ចៅសង្កាត់​មេភូមិ​ទាំងអស់​ត្រូវ​មើល​បញ្ហា​សំរាម ប្រព័ន្ធ​លូ ផ្លូវថ្នល់ សន្តិសុខ​

     ភ្នំពេញ: អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ណែនាំ​ឱ្យ​ចៅសង្កាត់ និង​មេភូមិ​គ្រប់​សង្កាត់​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​សំរាម ប្រព័ន្ធ​លូ​កុំឱ្យ មានការ​កកស្ទះ​ទឹក និង​ផ្លូវថ្នល់​កុំឱ្យ​រង ការខូចខាត ហើយ​ត្រូវ​ចេះ​សហការ​ជា មួយ​នឹង​នគរបាល ឬ​កងរាជអាវុធហត្ថ ដើម្បី​រក្សា​សន្តិសុខ នៅក្នុង​មូលដ្ឋាន​ជូន​ប្រជាជន​ឱ្យបាន​ល្អ ។​   ​

​    ​លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា​ប្រធាន គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បាន​ណែនាំ​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥ នៅ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​    ​លោក​អភិបាល បាន​ណែនាំ​ថា លោក​ចៅសង្កាត់​ទាំងអស់ និង​លោក​មេភូមិ​ក្នុង​ខណ្ឌ ត្រូវ​យកចិត្តទុកដាក់​នោះ គឺ​បញ្ហា​ប្រព័ន្ធ​លូ ផ្លូវថ្នល់ សំរាម និង​សន្តិសុខ​ក្នុង​មូលដ្ឋាន ។ ដូច្នេះហើយ ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​ប្រព័ន្ធ​លូ​នោះ លុះត្រាតែ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម ជួយ​ថែរក្សា​ទាំងអស់គ្នា ត្រូវ​ចេះ​វេច​ខ្ចប់​សំរាម​ឱ្យបាន​ល្អ ដើម្បី​កុំឱ្យ​រសាត់​ទៅតាម​ទឹកភ្លៀង​ចូលទៅក្នុង​លូ​បង្ក​ឱ្យ​ស្ទះ ប្រព័ន្ធ ហើយ​បើ​គ្មាន​ការ​ស្ទះលូ​លិចលង់​នោះទេ ផ្លូវ​ក៏​មិនសូវ​រង​ការខូចខាត​ធ្ងន់ធ្ងរ​ដែរ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន ឱ្យ​ក្លាយជា​ខណ្ឌ​មួយ​ស្រស់ស្អាត និង​មាន​សន្តិសុខ​គ្រប់គ្រាន់​នោះ ។​

​    ​នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ក៏បាន​រំលឹក​ដល់​ចៅសង្កាត់ និង​មេភូមិ ទាំងអស់​ត្រូវ​បន្ត​ចុះ​ផ្សព្វផ្សាយ​ដល់ ប្រជាពលរដ្ឋ​ឱ្យបាន​យល់ និង​ចេះ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ហើយ​ត្រូវ​ចុះ​ពិនិត្យ ជាប្រចាំ​ចំពោះ​ប្រព័ន្ធ​លូ ប្រឡាយ កុំឱ្យ​មានការ​កកស្ទះ ព្រោះនេះ​ជា​រដូវវស្សា ប្រសិនបើ​ពិនិត្យ​ទៅ​ឃើញ​មានការ​កកស្ទះ​នោះ គឺ​ត្រូវ​ចុះ​កាយ ឬ​ស្តារ​ជាបន្ទាន់​កុំ​ទុកឱ្យ​ជន់​លិចលង់​ភូមិដ្ឋាន​របស់ ប្រជាពលរដ្ឋ​ទៀត​នោះ ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​រស់នៅ​ដោយ សុខ​ស្រួល​បើ​ពុំមាន​លទ្ធភាព គឺ​ត្រូវ​រាយការណ៍​មក​ថ្នាក់​ខណ្ឌ ដើម្បី​បាន​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។​

​    ​លោក​បាន​បន្តទៀតថាៈ ចៅសង្កាត់ ឬ​មេភូមិ ត្រូវ​ចេះ​សហការ​ជាមួយនឹង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ក្នុងការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បី​លុបបំបាត់​រាល់​សកម្មភាព​ក្មេង​ទំនើង    គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ហើយ​ប្រសិនបើ​ដឹងថា មាន​លេង​ល្បែងស៊ីសង គឺ​ត្រូវតែ​រាយការណ៍ ឬក៏​សហការ​ជាមួយ​នគរបាល និង​សមត្ថកិច្ច ដើម្បី​ឈានទៅ​បង្ក្រាប​កុំឱ្យ​កើតមាន នៅក្នុង​មូលដ្ឋាន ព្រោះ​ល្បែងស៊ីសង​នេះ គឺ​វា​បង្ក​ឱ្យ​កើតមាន​បញ្ហា​ជាច្រើន ដូចជា សកម្មភាព​ចោរកម្ម គ្រប់​ប្រភេទ និង​ហិង្សា​ក្នុង​គ្រួសារ​ជា ដើម ។ ប៉ុន្តែ​អ្វីដែល​លោក​ទទូច​នោះ គឺ​ហ្គេម​បាញ់​ត្រី ដែល​ធ្វើឱ្យប៉ះពាល់ ដល់​យុវជន និង​សិស្សានុសិស្ស ដូច្នេះ​ត្រូវតែ​លុបបំបាត់​ឱ្យបាន ហើយ​បច្ចុប្បន្ននេះ បើតាម​លោក​ទទួល​ព័ត៌មាន គឺមាន​ចំនួន​៤​កន្លែង ប្រភេទ​ហ្គេម​នេះ ដូច្នេះហើយ​ត្រូវតែ​ចុះ​បិទ ជាបន្ទាន់ ។​

​    ​នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ក៏បាន​លើកយក​បញ្ហា​ជាច្រើន​ទៀត ដូចជា​បញ្ហា​រំលោភ​យក​ចិញ្ចើមផ្លូវ ដោយ​សង់​សំយាប​លយ​លើផ្លូវ ដាក់​អីវ៉ាន់​លក់ដូរ​លើ​ចំណីផ្លូវ ដែល​បង្កឱ្យមាន​ការ​ក​ក ស្ទះចរាចរណ៍ ។ បញ្ហា​នេះ លោក​បាន​សូមឱ្យ​លោក​អភិបាលរង ដឹកនាំ​កម្លាំង​សហការ​ជាមួយ​នគរបាល ចុះ​កាត់​រើចេញ ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ហើយក៏​សូមឱ្យ​មេភូមិ ត្រូវ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ កុំឱ្យ​សង់​សំយាប ឬ​លកដូ​រលើ​ចំណីផ្លូវ ព្រោះ​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកធ្វើដំណើ​រ​តាម​ដងផ្លូវ​៕​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃសៅរ៍ ទី ២ ខែឧសភា ឆ្នាំ២០១៥