សហភាព​អឺរ៉ុបៈ​គួរ​បើកចំហ​ឱ្យមាន​ការប្រឹក្សា​យោបល់​លើ​សេចក្ដីព្រាងច្បាប់​អង្គការក្រៅរដ្ឋាភិបាល​

     លោក Silvio Gonzato នាយក​ទទួលបន្ទុក​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ ​ និងលោក​ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា (​រូប​ថ​តៈ​មុនី​រ័ត្ន​) ​

ភ្នំពេញ:  លោក Silvio Gonzato នាយក​ទទួលបន្ទុក​ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស និង​ជា​ប្រធាន​បេសកកម្ម របស់​សហភាព​អឺរ៉ុប បាន​ថ្លែង​នៅក្នុង សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា​ថា 

លោក​បាន​ជួបពិភាក្សា ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ពិភាក្សា គ្នា​ទាក់ទង​ទៅនឹង​សេចក្ដីព្រាងច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិនមែន រដ្ឋាភិបាល ហើយ​សេចក្ដីព្រាងច្បាប់​នេះ វា​មិនមាន​អ្វី​ខុស​ទេ ពាក់ព័ន្ធ​ការតម្រូវ ឱ្យមាន​ការចុះបញ្ជី​។ 

​    ​លោក​បន្ដថា សេចក្ដីព្រាង ច្បាប់​នេះ មិនគួរ​ដាក់​កំហិត​តឹងរ៉ឹង​ពេក ជាពិសេស​ដាក់​កំហិត​ផ្នែក​រដ្ឋបាល និង​តឹងរ៉ឹង​ពេក​ទៅដល់​អង្គការ​ក្រៅ រដ្ឋាភិបាល​។ ហើយក៏​មិនត្រូវ​ធ្វើ​យ៉ាង ណា​ឱ្យមាន​ការសម្រេច​ចិ​ត្ដ​មិន  អនុញ្ញាត ឱ្យ​អង្គការក្រៅរដ្ឋាភិបាល ឬក៏​សមាគម​ណាមួយ​ចុះឈ្មោះ​ទេ គួរតែ​មានការ បន្ធូរបន្ថយ​បន្ដិច​។ បញ្ហា​ដែល​រាជរដ្ឋាភិបាល​តម្រូវឱ្យ​មាន តម្លាភាព ក៏​ជា ចំណុច​មួយ​សំខាន់​ដែរ ប៉ុន្ដែ​តម្លាភាព នេះ​ក៏​មិនគួរ​ធ្វើ​យ៉ាង ណា ប្រើប្រាស់​ចំណុច​នេះ​យកទៅ​ធ្វើការ ដាក់​សម្ពាធ​ទៅដល់​អង្គការ​សមាគម នោះឡើយ​។​

​    ​នាយក​ទទួលបន្ទុក​ប្រជា​ធិ​ប​-​តេ​យ្យ និង​សិទ្ធិមនុស្ស​របស់​សហភាព អឺរ៉ុប បាន​បញ្ជាក់ថា “​ដំបូន្មាន​ដែល បេសកកម្ម​មាននៅ​ពេល​នេះ សម្រាប់ រាជរដ្ឋាភិបាល​កម្ពុជា​ក្ដី រដ្ឋសភាជាតិ​ក្ដី គឺថា​សេចក្ដីព្រាងច្បាប់​នេះ គួរ​បើកចំហ ឱ្យមាន​ការប្រឹក្សា​យោបល់ ពីព្រោះ សេចក្ដីព្រាង​នេះ​នឹងដាក់​ទៅដល់​រាជ រដ្ឋាភិបាល ក៏ដូចជា​ដាក់​ទៅ​រដ្ឋសភា អនុម័ត​។ កម្ពុជា​គឺមាន​ចលនា​សង្គម ស៊ីវិល​ខ្លាំង ហើយ​ចលនា​សង្គម​ស៊ីវិល នេះ​ត្រូវតែ​បាន​គេ​គិតថា ជា​ចំណុច​ល្អ ជា​ទ្រព្យសម្បត្ដិ​ដែល​កម្ពុ​ជាមាន មិនគួរ គិតថា​វា​ជាការ​គំរាមកំហែង​ចំពោះ កម្ពុជា​នោះទេ​”​។ សេចក្ដីព្រាងច្បាប់​នេះ គឺមាន​ប​ញ្ញ​ត្ដិ​មួយចំនួន​ដែល​និយាយ ពី​អាកប្បកិរិយា​ដែល​អង្គការ​ក្រៅ រដ្ឋាភិបាល​គួរតែ​អនុវត្ដ​ន៍​នៅក្នុង​បរិបទ នៃ​ការបោះឆ្នោត​។ មានការ​អំពាវនាវ ឱ្យ​អង្គការ​សង្គម​ស៊ីវិល ត្រូវ​មានការ អព្យាក្រឹត កុំឱ្យ​ធ្វើ​សកម្មភាព​លំអៀង ទៅដល់​គណបក្ស​ណាមួយ ហើយ ចំណុច​នេះ​គឺ​ត្រឹមត្រូវ អត់​មាន​អ្វី​ខុស ទេ​។ ចំណុច​មួយទៀត គឺ​ការហាមឃាត់ មិនឱ្យ​មានការ​ប្រមាថ​រវាង​បុគ្គល​ទៅ បុគ្គល​រវាង​ក្រុម​និង​ក្រុម​។​

​    ​ចំណែក​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ ឃោសនា ការ និង​ព័ត៌មាន (​គណៈកម្មការ​ទី​៥) បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី​២១ ខែឧសភា​ថា ការធ្វើ​ច្បាប់​ស្ដីពី​ដំណើរ ការ​សង្គម​ស៊ីវិល មិនមែនជា​ការដាក់ កំណត់​ធ្វើបាប​អង្គការ​សង្គម​ស៊ីវិល ទាំង​នោះទេ​។ ការបង្កើត​ច្បាប់​នោះ គឺ​ដើម្បី​កំណត់​ភារកិច្ច និង​កាតព្វកិច្ច រវាង​អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្ដរជាតិ ដែល​បំពេញបេសកកម្ម​នៅ កម្ពុជា​និង​ដើម្បី​ផ្ដល់​ភាពងាយស្រួល ដល់​រដ្ឋាភិបាល​លើ​ការគ្រប់គ្រង ចំណូល​មូលនិធិ​ថវិកា​ដែល​អង្គការ  ជាតិ អន្ដរជាតិ​ទាំងនោះ​ទទួលបាន មក​ធ្វើ​សកម្មភាព​មនុស្សធម៌ និង ការអភិវឌ្ឍ និង​ការអប់រំ​បណ្ដុះ បណ្ដាល​ធនធានមនុស្ស ចៀសវាង​ការ ប្រើប្រាស់​ថវិកា​របស់ខ្លួន​ក្នុង​គោលដៅ អាក្រក់​ណាមួយ​ប៉ះពាល់​សន្ដិសុខ សាធារណៈ​។ ប្រទេស​លើ​ពិភពលោក សុទ្ធតែ​មានច្បាប់​គ្រប់គ្រង​ដូចគ្នា ។​

​    ​លោក​បញ្ជាក់ថា នៅពេល ច្បាប់​នេះ​ចេញ គឺកំណត់​ព្រំដែន​និង សមត្ថកិច្ច​របស់​អង្គការ សង្គម​ស៊ីវិល និង សមត្ថកិច្ច​របស់​រដ្ឋា​ភិ​បាល​។​

​    ​ទាក់ទង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះដែរ កន្លងទៅ​ថ្មីៗ​នេះ ក្រសួងការបរទេស កម្ពុជា បានធ្វើ​កំណត់​ទូ​តទៅ​ស្ថានទូត សហរដ្ឋអាមេរិក និង​ទីភ្នាក់ងារ​ចំនួន​៤ របស់​អង្គការសហប្រជាជាតិ ដោយ បានធ្វើ​ការណែនាំ និង​ដាស់តឿន​អំពី សកម្មភាព​របស់​ពួកគេ​ដែល​បាន​ដើរ ខុស​នឹង​ធម្មនុញ្ញ​របស់​អង្គការ​សហ ប្រជាជាតិ និង​បាន​ណែនាំ​ឱ្យ​តំណាង អង្គការ​ទាំង​បួន​នោះ ត្រូវគោរព ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​និង កាតព្វកិច្ច​របស់ខ្លួន​ឡើងវិញ​។​

​    ​លោក​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រី​ក្រសួងការបរទេស បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​កាលពី ថ្ងៃទី​២១ ខែឧសភា​ថា អង្គការ​ទាំង បួន​នេះ បាន​សរសេរ​ផ្សាយ​នៅតាម បណ្ដាញ​ព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែ ឧសភា ទាក់ទង​សេចក្ដីព្រាងច្បាប់ អង្គការ​សង្គម​ស៊ីវិល ហើយ​ការហៅ មកនេះ (​តំណាង​អង្គការ​) គឺ​លោក ចង់​រំលឹកថា អ្នក​ទាំងអស់គ្នា​ជា​ភ្នាក់ងារ របស់​អង្គការសហប្រជាជាតិ​មក​បំពេញ ភារកិច្ច​របស់ខ្លួន​នៅ​ភ្នំពេញ ។ លោក បានទទួល​ហើយ​ទីភ្នាក់ងារ​អង្គការ អន្ដរជាតិ​ទាំង​បួន មានដូចជា ទី​១. តំណាង​រិ​យា​ល័យ​ឧត្ដមស្នងការ អង្គការ​សហ​ប្រជា​តិ​ទទួលបន្ទុក​សិទ្ធិ មនុស្ស​ប្រចាំ​កម្ពុជា ។ ទី​២.​តំណាង អង្គការ​យូ​នី​សេ​ហ្វ​។ ទី​៣.​តំណាង ការិយាល័យ​អង្គការ​មូលនិធិ​ប្រជាជន អ​.​ស​.​ប និង​ទី​៤. ការិយាល័យ​ស្ថាប័ន អ​.​ស​.​ប ដើម្បី​សមភាព​យេនឌ័រ និង​ការ ផ្ដល់​សិទ្ធិអំណាច​ស្ដ្រី​។​

​    ​លោកនាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់បាន​បញ្ជាក់ថា សេចក្ដីព្រាងច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិនមែន រដ្ឋាភិបាល គឺមាន​គោលបំណង​ធានា ការពារ​សិទ្ធិសេរីភាព និង​លើកកម្ពស់ ចលនា​បង្កើត​សមាគម អង្គការ​មិនមែន រដ្ឋាភិបាល នៅក្នុង​ព្រះរាជាណាចក្រ កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍ ស្របច្បាប់ និង​ការពារ​ផលប្រយោជន៍ សាធារណៈ ព្រមទាំង​ពង្រឹង​កិច្ច​សហ ប្រតិ​ប​ត្ដិ​ការ ក្នុង​ភាពជា​ដៃគូ​រវាង សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​    ​សូមជម្រាបថា សេចក្ដីព្រាង ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន រដ្ឋាភិបាល មាន​ចំនួន​ប្រាំបួន​ជំពូក ចែក ចេញ​ជា ៣៧ មាត្រា​។ 

​    ​គួររំលឹកថា សេចក្ដីព្រាងច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិនមែន រដ្ឋាភិបាល ត្រូវបាន​ក្រសួងមហាផ្ទៃ ធ្លាប់ បាន​ដាក់ឱ្យ​ពិភាក្សា​ពិគ្រោះ​យោបល់ ជាមួយ​តំណាង​អង្គការ សមាគម​ក្រៅ រដ្ឋាភិបាល និង​តំណាង​ស្ថានទូត​មួយ ចំនួន​។​

              ​គួរ​បញ្ជាក់ថា អង្គការ​សមាគម មិនមែន​រដ្ឋាភិបាល ដែល​កំពុងតែ​ធ្វើ សកម្មភាព​តាំងពី​ឆ្នាំ​១៩៩៣ រហូតមក ដល់​បច្ចុប្បន្ន បាន​ចុះបញ្ជី​នៅ​ក្រសួង មហាផ្ទៃ​មាន​ចំនួន​សរុប​៤.៤៩៧ ក្នុង នោះ​មាន​សមាគម​ចំនួន​១.៧៣៩​និង អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន ២.៧៥៨ ៕ 

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៥