សារ​របស់​ទូត​អាមេរិក​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​

       ភ្នំពេញ: នៅក្នុង​ឱកាស​បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ​២៥៥៩ ដែល​នឹង​ប្រ​ព្រឹ​ត្ដ ទៅ​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ ២០១៥ ខាងមុខនេះ លោក​ឯកអគ្គរដ្ឋទូត​របស់ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន ចេញ​សារ​អបអរ​មួយ​កាលពី​ថ្ងៃទី​៨ ខែមេសា ហើយ​សារ​នោះ​ត្រូវបាន បង្ហោះ​នៅក្នុង​វេ​ប​សាយ​កាលពី​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៥ ។​

​    ​សារ​របស់លោក​វីលៀម អ៊ី​ថ​ត់ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានឱ្យ ដឹងថា តាងនាម​ឱ្យ​ស្ថានទូត​សហរដ្ឋ អាមេរិក ខ្ញុំ​សូម​សម្ដែង​អំណរ​សរសើរ ដល់​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ។ ខ្ញុំ​សម្លឹង​ទៅ​ឆ្នាំ​ខាងមុខ​ដោយ​រីករាយ ក្នុងពេលដែល​ប្រទេស​យើង​ទាំងពីរ មើលឃើញ​ឱកាសល្អ​ច្រើន​ថែមទៀត ក្នុងការ​ពង្រឹង​ចំណងទាក់ទង​ទ្វេភាគី របស់​យើង ហើយ​ធ្វើការ​ជាមួយគ្នា​នៅ ក្នុង​វិស័យ​ដែល​ផ្ដល់​ផលប្រយោជន៍​ឱ្យ គ្នា​ទៅវិញទៅមក ។ យើង​សូម​វាយតម្លៃ ខ្ពស់​ចំពោះ​ការប្ដេជ្ញា​ចិ​ត្ដរបស់​ប្រជាជន កម្ពុជា​ចំពោះ​ការអភិវឌ្ឍ​បន្ថែមទៀត នៃ​លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និង សង្គមកិច្ច​របស់​ប្រទេស ។ 

​    ​សារ​ដដែល​នោះបាន​បន្ដថា នៅ ក្នុងពេលដែល​យើង​ចូលដល់​ឆ្នាំ​ថ្មី ឆ្នាំមមែ ខ្ញុំ​សូម​ជូនពរ​ឱ្យ​ប្រជាជន​កម្ពុជា គ្រប់រូប​ឱ្យ​ជួបប្រទះ​តែ​នឹង​សុខសន្ដិភាព សុខភាព​ល្អ និង​វិបុលភាព ទាំង​នៅ ពេលនេះ ទាំង​នៅពេល​អនាគត ។​

           ​គួររំលឹកថា កាលពីដើម​សប្ដាហ៍ កន្លងមកនេះ ស្ថានទូត​អាមេរិក​បាន រៀបចំ​ពិធី​អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី ជាតិខ្មែរ​ផងដែរ​នៅ​បរិវេណ​ស្ថានទូត អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ក្បែរ​វត្ដ​ភ្នំ មន្ដ្រី របស់​ទូត​ក៏ដូចជា​អ្នក​ស្ម័គ្រចិត្ដ​ភី​សខប បាន​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី ខ្មែរ បាន​សម្ដែង​រាំ​របាំ​ប្រពៃណី​ខ្មែរ​ផង ដែរ​។​នៅក្នុង​ពិធី​នោះ​ក៏មាន​លេងល្បែង ប្រជាប្រិយ​ខ្មែរ​ផងដែរ​ដូចជា​ទាញព្រ័ត្រ បោះអង្គញ់​លោត​បាវ​...​។​ល​។​សកម្មភាព ទាំងអស់នេះ​បាន បង្ហាញ​ឱ្យ ឃើញ​ពី ការស្រឡាញ់​និង បង្ហាញ​នូវ​ការ ចូល រួម​លើកកម្ពស់​វប្បធម៌​ខ្មែរ​ដែល មាន​ជា​យូរលង់ ណាស់​មកហើយ ។​

​    ​គួរ​រំលឹក​ផងដែរ​ថា លោក វីលៀម អ៊ី​ថ​ត់​) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ កម្ពុជា បច្ចុប្បន្ន​នឹងត្រូវ​ចប់​អាណ​ត្ដិ​របស់ លោក​នៅពេល​ឆាប់ៗ​ខាងមុខនេះ ។ អ្នក​ដែល​នឹង​មក​ជំនួស​រូបលោក គឺ លោក​វីលៀម ហេ​ប​ធ្វ  ដែល​បច្ចុប្បន្នកំពុង​បំពេញការងារ​ជា ជំនួយការ​ប្រតិ​ប​ត្ដិ​ការ​របស់​ឧបការី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ផ្នែក​កំណើនសេដ្ឋកិច្ច​ថាមពល និង​បរិស្ថាន​នៃ​ក្រសួង​ការ បរទេស​អាមេរិក ។ លោក​វីលៀម ហេ​ប​ធ្វ ត្រូវបាន​ប្រកាស​តែងតាំង​កាល ពីថ្ងៃ​ទី​៧​ខែមេសា ឆ្នាំ​២០១៥​កន្លង មកនេះ​ពី​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក ៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី ១១ មេសា ឆ្នាំ២០១៥