សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣

   

     នាថ្ងៃទី០៨ ខែធ្នូ   ឆ្នាំ២០១៤  ព្រឹទ្ធសភា  នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​សម័យ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៣ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯក​ឧត្តម សាយ ឈ៊ំ អនុប្រធានទី១ ព្រឹទ្ធសភា។ វត្តមាន​សមាជិក​ព្រឹទ្ធសភា​មាន​ចំនួន​៥១​រូប។ របៀបវារៈ មាន​តែ​មួយ​គឺ​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។ សេចក្តី​ព្រាងច្បាប់​នេះ តាក់តែង​ឡើង​ជា​លាយលក្ខណ៍អក្សរ  មាន​ចំណង​ជើង​នៃ​ច្បាប់​រួមមាន០៦ជំពូក ចែក​ជា​១៧​មាត្រា និង​មាន​តារាង​ឧប​សម្ព័ន្ធ​ចំនួន​២១​ទំព័រ ព្រមទាំង​សេចក្តី​ថ្លែង​ហេតុ​បញ្ជក់​អំពី​ហេតុផល  និង​គោល​បំណង​ភ្ជាប់​មក​ជាមួយ។

សេចក្តី​ព្រាង​ច្បាប់​នេះ  ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើក​ដំបូង ចំនួន៦៥ សំឡេង នៅថ្ងទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៤។ រដ្ឋ​សភា​បាន​បញ្ជូន​សេច​ក្តី​ព្រាង​ច្បាប់​នេះ​មក​ព្រឹទ្ធសភា  ដើម្បី​ពិនិត្យ និង​ឲ្យ​យោបល់​តាម​លិខិត​លខ៤៨៣ រ.ស ចុះថ្ងៃទី០១ ខែ​ធ្នូ  ឆ្នាំ២០១៤ ស្របតាមមាត្រា១១៣ថ្មី ជំពូក​ទី ៨ថ្មី នៃ​រដ្ឋធម្មនុញ្ញ ។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥នះ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​រៀបចំ​ឡើង​នៅ​ក្នុង​បរិការណ៍​ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា  បាន​និង​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិ​រដ្ឋ​ព្រមទាំង​ធានា និង​រក្សា​បាន​នូវ​សន្តិភាព សន្តិសុខ សាមគ្គីភាព និង​សុខដុម​នីយកម្ម​នយោបាយ។ ទន្ទឹមនេះ សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​ឈាន​ដល់​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ​ថ្មី​មួយ​គឺ កំពុង​ក្លាយ​ខ្លួន​ជា​ប្រទេស​ចំណូល​មធ្យម​កមិ្រត​ទាប និង​ស្ថិត​ក្នុង​ដំណើរ​ផ្លាស់​ប្តូរ​ជា​រចនាសម្ព័ន្ធ។

ថវិកា​ឆ្នាំ២០១៥ ត្រូវ​បាន​គិតគូរ  និង​រៀបចំ​នៅ​ក្នុង​ទិសដៅ​កែ​ទម្រង់​ជាក់លាក់​មួយ និង​ដើម្បី​ធានា​ចលនា​នៃ​ការ​កែ​ទម្រង់  ព្រមទាំង​តម្រង់  និង​តមឹ្រម​គោលដៅ​អាទិភាព​សំខាន់​ៗ ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៣ និង​ផែនការ​​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

២០១៤-២០១៨។  ក្នុង​គោលដៅ​ខាង​លើ​ក្របខ័ណ្ឌ​ថវិកាឆ្នាំ​២០១៥ បាន​រៀបចំ​ឡើង​ដោយ​ផ្អែក​លើ​ទស្សនវិជ្ជា និង​គោលការណ៍​ដូចជា៖  ទី១-គោរព​ឲ្យ​បាន​នូវ​ក្របខ័ណ្ឌ​ម៉ាកូ្រសេដ្ឋកិច្ច​ដែល​បាន​កំណត់ ទី២-បង្កើន​ការ​ផ្សារ​ភ្ជាប់​ថវិកា​ទៅ​នឹង​គោលនយោបាយ  ទី៣-ប្រឹងប្រែង​ប្រមូល​ចំណូល

ឲ្យអស់​លទ្ធភាព និង​អស់​សក្តានុពល ទី៤-រៀបចំ​ក្រប​ខណ្ឌ

ចំណាយ​ដោយ​ផ្អែក​លើ​លទ្ធភាព​ថវិកា  តាមរយៈ​ការ​ធ្វើ​អាទិភាវូបនីយកម្ម​ចំណាយ​ឲ្យ​ស្រប​ទៅ​តាម​សកម្មភាព​និង​វិស័យ​អាទិភាព​គន្លឹះៗ  ទី៥-ផ្សារ​ភ្ជាប់​ការ​ដំឡើង​បៀវត្ស​និង​ការ​កែទម្រង់​ប្រព័ន្ធ​បៀវត្ស​ទៅ​នឹង​ការ​កែ​ទម្រង់​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ

និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និងទី៦-បន្ត​ពងឹ្រង​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​ដើម្បី​ធានា​ចីរភាព​ថវិកា។

ឯក​ឧត្តម វង្ស៊ី  វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​សហការីអញ្ជើញ​មក​ការពារសេចក្តីព្រាងច្បាប់នេះ។

អង្គ​ប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឲ្យយោបល់​ឯកភាព​ទាំង​សុ្រង​លើ​សេចក្តី​ព្រាង​ច្បាប់ ទាំងមូល  ដោយ​ឥត​កែ​ប្រែចំនួន៤០សំឡង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ៕ 

ប្រភព​ព័ត៌មាន: 
ព្រឹទ្ធសភា
បោះពុម្ព​ផ្សាយ: 
ខែធ្នូ ឆ្នាំ២០១៤