ការ​ស្វែងរក​ការ​គាំទ្រ​ដោយ​ការ​ប្រើ​បច្ចេកវិទ្យា​គមនាគមន៍ ព័ត៌មានវិទ្យា​ជា​យុទ្ធសាស្ត្រ

ការ​ស្វែងរក​ការ​គាំទ្រ​ដោយ​ការ​ប្រើ​បច្ចេកវិទ្យា​គមនាគមន៍ ព័ត៌មានវិទ្យា​ជា​យុទ្ធសាស្ត្រ នឹង​ក្លាយ​ជា​ប្រធានបទ​សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ។ ការ​ពិភាក្សា​លើ​ប្រធានបទ​ខាង​លើ​​​បាន​ធ្វើ​ឡើង​​​នៅ​ព្រឹក​ថ្ងៃ​ទី០៨​នេះ ក្នុង​គោលបំណង​ដើម្បី​​​​ផ្សព្វផ្សាយ​អំពី​វគ្គ​បណ្ដុះបណ្ដាល ដល់​ស្ថាប័ន​ដែល​​​មាន​ចំណាប់​អារម្មណ៍។ 

ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​នេះ ​លោកជំទាវ​​ សម​ មុន្នីកា អនុរដ្ឋលេខាធិការ​ក្រសូង​ទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា អង្គ​ប្រជុំ​មាន​សារៈ​សំខាន់​សម្រាប់​ស្ត្រីខ្លាំងណាស់។បើតាម​ការ​អង្កេត​របស់​លោក​ជំទាវ​ឃើញ​ថា នៅ​តាម​បណ្តា​ក្រសួង​នានា​រួម​ទាំង​ក្រសូង​ទេសចរណ៍​ផង ភាគ​ច្រើន​បុរស​ជាអ្នក​ប្រើបច្ចេកវិទ្យា​​កំព្យូទ័រ ចំណែក​ស្ត្រី​មិន​សូវ​ចេះ​ប្រើ​ទេ។ លោកជំទាវ​ក៍​សំនូមពរ​អោយ​អង្គការ​វិទ្យា​ស្ថាន​បើកទូលាយ​​ផ្តល់​ឱកាស​ដល់​ប្អូនៗ​ស្រ្តី​ជំនាន់​ក្រោយ​បាន​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​កុំព្យូទ័រ​អោយ​បាន​ច្រើន។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ពិភាក្សា​នេះ​លោក​ស្រី​ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ស្ត្រី​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ ព័ត៌មាន​វិទ្យា គមនាគមន៍​ICT​ ( Information Communication Technology)​​នៅ​មាន​កម្រិត ពិសេស​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រី​បាន​​អះអាង​ថា​ឳពុក​ម្តាយ​ភាគច្រើន​យល់​ថា​ICT មាន​លក្ខណៈ​ជា​ការងារ​បច្ចេកទេស គួរតែ​កូន​ប្រុស​រៀន​ជា​ជាង​កូនស្រី​។ ការ​គិត​ដូច្នេះ​ហើយ​ដែល​ស្ត្រី​ប្រើប្រាស់​ICT នៅ​មាន​កម្រិត​នៅ​ឡើយ ក្នុង​ខណៈ​ដែល​ស្ត្រី​ទូទាំង​ពិភព​លោក​ ចេះ​ប្រើ​វា ជា​បណ្តាញ​ដើម្បី​លើក​ឡើង​ពី​កង្វល់​របស់​ខ្លួន ឬ​ការ​គាំទ្រ​មតិ​សម្រាប់​អ្វី​មួយ ការ​ប្រមូល​ធនធាន​មនុស្ស ធនធាន​ហិវញ្ញវត្ថុ​ដែល​នៅ​ទី​តាំង​ខុស​គ្នា ទាំង​ក្នុង​ប្រទេស​ឬ​​ទូទាំង​ពិភព​លោក​ ប៉ុន្តែ​យើង​មិនទាន់​ចេះ​ប្រើ​អោយ​អស់​លទ្ធភាព។

លោក​ស្រី​បាន​បន្ត​ថា​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ មុំ​ទី​៤ នៃ​ចតុ​កោណ​ទី២​បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍន៍​​បច្ចេកវិទ្យា​ព័ត៌មាន គមនាគមន៍ដែរ ក្នុង​នោះ បាន​បង្ហាញ​ពី​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ លិខិត​បទដ្ឋាន​ពាក់​ព័ន្ធ​នានា ការ​កសាង​សមត្ថភាព​ស្ថាប័ន និង​ការ​កែ​លម្អរ​ទំនើប​កម្ម​​ មូលដ្ឋាន​សំភារៈនានា និង​ប្រសិទ្ធភាព​សេវាកម្ម។

លោកស្រី​បាន​បន្ថែម​ទៀត​ថា​ប្រទេស​នៅ​អា​ស៊ី​ គេ​ប្រើ​វិស័យ​សេវា​កម្ម​ ជា​វិស័យ​ឈាន​មុខ​ដើម្បី​នាំ​ចំនូល​អោយ​បាន​ខ្ពស់​​​ពិសេស​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង ​មាន​វិស័យ​ទេសចរណ៍ ធនាគា សេវាសុខភាព​ អាហារដ្ឋាន​ជាដើម។ល។ ប៉ុន្តែ​អ្នក​ទទួល​ផល​ភាគ​ច្រើន​ជា​បុរស​ ព្រោះ​ស្ត្រី​មិន​សូវ​ចេះ​ប្រើ​ICT ។ ដើម្បី​អោយ​ស្ត្រី​មាន​ជំហរ​រឹងមាំ​ក្នុង​ទីផ្សា​ការងារ​ យើង​ត្រូវ​ពង្រឹង​ចំណេះដឹង​​ICTដល់​ស្ត្រី។ ដូច្នេះ​ទើប​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ រៀបចំ​បង្កើត​អោយ​មាន​បណ្ដុះបណ្ដាល​ស្តីពី ស្វែងរក​ការ​គាំទ្រ​ដោយ​ការ​ប្រើ​បច្ចេកវិទ្យា​គមនាគមន៍ ព័ត៌មានវិទ្យា​ជា​យុទ្ធសាស្ត្រ ជា​ភាសាអង់​គ្លេស​ហៅថា FTX (Feminist Technology Exchange Training on E-Advocacy ) ។

វគ្គ​បណ្ដុះបណ្ដាល​ខាង​លើ​នេះ មាន​គម្រោង​នឹង​ចាប់​ផ្ដើម​ធ្វើ​ នៅ​ខែ​សីហា​ដល់​ខែ​តុលា​ឆ្នាំ២០១០​ខាង​មុខ​នេះ ដោយ​បែង​ចែក​ជា​បី​កម្រិត មាន​កម្រិត​មូលដ្ឋាន​ចំនួន​៣វគ្គ កម្រិត​មធ្យម​ចំនួន​១វគ្គ​និង​កម្រិត​ឧត្តម​ចំនួន១វគ្គ ដែល​អាច​ទទួល​សិក្ខាកាម​ចំនួន១៨រូប​ក្នុង១វគ្គៗ។ ហើយ​សិក្ខាកាម​អាច​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​បាន​លុះ​ត្រា​តែ​បាន​បញ្ចប់​បណ្ដុះបណ្ដាល​ទាំង​បី​កម្រិត​ទទួល​បាន​ជោគ​ជ័យ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​នេះ​ជា​លើកទី​១​ហើយ​ដែល​វិទ្យាស្ថាន​បើក​ទូលាយ​បាន​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ខាង​លើ​នេះ ឡើង​ក្រោម​កិច្ច​សហការ​ពី​អង្គការ​ Association for Progressive Communication, www.apc.org ដែល​ជា​អង្គការ​អន្តរ​ជាតិ​មួយ​ដែល​មាន​ជំនាញ​យេនឌ័រ​និង​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា។

វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី ស្វែងរក​ការ​គាំទ្រ​ដោយ​ការ​ប្រើ​បច្ចេកវិទ្យា​គមនាគមន៍ ព័ត៌មានវិទ្យា​ជា​យុទ្ធសាស្ត្រ​ផ្តល់​ផល​ប្រយោជន៍​សំខាន់ៗ​បី​យ៉ាង​ដល់​សិក្ខាកាម ទី១ សិក្សា​ដោយ​មិន​ចាំ​បាច់​បង់​ប្រាក់ ទី២ ផ្ដល់​ជា​ជំនាញ​​អំពី​ការ​ស្វែងរក​ការ​គាំទ្រ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​គមនាគមន៍ ព័ត៌មានវិទ្យា​ និង​ទី៣​ធ្វើ​អោយ​ការងារ​កាន់​តែ​មាន​ប្រសិទ្ធភាព។

វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​សម្រាប់​បណ្ដាញ / អង្គការ​ឬ​ស្ថាប័ន​ធ្វើ​ការ​ពាក់ព័ន្ធ ស្ត្រី​និង​សិទ្ធិ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រសួង​កិច្ចការ​នារី​និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍ យុវវ័យ ស្ត្រី និង​បុរស​ដែល​កំពង់​ធ្វើការ​តស៊ូ​មតិ។ វគ្គ​នេះ​នឹង​ផ្ដល់​ជូន​សិក្ខាកាម​នូវ​ជំនាញ​ចាំ​បាច់​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា(ICT) ធ្វើ​ឲ្យ​ពួក​គាត់​អាច​ទាញ​យក​ប្រយោជន៍​ពី​សក្ដានុពល ICT ក្នុង​ការ​រៀបចំ​ឯកសារ​បង្កើន​ចំណេះដឹង​ ចែក​រំលែក​ព័ត៌មាន ផ្តល់​ការ​គាំទ្រ និង​ធ្វើឲ្យ​មានការ​ផ្លាស់​ប្តូរ។

កិច្ចប្រជុំនេះមានការចូល​រួមពី​ក្រសួង​កិច្ចការ​នារី ក្រសួង​ទេសចរណ៍​​ ព្រឹទ្ធសភា ក្រសួង​ព័ត៌មាន ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រីនិងអង្គការចំនួន១៨ ផ្សេង​ទៀត ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​ស្ត្រី​និង​សិទ្ធិ​ និង​ អ្នក​សារព័ត៌មាន។

Category: