាប់​នេះ​ តាម​សំណូម​ពរ​របស់​ភាគី កម្មករ​និយោជិត​ និង​និយោជក​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨ ​រហូត​ដល់​ពេល​នេះ​ក្រសួង​បាន​សហការ​ជាមួយ​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO និង​បាន​ដាក់​ជូន​ភាគី​ពាក់ព័ន្ធ​ ជា​ពិសេស​សហជីព​ និង​និយោជក​ ពិនិត្យ​ពិភាក្សា​ជាបន្តបន្ទាប់ និង​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​​សាធារណៈ​ចំនួន​៧លើក​ ហើយ​មតិ​​​យោបល់​របស់​ភាគី​នីមួយ​ៗ​ត្រូវ​បាន​យក​មក​បញ្ចូល​ក្នុង​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ក្នុង​នោះ​ក្រុម​សហជីព​ ដែល​កំពុង​ជំទាស់​នឹង​ច្បាប់​នេះ​​ក៏​បាន​ចូល​រួម​ពិភាក្សា​ផង​ដែរ​។

សេចក្ដី​ប្រកាស​ដែល​មាន​បង្ហាញ​ខ្លឹម​សារ​នៃ​ច្បាប់​នេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ឈរ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ អនុសញ្ញា​លេខ​៩៨ របស់​អង្គការ​ ILO ក៏ដូចជា​ឈរ​លើ​បទ​ពិសោធន៍​របស់​បណ្ដា​ប្រទេស​មួយ​​ចំនួន​លើ​ពិភពលោក​ហើយ​សេចក្ដី​ព្រាង​ច្បាប់​មាន​ទម្រង់​ និង​លក្ខណៈ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​​ជា​ពិសេស​ស្របតាម​តម្រូវ​ការ​ជាក់​ស្ដែង​របស់​កម្ពុជា​។

ក្រសួង​ការងារ​បាន​គូស​បញ្ជាក់​ថា​៉ ច្បាប់​នេះ​ ក៏មាន​គោល​ដៅ​ទប់ស្កាត់​មជ្ឈដ្ឋាន​មួយ​ចំនួន​តូច​ ដែល​មាន​ចេតនា​អាក្រក់​ចង់​បន្ត​ប្រើប្រាស់​កម្មករ​និយោជិត ឬ​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​បម្រើ​ផល​ប្រយោជន៍​របស់​ខ្លួន​ និង​បក្ស​ពួក​ដោយ​មិន​គិត​អំពីផល​ប្រយោជន៍​ពិត​ប្រាកដ​របស់​កម្មករ​និង​និយោជិត​ផងដែរ ៉ ។

ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ជន​ដែល​ស្ថិត​ក្នុង​មជ្ឈដ្ឋាន​ទាំង​នោះ​វិល​មក​គិត​ផល​ប្រយោជន៍​កម្មករ​និយោជិត និង​ផល​ប្រយោជន៍​ជាតិ​ពិត​ប្រាកដ​និង​ចូល​រួម​គាំទ្រ​ដល់​ការ​កសាង​ច្បាប់​សហជីព​នេះ​។

សេចក្ដីប្រកាស​របស់​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខាង​លើ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​មាន​ការ​ផ្សព្វផ្សាយ​នូវ​​លិខិត​របស់​តំណាង​សហព័ន្ធ​សហជីព​ និង​សមាគម​ដែល​បាន​ធ្វើ​ការ​ក្នុង​វិស័យ​ការងារ​ ក្នុង​ប្រទេស​កម្ពុជា​ជូន​អ្នក​តំណាងរាស្ត្រ​ទាំង​១២៣​រូប​និង​ជូន​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា ។

ក្នុង​លិខិត​ទាំង​ពីរ​នោះ​តំណាង​សហព័ន្ធ​សហជីព​ និង​សមាគម​បាន​ស្នើ​កុំ​ឲ្យ​រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដែល​ព្រាង​ដោយ​រដ្ឋាភិបាល​កម្ពុជា​។  តំណាង​សហព័ន្ធ​សហជីព​ និង​សមាគម​ក៏​បាន​ស្នើ​សុំ​ដល់​ឯកអគ្គ​រដ្ឋទូត​អឺរ៉ុប​ ដែល​ជា​ម្ចាស់​ជំនួយ​អន្តរាគមន៍​ជំរុញ​ទៅកាន់​រដ្ឋាភិបាល​​និង​រដ្ឋសភា​កម្ពុជា​ កុំ​ឲ្យ​បង្កើត​ច្បាប់​សហជីព​ផងដែរ​។

ក្នុង​លិខិត​ តំណាង​សហព័ន្ធ​សហជីព​ និង​សមាគម​ បាន​បង្ហាញ​ជំហរ​មិន​គាំទ្រ​ការ​បង្កើត​ច្បាប់​ស្ដីពី​សហជីព​នេះ​ឡើយ​ ព្រោះ​លិខិត​លើក​ឡើង​ថា​បច្ចុប្បន្ន​នេះ​យើង​មាន​រដ្ឋធម្មនុញ្ញ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ច្បាប់​ស្ដីពី​ការងារ​ប្រកាស និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ដែល​មាន​ស្រាប់​ដោយ​ធានា​ដល់​ការ​ការពារ​និង​លើកកម្ពស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​ និង​ការ​ចូល​រួម​សហជីព​រួច​ទៅ​ហើយ៕ 

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំទី២៣ លេខ៦៧៣៥ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥