សេចក្ដី​ផ្ដល់​មតិ​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​​នារី​ភេទ៖ ប្រទេស​កម្ពុជា

គណៈកម្មាធិការ​​​បំបាត់​ការ​រើស​អើង​ប្រឆាំង​នឹង​​នារី​ភេទ
សម័យ​ប្រជុំ​លើក​ទី​៣៤ 

ថ្ងៃ​ទី​១៦ ខែ​មករា ដល់​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០០៦

១- គណៈកម្មាធិការ​បាន​ពិចារណា​លើ​របាយការណ៍​លើក​ដំបូង​ និង​តាម​កាល​កំណត់​លើក​ទី​ពីរ និង​លើក​ទី​បី (CEDAW/C/KHM/1-3) របស់​ប្រទេស​កម្ពុជា នា​សម័យ​ប្រជុំ​របស់​ខ្លួន​លើក​ទី​៧០៥​ និង​៧០៦ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០០៦ (សូម​មើល CEDAW/C/SR.705 និង706)។ បញ្ជី​បញ្ហា និង​សំណួរ​ផ្សេង​ៗ​របស់​គណៈកម្មាធិការ​មាន​នៅ​ក្នុងCEDAW/C/ KHM/Q/1-3 និង​ការ​ឆ្លើយតប​របស់​ប្រទេស​កម្ពុជា​មាន​នៅ​ក្នុង CEDAW/C/KHM/1-3/Add.1.

សេចក្ដី​ផ្ដើម៖ 
២- គណៈកម្មាធិការ​ស្ងើច​សរសើរ​ដល់​រដ្ឋ​ភាគី​ដែល​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ដោយ​គ្មាន​ខ​រក្សា​ទុក ហើយ​សរសើរ​​ផង​ដែរ ​ដល់​រដ្ឋ​ភាគី​ចំពោះ​របាយការណ៍​លើក​ដំបូង​ និង​តាម​កាល​កំណត់​លើក​ទី​ពីរ​និង​លើក​ទី​បី ដែល​បាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ ​ទន្ទឹម​នឹង​នេះ​ គណៈកម្មាធិការ​ក៏​មាន​ការ​សោក​ស្ដាយ​ផង​ដែរ​ចំពោះ​ការ​យឺតយ៉ាវ។ គណៈកម្មាធិការ​ក៏​បាន​​សំដែង​នូវ​ការ​ស្ងើច​សរសើរ​ផង​ដែរ​ ដល់​រដ្ឋ​ភាគី​ចំពោះ​ការ​ឆ្លើយតប​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​នឹង​បញ្ជី​បញ្ហា​ និង​សំណួរ​ផ្សេង​ៗ ដែល​បាន​លើក​ឡើង​ដោយ​ក្រុម​ការងារ​មុន​សម័យ​ប្រជុំ និង​ចំពោះ​ការ​រាយការណ៍​ផ្ទាល់​មាត់​ និង​ការ​បញ្ជាក់​បំភ្លឺ​ឆ្លើយតប​ទៅ​នឹង​សំណួរ​ទាំង​ឡាយ ​ដែល​​គណៈកម្មាធិការ​បាន​ចោទ​សួរ​ផ្ទាល់​មាត់។

៣- គណៈកម្មាធិការ​ស្ងើច​សរសើរ​រដ្ឋ​ភាគី ដែល​បាន​បញ្ជូន​គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​ខ្លួន​ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ហើយ​រួម​ទាំង​តំណាង​នានា​មក​ពី​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី និង​តំណាង​មក​ពី​ក្រសួង​ផ្សេង​ៗ​ទៀត​ដូចជា ក្រសួង​យុត្តិធម៌ ក្រសួង​សុខាភិបាល និង​ក្រសួង​អប់រំ។ គណៈកម្មាធិការ​សំដែង​នូវ​ការ​ស្ងើច​សរសើរ​ចំពោះ​ការ​សន្ទនា ដោយ​ចំហ​ និង​ក្នុង​ន័យ​ស្ថាបនា ដែល​បាន​រៀបចំ​ធ្វើ​ឡើង​រវាង​គណៈប្រតិភូ និង​សមាជិក​គណៈកម្មាធិការ។

ទិដ្ឋភាព​វិជ្ជមាន

៤- គណៈកម្មាធិការ​កត់​សំគាល់​ដោយ​ការ​ស្ងើច​សរសើរ​​អំពី​ការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្លា​ដោយ​រដ្ឋ​ភាគី​ ក្នុង​គោល​​បំណង​សម្រេច​ឱ្យ​បាន​នូវ​សមភាព​ខាង​យេនឌ័រ​ និង​លុប​បំបាត់​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ។ គណៈកម្មាធិការ​​សូម​ស្វាគមន៍​ការ​បង្កើត​យន្តការ​ជាតិ ​ដើម្បី​ភាព​ជឿន​លឿន​របស់​ស្ត្រី​ នោះ​គឺ​​ក្រសួង​កិច្ចការ​នារី និង​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី និង​ការ​អនុម័ត​ផែនការ​ជាតិ​រយៈពេល​ប្រាំ​ឆ្នាំ ដែល​មាន​ឈ្មោះ​ថា "នារី​រតនៈ" ដែល​ផ្ដោត​ជា​សំខាន់​លើ​ការ​កសាង​សមត្ថភាព​ស្ត្រី និង​ការ​​ធ្វើ​សមាហរណកម្ម​វិស័យ​យេនឌ័រ ទៅ​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ ឆ្នាំ​២០០៣- ២០០៥។

៥- គណៈកម្មាធិការ​ស្នើ​សុំ​ឱ្យ​បន្ត​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ ជាពិសេស ​ការ​ធ្វើ​កំណែ​ទម្រង់​ក្រម​ព្រហ្មទណ្ឌ ដើម្បី​ដាក់​បញ្ចូល​ការ​ផ្ដន្ទា​ទោស​ចំពោះ​បទ​ល្មើស​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ និង​ស្នើ​សុំ​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ពង្រត់​ និង​លក់​ដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​លើ​មនុស្ស​ឆ្នាំ​១៩៩៦ ដើម្បី​ដាក់​បញ្ចូល​ទណ្ឌកម្ម​ទៅ​លើ​ជន​ល្មើស​ និង​វិធាន​ការ​ការពារ​ជន​រង​គ្រោះ។

៦- គណៈកម្មាធិការ​សូម​ស្វាគមន៍​ចំពោះ​ការ​អនុម័ត និង​ការ​ចូល​ជា​ធរមាន កាល​ពី​ខែ​តុលា ​ឆ្នាំ​២០០៥ នៃ​ច្បាប់​ស្ដី​ពី​ការ​​ទប់​ស្កាត់​​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​​កិច្ច​​ការពារ​ជន​រង​គ្រោះ។

៧- គណៈកម្មាធិការ​ស្នើ​សុំ​ឱ្យ​រដ្ឋ​ភាគី​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​ដើម្បី​ធានា​ឯករាជ្យ​ភាព​របស់​តុលាការ ដោយ​រួម​ទាំង​ច្បាប់​ស្ដី​ពី​ការ​ចាត់​តាំង​តុលាការ​ ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ចៅក្រម និង​ការ​រៀបចំ​ឱ្យ​មាន​ក្រម​សីលធម៌​សម្រាប់​ចៅក្រម។

៨- គណៈកម្មាធិការ​ក៏​សូម​ស្វាគមន៍​ចំពោះ​ហេតុ​ដែល​ថា ទិន្នន័យ​ខាង​ស្ថិតិ ​ដើម្បី​ធ្វើ​ការ​ប៉ាន់​ប្រមាណ​អំពី​ឋានៈ​របស់​ស្ត្រី បច្ចុប្បន្ន​មាន​នៅ​ក្នុង​រដ្ឋ​ភាគី ​ជាពិសេស​អត្ថបទ​បោះ​ពុម្ព​ផ្សាយ​ដែល​មាន​ចំណង​ជើង​ថា " ចំណែក​ស្មើ​ភាព​សម្រាប់​​នារី"។

វិស័យ​សំខាន់​ៗ នៃ​ការ​ព្រួយ​បារម្ភ និង​អនុសាសន៍

៩- បើ​ពិនិត្យ​ទៅ​លើ​មាត្រា​៣១ វាក្យ​ខណ្ឌ​ទី​១ នៃ​រដ្ឋ​ធម្មនុញ្ញ​ចែង​ទទួល​ស្គាល់​ និង​គោរព​កិច្ច​ព្រមព្រៀង​សិទ្ធិ​​មនុស្ស​អន្តរជាតិ​នានា​ ហើយ​មាត្រា​៤៥ វាក្យ​ខណ្ឌ​ទី​១ ចែង​អំពី​ការ​បំបាត់​ការ​រើស​អើង​គ្រប់​ប្រភេទ​ប្រឆាំង​នឹង​ស្ត្រី​ភេទ ហើយ​ថា​អនុសញ្ញា​នេះ​មាន​អាទិភាព​ទៅ​លើ​ច្បាប់​ជាតិ​ បើ​ទោះ​ជា​ដូច្នោះ​ក្ដី ​ក៏​គណៈកម្មាធិការ​នៅ​មាន​ការ​ព្រួយ​បារម្ភ​ថា​ បទ​បញ្ញត្តិ​នៃ​អនុសញ្ញា​នេះ​មិន​អាច​អនុវត្ត​ដោយ​ខ្លួន​ឯង ហើយ​មិន​អាច​យក​ទៅ​អនុវត្ត​ដោយ​ផ្ទាល់​នៅ​ក្នុង​ចំណាត់​ការ​​របស់​តុលាការ​បាន​ឡើយ។

១០- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋ​ភាគី​ សូម​ឱ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​ធានា​ថា​អនុសញ្ញា​នេះ​ ត្រូវ​បាន​យក​ទៅ​អនុវត្ត​ទាំង​ស្រុង​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​កម្ពុជា​ ដោយ​រួម​ទាំង​តាម​រយៈ​ការ​បោះពុម្ព​ផ្សាយ​នៅ​​ក្នុង​រាជ​កិច្ច​ និង​ការ​ដាក់​បញ្ចូល​បញ្ញត្តិ​នៃ​អនុសញ្ញា​នេះ​ទាំង​ស្រុង​ទៅ​ក្នុង​ច្បាប់​ជាតិ ដោយ​រួម​ទាំង​តាម​​រយៈ​ ការ​បញ្ចូល​ទណ្ឌកម្ម​ផ្សេង​ៗ តាម​​ដែល​អាច​ធ្វើ​ទៅ​បាន។ គណៈកម្មាធិការ​ក៏​បាន​ស្នើ​ផង​ដែរ​ឱ្យ​រដ្ឋ​ភាគី​អនុវត្ត​​វិធានការ​ផ្សេង​ៗ ដើម្បី​ផ្សព្វផ្សាយ​​ការ​យល់​ដឹង​អំពី​អនុសញ្ញា​នេះ​ដល់​ចៅក្រម ព្រះ​រាជអាជ្ញា និង​មេធាវី​នានា​ ហើយ​ដាក់​បញ្ចូល​អនុសញ្ញា​នេះ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ស្ដី​ពី​សិទ្ធិ​មនុស្ស រួម​ទាំង​សិទ្ធិ​នារី​ ដើម្បី​ធានា​ធ្វើ​យ៉ាង​​ណា​ឱ្យ​បុគ្គល​គ្រប់​រូប​យល់​ដឹង​អំពី​ស្មារតី​ គោល​បំណង និង​បញ្ញត្តិ​ទាំង​ឡាយ​នៃ​អនុសញ្ញា​នេះ ហើយ​ត្រូវ​បាន​​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​កិច្ច​ដំណើរ​ការ​របស់​តុលាការ។

១១- គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ថា មិន​មាន​កំណត់​និយមន័យ​ជាក់​ច្បាស់​អំពី​ចរិត​ និង​ទ្រង់​ទ្រាយ​​ នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ ស្រប​តាម​មាត្រា​១ នៃ​អនុសញ្ញា​នេះ​ ដែល​ហាម​មិន​ឱ្យ​មាន​ការ​រើស​អើង ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្ដី នៅ​ក្នុង​ច្បាប់​កម្ពុជា។ គណៈកម្មាធិការ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ថា​មិន​មាន​បញ្ញត្តិ​ច្បាប់​ណា​មួយ​ចែង​​អំពី​វិធានការ​ពិសេស​បណ្ដោះ​អាសន្ន។

១២- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋ​ភាគី​ សុំ​ឱ្យ​ដាក់​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ជាតិ​នូវ​និយមន័យ​នៃ​ពាក្យ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ ជុំ​វិញ​​ពាក្យ​ថា​ការ​រើស​អើង​ដោយ​ផ្ទាល់​ ឬ​ដោយ​មិន​ផ្ទាល់ ស្រប​តាម​មាត្រា​១​នៃ​​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ឆ្លៀត​ឱកាស​ដែល​មាន​កិច្ច​ដំណើរការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ ធ្វើ​​ឱ្យ​មាន​​ភាព​ចុះ​សម្រុង និង​ភាព​​ស្រប​គ្នា​ទាំង​ស្រុង​រវាង​ច្បាប់​ជាតិ​ និង​បទបញ្ញត្តិ​នានា​នៃ​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​ស្នើ​ផង​ដែរ​ឱ្យ​រដ្ឋ​ភាគី​ដាក់​ បញ្ចូល​នូវ​ទណ្ឌកម្ម​សម​ស្រប ទៅ​ក្នុង​ក្រម​រដ្ឋប្បវេណី និង​ក្រម​ព្រហ្មទណ្ឌ​ ចំពោះ​ទង្វើ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ និង​ធានា​ឱ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ចំពោះ​ស្ត្រី​ ដែល​ត្រូវ​គេ​រំលោភ​សិទ្ធិ។ គណៈកម្មាធិការ​ស្នើ​ថែម​ទៀត​ ឱ្យ​បង្កើត​បញ្ញត្តិ​ច្បាប់​ស្ដី​ពី​វិធាន​ការ​ពិសេស​បណ្ដោះ​​អាសន្ន ដើម្បី​ពន្លឿន​ភាព​ស្មើ​គ្នា​តាម​ព្រឹត្តិន័យ ស្រប​តាម​មាត្រា​៤.១ នៃ​អនុសញ្ញា​នេះ។

១៣- គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​អំពី​កម្រិត​ និង​ទំហំ​នៃ​កម្មវិធី​ផ្សេង​ៗ​សម្រាប់​ស្ត្រី​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់​​លាស់​នៅ​ឡើយ​ ហើយ​មិន​មាន​ទិន្នន័យ​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​អនុវត្ត​ឬ​​ប្រសិទ្ធិភាព​នៃ​វិធានការ​​ផ្សេង​ៗ ​រួម​ទាំង​​ការ​បញ្ជ្រាប​វិស័យ​យេនឌ័រ​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឆ្នាំ​២០០៣-២០០៥។ គណៈកម្មាធិការ​ ក៏​មាន​ការ​​ព្រួយ​បារម្ភ​ផង​ដែរ​អំពី​ការ​យក​ចិត្ត​ទុក​ទៅ​លើ​សិទ្ធិ​ស្ត្រី ដែល​សិទ្ធិ​នេះ​អាច​ត្រូវ​​បាន​គេ​ធ្វើ​សមាហរណកម្ម​មិន​បាន​គ្រប់គ្រាន់​​ទៅ​ក្នុង​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ប្រទេស។http://old.barcampcambodia.org/modules/tinymce/tinymce/jscripts/tiny_mce..." alt="" width="100%" height="12px">

១៤- គណៈកម្មាធិការ​ស្នើ​សុំ​ឱ្យ​ធ្វើ​សមាហរណកម្ម​បញ្ចូល​ការ​ទទួល​ស្គាល់​ និង​ការ​អនុវត្តន៍​សិទ្ធិ​ស្ត្រី​ទៅ​ក្នុង​យុទ្ធសាស្ត្រ​​ចតុកោណ​សម្រាប់​ការ​អភិវឌ្ឍន៍​ ការងារ​ សមភាព​ និង​ប្រសិទ្ធិភាព​ក្នុង​ការ​ប្រើ​ប្រាស់​ក្របខ័ណ្ឌ​នៃ​​គោលការណ៍​សមភាព​ និង​ភាព​មិន​រើស​អើង​ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​អំពាវ​នាវ ឱ្យ​រដ្ឋ​ភាគី​ធានា​ឱ្យ​មាន​ការ​​សម្រប​សម្រួល​គ្រប់​គ្រាន់​នៅ​ក្នុង​កម្មវិធី​គ្រប់​វិស័យ​ទាំង​អស់​ ដើម្បី​ឱ្យ​ការ​អនុវត្តន៍​​គោលដៅ​មាន​ភាព​ស្រប​គ្នា​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ជ្រាប​យេនឌ័រ។ គណៈកម្មាធិការ​ស្នើ​ផង​ដែរ​ឱ្យ​ការ​អនុវត្តន៍​កម្មវិធី​ទាំង​អស់​ គឺ​ដើម្បី​ភាព​ ជឿន​លឿន​របស់​ស្ត្រី​ រួម​ទាំង​ការ​ខិត​ខំ​ប្រឹង​ប្រែង​បញ្ជ្រាប​យេនឌ័រ​ ត្រូវ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ឃ្លាំ​មើល​ ហើយ​ប្រសិទ្ធិ​ភាព​​នៃ​យន្តការ​ជាតិ​ដើម្បី​ភាព​ជឿន​លឿន​របស់​ស្ត្រី​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ដូច​ជា​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ និង​ក្រុម​​ការងារ​បច្ចេកទេស​ស្ដី​ពី​យេនឌ័រ​ក៏​ត្រូវ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ និង​វាយ​តម្លៃ​ផង​ដែរ។ គណៈកម្មាធិការ​​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ ផ្ដល់​ព័ត៌មាន​ស្ដី​ពី​កម្រិត​ និង​ទំហំ​ ក៏​ដូចជា​អំពី​លទ្ធផល​ និង​ផល​ប៉ះ​ពាល់​នៃ​កម្មវិធី​របស់​ខ្លួន​សម្រាប់​ស្ត្រី​ និង​ការ​វាយ​តម្លៃ​លើ​ស្ថាប័ន​ទទួល​បន្ទុក​កិច្ចការ​នារី​ នៅ​ក្នុង​របាយការណ៍​តាម​កាល​កំណត់​លើក​ក្រោយ​របស់​ខ្លួន។

១៥- ទន្ទឹម​នឹង​ការ​ស្វាគមន៍​ចំពោះ​ការ​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​បង្ការ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ការ​ការពារ​ជន​រង​គ្រោះ​ និង​ការ​ធ្វើ​កំណែ​ទម្រង់​ក្រម​ព្រហ្មទណ្ឌ​នេះ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ថា​ បញ្ញត្តិ​ទាំង​ឡាយ​នៅ​ក្នុង​ច្បាប់​ អាច​ដាក់​កម្រិត​លើ​ការ​អនុវត្តន៍​របស់​វា​ ក្នុង​ករណី​នៃ​ការ​រំលោភ​ដោយ​សហព័ទ្ធ​ ហើយ​វា​មិន​បាន​រារាំង​អតីត​សហព័ទ្ធ​​មិន​ឱ្យ​ប្រព្រឹត្ត​រំលោភ​ផង​ដែរ។ គណៈកម្មាធិការ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ អំពី​ការ​ជឿន​លឿន​នៅ​មាន​កម្រិត​ក្នុង​ការ​បង្ការ​ និង​ការ​លុប​បំបាត់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ និង​ឧបសគ្គ​ធ្ងន់ធ្ងរ​ សម្រាប់​ការ​អនុវត្តន៍​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិភាព។ ជាពិសេស​ទៅ​ទៀត​ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ស្ត្រី​ប្រឈម​មុខ​ទៅ​នឹង​ឧបសគ្គ​ធំ​ៗ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ ដោយសារ​តែ​គ្មាន​ការ​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​​តុលាការ​ ចៅ​ក្រម​ធ្វើ​ការ​បក​ស្រាយ​ច្បាប់​ព្រហ្មទណ្ឌ​តាម​ទំនើង​ចិត្ត​ ដើម្បី​ជួយ​ដល់​ជន​ល្មើស​ ការ​រីក​រាល​ដាល​នៃ​និទ្ទណ្ឌភាព​នៃ​ជន​ល្មើស​ ជំនួយ​ផ្នែក​ច្បាប់​នៅ​មាន​កម្រិត ​ហើយ​​និង​លិខិត​​ពេទ្យ​មាន​តម្លៃ​ខ្ពស់​ ដែល​គេ​តម្រូវ​ឱ្យ​មាន​លិខិត​នេះ​ក្នុង​ករណី​នៃ​ការ​រំលោភ​សេពសន្ថវៈ​ និង​ការ​រំលោភ​ផ្លូវ​ភេទ។ គណៈកម្មាធិការ​ក៏​មាន​​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ អំពី​ការ​បណ្ដោយ​ឱ្យ​មាន​ការ​រំលោភ​ខាង​យេនឌ័រ​នៅ​តែ​បន្ត​មាន​ត​ទៅ​ទៀត​ ហើយ​ស្ត្រី​ភ័យ​ខ្លាច​មាន កេរ្តិ៍​ឈ្មោះ​អាស្រូវ​ (Stigma) នៅ​ពេល​ដែល​ពួក​គេ​ស្វែង​រក​ដំណោះស្រាយ។

១៦- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋ​ភាគី​ ឱ្យ​ចាត់​ទុក​ជា​បញ្ហា​អាទិភាព​ខ្ពស់​ចំពោះ​ការ​អនុវត្តន៍​គោលដៅ​ទូលំទូលាយ​មួយ​ ដើម្បី​បញ្ឈប់​គ្រប់​រូបភាព​នៃ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ ដោយ​រួម​ទាំង​ការ​អនុវត្តន៍​ និង​ការ​ឃ្លាំ​មើល​ដ៏​មាន​ប្រសិទ្ធិភាព​ទៅ​លើ​ច្បាប់​ស្ដី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ គណៈកម្មាធិការ​ក៏​បាន​ស្នើ​យ៉ាង​ទទូច​ផង​ដែរ​ ឱ្យ​រដ្ឋ​ភាគី​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ដល់​សាធារណៈ​ជន តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​កម្មវិធី​អប់រំ​ថា​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ រួម​ទាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ផង​ដែរ​ ត្រូវ​ហាម​ឃាត់​ជា​ដាច់​ខាត។ គណៈកម្មាធិការ​​អំពាវ​នាវ​ដល់​រដ្ឋ​ភាគី​ឱ្យ​បណ្ដុះ​បណ្ដាល​តុលាការ មន្ត្រី​អនុវត្ត​ច្បាប់ អ្នក​វិជ្ជាជីវៈ​ច្បាប់ បុគ្គលិក សង្គមកិច្ច ​និង​អ្នក​ផ្ដល់​សេវា​សុខភាព​អំពី​ច្បាប់​ថ្មី​ស្ដី​ពី​ការ​បង្ការ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ការ​ការពារ​ជន​រង​គ្រោះ​ និង​ដើម្បី​ធ្វើ​​ឱ្យ​មាន​រំញោច​​​គ្រប់​រូបភាព​នៃ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ ដើម្បី​ធានា​ថា​ជន​ប្រព្រឹត្ត​អំពើ​​ហិង្សា​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ផ្ដន្ទាទោស​ប្រកប​ដោយ​ប្រសិទ្ធិភាព​ទៅ​តាម​ទម្ងន់​ទោស​ និង​ឱ្យ​បាន​ទាន់​ពេល។ គណៈកម្មាធិការ​ក៏​បាន​ស្នើ​ឱ្យ​បង្កើត​​ស្ថាប័ន​មេធាវី​ ដើម្បី​ការពារ​ជន​រង​គ្រោះ​ទាំង​នៅ​ទីក្រុង​ និង​ទាំង​នៅ​ជនបទ ហើយ​តម្រូវ​ថា​ការ​ចេញ​លិខិត​ពេទ្យ​មិន​​ត្រូវ​ឱ្យ​គិត​ថ្លៃ​ឡើយ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​រិះ​រក​វិធី​បង្កើន​ចំនួន​ចៅក្រម​ និង​មន្ត្រី​អនុវត្ត​ច្បាប់​​ជា​​ស្រី​ ដែល​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ស្ត្រី​រាយការណ៍​ពី​ករណី​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា។ គណៈកម្មាធិការ​អំពាវនាវ​ឱ្យ​រដ្ឋ​ភាគី​​បង្កើត​វិធានការ​គាំទ្រ​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​រួម​ទាំង​ការ​គាំ​ទ្រ​ផ្នែក​ខាង​ជម្រក ច្បាប់ ថ្នាំពេទ្យ និង​ចិត្តសាស្ត្រ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​អនុវត្ត​ឱ្យ​បាន​ពេញ​ទំហឹង​នូវ​អនុសាសន៍​ទូទៅ លេខ​១៩ របស់​​គណៈកម្មាធិការ​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​បញ្ឈប់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ភេទ។

១៧- ដោយ​សំគាល់​ឃើញ​​ពី​តម្លៃ​នៃ​មរតក​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​​បែង​ចែក​យ៉ាង​ខ្លាំង​អំពី​តួនាទី​ខាង​យេនឌ័រ​ ជាពិសេស​ បាន​ចែង​នៅ​ក្នុង​ក្រម​សីលធម៌​ជា​ប្រពៃណី​ ដែល​គេ​ស្គាល់​ថា​ ច្បាប់​ស្រី ដែល​ទទួល​ស្គាល់​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ថា​ជា​រឿង​ស្រប​ច្បាប់​ ហើយ​រារាំង​ស្ត្រី​មិន​ឱ្យ​ប្រើ​ប្រាស់​​សិទ្ធិ​របស់​ខ្លួន​ និង​ការ​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស និង​ស្ត្រី​នៅ​ក្នុង​សង្គម​កម្ពុជា។

១៨- គណៈកម្មាធិការ​ស្នើ​សុំ​ឱ្យ​រដ្ឋ​ភាគី​ រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​សង្គម​ ឱ្យ​ធ្វើ​ការ​វាយ​តម្លៃ​ យ៉ាង​ទូលំទូលាយ​មួយ​ ទៅ​លើ​ក្រម​សីលធម៌​ជា​ប្រពៃណី​ ជា​ប្រយោជន៍​ដើម្បី​កំណត់​ធាតុ​ទាំងឡាយ​ដែល​នាំ​​ឱ្យ​មាន​ការ​រើស​អើង​​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ ហើយ​ដែល​ជា​ឫស​គល់​នាំ​ឱ្យ​ស្ត្រី​បាត់​បង់​អត្ថ​ប្រយោជន៍​នៅ​ក្នុង​វិស័យ​នានា​ដូច​ជា វិស័យ​អប់រំ ការងារ និង​ជីវភាព​សាធារណៈ​ និង​ជីវភាព​នយោបាយ​ ហើយ​ដែល​ជា​កត្តា​​កំណត់​ឱ្យ​មាន​ការ​រីក​រាល​ដាល​នៃ​អំពើ​ហិង្សា​​លើ​មូលដ្ឋាន​យេនឌ័រ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ និង​ការ​បង្រៀន​អំពី​គោលការណ៍​ផ្សេង​ៗ នៃ​ក្រម​សីលធម៌​ប្រពៃណី​ដែល​នាំ​ឱ្យ​មាន​ការ​រើស​អើង​​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ ហើយ​ជំនួស​វិញ​ដោយ​ធ្វើ​ការ​ខិតខំ​ប្រឹងប្រែង​​គ្រប់​បែប​យ៉ាង​ឱ្យ​សាធារណៈ​ជន​ទូទៅ​យល់​​ដឹង​អនុសញ្ញា​ និង​គោលការណ៍​សមភាព​រវាង​បុរស​ និង​ស្ត្រី។ គណៈកម្មាធិការ​សូម​អំពាវ​នាវ​ដល់​រដ្ឋ​ភាគី​ឱ្យ​​អនុវត្ត​យុទ្ធនាការ​ជាតិ និង​ធ្វើការ​យ៉ាង​សកម្ម​ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​​ផ្នត់​គំនិត​ដែល​ទាក់ទង​នឹង​ មុខងារ​ជា​ប្រពៃណី​របស់​បុរស​ និង​ស្ត្រី​នៅ​ក្នុង​គ្រួសារ​ និង​នៅ​ក្នុង​សង្គម​ទាំងមូល ស្រប​តាម​មាត្រា​២ (ច) និង​មាត្រា​៥ (ក) នៃ​អនុសញ្ញា បង្កើន​ការ​យល់​ដឹង​ថែម​ទៀត​អំពី​អត្ថន័យ​ និង​ខ្លឹមសារ​អំពី​សិទ្ធិ​ស្មើ​គ្នា​របស់​ស្ត្រី​ក្នុង​វិស័យ​ធំ​ៗ និង​បង្កើន​ការ​យល់​ដឹង​ថា​ អំពើ​ហិង្សា​លើ​ស្ត្រី​ភេទ គឺ​ជា​ការ​រំលោភ​​ទៅ​លើ​សិទ្ធិ​ស្ត្រី​ដែល​ជា​តម្លៃ​ខាង​​សង្គម​យ៉ាង​ធំធេង​សម្រាប់​សហគមន៍​ទាំងមូល។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ផ្ដល់​ឱ្យ​ខ្លួន​នៅ​ក្នុង​របាយការណ៍​​លើក​ក្រោយ​អំពី​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ទៅ​លើ​ក្រម​សីលធម៌ អំពី​វិធានការ​នានា​ដែល​បាន​ចាត់​ឡើង​ ឆ្លើយតប​នឹង​លទ្ធផល​ទាំង​នោះ​ និង​ឥទ្ធិពល​របស់​វា​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​ និង​​លើ​ផ្នត់​គំនិត​ទាំង​នេះ។

១៩- នៅ​ពេល​ដែល​សំគាល់​ឃើញ​​មាន​ការ​អនុវត្តន៍​វិធានការ​នានា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​​ដូរ​មនុស្ស​ រួម​មាន​ការ​ពិនិត្យ​ច្បាប់​ និង​ការ​អនុម័ត​កិច្ច​ព្រមព្រៀង​អនុ​តំបន់​ឆ្លង​ដែន​ គណៈកម្មាធិការ​សំដែង​នូវ​កង្វល់​អំពី​ការ​​អនុវត្តន៍​ច្បាប់​នេះ​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ​ និទ្ទណ្ឌភាព​របស់​អ្នក​ជួញ​​ដូរ​មនុស្ស​ និង​ការ​គ្មាន​ទិន្នន័យ​ច្បាស់លាស់​ អំពី​ករណី​ជួញ​ដូរ​មនុស្ស។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​​អំពី​ស្លាក​ស្នាម​​អាស្រូវ​របស់​ជន​​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​ និង​ការ​ចាត់​វិធានការ​មិន​គ្រប់​គ្រាន់​ចំពោះ​ការ​ស្ដារ​នីតិសម្បទា និង​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ទៀត​ថា ស្ត្រី និង​កុមារី ដែល​ទទួល​រង​ការ​ជួញ​​ដូរ​អាច​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​ការ​រំលោភ​​ច្បាប់​អន្តោប្រវេសន៍​ ហើយ​ពួក​គេ​ត្រូវ​ក្លាយ​ជា​ជន​រង​គ្រោះ​ម្ដង​ហើយ​ម្ដង​ទៀត។ គណៈកម្មាធិការ​ក៏​បាន​សំគាល់​ឃើញ​​ថា​ មាន​ការ​រីក​រាល​ដាល​ខ្ពស់​នូវ​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារី​ ហើយ​ភាព​ងាយ​រង​គ្រោះ​របស់​គេ​នោះ​ ការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេង​ៗ និង​មេរោគ​ហ៊ីវ /ជំងឺ​អេដស៍។http://old.barcampcambodia.org/modules/tinymce/tinymce/jscripts/tiny_mce..." alt="" width="100%" height="12px">

២០- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​បង្កើន​កិច្ច​ខិតខំ​ប្រឹង​របស់​ខ្លួន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារី​ តាម​រយៈ​ការ​លើក​ឡើង​អំពី​ប្រភព​ឫស​គល់​របស់​វា និង​ដើម្បី​ចាត់​​វិធានការ​ទប់​ស្កាត់​យ៉ាង​ទូលំទូលាយ​ រួម​ទាំង​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​​ដែល​ខាង​រំញោច​​យេនឌ័រ យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ និង​ការ​ផ្ដល់​មធ្យោបាយ​ផ្សេង​ៗ​នៃ​ជីវភាព​រស់​នៅ។ គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​ធានា​ថា​ ជន​ទាំង​ឡាយ​ដែល​ជួញ​ដូរ​ និង​ធ្វើ​អាជីវកម្ម​លើ​ស្ត្រី​ និង​កុមារី​ ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។ គណៈកម្មាធិការ​ស្នើ​សុំ​ផង​ដែរ​ឱ្យ​រដ្ឋ​ភាគី​ បញ្ឈប់​ការ​ចោទ​​ប្រកាន់​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​​មនុស្ស ​ពី​បទ​អន្តោប្រវេសន៍​ខុស​ច្បាប់។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ អនុវត្ត​វិធានការ​ស្តា​នីតិសម្បទា និង​សមាហរណកម្ម​កុមារី​ និង​ស្ត្រី​​ដែល​ជា​ជន​រង​គ្រោះ​ដោយ​ការ​ជួញ​​ដូរ​ និង​​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។ គណៈកម្មាធិការ​ផ្ដល់​អនុសាសន៍​ថា​ រដ្ឋ​ភាគី​​គួរ​ពង្រឹង​ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី អនុ​តំបន់ និង​ពហុភាគី​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។ គណៈកម្មាធិការ​ស្នើ​​ឱ្យ​រដ្ឋ​ភាគី​ផ្ដល់​នៅ​ក្នុង​របាយការណ៍​លើក​ក្រោយ​របស់​ខ្លួន​ នូវ​ព័ត៌មាន​ និង​ទិន្នន័យ​ទូលំទូលាយ​​ស្ដី​ពី​ការ​ជួញស្ត្រី​ និង​កុមារ និង​ឥទ្ធិពល​នៃ​វិធាន​មួយ​ចំនួន​ ដែល​ចាត់​ឡើង​ចំពោះ​បញ្ហា​ទាំង​នោះ។

២១- គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ទៀត​ថា​ ស្ត្រី​កម្ពុជា​ ជាពិសេស​ស្ត្រី​វ័យ​ក្មេង​ដែល​ធ្វើ​អន្តោប្រវេសន៍​ ទៅ​ប្រទេស​ជិត​ខាង​នានា​ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​ ងាយ​ស្រួល​នឹង​ទទួល​រង​គ្រោះ​បំផុត ក្លាយ​ជា​ជន​រង​គ្រោះ​ តាម​រូបភាព​ផ្សេង​ៗ​ដូចជា​អំពើ​ហិង្សា​ ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ និង​ការ​ជួញ​​ដូរ​មនុស្ស។

២២- គណៈកម្មាធិការ​អំពាវ​នាវ​ឱ្យ​រដ្ឋ​ភាគី​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​មូលហេតុ​ នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​​របស់​ស្ត្រី​ ហើយ​ដើម្បី​បង្កើត​គោល​នយោបាយ និង​វិធានការ​នានា​ ដើម្បី​ការពារ​ស្ត្រី​​ចំណាក​ស្រុក​​ឱ្យ​ជៀស​ផុត​ពី​​ការ​ធ្វើ​អាជីវកម្ម​ និង​ការ​រំលោភ​បំពាន។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ផ្ដល់​ព័ត៌មាន​ និង​ទិន្នន័យ​ស្ដី​ពី​ស្ត្រី​អន្តោគ្រាម​ និង​ស្ថានភាព​របស់​​ពួក​គេ​ នៅ​ក្នុង​របាយការណ៍​តាម​កាល​កំណត់​លើក​ក្រោយ។

២៣- ក្នុង​ខណៈ​ដែល​សំគាល់​ឃើញ​​ថា​មាន​ការ​ប្រឹង​ប្រែង​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ស្ត្រី​នៅ​ក្នុង​ក្រុមប្រឹក្សា​​សហគមន៍​ គណៈកម្មាធិការ​សំដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ដែល​មាន​ភាព​ជា​តំណាង​របស់​ស្ត្រី​ទាប​នៅ​គ្រប់​កម្រិត​ ទាំង​ក្នុង​ជីវភាព​​នយោបាយ​ ទាំង​ក្នុង​មុខងារ​សាធារណៈ​ ជាពិសេស​នៅ​ក្នុង​សភា ហើយ​ការ​ចូល​រួម​របស់​ស្ត្រី​ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​មាន​កម្រិត​ទាប។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ថែម​ទៀត​អំពី​ការ​ចូល​រួម​នៅ​​មាន​កម្រិត​នៃ​ស្ត្រី​នៅ​ក្នុង​រដ្ឋបាល​ សាធារណៈ​ និង​នៅ​ក្នុង​តុលាការ​គ្រប់​ជាន់​ថ្នាក់។

២៤- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាមួយ​និង​វិធានការ​នានា​ ជា​ប្រយោជន៍​ឱ្យ​​ស្ត្រី​ជាប់​ឆ្នោត​ និង​បាន​ទទួល​ការ​តែង​តាំង​ចូល​បម្រើ​ការងារ​ឱ្យ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត ដោយ​រួម​ទាំង​ក្នុង​វិស័យ​តុលាការ​ផង​ដែរ ដូច្នេះ​ហើយ​ត្រូវ​ពង្រឹង​អនុវត្ត​មាត្រា​៧​ នៃ​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​អនុវត្ត​វិធានការ​ពិសេស​បណ្ដោះ​អាសន្ន​ ស្រប​តាម​មាត្រា​៤ កថាខណ្ឌ​ទី​១ នៃ​អនុសញ្ញា​ជា​មធ្យោបាយ​ក្នុង​ការ​ពន្លឿន​ដល់​ការ​ អនុវត្តន៍​បញ្ញត្តិ​មាត្រា​៧ នៃ​អនុសញ្ញា​នេះ តាម​រយៈ​ការ​បង្កើត​តារាង​ពេល​វេលា​ និង​គោលដៅ​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​ស្មើ​​គ្នា​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នៅ​គ្រប់​កម្រិត​ទាំងអស់។ គណៈកម្មាធិការ​ក៏​ស្នើ​ផង​ដែរ​ឱ្យ​រដ្ឋ​ភាគី​បើក​វគ្គ​បណ្ដុះ​បណ្ដាល ជំនាញ​អំពី​ភាព​ជា​អ្នក​ដឹកនាំ និង​ការ​ចរចា​សម្រាប់​ស្ត្រី​ ដែល​ជា​អ្នក​ដឹកនាំ​បច្ចុប្បន្ន និង​អនាគត។ គណៈកម្មាធិការ​ស្នើ​ថែម​ទៀត​ឱ្យ​អនុវត្ត​សកម្មភាព​លើក​កម្ពស់​ការ​​យល់​ដឹង​អំពី​សារ​សំខាន់​នៃ​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​​ចិត្ត​សម្រាប់​សង្គម​ទាំង​មូល។

២៥- គណៈកម្មាធិការ​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​អត្រា​អនក្ខរភាព​ខ្ពស់​នៃ​ស្ត្រី​ ពិសេស​ស្ត្រី​នៅ​តំបន់​ជនបទ ស្ត្រី​នៅ​ក្នុង​ក្រុម​ជនជាតិ​ភាគតិច ឬ​ស្ត្រី​ពិការ អត្រា​សិស្ស និស្សិត ភេទ​ស្រី​ និង​ភេទ​ប្រុស​ ក្នុង​ការ​ចុះ​ឈ្មោះ​ ចូល​រៀន​មាន​គំលាត​ឆ្ងាយ​ពី​គ្នា​ ហើយ​សិស្ស​ និស្សិត​ភេទ​ស្រី​ដែល​បញ្ឈប់​ការ​សិក្សា​មាន​ចំនួន​ខ្ពស់។ គណៈកម្មាធិការ​​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​រយៈពេល​ដ៏​យូរ​អង្វែង​ទៅ​លើ​សុខភាព​របស់​ស្ត្រី​ សមត្ថភាព​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត និង​ការ​អភិវឌ្ឍន៍​ជំនាញ​​​របស់​ខ្លួន​សមស្រប​តាម​តម្រូវ​ការ​ទីផ្សារ។ គណៈកម្មាធិការ​​មាន​ការ​ព្រួយ​បារម្ភ​ទៀត​ដែរ ​អំពី​ការ​​នៅ​កើត​មាន​ការ​បែក​ចែក​ផ្អែក​យេនឌ័រ​ជា​មូលដ្ឋាន​នៅ​ក្នុង​វិស័យ​អប់រំ​ និង​ ផល​ប៉ះពាល់​ជាយថាហេតុ​ដល់​ស្ត្រី​សម្រាប់​ឱកាស​​បម្រើ​មុខងារ​វិជ្ជាជីវៈ។ គណៈកម្មាធិការ​ក៏​មាន​ការ​ព្រួយ​បារម្ភ​​ផង​ដែរ​អំពី​ការ​ទទួល​ស្គាល់​បែប​នេះ​ជា​រៀង​រហូត​មក​​នៅ​ក្នុង​កម្មវិធី​សិក្សា​ និង​សៀវភៅ​សិក្សា​នៅ​សាលារៀន។

២៦- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​ចាត់​ទុក​ជា​បញ្ហា​អាទិភាព​ខ្ពស់​ ចំពោះ​ការ​កាត់​បន្ថយ​អត្រា​​អក្ខរកម្ម​របស់​ស្ត្រី​ ជាពិសេស​ស្ត្រី​ទាំងឡាយ​ដែល​រស់​នៅ​តំបន់​ជនបទ​ ស្ត្រី​ជា​សមាជិក​ក្រុម​ជនជាតិ​ភាគតិច​ ឬ​ស្ត្រី​ជា​ជន​ពិការ។ គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ផង​ដែរ​ឱ្យ​រដ្ឋ​ភាគី​ចាត់ការ​ជា​បន្ទាន់​នូវ​វិធាន​សមស្រប​នានា​ ដោយ​រួម​ទាំង​វិធានការ​ពិសេស​បណ្ដោះ​អាសន្ន​ ស្រប​តាម​មាត្រា​៤ កថាខណ្ឌ​ទី​១ នៃ​អនុសញ្ញា​នេះ​ និង​អនុសាសន៍​ទូទៅ​លេខ​២៥​ របស់​គណៈកម្មាធិការ​នេះ​ ដើម្បី​លុប​បំបាត់​ភាព​ខុស​គ្នា​ក្នុង​អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​របស់​សិស្ស​ និស្សិត និង​ដើម្បី​ឱ្យ​កុមារី​ទទួល​បាន​អប់រំ​កម្រិត​បឋម​សិក្សា​ជា​ទូទៅ​ ស្រប​តាម​មាត្រា​១០ នៃ​អនុសញ្ញា​នេះ​ គោលដៅ និង​ផែនការ​យុទ្ធសាស្ត្រ​នៃ​សេចក្ដី​ប្រកាស​ក្រុង​ប៉េកាំង​ និង​វេទិកា​សម្រាប់​សកម្មភាព​ និង​គោលការណ៍​​ទី​២ និង​ទី​៣ នៃ​គោលដៅ​អភិវឌ្ឍន៍​សម្រាប់​សហស្សវត្ស។ គណៈកម្មាធិការ​​​ស្នើ​យ៉ាង​ទទូច​ដល់​​រដ្ឋ​ភាគី​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ឧបសគ្គ​ទាំងឡាយ​ដែល​រារាំង​ដល់​ក្មេង​ស្រី មិន​ឱ្យ​បន្ត​ការ​​សិក្សា​ អប់រំ​របស់​ខ្លួន​ ជា​អាទិ​ការ​ជំរុញ​ ឬ​បង្ខំ​ឱ្យ​ក្មេង​ស្រី​រៀបការ​មុន​អាយុ​កំណត់។ គណៈកម្មាធិការ​ក៏​បាន​ស្នើ​ផង​ដែរ ឱ្យ​រដ្ឋ​ភាគី​ជំរុញ​​យ៉ាង​សកម្ម​ឱ្យ​មាន​ការ​ជ្រើស​រើស​ផ្នែក​អប់រំ​ និង​ជំនាញ​​វិជ្ជាជីវៈ​ដល់​ស្ត្រី។ គណៈកម្មាធិការ​ស្នើ​ឱ្យ​​រដ្ឋ​ភាគី​ពិនិត្យ​ឡើង​វិញ នូវ​កម្មវិធី​សិក្សា និង​សៀវភៅ​សិក្សា ដើម្បី​លុប​បំបាត់​ទម្លាប់​រើស​អើង​ខាង​ យេនឌ័រ។

២៧- គណៈកម្មាធិការ​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ការ​បែង​ចែក​ការងារ​ និង​ការ​ដាក់​ស្ត្រី​នៅ​ក្នុង​ផ្នែក​​បុគ្គលិក កម្មករ​ដែល​ត្រូវ​ទទួល​ប្រាក់​បៀវត្ស​ទាប​ និង​ផ្នែក​ការងារ​គ្មាន​ជំនាញ។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ជា​ពិសេស​អំពី​ភាព​មិន​ច្បាស់លាស់​នៅ​ក្នុង​ច្បាប់​ការងារ​ និង​ភាព​ទន់​ខ្សោយ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ការងារ​ ការ​មិន​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​មិន​គោរព​ និង​គ្មាន​យន្តការ​ត្រួត​ពិនិត្យ​ប្រកប​ដោយ​ប្រសិទ្ធិភាព ដែល​ជា​ការ​រំលោភ​ទៅ​លើ​ស្ត្រី​ ក្នុង​ការ​អនុវត្តន៍​សិទ្ធិ​របស់​ខ្លួន​ ក្រោម​មាត្រា​៤ កថាខណ្ឌ​ទី​២ និង​មាត្រា​១១ នៃ​អនុសញ្ញា​នេះ ដោយ​រួម​ទាំង​​សិទ្ធិ​មាន​ប្រាក់​បៀវត្ស​ស្មើគ្នា សិទ្ធិ​សម្រាក​មាតុភាព សន្តិសុខ​សង្គម និង​ការ​ការពារ​​មិន​ឱ្យ​មាន​ការ​យាយី​ផ្លូវ​ភេទ។ គណៈកម្មាធិការ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​អំពី​ផល​ប៉ះ​ពាល់​ដែល​អាច​ជា​​ឧបសគ្គ​សម្រាប់​រយៈពេល​វែង​នៃ​ការ​បញ្ឈប់​​កិច្ច​ព្រមព្រៀង​ពហុភាគី​របស់​ស្ត្រី​ធ្វើការ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់។http://old.barcampcambodia.org/modules/tinymce/tinymce/jscripts/tiny_mce..." alt="" width="100%" height="12px">

២៨- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋ​ភាគី​សុំ​ឱ្យ​ពន្លឿន​ និង​ធានា​ឱ្យ​មាន​ការ​ចូលរួម​ដោយ​ស្មើ​ភាព​គ្នា ចំពោះ​ស្ត្រី និង​បុរស​នៅ​ក្នុង​ទី​ផ្សារ​ការងារ។ គណៈកម្មាធិការ​អំពាវនាវ​ថែម​ទៀត​ សូម​ឱ្យ​ចាត់​វិធានការ ដើម្បី​ធានា​ឱ្យ​ស្ត្រី​ទទួល​ប្រាក់​បៀវត្ស​ស្មើ​គ្នា​ចំពោះ​ការងារ​ដូច​គ្នា​ និង​មាន​តម្លៃ​ស្មើ​គ្នា​ និង​ទទួល​បាន​សេវា​ និង​អត្ថប្រយោជន៍​ខាង​សង្គម​ស្មើ​គ្នា។ គណៈកម្មាធិការ​ជំរុញ​​ឱ្យ​រដ្ឋ​ភាគី​កំណត់​និយមន័យ​ឱ្យ​បាន​ច្បាស់លាស់ ចំពោះ​ពាក្យ​ថា ការងារ​ដូច​គ្នា​ និង​ការងារ​មាន​តម្លៃ​ស្មើ​គ្នា។ គណៈកម្មាធិការ​ជំរុញ​​ឱ្យ​រដ្ឋ​ភាគី​កំណត់​ទោស​​ចំពោះ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ ក្នុង​វិស័យ​ការងារ​ ទាំង​ក្នុង​គ្រឹះ​ស្ថាន​សាធារណៈ ទាំង​ក្នុង​គ្រឹះស្ថាន​ឯកជន​ រួម​ទាំង​ការ​យាយី​ផ្លូវ​ភេទ​ ដើម្បី​ពង្រឹង​​ការ​អនុវត្តន៍​ច្បាប់​ និង​យន្តការ​ត្រួត​ពិនិត្យ​ឱ្យ​មាន​ប្រសិទ្ធិភាព​ ហើយ​ដើម្បី​ធានា​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​ប្រើ​មធ្យោបាយ​ដោះស្រាយ ដោយ​រួម​ទាំង​ជំនួយ​ផ្នែក​ច្បាប់​ផង​ដែរ។ គណៈកម្មាធិការ​ជំរុញ​ឱ្យ​រដ្ឋ​ភាគី​ផ្សព្វផ្សាយ​អំពី​ច្បាប់​ការងារ​ដល់​ស្ត្រី​ ដើម្បី​ឱ្យ​ពួក​គេ​យល់​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន។ គណៈកម្មាធិការ​ក៏​បាន​ស្នើ​ឱ្យ​ប្រើ​វិធានការ​ពិសេស​បណ្ដោះ​អាសន្ន​នានា​ ស្រប​តាម​មាត្រា​៤ កថាខណ្ឌ​ទី​១ នៃ​អនុសញ្ញា​នេះ និង​អនុសាសន៍​ទូទៅ​លេខ​២៥​ របស់​គណៈកម្មាធិការ​ និង​ដើម្បី​ពន្លឿន​ឱ្យ​សម្រេច​បាន​នូវ​សមភាព​តាម​ព្រឹត្តិន័យ​នៅ​ក្នុង​វិស័យ​នៃ​ការ​ជ្រើសរើស​ បណ្ដុះ​បណ្ដាល និង​ការ​លើក​ស្ទួយ​ស្រប​តាម​មាត្រា​១១ នៃ​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​សរសេរ​រៀបរាប់​នៅ​ក្នុង​របាយការណ៍​តាម​កាល​កំណត់​លើក​ ក្រោយ​របស់​ខ្លួន​ អំពី​ផល​ប៉ះពាល់​រយៈពេល​យូរ​អង្វែង​ នៃ​ការ​បញ្ឈប់​កិច្ច​ព្រមព្រៀង​ពហុភាគី​ ដែល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ស្ត្រី​ដែល​បម្រើ​ការ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់​ និង​ដើម្បី​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​វិធានការ​ផ្សេង​ៗ ដែល​បាន​ចាត់​ឡើង​ ដើម្បី​ទប់ទល់​ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ណា​មួយ។

២៩- គណៈកម្មាធិការ​កត់​សំគាល់​ថា​ ទោះបី​ជា​មាន​ការ​កាត់​បន្ថយ​នូវ​អត្រា​មរណៈ​របស់​មាតា​ក៏​ដោយ​ អត្រា​មរណៈ​នៅ​តែ​មាន​កម្រិត​ខ្ពស់​គឺ​៤១៧​នាក់ ក្នុង​១០០.០០០ នាក់​នៃ​ម្ដាយ​ពេល​ប្រសូត​បុត្រ មូលហេតុ​ចម្បង​គឺ ការ​ខ្វះ​សេវា​សង្គ្រោះ​បន្ទាន់​នៅ​ពេល​សម្រាល​កូន។ គណៈកម្មាធិការ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ថា​ ការ​សម្រាល​កូន​ ចំនួន​តែ​១០​​ភាគរយ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឡើង​នៅ​មណ្ឌល​សុខភាព។

៣០- គណៈកម្មាធិការ​ស្នើ​សុំ​ឱ្យ​រដ្ឋ​ភាគី​ពិនិត្យ​ និង​ដោះស្រាយ​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​សេវា​សម្រាល​កូន​ ហើយ​ស្នើ​ឱ្យ​ (ក)​ បង្កើត​ផែនការ​យុទ្ធសាស្ត្រ​មួយ​ដើម្បី​កាត់​បន្ថយ​អត្រា​មរណៈ​នៃ​មាតា​ និង​អត្រា​នៃ​ស្ត្រី​មាន​ជំងឺ​ តាម​រយៈ​នោះ​រដ្ឋ​ភាគី​​ត្រូវ​ផ្ដល់​សេវា​ដែល​មាន​គុណភាព​ និង​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ទៅ​គ្រប់​ខេត្ត​ទាំងអស់​ ដូច​ជា​សេវា​មុន និង​ក្រោយ​ពេល​សម្រាល​កូន​ និង​សេវា​សង្គ្រោះ​បន្ទាន់​ក្នុង​ពេល​សម្រាល​កូន (ខ) បង្កើត​សេវា​បញ្ជូន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទៅ​សេវា​សម្ភព (គ) កំណត់​ពេល​សម្រាប់​ការ​កាត់​បន្ថយ​អត្រា​មរណៈ​នៃ​មាតា និង (ឃ)​ ធ្វើ​ការ​រៃ​អង្គាស​ថវិកា​ចាំបាច់​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដើម្បី​អនុវត្ត​កម្មវិធី​នេះ។

៣១- គណៈកម្មាធិការ​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ភាព​ក្រី​ក្រ​មាន​កម្រិត​ខ្ពស់​ ក្នុង​ចំណោម​ស្ត្រី​នៅ​ជនបទ ដែល​បង្កើត​បាន​ជា​ចំនួន​ភាគ​ច្រើន​នៃ​ស្ត្រី​នៅ​ក្នុង​ប្រទេស។ ទន្ទឹម​នឹង​សង្កេត​ឃើញ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្ដល់​សិទ្ធិ​បុរិមា​ទៅ​ឱ្យ​គ្រួសារ​ដែល​ស្ត្រី​ជា​មេ​គ្រួសារ​ ក្នុង​ការ​បែង​ចែក​ដី​ធ្លី​ក្រោម​ច្បាប់​ភូមិបាល​ គណៈកម្មាធិការ​មាន​ការ​​ព្រួយ​បារម្ភ​អំពី​ការ​អនុវត្តន៍​ទូទៅ​នៃ​ច្បាប់​ភូមិបាល។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ថា ស្ត្រី​ខ្វះ​ការ​យល់​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន​ និង​ការ​យល់​ដឹង​អំពី​ច្បាប់ និង​អំពី​នីតិ​វិធី​ចុះ​បញ្ជី​ដី​ធ្លី។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ ជាពិសេស​អំពី​សភាពការណ៍​ដែល​ស្ត្រី​ជា​មេ​គ្រួសារ​គ្មាន​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ដោយសារ​ក្រុមហ៊ុន​ឯកជន​នានា​ បាន​រឹប​អូស​យក​ដី​ធ្លី​ពី​ពួក​គេ និង​ការ​មិន​ឱ្យ​ពួក​គេ​ចូល​រួម​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ពាក់​ព័ន្ធ​នឹង​ការ​បែង​ចែក​ដី​ធ្លី។

៣២- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​ ចំពោះ​ស្ថានភាព​ស្ត្រី​នៅ​ជនបទ​ ដើម្បី​ពង្រឹង​​ការ​អនុវត្តន៍​មាត្រា​១៤​ នៃ​អនុសញ្ញា​នេះ​ ដើម្បី​ធានា​ថា​ស្ត្រី​នៅ​ជនបទ​បាន​ទទួល​សេវា​អប់រំ និង​សេវា​សុខភាព​ និង​ការ​សម្រួល​ផ្នែក​ឥណទាន​ ហើយ​ឱ្យ​ពួក​គេ​ចូល​រួម​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត។ គណៈកម្មាធិការ​​ស្នើ​យ៉ាង​ទទូច​ផង​ដែរ​ឱ្យ​រដ្ឋ​ភាគី​ផ្សព្វផ្សាយ​ព័ត៌មាន​ស្ដី​ពី​ច្បាប់​ភូមិបាល និង​នីតិវិធី​ចុះ​បញ្ជី​ដី​ធ្លី និង​ដើម្បី​ចាត់​វិធានការ​សមស្រប​ ដើម្បី​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ពាក់​ព័ន្ធ​នឹង​កម្មសិទ្ធិ និង​ការ​គ្រប់​គ្រង​ដី​ធ្លី​ដោយ​ស្ត្រី។ គណៈកម្មាធិការ​អំពាវ​នាវ​ផង​ដែរ ឱ្យ​រដ្ឋ​ភាគី​ចាត់​ទុក​ជា​បញ្ហា​អាទិភាព ចំពោះ​ស្ត្រី​នៅ​ជនបទ​ ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ។

៣៣- ទន្ទឹម​នឹង​កត់​សំគាល់​ឃើញ​​ថា​មាន​ច្បាប់​ស្ដី​ពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​អនុវត្តន៍​ច្បាប់​នេះ​មិន​បាន​គ្រប់គ្រាន់ និង​យន្តការ​ត្រួត​ពិនិត្យ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ទៅ​លើ​បញ្ហា​នេះ។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ថា​កត្តា​ប្រពៃណី និង​វប្បធម៌​រារាំង​ស្ត្រី​មិន​ឱ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​បាន​ពេញ​លេញ​នៅ​ក្នុង​គ្រួសារ​ ជាពិសេស​សិទ្ធិ​ចុះ​កិច្ច​សន្យា​អាពាហ៍ពិពាហ៍​ដោយ​សេរី​ និង​ដោយ​មាន​ការ​ព្រមព្រៀង​ទាំង​ស្រុង​ ដោយ​មាន​ចែង​នៅ​ក្នុង​មាត្រា​១៦ នៃ​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​អំពី​ភាព​ខុសគ្នា​ រវាង​អាយុ​របស់​បុរស និង​ស្ត្រី​ ដែល​អាច​ចុះ​កិច្ច​សន្យា​អាពាហ៍ពិពាហ៍​បាន។

៣៤- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទូទៅ​អំពី​ច្បាប់​ស្ដី​ពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ និង​ដោះស្រាយ​កត្តា​ប្រពៃណី និង​វប្បធម៌​ ដែល​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ។ គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​​បង្កើន​អាយុ​អប្បបរមា​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​សម្រាប់​ស្ត្រី និង​បុរស​មក​ត្រឹម​អាយុ​១៨​ឆ្នាំ ដើម្បី​ឱ្យ​ស្រប​តាម​មាត្រា​១៦​ នៃ​អនុសញ្ញា​នេះ​ និង​អនុសាសន៍​ទូទៅ​របស់​គណៈកម្មាធិការ​លេខ​២១​ និង​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ។

៣៥- គណៈកម្មាធិការ​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ស្ត្រី​ក្នុង​ក្រុម​ជនជាតិ​ភាគតិច​ និង​ស្ត្រី​ពិការ​ទាំងឡាយ​ដែល​ប្រឈម​មុខ​ការ​រើស​អើង​តាម​រូបភាព​ផ្សេង​ៗ ពាក់ព័ន្ធ​នឹង​សិទ្ធិ​អប់រំ​ សិទ្ធិ​ការងារ​ និង​សិទ្ធិ​ថែទាំ​សុខភាព និង​ជា​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា។ គណៈកម្មាធិការ​មាន​ការ​សោក​ស្ដាយ​ដោយសារ​ខ្វះ​ព័ត៌មាន និង​ទិន្នន័យ​អំពី​ក្រុម​ស្ត្រី​ទាំងនោះ នៅ​ក្នុង​របាយការណ៍។

៣៦- គណៈកម្មាធិការ​អំពាវនាវ​ឱ្យ​រដ្ឋ​ភាគី​យក​ចិត្ត​ទុក​ដាក់​ធ្វើ​សមាហរណកម្ម​ស្ត្រី​ពិការ​ និង​ស្ត្រី​ក្នុង​ក្រុម​ជនជាតិ​ភាគតិច​ទៅ​ក្នុង​គោល​នយោបាយ ផែនការ និង​កម្មវិធី​ជាតិ​នានា​ ព្រម​ទាំង​អនុវត្ត​វិធានការ​មួយ​ចំនួន ដើម្បី​លុប​បំបាត់​ការ​រើស​អើង​ប្រឆាំង​នឹង​ក្រុម​ស្ត្រី​ទាំងនោះ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ផ្ដល់​នៅ​ក្នុង​របាយការណ៍​លើ​ក​ក្រោយ​របស់​ខ្លួន​ នូវ​ទិន្នន័យ​ និង​ព័ត៌មាន​ស្ដី​ពី​ស្ថានភាព​ស្ត្រី​ពិការ និង​ស្ត្រី​ក្នុង​ក្រុម​ជនជាតិ​ភាគតិច រួម​ទាំង​បញ្ហា​ពាក់ព័ន្ធ​ការ​អប់រំ ការងារ និង​ការ​ថែទាំ​សុខភាព។

៣៧- គណៈកម្មាធិការ​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋ​ភាគី​ផ្ដល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​នេះ និង​ទទួល​យក​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នូវ​វិសោធនកម្ម​មាត្រា​២០​ កថាខណ្ឌ​ទី​១ នៃ​អនុសញ្ញា​នេះ ពាក់ព័ន្ធ​នឹង​ពេល​ប្រជុំ​របស់​គណៈកម្មាធិការ។

៣៨- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​ប្រើប្រាស់​ឱ្យ​បាន​ពេញ​លេញ​ នៅ​ក្នុង​ការ​អនុវត្តន៍​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​អនុសញ្ញា​នេះ នូវ​សេចក្ដី​ប្រកាស​ទីក្រុង​ប៉េកាំង និង​វេទិកា​សកម្មភាព​ ដែល​ពង្រឹង​បន្ថែម​ទៅ​លើ​ការ​អនុវត្តន៍​បទបញ្ញត្តិ​នៃ​អនុសញ្ញា​នេះ ហើយ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ដាក់​បញ្ចូល​ព័ត៌មាន​ពាក់ព័ន្ធ​បញ្ហា​ទាំងនេះ​ទៅ​ក្នុង​​របាយការណ៍​តាម​កាល​កំណត់​របស់​ខ្លួន​លើក​ក្រោយ។http://old.barcampcambodia.org/modules/tinymce/tinymce/jscripts/tiny_mce..." alt="" width="100%" height="12px">

៣៩- គណៈកម្មាធិការ​បាន​កត់​សំគាល់​ថា​ ការ​អនុវត្តន៍​អនុសញ្ញា​ឱ្យ​បាន​ពេញ​លេញ​និង​មាន​ប្រសិទ្ធិភាព​ គឺ​មិន​​អាច​អាក់​ខាន​បាន​ឡើយ​សម្រាប់​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស។ គណៈកម្មាធិការ​អំពាវ​នាវ​ឱ្យ​ធ្វើ​សមាហរណកម្ម​វិស័យ​យេនឌ័រ​ និង​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​បញ្ញត្តិ​ដែល​ចែង​នៅ​ក្នុង​អនុសញ្ញា​នេះ​ទៅ​ក្នុង​រាល់​កិច្ច​ខិតខំ​​ប្រឹងប្រែង​ទាំងអស់​ ដែល​មាន​បំណង​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស ហើយ​ស្នើ​សុំ​ឱ្យ​រដ្ឋ​ភាគី​បញ្ចូល​ ព័ត៌មាន​ទាំង​នោះ​នៅ​ក្នុង​របាយការណ៍​លើក​ក្រោយ​របស់​ខ្លួន។

៤០- គណៈកម្មាធិការ​កត់​សំគាល់​ថា​ ការ​ប្រកាន់​ខ្ជាប់​របស់​រដ្ឋ​ភាគី​ចំពោះ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ធំ​ៗ ចំនួន​ប្រាំពីរ​ គឺ​ជា​ការ​ពង្រឹង​ថែម​ទៀត​ ឱ្យ​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​ និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​គ្រប់​ទិដ្ឋភាព ទាំងអស់​នៃ​ជីវិត​រស់​នៅ​របស់​ខ្លួន។ ហេតុ​ដូច្នេះ​ គណៈកម្មាធិការ​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ពិចារណា​លើ​ការ​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ ដែល​កម្ពុជា​មិន​ទាន់​ចូល​ជា​ភាគី​នៅ​ឡើយ នោះ​គឺ​អនុសញ្ញា​អន្តរជាតិ​ស្ដី​ពី​ការ​ការពារ​សិទ្ធិ​កម្មករ​ចំណាក​ស្រុក​ និង​សមាជិក​គ្រប់​រូប​នៃ​គ្រួសារ​របស់​ពួក​គេ (ICPRAM WMTF)។

៤១- គណៈកម្មាធិការ​ស្នើ​ឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អំពី​សេចក្ដី​ផ្ដល់​មតិ​ចុង​ក្រោយ ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល អ្នក​នយោបាយ​ សមាជិក​សភា អង្គការ​ស្ត្រី និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​យល់​ដឹង​អំពី​វិធានការ​ដែល​បាន​ចាត់​ឡើង ក្នុង​ការ​ធានា​នូវ​សមភាព​ស្ត្រី​តាម​នីតិន័យ និង​តាម​ព្រឹត្តិន័យ ព្រម​ទាំង​វិធានការ​ផ្សេង​ៗ​ទៀត ដែល​តម្រូវ​ឱ្យ​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នោះ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​បន្ត​​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ថែម​ទៀត ជាពិសេស​ ដល់​អង្គការ​ស្ត្រី និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​ អំពី​អនុសញ្ញា និង​ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​នេះ អនុសាសន៍​ទូទៅ​របស់​គណៈកម្មាធិការ សេចក្ដី​ ប្រកាស​ទីក្រុង​ប៉េកាំង និង​វេទិកា​សកម្មភាព​ និង​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពិសេស​លើក​ទី​ម្ភៃ​បី​របស់​មហាសន្និបាត​លើ​ប្រធានបទ "ស្ត្រី​ឆ្នាំ​២០០០៖ សមភាព​យេនឌ័រ​ ការ​អភិវឌ្ឍន៍​ និង​សន្តិភាព​សម្រាប់​សត​វត្សរ៍​ទី​ម្ភៃ​មួយ" ។

៤២- គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ឆ្លើយតប​ចំពោះ​ការ​ព្រួយ​បារម្ភ​ទាំង​ឡាយ​ ដែល​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ផ្ដល់​មតិ​ចុង​ក្រោយ​នេះ​ នៅ​ក្នុង​របាយការណ៍​តាម​កាល​កំណត់​លើក​ក្រោយ​ ក្រោម​មាត្រា​១៨ នៃ​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​អញ្ជើញ​​រដ្ឋ​ភាគី​ឱ្យ​ដាក់​ស្នើ​របាយការណ៍​តាម​កាល​កំណត់​លើក​ទី​បួន​របស់​ខ្លួន ដែល​ត្រូវ​ដល់​ពេល​កំណត់​ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៥ និង​របាយការណ៍​តាម​កាល​កំណត់​លើក​ទី​ប្រាំ​របស់​ខ្លួន​ ដែល​ត្រូវ​ដល់​ពេល​កំណត់​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ នៅ​ក្នុង​របាយការណ៍​បូក​សរុប​ក្នុង​ឆ្នាំ​២០០៩។

១​ កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ (ICESCR), កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR), អនុសញ្ញា​អន្តរជាតិ​ស្ដី​ពី​ការ​បំបាត់​រាល់​ទម្រង់​នៃ​​ការ​រើស​អើង​ពូជ​សាសន៍ (ICERD), អនុសញ្ញា​អន្តរជាតិ​ស្ដី​ពី​ការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ (CEDAW), អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​ការ​ប្រព្រឹត្ត​មក​លើ​ខ្លួន ឬ​ទណ្ឌកម្ម​ឯ​ទៀត​ ដែល​ឃោរឃៅ អមនុស្សធម៌ ឬ​បន្ថោក​បន្ទាប (CAT), អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ (CRC), អនុសញ្ញា​អន្តរជាតិ​ស្ដី​ពី​ការ​ការពារ​សិទ្ធិ​កម្មករ​ទេសន្តរប្រវេសន៍ និង​សមាជិក​គ្រប់​គ្រប់​រូប​នៃ​គ្រួសារ​របស់​ពួក​គេ (ICPRAMWMTF).

Category: