អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ

អនុម័ត​និង​បើក​ឱ្យ​ចុះ​ហត្ថលេខា ឱ្យ​សច្ចាប័ន​និង​ឱ្យ​ចូល​ជា​សមាជិក​តាម​​​​សេចក្ដី​​សម្រេច​ចិត្តលេខ​ ៣៤/១៨០ ចុះ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ​១៩៧៩ របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ៣ ខែ​កញ្ញា ឆ្នាំ​១៩៨១ ស្រប​តាម​បទ​បញ្ញត្តិ​មាត្រា ២៧ (១)រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះកត់​សំគាល់​ឃើញ​ថា​ ធម្មនុញ្ញ​សហ​ប្រជាជាតិ​អះអាង​ជា​ថ្មី នូវ​ជំនឿ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស លើ​សេចក្ដី​ថ្លៃថ្នូរ និង​តម្លៃ​មនុស្ស និង​លើ​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស​និង​ស្ត្រី។

កត់​សំគាល់​ឃើញ​ថា សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស បញ្ជាក់​នូវ​គោលការណ៍​មិន​រើសអើង និង​បាន​ប្រកាស​ថា មនុស្ស​គ្រប់​រូប​កើត​មក​មាន​សេរីភាព​និង​សមភាព ក្នុង​ផ្នែក​សេចក្ដី​ថ្លៃថ្នូរ​និង​សិទ្ធិ ហើយ​ថា​មនុស្ស​គ្រប់​រូប ត្រូវ​ទទួល​បាន​សិទ្ធិ​និង​សេរីភាព​ទាំង​អស់​ ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​នោះ ដោយ​គ្មាន​ការ​ប្រកាន់​បែង​ចែក​ណា​មួយ រួម​មាន​ការ​បែង​ចែក​ខាង​ផ្លូវ​ភេទ​ផង។

កត់​សំគាល់​ឃើញ​ថា​ រដ្ឋ​ភាគី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​មនុស្ស​ មាន​កាតព្វកិច្ច​ធានា​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស​និង​ស្ត្រី ក្នុង​ការ​អាស្រ័យ​ផល​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ពលរដ្ឋ និង​នយោបាយ។

យល់​ឃើញ​ អនុសញ្ញា​អន្តរជាតិ​ដែល​បាន​អនុម័ត​ក្រោម​កិច្ច​ឧបត្ថម្ភ​របស់​អង្គការ​សហប្រជាជាតិ​ និង​ស្ថាប័ន​ឯកទេស​នានា ក្នុង​ការ​លើក​ស្ទួយ​សមភាព​នៃ​សិទ្ធិ​រវាង​បុរស​និង​ស្ត្រី។

កត់​សំគាល់​ឃើញ សេចក្ដី​សម្រេច​ចិត្ត សេចក្ដី​ប្រកាស និង​អនុសាសន៍​នានា ដែល​បាន​អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ និង​ស្ថាប័ន​ឯកទេស​នានា ក្នុង​គោលបំណង​លើក​ស្ទួយ​សមភាព​នៃ​សិទ្ធិ​រវាង​បុរស​និង​ស្ត្រី។

មាន​កង្វល់​ថា ទោះ​បី​មាន​លិខិតុបករណ៍​ទាំង​នេះ​ហើយ​ក្ដី ក៏​ការ​រើសអើង​ដ៏​រីក​រាល​ដាល​ប្រឆាំង​នឹង​ស្ត្រី​ភេទ នៅ​តែ​បន្ត​កើត​មាន។

 

រំលឹក​ឡើង​វិញ​ថា​ ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ រំលោភ​លើ​គោលការណ៍​សមភាព​នៃ​សិទ្ធិ និង​ការ​គោរព​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស ជា​ឧបសគ្គ​ដល់​ការ​ចូល​រួម​របស់​ស្ត្រី ក្នុង​លក្ខខណ្ឌ​ស្មើ​ភាព​គ្នា​ជាមួយ​បុរស​ក្នុង​ជីវភាព​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និង​វប្បធម៌ ​នៃ​ប្រទេស​របស់​ខ្លួន ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​រីកចម្រើន​នៃ​ភាព​សម្បូណ៌​រុងរឿង​របស់​សង្គម និង​គ្រួសារ ហើយ​បង្ក​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍន៍​ពេញ​លេញ​នៃ​សក្ដានុភាព​របស់​ស្ត្រី ក្នុង​ការ​បម្រើ​ប្រទេស​របស់​ខ្លួន និង​មនុស្ស​ជាតិ។ មាន​កង្វល់​ថា ក្នុង​ស្ថានភាព​ក្រីក្រ ស្ត្រី​ភេទ​បាន​ទទួល​តិច​បំផុត​នូវ​ម្ហូប​អាហារ សេវា​សុខាភិបាល ការ​អប់រំ ការ​ហ្វឹកហ្វឺន និង​ឱកាស​រក​ការងារ​ធ្វើ ហើយ​និង​សេចក្ដី​ត្រូវ​ការ​ដទៃ​ទៀត។ ជឿ​ជាក់​ថា ការ​បង្កើត​ប្រព័ន្ធ​សេដ្ឋកិច្ច​អន្តរជាតិ​ថ្មី ផ្អែក​លើ​មូលដ្ឋាន​សមភាព​និង​យុត្តិធម៌ នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​ស្ទួយ​សមភាព​រវាង​បុរស​និង​ស្ត្រី។

គូស​បញ្ជាក់​ថា ការ​លប់​បំបាត់​ចោល​របប​អាប៉ាថេត គ្រប់​ទម្រង់​ពូជសាសន៍​និយម ការ​រើសអើង​ពូជ​សាសន៍ អាណានិគមនិយម អាណានិគមនិយម​បែប​ថ្មី ការ​ឈ្លានពាន ការ​កាន់​កាប់ និង​ជិះ​ជាន់​ដោយ​បរទេស និង​ការ​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ គឺ​ជា​ការ​ចាំបាច់​ដល់​ការ​អាស្រ័យ​ផល​ពេញលេញពី​សិទ្ធិ​របស់​បុរស​និង​ស្ត្រី។

 

អះអាង​ថា ការ​ពង្រឹង​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ការ​បន្ធូរ​ភាព​តាន​តឹង​អន្តរជាតិ សហប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋ​ទាំង​អស់ ដោយ​មិន​គិត​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​រដ្ឋ​ទាំង​នោះ ការ​ដក​ហូត​អាវុធ​ជា​ទូទៅ​និង​ទាំង​ស្រុង ជា​ពិសេស​ការ​ដក​ហូត​អាវុធ​នុយក្លេអ៊ែរ ក្រោម​ការ​ត្រួត​ពិនិត្យ​ហ្មត់ចត់ និង​ដោយ​ប្រសិទ្ធិភាព​ពី​អន្តរជាតិ ការ​អះអាង​នូវ​គោលការណ៍​យុត្តិធម៌ សមភាព និង​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ឡាយ និង​ការ​សម្រេច​បាន​នូវ​សិទ្ធិ​ស្វ័យ​សម្រេច និង​ឯករាជ្យ​ភាព​របស់​ប្រជាជាតិ​ក្រោម​ការ​ជិះជាន់ និង​អាណានិគម​បរទេស និង​ការ​កាន់​កាប់​ដោយ​បរទេស ហើយ​និង​ការ​គោរព​អធិបតេយ្យ​ភាព​ជាតិ និង​បូរណភាព​ទឹកដី និង​លើក​ស្ទួយ​វឌ្ឍនភាព និង​ការ​អភិវឌ្ឍន៍​សង្គម ហើយ​ផល​នេះ​នឹង​រួម​ចំណែក​ដល់​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​សមភាព​ពេញ​លេញ​ រវាង​បុរស​និង​ស្ត្រី។

ជឿជាក់​ថា ការ​អភិវឌ្ឍន៍​យ៉ាង​ពេញលេញ​របស់​ប្រទេស​មួយ សុខុមាលភាព​របស់​ពិភពលោក និង​បុព្វហេតុ​សន្តិភាព ត្រូវ​ការ​ឱ្យ​មាន​ការ​ចូល​រួម​ជា​អតិបរមា​របស់​ស្ត្រី ដោយ​សមភាព​ជាមួយ​បុរស នៅ​ក្នុង​វិស័យ​ទាំង​អស់។

ចងចាំ​ថា ​វិភាគ​ទាន​ធំ​ធេង​របស់​ស្ត្រី​ចំពោះ​សុខុមាលភាព គ្រួសារ និង​ការ​អភិវឌ្ឍន៍​នៃ​សង្គម ដែល​មិន​បាន​ទទួល​ស្គាល់​ពេញ​លេញ​មក​ទល់​ពេល​នេះ​ សារសំខាន់​ខាង​សង្គម​នៃ​មាតុភាព និង​តួនាទី​របស់​ឪពុក​ម្ដាយ​ក្នុង​គ្រួសារ និង​ក្នុង​ការ​អប់រំ​កូន និង​ដឹង​ថា ​តួនាទី​របស់​ស្ត្រី​ក្នុង​ការ​បង្កើត​កូន មិន​គួរ​ជា​មូលហេតុ​នៃ​ការ​រើស​អើង​ទេ ប៉ុន្តែ​ការ​អប់រំ​កូន​តម្រូវ​ឱ្យ​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​ រវាង​បុរស​និង​ស្ត្រី និង​សង្គម​ទាំង​មូល។

ដឹង​ថា​ តួ​នាទី​ជា​ប្រពៃណី​របស់​បុរស​និង​ស្ត្រី​នៅ​ក្នុង​សង្គម​ និង​គ្រួសារ​ ចាំបាច់​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ ដើម្បី​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​សមភាព​ពេញ​លេញ​ រវាង​បុរស​និង​ស្ត្រី។

ប្ដេជ្ញា​ចិត្ត អនុវត្ត​គោលការណ៍​ទាំង​ឡាយ ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​ស្ដី​ពី​ការ​បំបាត់​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ ហើយ​ដើម្បី​គោល​បំណង​នោះ​ អនុម័ត​វិធាន​ការ​ចាំបាច់​នានា ដើម្បី​លប់​បំបាត់​ចោល​ការ​រើស​អើង​គ្រប់​ទម្រង់ និង​គ្រប់​ការ​សម្ដែង​ចេញ។

បាន​ព្រមព្រៀង​គ្នា​ត​ទៅ ៖

ផ្នែក​ទី ១

មាត្រា ១

ដើម្បី​បម្រើ​គោលដៅ​នៃ​អនុសញ្ញា​នេះ ពាក្យ "ការ​រើស​អើង​ប្រឆាំង​ស្ត្រី​ភេទ" សំដៅ​ដល់​ការ ប្រកាន់​បែង​ចែក ការ​ផាត់​ចេញ ឬ​ការ​រឹត​ត្បិត​ផ្អែក​លើ​ភេទ ដែល​មាន​អនុភាព ឬ​មាន​បំណង​ធ្វើ​ឱ្យ​ខូច​ខាត ឬ​ធ្វើ​ឱ្យ​មោឃៈ​នូវ​ការ​ទទួល​ស្គាល់ ការ​អាស្រ័យ​ផល ឬ​ការ​ប្រើប្រាស់​ដោយ​ស្ត្រី ដោយ​ឥត​គិត​ដល់​ស្ថាន​ភាព​អាពាហ៍ពិពាហ៍​របស់​ស្ត្រី ផ្អែក​លើ​មូលដ្ឋាន​សមភាព​រវាង​បុរស​និង​ស្ត្រី នូវ​សិទ្ធិ​មនុស្ស​និង​សេរីភាព​មូលដ្ឋាន ​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​ពលរដ្ឋ ឬ​ក្នុង​វិស័យ​ដទៃ​ទៀត។

មាត្រា ២

រដ្ឋ​ភាគី ផ្ដន្ទា​ទោស​ការ​រើស​អើង​ប្រឆាំង​ស្ត្រី​ភេទ​ក្នុង​គ្រប់​ទម្រង់ ព្រមព្រៀង​គ្នា​អនុវត្ត​គោល នយោបាយ តាម​មធ្យោបាយ​សមស្រប និង​ដោយ​ឥត​ពន្យារ​ពេល ដើម្បី​ឈាន​ទៅ​លប់​បំបាត់​ការ​រើសអើង ប្រឆាំង​ស្ត្រី​ភេទ ហើយ​ក្នុង​ទិសដៅ​នេះ​សន្យា​ថា ៖

(ក) បញ្ចូល​គោលការណ៍​សមភាព​រវាង​បុរស​និង​ស្ត្រី ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ ឬ​ច្បាប់​ជាតិ​សមស្រប​ឯទៀត ប្រសិន​បើ​មិន​ទាន់​បាន​បញ្ចូល​នៅ​ឡើយ និង​ធានា​តាម​ផ្លូវ​ច្បាប់​ ឬ​មធ្យោបាយ​សមស្រប​ដទៃ​ទៀត ដើម្បី​ធ្វើ​ឱ្យ​គោលការណ៍​នេះ​បាន​សម្រេច​ជាក់​ស្ដែង។

(ខ) អនុម័ត​បទ​បញ្ញត្តិ និង​វិធាន​ការ​ច្បាប់ និង​វិធានការ​សមស្រប​ផ្សេងៗ រួម​មាន​ទណ្ឌកម្ម​ផង បើ​ចាំ​បាច់ ដើម្បី​ហាម​ឃាត់​ការ​រើសអើង​ទាំង​អស់​ប្រឆាំង​នឹង​ស្ត្រី។

(គ) បង្កើត​កិច្ចការពារ​សិទ្ធិ​របស់​ស្ត្រី​តាម​ផ្លូវ​ច្បាប់ ផ្អែក​លើ​មូលដ្ឋាន​សមភាព​ជាមួយ​បុរស និងធានា​ការពារ​ដោយ​ស័ក្ដិសិទ្ធិ​ដល់​ស្ត្រី ប្រឆាំង​នឹង​អំពើ​រើសអើង តាម​រយៈ​សាលា​ជំរះ​ក្ដី​ជាតិ​ដែល​មាន​សមត្ថកិច្ចនិង​ស្ថាប័ន​សាធារណៈ​ដទៃ​ទៀត។ 

(ឃ) ទប់​មិន​ឱ្យ​ធ្វើ​អំពើ ឬ​ការ​អនុវត្ត​ដែល​មាន​លក្ខណៈ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី និង​ធានា​ថា អាជ្ញាធរ និង​ស្ថាប័ន​សាធារណៈ ធ្វើ​សកម្មភាព​ស្រប​តាម​កាតព្វកិច្ច​នេះ។

(ង) ចាត់​វិធាន​ការ​សមស្រប​ទាំង​អស់ ដើម្បី​លប់​បំបាត់​ចោល​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី ដែល​ធ្វើ​ឡើង​ដោយ​បុគ្គល អង្គការ ឬ​សហគ្រាស​ណា​មួយ។

(ច) ចាត់​វិធានការ​សមស្រប​ទាំង​អស់ រួម​ការ​ធ្វើ​ច្បាប់​ផង ដើម្បី​កែ​ប្រែ ឬ​ដាក់​ឱ្យ​និរាករណ៍​ច្បាប់ បទបញ្ជា ទម្លាប់ និង​ការ​អនុវត្ត​ណា​ដែល​បង្កើត​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី។

(ឆ) ដាក់​ឱ្យ​និរាករណ៍​បទ​បញ្ញត្តិ​ព្រហ្មទណ្ឌ​ណា ដែល​បង្កើត​ជា​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី។

មាត្រា ៣

ក្នុង​គ្រប់​គ្រប់​វិស័យ ជាពិសេស​វិស័យ​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច​ និង​វប្បធម៌ រដ្ឋ​ត្រូវ​ចាត់ វិធានការ​សមស្រប​ទាំង​អស់ រួម​មាន​ការ​ធ្វើ​ច្បាប់​ផង ដើម្បី​ធានា​ការ​អភិវឌ្ឍន៍ និង​ការ​រីកចម្រើន​ពេញលេញ​របស់​ស្ត្រី ដើម្បី​ធានា​ឱ្យ​ស្ត្រី​ប្រើប្រាស់ និង​អាស្រ័យផល​សិទ្ធិ​មនុស្ស​ និង​សេរីភាព​មូលដ្ឋាន ដោយ​សមភាព​ជាមួយ​បុរស។

មាត្រា ៤

១. ការ​អនុម័ត​ដោយ​រដ្ឋ​ភាគី នូវ​វិធានការ​ពិសេស​បណ្ដោះ​អាសន្ន ដើម្បី​ពន្លឿន​​ការ​កសាង​សមភាព​រវាង​បុរស​និង​ស្ត្រី មិន​ត្រូវ​ចាត់​ទុក​ជា​ការ​រើសអើង​ដូច​បាន​ចែង​ក្នុង​អនុសញ្ញា​នេះ​ទេ ប៉ុន្តែ​ទោះ​តាម​បែប​ណា​មួយ​ក៏​ដោយ មិន​ត្រូវ​មាន​ន័យ​ថា រក្សា​ទុក​បទដ្ឋាន​វិសមភាព ឬ​ដាច់​ដោយ​ឡែក​ឡើយ វិធានការ​ទាំង​នេះ​ត្រូវ​ដាក់​ឱ្យ​និរាករណ៍ ​នៅ​ពេល​គោល​ដៅ​ខាង​សមភាព​នៃ​ឱកាស និង​នៃ​ការ​ប្រព្រឹត្ត​មក​លើ​ស្ត្រី​បាន​សម្រេច​ហើយ។

 

២. ការ​អនុម័ត​ដោយ​រដ្ឋ​ភាគី​នូវ​វិធានការ​ពិសេស រួម​មាន​វិធានការ​ទាំង​ឡាយ​ដែល​មាន​ក្នុង អនុសញ្ញា​នេះ​ផង ដើម្បី​ការពារ​មាតុភាព​ មិន​ត្រូវ​ចាត់​ទុក​ជា​ការ​រើសអើង​ឡើយ។

មាត្រា ៥

រដ្ឋ​ភាគី ត្រូវ​ប្រកាន់​យក​វិធានការ​សមស្រប​ទាំង​អស់ ដើម្បី​៖

(ក) កែ​ប្រែ​ផ្នត់​ឥរិយាបថ​សង្គម និង​វប្បធម៌​របស់​បុរស​និង​ស្ត្រី ដើម្បី​សម្រេច​បាន​នូវ​ការ​លប់​បំបាត់​ចោល​សេចក្ដី​លំអៀង ​និង​ទម្លាប់ និង​ការ​អនុវត្ត​ជា​ទម្លាប់​ផ្សេងៗ​ទៀត ផ្អែក​លើ​គំនិត​ស្ដី​ពី​ភាព​ទាប​ជាង ឬ​ខ្ពស់​ជាង​របស់​ភេទ​ណា​មួយ ឬ​លើ​តួនាទី​ជា​ទម្លាប់​សម្រាប់​បុរស​និង​ស្ត្រី។

(ខ) ធានា​ថា ការ​អប់រំ​គ្រួសារ​ មាន​រាប់​បញ្ចូល​ការ​យល់​ដឹង​ត្រឹម​ត្រូវ​អំពី​មាតុភាព ដែល​ជា​មុខងារ​របស់​សង្គម និង​ការ​ទទួល​ស្គាល់​ ការ​ទទួល​ខុស​ត្រូវ​រួម​របស់​បុរស​និង​ស្ត្រី ក្នុង​ការ​ចិញ្ចឹម​កូន និង​ការ​អភិវឌ្ឍន៍​របស់​កូន ហើយ​ប្រការ​នេះ​ក៏​ត្រូវ​មាន​ការ​យល់​ថា ប្រយោជន៍​របស់​កុមារ​គឺ​ជា​លក្ខខណ្ឌ​ចម្បង​ក្នុង​គ្រប់​ករណី​ទាំង​អស់។

មាត្រា ៦

រដ្ឋ​ភាគី ត្រូវ​ប្រកាន់​យក​វិធានការ​សមស្រប​ទាំង​អស់ រួម​មាន​ការ​ធ្វើ​ច្បាប់​ផង ដើម្បី​បង្ក្រាប​គ្រប់​ទម្រង់​នៃ​ការ​ជួញ​ដូរ​ស្ត្រី និង​អាជីវកម្ម​ពេស្យា​កម្ម​លើ​ស្ត្រី។

ផ្នែក​ទី ២

មាត្រា ៧

រដ្ឋ​ភាគី ត្រូវ​ប្រកាន់​យក​វិធានការ​សមស្រប ដើម្បី​លប់​បំបាត់​ចោល​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ ក្នុង​ជីវភាព​នយោបាយ​ និង​សាធារណៈ​របស់​ប្រទេស និង​ជាពិសេសត្រូវ​ធានា​ដល់​ស្ត្រី​នូវ​លក្ខខណ្ឌ​ស្មើ​ភាព​ជាមួយ​បុរស​នូវ​សិទ្ធិ ៖

(ក) បោះ​ឆ្នោត​នៅ​គ្រប់​ការ​បោះឆ្នោត និង​ការ​ធ្វើ​ប្រជាមតិ​សាធារណៈ និង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​អង្គការ​សាធារណៈ ដែល​ជ្រើស​រើស​ដោយ​បោះ​ឆ្នោត។

(ខ) ចូល​រួម​តាក់​តែង​គោល​នយោបាយ​របស់​រដ្ឋ និង​ការ​អនុវត្ត​គោល​នយោបាយ កាន់​មុខ​ការ សាធារណៈ និង​បំពេញ​មុខងារ​សាធារណៈ នៅ​គ្រប់​កម្រិត​ជាន់​ថ្នាក់​របស់​រដ្ឋាភិបាល។

(គ) ចូល​រួម​ក្នុង​អង្គការ និង​សមាគម​ក្រៅ​រដ្ឋាភិបាល ដែល​ពាក់​ព័ន្ធ​នឹង​ជីវភាព​សាធារណៈ និង នយោបាយ​របស់​ប្រទេស​ជាតិ។

មាត្រា ៨

រដ្ឋ​ភាគី ត្រូវ​ប្រកាន់​យក​វិធានការ​សម​ស្រប​ទាំង​អស់ ដើម្បី​ធានា​ឱ្យ​ស្ត្រី​មាន​ឱកាស​ធ្វើ​ជា​តំណាង​រដ្ឋាភិបាល​នៅ​ថ្នាក់​អន្តរជាតិ និង​ចូល​រួម​ក្នុង​កិច្ចការ​របស់​អង្គការ​អន្តរជាតិ ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​ស្មើ​ភាព​ជាមួយ​បុរស និង​ដោយ​គ្មាន​ការ​រើសអើង។

មាត្រា ៩

១. រដ្ឋ​ភាគី ត្រូវ​ផ្ដល់​ឱ្យ​ស្ត្រី​នូវ​សិទ្ធិ​ស្មើ​គ្នា​នឹង​បុរស​ក្នុង​ការ​ទទួល​ ផ្លាស់​ប្ដូរ ឬ​រក្សា​ទុក​សញ្ជាតិ​របស់​ខ្លួន​។ រដ្ឋ​ភាគី​ត្រូវ​ធានា​ជាពិសេស​ថា ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជន​បរទេស ឬ​ការ​ផ្លាស់​ប្ដូរ​សញ្ជាតិ​របស់​ប្ដី​ក្នុង​ពេល​អាពាហ៍ពិពាហ៍ មិន​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​ជា​ស្វ័យ​ប្រវត្តិ​នូវ​សញ្ជាតិ​របស់​ប្រពន្ធ មិន​ធ្វើ​ឱ្យ​ប្រពន្ធ​គ្មាន​សញ្ជាតិ​ ឬ​បង្ខំ​ឱ្យ​ប្រពន្ធ​យក​សញ្ជាតិ​របស់​ប្ដី​ឡើយ។

២. រដ្ឋ​ភាគី​ ត្រូវ​ផ្ដល់​ឱ្យ​ស្ត្រី​នូវ​សិទ្ធិ​ស្មើ​គ្នា​នឹង​បុរស​ក្នុង​ការ​សម្រេច​ពី​សញ្ជាតិ​របស់​កូន​ផង​ដែរ។

ផ្នែក​ទី ៣

មាត្រា ១០

រដ្ឋ​ភាគី​ ត្រូវ​ប្រកាន់​យក​វិធានការ​សមស្រប​ទាំង​អស់ ដើម្បី​លប់​បំបាត់​ការ​រើសអើង​ប្រឆាំង​នឹង ស្ត្រី ដើម្បី​ធានា​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា​នឹង​បុរស​ក្នុង​វិស័យ​អប់រំ​ និង​ជាពិសេស​ដើម្បី​ធានា​ដល់​ស្ត្រី ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​សមភាព​រវាង​បុរស​និង​ស្ត្រី​ នូវ ៖

(ក) លក្ខខណ្ឌ​ដូច​គ្នា​សម្រាប់​មុខ​របរ និង​ការ​ណែនាំ​ខាង​វិជ្ជាជីវៈ សម្រាប់​ការ​ទទួល​ការ​សិក្សា និង​សម្រាប់​ការ​ទទួល​បាន​នូវ​សញ្ញាប័ត្រ​ក្នុង​គ្រឹះ​ស្ថាន​អប់រំ​គ្រប់​ប្រភេទ ទាំង​នៅ​ជនបទ​ ទាំង​នៅ​ទីក្រុង​។ សមភាព​នេះ​ត្រូវ​ធានា​ឱ្យ​មាន​ក្នុង​ការ​អប់រំ​មុន​បឋម​សិក្សា ការ​អប់រំ​ចំណេះ​ទូទៅ បច្ចេកទេស​វិជ្ជាជីវៈ និង​បច្ចេកទេស​ជាន់​ខ្ពស់ ​និង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​មធ្យម​គ្រប់​ផ្នែក​ផង​ដែរ។

(ខ) សិទ្ធិ​ទទួល​កម្មវិធី​សិក្សា​អប់រំ​ដូច​គ្នា ការ​ប្រឡង​ដូច​គ្នា បុគ្គលិក​បង្រៀន​ដែល​មាន​គុណ​សម្បត្តិ​ដូច​គ្នា និង​បរិវេណ និង​សម្ភារៈ​សិក្សា​ដែល​មាន​គុណភាព​ដូច​គ្នា​។

(គ) ការ​លប់​បំបាត់​រាល់​ទស្សនៈ​ជា​ទំលាប់​ ស្ដី​ពី​តួនាទី​របស់​បុរស​និង​ស្ត្រី​នៅ​គ្រប់​កម្រិត និង​គ្រប់​ទម្រង់​នៃ​ការ​អប់រំ ដោយ​លើក​ទឹក​ចិត្ត​ដល់​ការ​អប់រំ​រួម​គ្នា និង​ប្រភេទ​ផ្សេងៗ​ទៀត​នៃ​ការ​អប់រំ​ ដែល​ជួយ​ឱ្យ​សម្រេច​គោល​បំណង​នេះ និង​ជាពិសេស​ដោយ​ពិនិត្យ​កែប្រែ​ឡើងវិញ​នូវ​អត្ថបទ​សិក្សា​ និង​កម្មវិធី​សិក្សា និង​សម្រប​សម្រួល​វិធីសាស្ត្រ​បង្រៀន។

(ឃ) ឱកាស​ដូច​គ្នា ក្នុង​ការ​ទទួល​អាហារូបករណ៍ និង​ប្រាក់​សម្រាប់​ការ​សិក្សា​ផ្សេងៗ​។

(ង) ឱកាស​ដូច​គ្នា ក្នុង​ការ​ទទួល​កម្មវិធី​អប់រំ​អចិន្ត្រៃយ៍ រួម​មាន​កម្មវិធី​អក្ខរកម្ម​សំរាប់​នីតិជន និង​អនក្ខរជន​ផង ជាពិសេស​កម្មវិធី​ទាំងឡាយ​ សំដៅ​កាត់​បន្ថយ​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើទៅ​បាន នូវ​គំលាត​ណា​មួយ​ខាង​ការ​អប់រំ​ដែល​មាន ​រវាង​បុរស​និង​ស្ត្រី។

(ច) ការ​បន្ថយ​អត្រា​បោះ​បង់​ការ​សិក្សា​របស់​សិស្ស​ស្រី និង​ការ​រៀបចំ​កម្មវិធី​សម្រាប់​យុវនារី​ និង​ស្ត្រី​ដែល​ឆាប់​បោះ​បង់​ការ​សិក្សា។

(ឆ) ឱកាស​ដូច​គ្នា ក្នុង​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កីឡា និង​កាយ​សិក្សា។

(ជ) ការ​ទទួល​បាន​ព័ត៌មាន​អប់រំ​ពិសេស​ជាក់លាក់ ដើម្បី​ជួយ​ធានា​សុខភាព និង​សុខុមាលភាព​ គ្រួសារ រួម​មាន​ព័ត៌មាន និង​ដំបូន្មាន​ស្ដី​ពី​ផែនការ​គ្រួសារ​ផង។

មាត្រា ១១

១. រដ្ឋ​ភាគី ត្រូវ​ចាត់​វិធានការ​សមស្រប​ទាំង​អស់ ដើម្បី​បំបាត់​ការ​រើសអើង​ប្រឆាំង​ស្ត្រី​ក្នុង វិស័យ​ការងារ ដើម្បី​ធានា​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​សមភាព​រវាង​បុរស​និង​ស្ត្រី នូវ​សិទ្ធិ​ដូច​គ្នា និង​ជាពិសេស ៖

(ក) សិទ្ធិ​ធ្វើ​ការងារ​ដែល​ជា​សិទ្ធិ​មិន​អាច​លក់ដូរ ផ្ទេរ ឬ​ដក​ហូត​បាន​របស់​មនុស្ស​ជាតិ​គ្រប់​រូប។

(ខ) សិទ្ធិ​មាន​ឱកាស​ធ្វើ​ការងារ​ដូច​គ្នា រួម​មាន​ការ​អនុវត្ត​លក្ខណៈ​វិនិច្ឆ័យ​ដូច​គ្នា​ផង ក្នុង​ការ ជ្រើសរើស​ឱ្យ​ធ្វើ​ការងារ។

(គ) សិទ្ធិ​ជ្រើសរើស​ដោយ​សេរី​នូវ​វិជ្ជាជីវៈ និង​ការងារ សិទ្ធិ​ឡើង​ស័ក្តិ សិទ្ធិ​មាន​ស្ថិរភាព​ការងារ ទទួល​ប្រាក់​បំណាច់​ និង​លក្ខខណ្ឌ​ការងារ​ សិទ្ធិ​ទទួល​ការ​បណ្ដុះ​បណ្ដាល​និង​វិក្រិតការ​ខាង​វិជ្ជាជីវៈ រួម​មាន ការ​ហ្វឹកហាត់​ការងារ សុក្រឹតការ​ខាង​វិជ្ជាជីវៈ និង​ការ​បណ្ដុះបណ្ដាល​ជា​អចិន្ត្រៃយ៍​ផង។

(ឃ) សិទ្ធិ​ក្នុង​ការ​ទទួល​ប្រាក់​បំណាច់​ស្មើ​គ្នា រួម​ទាំង​ផល​ប្រយោជន៍ និង​សិទ្ធិ​ទទួល​បាន​ការ​គិតគូរ​ស្មើ​គ្នា​ចំពោះ​ការងារ​ដែល​មាន​តម្លៃ​ស្មើ​គ្នា និង​សិទ្ធិ​ទទួល​បាន​ការ​គិតគូរ​ស្មើ​គ្នា​ លើ​ការ​វាយ​តម្លៃ​គុណភាព​ការងារ។

(ង) សិទ្ធិ​ទទួល​បាន​សន្តិសុខ​សង្គម ជាពិសេស​ផលប្រយោជន៍​សម្រាប់​ការ​ចូល​និវត្តន៍ ការ​គ្មាន​ការងារ​ធ្វើ ការ​មាន​ជំងឺ ការ​គ្មាន​សុពលភាព និង​ជរាពាធ ឬ​បាត់បង់​សមត្ថភាព​ការងារ​ដទៃ​ទៀត ព្រម​ទាំង​សិទ្ធិ​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល។

(ច) សិទ្ធិ​ទទួល​បាន​ការ​ការពារ​សុខភាព និង​សុវត្ថិភាព​ក្នុង​លក្ខខណ្ឌ​ការងារ រួម​មាន​ការ​ការពារ​មុខងារ​បន្ត​ពូជ​ផង។

២. ដើម្បី​បង្ការ​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ផ្អែក​លើ​អាពាហ៍ពិពាហ៍ ឬ​មាតុភាព និង​ដើម្បី​ធានា សិទ្ធិ​ធ្វើ​ការងារ​របស់​ស្ត្រី​ឱ្យ​បាន​ស័ក្ដិសិទ្ធិ រដ្ឋ​ភាគី​សន្យា​ចាត់​វិធានការ​សមស្រប​ដើម្បី ៖

(ក) ហាម​ឃាត់ ដោយ​ដាក់​ទណ្ឌកម្ម​នូវ​ការ​បណ្ដេញ​ចេញ​ពី​ការងារ ដោយ​មូល​ហេតុ​មាន​គភ៌ ឬ​ការ​ឈប់​សម្រាក​មាតុភាព និង​ការ​រើសអើង​ក្នុង​ការ​បណ្ដេញ​ចេញ​ពី​ការងារ ដោយ​ផ្អែក​លើ​ស្ថាន​ភាព​រៀប​អាពាហ៍ពិពាហ៍។

(ខ) ផ្ដល់​ការ​ឈប់​សម្រាក​មាតុភាព​ដោយ​មាន​ប្រាក់​ឈ្នួល ឬ​ប្រាក់​បំណាច់​សង្គមកិច្ច​ស្មើ​គ្នា ដោយ​គ្មាន​ការ​បាត់បង់​ការងារ អតីតភាព​ការងារ ឬ​ជំនួយ​សង្គមកិច្ច។

(គ) ជំរុញ​ការ​ផ្ដល់​សេវា​គាំពារ​សង្គមកិច្ច​ចាំបាច់ ដើម្បី​ឱ្យ​ឪពុក​ម្ដាយ​អាច​បញ្ចូល​កាតព្វកិច្ចគ្រួសារ​ជាមួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​ខាង​វិជ្ជាជីវៈ និង​ការ​ចូលរួម​ក្នុង​ជីវភាព​សាធារណៈ ជាពិសេស ដោយ​សម្រួល​ដល់​ការ​បង្កើត និង​ការ​អភិវឌ្ឍន៍​បណ្ដាញ​នៃ​សម្ភារៈ​រូប​វ័ន្ត​សម្រាប់​ថែទាំ​កុមារ។

(ឃ) ផ្ដល់​ការ​ការពារ​ពិសេស​ដល់​ស្ត្រី​កំពុង​មាន​គភ៌ ពី​ប្រភេទ​ការងារ​ទាំងឡាយ​ណា​ដែល​បញ្ជាក់​ឱ្យ​ឃើញ​ថា​មាន​គ្រោះ​ថ្នាក់​ដល់​ពួក​គេ។

៣. ច្បាប់​ការពារ​ស្ត្រី​ទាក់ទង​នឹង​បញ្ហា​ដែល​បាន​ចែង​ក្នុង​មាត្រា​នេះ ត្រូវ​លើក​យក​មក​ពិនិត្យ​ឡើង​វិញ​ជា​ទៀង​ទាត់ ទៅ​តាម​ចំណេះ​ដឹង​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកទេស និង​ត្រូវ​សើរើ ធ្វើ​និរាករណ៍ ឬ​អនុវត្ត​បន្ត​ទៅ​តាម​ការ​ចាំបាច់។

មាត្រា ១២

១. រដ្ឋ​ភាគី ត្រូវ​ប្រកាន់​យក​វិធានការ​សមស្រប​ទាំង​អស់ ដើម្បី​បំបាត់​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ ក្នុង​វិស័យ​ថែទាំ​សុខភាព ដើម្បី​ធានា ដោយ​ផ្អែក​លើ​មូលដ្ឋាន​សមភាព​រវាង​បុរស​និង​ស្ត្រី នូវ​សិទ្ធិទទួល​សេវា​សុខាភិបាល រួម​មាន​មធ្យោបាយ​ទាក់ទង​នឹង​ផែនការ​គ្រួសារ​ផង។

២. ក្រៅ​ពី​បទបញ្ញត្តិ​ដែល​ចែង​ក្នុង​កថាខណ្ឌ ១ នៃ​មាត្រា​នេះ រដ្ឋ​ភាគី​ត្រូវ​ធានា​ដល់​ស្ត្រី​កំពុង មាន​គភ៌ កំពុង​សំរាល​កូន និង​ក្រោយ​ពេល​សំរាល​កូន នូវ​ការ​ផ្ដល់​សេវា​សមស្រប បើ​ចាំបាច់ ដោយ​ឥត​គិត​ថ្លៃ ព្រម​ទាំង​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ក្នុង​រយៈពេល​មាន​គភ៌ និង​ពេល​បំបៅ​កូន។

មាត្រា ១៣

រដ្ឋ​ភាគី ត្រូវ​ចាត់​វិធានការ​សមស្រប​នានា ដើម្បី​បំបាត់​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ ក្នុង​វិស័យ ជីវភាព សេដ្ឋកិច្ច និង​សង្គមកិច្ច​ផ្សេងទៀត ដើម្បី​ធានា ដោយ​ផ្អែក​លើ​មូលដ្ឋាន​សមភាព​រវាង​បុរស​និង​ស្ត្រី នូវ​សិទ្ធិ​ដូច​គ្នា ជាពិសេស ៖

(ក) សិទ្ធិ​ទទួល​បាន​ផលប្រយោជន៍​សម្រាប់​គ្រួសារ

(ខ) សិទ្ធិ​ខ្ចី​ប្រាក់​ពី​ធនាគារ អ៊ីប៉ូតែក និង​ទម្រង់​ផ្សេងៗ​ទៀត​នៃ​ឥណទាន​ហិរញ្ញវត្ថុ

(គ) សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​កំសាន្ត កីឡា និង​គ្រប់​ទិដ្ឋភាព​នៃ​ជីវភាព​វប្បធម៌។

មាត្រា ១៤

១. រដ្ឋ​ភាគី ត្រូវ​គិតគូរ​ដល់​បញ្ហា​ពិសេស​ដែល​ស្ត្រី​នៅ​ជនបទ​ប្រឈម​មុខ និង​តួនាទី​សំខាន់​របស់​ស្ត្រី​ជនបទ​ ក្នុង​ការ​រក្សា​ភាព​គង់វង្ស​សេដ្ឋកិច្ច​គ្រួសារ​របស់​ខ្លួន រួម​មាន​ការងារ​របស់​ពួក​គេ​ក្នុង​ផ្នែក​គ្មាន​ចំណូល​សេដ្ឋកិច្ច​ផង​។ រដ្ឋ​ភាគី ត្រូវ​ចាត់​វិធានការ​សមស្រប​ទាំង​អស់ ដើម្បី​ធានា​ការ​អនុវត្ត​បទ​បញ្ញត្តិ នៃ​អនុសញ្ញា​នេះ ចំពោះ​ស្ត្រី​នៅ​ជនបទ។

២. រដ្ឋ​ភាគី ត្រូវ​ប្រកាន់​យក​វិធានការ​សមស្រប​ទាំង​អស់ ដើម្បី​បំបាត់​ការ​រើសអើង​ប្រឆាំង​នឹង ស្ត្រី​នៅ​ជនបទ ដើម្បី​ធានា​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​សមភាព​រវាង​បុរស​និង​ស្ត្រី នូវ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍន៍​ជនបទ និង​ទទួល​អត្ថប្រយោជន៍​ពី​ការ​អភិវឌ្ឍន៍​ជនបទ និង​ជាពិសេស​ត្រូវ​ធានា​ឱ្យ​ស្ត្រី​ជនបទ​ទាំង​នោះ​ នូវ​សិទ្ធិ ៖

(ក) ចូល​រួម​ពេញលេញ​ក្នុង​ការ​តាក់តែង និង​អនុវត្ត​ផែន​ការ​អភិវឌ្ឍន៍​នៅ​គ្រប់​លំដាប់​ថ្នាក់។

(ខ) មាន​សិទ្ធិ​ទទួល​បាន​សេវា​គ្រប់គ្រាន់​ខាង​វិស័យ​សុខាភិបាល រួម​ទាំង​ព័ត៌មាន ដំបូន្មាន និង សេវា​ខាង​ផែនការ​គ្រួសារ។

(គ) ទទួល​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ពី​កម្មវិធី​សន្តិសុខ​សង្គម។

(ឃ) ទទួល​បាន​ការ​បណ្ដុះបណ្ដាល​និង​ការ​អប់រំ​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ​គ្រប់​ប្រភេទ រួម​មាន ការ​អប់រំ​អក្ខរកម្ម​ បង្កើត​មុខរបរ​ផង ព្រម​ទាំង​ជាពិសេស​អត្ថប្រយោជន៍​ខាង​សេវា​សហគមន៍ និង​ការ ពន្យល់​ផ្សព្វផ្សាយ​របស់​ថ្មី ដើម្បី​បង្កើន​សមត្ថភាព​បច្ចេកទេស​របស់​ស្ត្រី។ 

(ង) រៀបចំ​ក្រុម​និង​សហករណ៍​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឱ្យ​មាន​សិទ្ធិ​ មាន​ឱកាស​ខាង​សេដ្ឋកិច្ច​ស្មើ​គ្នា តាម​រយៈ​ការងារ​មាន​ប្រាក់​ឈ្នួល ឬ​ការងារ​ឯករាជ្យ។ 

(ច) ចូលរួម​ក្នុង​គ្រប់​សកម្មភាព​របស់​សហគមន៍

(ឆ) មាន​សិទ្ធិ​ទទួល​បាន​ឥណទាន​និង​ប្រាក់​កម្ចី​ខាង​កសិកម្ម សេវា​រក​ទី​ផ្សារ បច្ចេកវិជ្ជា​សមស្រប និង​ការ​គិតគូរ​ស្មើ​គ្នា​ក្នុង​ការ​កែ​ទម្រង់​ដីធ្លី​និង​កសិកម្ម ព្រម​ទាំង​ក្នុង​គម្រោង​បែង​ចែក​ដី​ធ្លី។

(ជ) អាស្រ័យ​ផល​លក្ខខណ្ឌ​រស់​នៅ​គ្រប់គ្រាន់ ជាពិសេស​ទាក់ទង​នឹង​ការ​មាន​ផ្ទះ​សម្បែង អនាម័យ ការ​ផ្គត់ផ្គង់​អគ្គិសនី​និង​ទឹក ការ​ដឹក​ជញ្ជូន និង​គមនាគមន៍។<--pagebreak->

ផ្នែកទី ៤

មាត្រា ១៥

១. រដ្ឋ​ភាគី ត្រូវ​ផ្ដល់​ឱ្យ​ស្ត្រី​នូវ​សមភាព​ជាមួយ​បុរស​នៅ​ចំពោះ​មុខ​ច្បាប់។

២. រដ្ឋ​ភាគី ត្រូវ​ផ្ដល់​ឱ្យ​ស្ត្រី​ក្នុង​បញ្ហា​រដ្ឋប្បវេណី នូវ​ឋានៈ​នីត្យានុកូល​ដូច​គ្នា​នឹង​បុរស និង​មាន ឱកាស​ដូច​គ្នា​ដើម្បី​ប្រើ​ប្រាស់​ឋានៈ​នេះ​។ ជាពិសេស រដ្ឋ​ភាគី​ ត្រូវ​ផ្ដល់​ឱ្យ​ស្ត្រី​នូវ​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ចុះ​កិច្ចសន្យា និង​ការ​គ្រប់គ្រង​ទ្រព្យ និង​ត្រូវ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​មក​លើ​ស្ត្រី​ដូច​គ្នា ក្នុង​គ្រប់​ដំណាក់​កាល​នៃ​នីតិវិធី របស់​តុលាការ និង​សាលា​ជំរះ​ក្ដី។

 

៣. រដ្ឋ​ភាគី​ ព្រមព្រៀង​គ្នា​ថា កិច្ចសន្យា​ទាំង​អស់ និង​លិខិតុបករណ៍​ឯកជន​ដទៃ​ទៀត​គ្រប់​ប្រភេទ ដែល​មាន​អានុភាព​នីត្យានុកូល សំដៅ​រឹត​ត្បិត​ឋានៈ​នីត្យានុកូល​របស់​ស្ត្រី ត្រូវ​ទុក​ជា​មោឃៈ។

៤. រដ្ឋ​ភាគី ត្រូវ​ឱ្យ​បុរស​និង​ស្ត្រី​មាន​សិទ្ធិ​ដូច​គ្នា​ចំពោះ​ច្បាប់ ​ដែល​ទាក់​ទង​ដល់​សិទ្ធិ​ដើរ​ហើរ​របស់​បុគ្គល និង​សេរីភាព​ជ្រើស​រើស​និវេសនដ្ឋាន និង​លំនៅដ្ឋាន។

មាត្រា ១៦

១. រដ្ឋ​ភាគី ត្រូវ​ចាត់​វិធាន​ការ​សម​ស្រប​ទាំង​អស់ ដើម្បី​បំបាត់​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី លើ រាល់​បញ្ហា​ដែល​ទាក់​ទង​នឹង​អាពាហ៍ពិពាហ៍ និង​ទំនាក់​ទំនង​គ្រួសារ និង​ជា​ពិសេស ដោយ​ផ្អែក​លើ​មូលដ្ឋាន សមភាព​រវាង​បុរស​និង​ស្ត្រី ត្រូវ​ធានា​ឱ្យ​ស្ត្រី​នូវ​ ៖

(ក) សិទ្ធិ​ដូច​គ្នា​ក្នុង​ការ​ចុះ​កិច្ច​សន្យា​អាពាហ៍ពិពាហ៍។

(ខ) សិទ្ធិ​ដូច​គ្នា​ក្នុង​ការ​ជ្រើស​រើស​សហព័ទ្ធ​របស់​ខ្លួន​ដោយ​សេរី និង​ក្នុង​ការ​ចុះ​កិច្ចសន្យា​អាពាហ៍ពិពាហ៍ តែ​នៅ​ពេល​ណា​ដែល​ពួក​គេ​ព្រមព្រៀង​គ្នា​ដោយ​សេរី និង​ដោយ​ពេញ​លេញ​ប៉ុណ្ណោះ។

(គ) សិទ្ធិ​និង​ការ​ទទួល​ខុស​ត្រូវ​ដូច​គ្នា នៅ​ពេល​មាន​ចំណង​អាពាហ៍ពិពាហ៍ និង​នៅ​ពេល​រំលាយ​អាពាហ៍ពិពាហ៍។

(ឃ) សិទ្ធិ​និង​ការ​ទទួល​ខុស​ត្រូវ​ដូច​គ្នា​ក្នុង​នាទី​ជា​ឪពុក​ម្ដាយ​លើ​បញ្ហា​ទាក់​ទង​នឹង​កូន ដោយ​ឥត​គិត​ពី​ស្ថានភាព​គ្រួសារ ហើយ​អត្ថ​ប្រយោជន៍​របស់​កូន​ត្រូវ​ស្ថិត​ជា​ចម្បង​នៅ​គ្រប់​ករណី​ទាំង​អស់។

(ង) សិទ្ធិ​ដូច​គ្នា​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​សេរី ​និង​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ក្នុង​ការ​សម្រេច​អំពី​ចំនួន និង​ការ​ពន្យារ​កំណើត​កូន និង​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ការ​អប់រំ និង​មធ្យោបាយ ​ដើម្បី​ឱ្យ​ស្ត្រី​អាច​ប្រើ​ប្រាស់​សិទ្ធិ​ទាំង​នេះ។

(ច) សិទ្ធិ​និង​ការ​ទទួល​ខុស​ត្រូវ​ដូច​គ្នា ចំពោះ​ការ​អាណាព្យាបាល ការ​ការពារ ការ​គ្រប់​គ្រង និង​ការ​ទទួល​ចិញ្ចឹម​កូន​អ្នក​ដទៃ ឬ​ក្នុង​ការ​អនុវត្ត​ស្រដៀង​គ្នា​នេះ បើ​គំនិត​ទាំង​នេះ​មាន​ស្រាប់​នៅ​ក្នុងច្បាប់​ជាតិ ។ នៅ​គ្រប់​ករណី​ទាំង​អស់ អត្ថ​ប្រយោជន៍​របស់​កូន​ត្រូវ​ចាត់​ទុក​ជា​ចម្បង។

(ឆ) សិទ្ធិ​បុគ្គល​ដូច​គ្នា​រវាង​ប្ដី​និង​ប្រពន្ធ​ រួម​មាន​សិទ្ធិ​ជ្រើស​រើស​នាម​ត្រកូល វិជ្ជាជីវៈ និង​មុខ​របរ ផង។

(ជ) សិទ្ធិ​ដូចគ្នា​សម្រាប់​ទាំងពីរ​នាក់​ប្ដី​និង​ប្រពន្ធ​ ចំពោះ​កម្មសិទ្ធិ ការ​ទិញ ការ​ចាត់ចែង ការ​គ្រប់គ្រង ការ​អាស្រ័យ​ផល និង​ការ​ប្រគល់​ទ្រព្យសម្បត្តិ ទោះ​ដោយ​មិន​គិត​ថ្លៃ​ក្ដី ឬ​គិត​ថ្លៃ​ក្ដី។

២. ការ​ភ្ជាប់​ពាក្យ និង​ការ​រៀប​អាពាហ៍ពិពាហ៍​កូន មិន​ត្រូវ​មាន​អានុភាព​ផ្លូវ​ច្បាប់​ទេ ហើយ​គេ​ត្រូវ​ចាត់​វិធានការ​ចាំបាច់​ទាំង​អស់ រួម​មាន​ការ​ធ្វើ​ច្បាប់​ផង ដើម្បី​កំណត់​អាយុ​អប្បបរមា សម្រាប់​រៀប អាពាហ៍ពិពាហ៍ ហើយ​ចាំបាច់​ត្រូវ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​នៅ​ក្នុង​បញ្ជី​ជា​ផ្លូវការ។

ផ្នែក​ទី ៥

មាត្រា ១៧

១. ក្នុង​គោលបំណង​ពិនិត្យ​ការ​វិវឌ្ឍន៍​ទៅ​មុខ​នៃ​ការ​អនុវត្ត​អនុសញ្ញា​នេះ គណៈកម្មាធិការ​ទទួលបន្ទុក​ការ​លប់​បំបាត់​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​មួយ ត្រូវ​បាន​បង្កើត​ឡើង (ចាប់​ពី​នេះ​ទៅ ប្រើ​ត្រឹម​តែពាក្យ​គណៈកម្មាធិការ)។ គណៈកម្មាធិការ​នេះ មាន​អ្នក​ជំនាញការ ១៨ រូប នៅ​ពេល​ដែល​អនុសញ្ញា​នេះ​ចូល​ជា​ធរមាន​។ បន្ទាប់​ពី​រដ្ឋ​ភាគី​ទី ៣៥ បាន​ឱ្យ​សច្ចាប័ន​ ឬ​បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ​។ គណៈកម្មាធិការ​នេះ​នឹង​មាន​អ្នក​ជំនាញការ​ចំនួន ២៣ រូប ដែល​មាន​សីលធម៌​ និង​មាន​សមត្ថកិច្ច​ខ្ពស់​ក្នុង​វិស័យ​ដែល​ត្រូវ​អនុវត្ត​អនុសញ្ញា​នេះ​។ អ្នក​ជំនាញការ​ ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដោយ​រដ្ឋ​ភាគី​ពី​ក្នុង​ចំណោម​ជនជាតិ​របស់​ខ្លួន និង​ត្រូវ​ធ្វើការ​ក្នុង​ឋានៈ​ជា​បុគ្គល​ឯកជន​ ដោយ​ធ្វើ​ការ​ពិចារណា​បែង​ចែក​ទៅ​តាម​ភូមិសាស្ត្រ​ដោយ​សមធម៌ និង​ឱ្យ​មាន​តំណាង​ទម្រង់​ផ្សេងៗ​នៃ​អារ្យធម៌​ ព្រម​ទាំង​ទៅ​តាម​ប្រព័ន្ធ​ច្បាប់​ធំ​ៗ​ផង។

២. សមាជិក​របស់​គណៈកម្មាធិការ ត្រូវ​ជ្រើសរើស​តាម​ការ​បោះ​ឆ្នោត​សម្ងាត់ ពី​បញ្ជី​បេក្ខជន​ ដែល​ស្នើ​ដោយ​រដ្ឋ​ភាគី​។ រដ្ឋ​ភាគី​នីមួយៗ អាច​ដាក់​ស្នើ​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​របស់​ខ្លួន។

៣. ការ​បោះឆ្នោត​ដំបូង​បង្អស់ ត្រូវ​ធ្វើ​ឡើង ៦ ខែ ក្រោយ​ពី​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​នៃ​អនុសញ្ញា​នេះ​។ យ៉ាង​តិច ៣ ខែ មុន​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​នីមួយៗ អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ ត្រូវ​ចេញ​លិខិត​អញ្ជើញ​រដ្ឋ​ភាគី​ឱ្យ​ដាក់​ស្នើ​នាម​បេក្ខជន​របស់​ខ្លួន​ក្នុង​រយៈពេល ២ ខែ។ អគ្គលេខាធិការ​ត្រូវ​រៀបចំ​តាម​លំដាប់​អក្ខរក្រម នូវ​បញ្ជី​ឈ្មោះ​បេក្ខជន​ដែល​ស្នើ​ដោយ​រដ្ឋ​ភាគី ដោយ​បញ្ជាក់​ឈ្មោះ​រដ្ឋ​ភាគី​ដែល​បាន​ជ្រើស​តាំង​បេក្ខជន​ទាំង​នោះ​ ហើយ​ផ្ញើ​បញ្ជី​នេះ​ទៅ​គ្រប់​រដ្ឋ​ភាគី។

៤. ការ​បោះឆ្នោត​ជ្រើសរើស ត្រូវ​ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំ​របស់​រដ្ឋ​ភាគី តាម​ការ​កោះ​អញ្ជើញ​ ដោយ​អគ្គលេខាធិការ​នៅ​ទី​ស្នាក់​ការ​អង្គការសហប្រជាជាតិ​។ កូរ៉ុម​សម្រាប់​កិច្ច​ប្រជុំ​គឺ​ពីរ​ភាគ​បី​នៃ​រដ្ឋ​ភាគី​។ បេក្ខជន​ដែល​ជាប់​ជា​សមាជិក​គណៈកម្មាធិការ ត្រូវ​តែ​ជា​បេក្ខជន​ទទួល​បាន​សម្លេង​ច្រើន​បំផុត និង​សម្លេង​ភាគ​ច្រើន​ដាច់ខាត​ពី​តំណាង​របស់​រដ្ឋ​ភាគី​ដែល​មាន​វត្តមាន និង​បាន​បោះឆ្នោត។

៥. សមាជិក​គណៈកម្មាធិការ ត្រូវ​ជ្រើសរើស​តាម​ការ​បោះឆ្នោត​សម្រាប់​រយៈពេល ៤ ឆ្នាំ​។ ប៉ុន្តែ​ អាណត្តិ​សមាជិក ៩ រូប ដែល​ជាប់​នៅ​ពេល​បោះឆ្នោត​លើក​ទី ១ ត្រូវ​ផុត​កំណត់​ក្នុង​រយៈពេល ២ ឆ្នាំ ហើយ​ឈ្មោះ​សមាជិក​ទាំង ៩ រូប​នេះ ត្រូវ​ចាប់​ឆ្នោត​ជ្រើសរើស​ដោយ​ប្រធាន​អង្គ​ប្រជុំ​ភ្លាម​ៗ ​បន្ទាប់​ពី​ការ​បោះឆ្នោត​លើក​ទី ១។

៦. ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​បន្ថែម ៥ រូប នឹង​ត្រូវ​ធ្វើ​ឡើង​ស្រប​តាម​ បទ​បញ្ញត្តិ​ច្បាប់​ក្នុង​កថាខណ្ឌ ២ កថាខណ្ឌ ៣ នឹង​កថាខណ្ឌ ៤ នៃ​មាត្រា​នេះ បន្ទាប់​ពី​មាន​ការ​ផ្ដល់ សច្ចាប័ន ឬ​ការ​ចូល​ជា​សមាជិក​លើក​ទី ៣៥​។ អាណត្តិ​សមាជិក ២ រូប នៃ​សមាជិក​បន្ថែម​ដែល​ជាប់​ឆ្នោត​នឹង​ត្រូវ​ផុត​កំណត់​ក្នុង​រយៈពេល ២ ឆ្នាំ ហើយ​ឈ្មោះ​សមាជិក​ទាំង ២ រូប​នេះ​ ត្រូវ​ជ្រើសរើស​តាម​ការ​ចាប់ឆ្នោត​ដោយ​ប្រធាន​គណៈកម្មាធិការ។

៧. ដើម្បី​បំពេញ​កន្លែង​ទំនេរ​ដោយ​ចៃដន្យ រដ្ឋ​ភាគី​ណា​ដែល​មាន​អ្នក​ជំនាញ​ការ​របស់​ខ្លួន​ឈប់​បំពេញ​មុខងារ​ជា​សមាជិក​គណៈកម្មាធិការ ត្រូវ​តែង​តាំង​អ្នក​ជំនាញការ​ម្នាក់​ទៀត​ពី​ចំណោម​ជនជាតិ​ខ្លួន ដោយ​មាន​ការ​យល់​ព្រម​ពី​គណៈកម្មាធិការ។

៨. សមាជិក​គណៈកម្មាធិការ​ ត្រូវ​ទទួល​ថវិកា​ពី​ធនធាន​របស់​អង្គការ​សហប្រជាជាតិ តាម ចំណែក​ និង​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​មហាសន្និបាត អាស្រ័យ​លើ​សារសំខាន់​នៃ​ការងារ​របស់​គណៈកម្មាធិការ។

 

៩. អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ត្រូវ​ផ្ដល់​បុគ្គលិក​និង​សម្ភារៈ​រូបវន្ត​ដែល​ចាំបាច់​សម្រាប់ គណៈកម្មាធិការ​បំពេញ​មុខងារ​ឱ្យ​បាន​ស័ក្ដិសិទ្ធិ ស្រប​តាម​អនុសញ្ញា​នេះ។

 មាត្រា ១៨

១. រដ្ឋ​ភាគី សន្យា​ដាក់​ជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​គណៈកម្មាធិការ​ពិនិត្យ នូវ​របាយការណ៍​ស្តី​ពី​វិធានការ​ខាង​នីតិកម្ម តុលាការ រដ្ឋបាល ឬ​វិធានការ​ផ្សេងៗ ដែល​បាន​អនុម័ត​ផ្ដល់ អនុភាព​ដល់​បទបញ្ញត្តិ​នៃ​អនុសញ្ញា​នេះ ព្រម​ទាំង​ការ​រីកចម្រើន​ដែល​សម្រេច​បាន ៖

(ក) ក្នុងរយៈពេល ១ ឆ្នាំ ក្រោយ​ពី​ការ​ចូល​ជា​ធរមាន​នៃ​អនុសញ្ញា ចំពោះ​រដ្ឋ​ដែល​ពាក់ព័ន្ធ​។

(ខ) បន្ទាប់មក យ៉ាង​ហោច​ណាស់​រៀងរាល់ ៤ ឆ្នាំ​ម្ដង និង​របាយការណ៍​បន្ថែម បើ​មាន​សេចក្ដី​ស្នើ​សុំ​របស់​គណៈកម្មាធិការ​។

 

២. របាយការណ៍ អាច​បញ្ជាក់​ពី​កត្តា​និង​ការ​លំបាក ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​កាតព្វកិច្ច ស្រប​តាម​អនុសញ្ញា​នេះ។

មាត្រា​ ១៩

១. គណៈកម្មាធិការ ត្រូវ​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ខ្លួន។

២. គណៈកម្មាធិការ ត្រូវ​បោះឆ្នោត​ជ្រើសរើស​មន្ត្រី​ការិយាល័យ​របស់​ខ្លួន​សម្រាប់​រយៈពេល ២ ឆ្នាំ។

មាត្រា ២០

១. គណៈកម្មាធិការ ត្រូវ​ជួប​ប្រជុំ​ជា​ធម្មតា​មិន​លើស​ពី ២ សប្តាហ៍​ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​ពិនិត្យ របាយការណ៍​ដែល​ស្នើ​ឡើង​ស្រប​តាម​មាត្រា ១៨ នៃ​អនុសញ្ញា​នេះ។

២. សម័យ​ប្រជុំ​គណៈកម្មាធិការ ត្រូវ​ប្រារព្ធ​ធ្វើ​ជា​ធម្មតា​នៅ​ទី​ស្នាក់​ការ​នៃ​អង្គការ​សហប្រជាជាតិ ឬ​នៅ​កន្លែង​សមស្រប​មួយ​ផ្សេង​ពី​នេះ អាស្រ័យ​ដោយ​ការ​កំណត់​របស់​គណៈកម្មាធិការ។

 

មាត្រា ២១

១. តាម​រយៈ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គមកិច្ច គណៈកម្មាធិការ​ត្រូវ​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​ ជូន​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ អំពី​សកម្មភាព​របស់​ខ្លួន និង​អាច​ផ្ដល់​យោបល់​ និង​ផ្ដល់​អនុសាសន៍​ទូទៅ ផ្អែក​លើ​ការ​ពិនិត្យ​របាយការណ៍ និង​ព័ត៌មាន​ដែល​ទទួល​បាន​ពី​រដ្ឋ​ភាគី​។ ការ​ផ្ដល់​យោបល់ និង​អនុសាសន៍ ត្រូវ​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​របស់​គណៈកម្មាធិការ អម​ដោយ​មូលវិចារណ៍​របស់​រដ្ឋ​ភាគី ប្រសិន​បើ​មាន។

 

២. អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ត្រូវ​បញ្ជូន​របាយការណ៍​របស់​គណៈកម្មាធិការ​ទៅ គណៈកម្មការ​ទទួល​បន្ទុក​ស្ថានភាព​ស្ត្រី ដើម្បី​ជ្រាប​ជា​ព័ត៌មាន។

 

មាត្រា ២២

អង្គការ​ឯកទេស មាន​សិទ្ធិ​ មាន​ជា​តំណាង​នៅ​ពេល​ពិនិត្យ​ការ​អនុវត្ត​បទ​បញ្ញត្តិ​នៃ​អនុសញ្ញា​នេះ​ ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​សកម្មភាព​របស់​ខ្លួន​។ គណៈកម្មាធិការ​ អាច​អញ្ជើញ​អង្គការ​ឯកទេស​នានា ឱ្យ​ដាក់​របាយការណ៍​ស្តី​ពី​ការ​អនុវត្ត​អនុសញ្ញា​នេះ​ ក្នុង​វិស័យ​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​សកម្មភាព​របស់​ខ្លួន។<--pagebreak->

ផ្នែក​ទី ៦

មាត្រា ២៣

គ្មាន​ចំណុច​ណា​មួយ​ក្នុង​អនុសញ្ញា​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បទ​បញ្ញត្តិ ដែល​នាំ​ឱ្យ​សម្រេច​បាន​នូវ​អត្ថប្រយោជន៍​ខាង​សមភាព​រវាង​បុរស​និង​ស្ត្រី ដែល​អាច​មាន​ច្រើន​ជាង​នេះ​នៅ​ក្នុង ៖

(ក) ច្បាប់​របស់​រដ្ឋ​ភាគី ឬ

(ខ) អនុសញ្ញា សន្ធិសញ្ញា ឬ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ផ្សេង​ទៀត​ ដែល​នៅ​ជា​ធរមាន​ក្នុង​រដ្ឋ​នោះ។

មាត្រា ២៤

រដ្ឋ​ភាគី សន្យា​អនុម័ត​គ្រប់​វិធានការ​ចាំបាច់​ថ្នាក់​ជាតិ ដើម្បី​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ការ​ប្រើប្រាស់ ​ឱ្យ​បាន​ពេញលេញ នូវ​សិទ្ធិ​ទាំងឡាយ​ដែល​ទទួល​ស្គាល់​ក្នុង​អនុសញ្ញា​នេះ។

មាត្រា ២៥

១. អនុសញ្ញា​នេះ ត្រូវ​បើក​ចំហ​ឱ្យ​រដ្ឋ​ទាំង​អស់​ចុះ​ហត្ថលេខា។

២. អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ត្រូវ​ចាត់​តាំង​ជា​អ្នក​ទទួល​តំកល់​ទុក​អនុសញ្ញា​នេះ។

 

៣. អនុសញ្ញា​នេះ ជា​កម្មវត្ថុ​នៃ​ការ​ឱ្យ​សច្ចាប័ន​។ លិខិតុបករណ៍​នៃ​ការ​ឱ្យ​សច្ចាប័ន​ត្រូវ​តំកល់​ទុក​នៅ​នឹង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

៤. អនុសញ្ញា​នេះ ត្រូវ​បើក​ចំហ​ឱ្យ​រដ្ឋ​ទាំង​អស់​សុំ​ចូល​ជា​សមាជិក​។ ការ​សុំ​ចូល​ជា​សមាជិក​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​តំកល់​លិខិតុបករណ៍​សុំ​ចូល​រួម​ជា​សមាជិក​នៅ​នឹង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

មាត្រា ២៦

១. រដ្ឋ​ភាគី អាច​សុំ​សើរើ​អនុសញ្ញា​នេះ​បាន​នៅ​គ្រប់​ពេល​វេលា ដោយ​ការ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

២. មហា​សន្តិ​បាត​អង្គការ​សហប្រជាជាតិ ត្រូវ​សម្រេច​លើ​វិធានការ​ដែល​ត្រូវ​ចាត់ ប្រសិន​ជា​មាន ​តាម​សេចក្ដី​សុំ​នោះ។

មាត្រា ២៧

១. អនុសញ្ញា​នេះ ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​សាមសិប ក្រោយ​កាលបរិច្ឆេទ​នៃ​តំកល់​លិខិតុបករណ៍​ឱ្យ​សច្ចាប័ន ឬ​ការ​សុំ​ចូល​ជា​សមាជិក​ទី ២០ នៅ​នឹង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

២. សម្រាប់​រដ្ឋ​នីមួយៗ​ដែល​ឱ្យ​សច្ចាប័ន​លើ​អនុសញ្ញា​នេះ ឬ​សុំ​ចូល​ជា​សមាជិក ក្រោយ​ពី​ការ ​តំកល់​លិខិតុបករណ៍​នៃ​ការ​ឱ្យ​សច្ចាប័ន ឬ​ការ​សុំ​ចូល​ជា​សមាជិក​ទី ២០ អនុសញ្ញា​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី​សាមសិប ក្រោយ​កាលបរិច្ឆេទ​នៃ​ការ​ដាក់​តំកល់​លិខិតុបករណ៍​ឱ្យ​សច្ចាប័ន​ ឬ​ការ​សុំ​ចូល​ជា​សមាជិក​របស់​ខ្លួន។

 

មាត្រា ២៨

១. អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ត្រូវ​ទទួល និង​ផ្សព្វផ្សាយ​ដល់​រដ្ឋ​ទាំង​អស់​នូវ​អត្ថបទ លក្ខខណ្ឌ​ដែល​រដ្ឋ​បាន​ធ្វើ នៅ​ខណៈ​ពេល​ឱ្យ​សច្ចាប័ន ឬ​សុំ​ចូល​ជា​សមាជិក។

២. លក្ខខណ្ឌ​ដែល​មិន​ស្រប​តាម​កម្មវត្ថុ​និង​គោលបំណង​នៃ​អនុសញ្ញា​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ឡើយ។

៣. លក្ខខណ្ឌ​ទាំង​ឡាយ​អាច​ដក​ចេញ​ទៅ​វិញ​បាន​នៅ​គ្រប់​ពេល​វេលា ដោយ​ការ​ជូន​ដំណឹង​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​ជូន​ដំណឹង​នេះ​បន្ត​ដល់​រដ្ឋ​ទាំង​អស់​។ ការ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ត្រូវ​មាន​ប្រសិទ្ធិភាព​នៅ​ថ្ងៃ​ដែល​បាន​ទទួល។

 

មាត្រា ២៩

១. រាល់​វិវាទ​រវាង​រដ្ឋ​ភាគី​ពីរ ឬ​ច្រើន​ជាង​នេះ ស្ដី​ពី​ការ​បកស្រាយ ឬ​ការ​អនុវត្ត​អនុសញ្ញា​នេះ​ដែល​មិន​អាច​ដោះស្រាយ​តាម​រយៈ​ការ​ច​ចារ​បាន ត្រូវ​ដាក់​ឱ្យ​មាន​ការ​សម្រេច​ដោយ​អាជ្ញា​កណ្ដាល​ តាម​សំណើ​របស់​ភាគី​ណា​មួយ​នៃ​គូ​វិវាទ​នេះ​។ បើ​ក្នុង​រយៈពេល ៦ ខែ គិត​ចាប់​ពី​ថ្ងៃ​ស្នើ​ឱ្យ​មាន​អាជ្ញា​កណ្ដាល ភាគី​វិវាទ​មិន​ឯកភាព​លើ​ការ​រៀបចំ​អាជ្ញា​កណ្ដាល​ទេ ភាគី​ណា​មួយ​នៃ​ភាគី​វិវាទ​ទាំង​នោះ​ អាច​លើក​រឿង​វិវាទ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ តាម​សេចក្ដី​សុំ​ស្រប​តាម​លក្ខន្តិកៈ​របស់​តុលាការ។

២. រដ្ឋ​ភាគី​នីមួយៗ នៅ​ពេល​ចុះ​ហត្ថលេខា ឬ​ឱ្យ​សច្ចាប័ន ឬ​សុំ​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ​ អាច​ប្រកាស​ថា ខ្លួន​មិន​ជាប់​កាតព្វកិច្ច​នឹង​កថាខណ្ឌ ១ នៃ​មាត្រា​នេះ​ទេ​។ រដ្ឋ​ភាគី​ឯ​ទៀត​នឹង​មិន​ជាប់​កាតព្វកិច្ច​ក្នុង​កថាខណ្ឌ ១ នេះ ជាមួយ​រដ្ឋ​ភាគី​ណា​ដែល​បាន​ធ្វើ​លក្ខខណ្ឌ​នេះ​ឡើយ។

 

៣. រដ្ឋ​ភាគី​ណា ដែល​ធ្វើ​លក្ខខណ្ឌ​ស្រប​តាម​កថាខណ្ឌ ២ នៃ​មាត្រា​នេះ អាច​ដក​លក្ខខណ្ឌ​របស់​ខ្លួន​វិញ​គ្រប់​ពេល ដោយ​ការ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

មាត្រា ៣០

អនុសញ្ញា​នេះ ដែល​មាន​អត្ថបទ​ជា​ភាសា​អារ៉ាប់ ចិន អង់គ្លេស បារាំង រុស្ស៊ី និងអេស្ប៉ាញ៉ុល មាន​តម្លៃ​ស្មើ​គ្នា នឹង​ត្រូវ​តំកល់​ទុក​នៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

ជា​បន្ទាល់​នៃ​អនុសញ្ញា​នេះ បុណ្ណ​ទូត​ដែល​មាន​ហត្ថលេខា​ខាងក្រោម ហើយ​ដែល​បាន​ទទួល​នូវ​ការ​អនុញ្ញាត​យ៉ាង​ត្រឹមត្រូវ បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​នេះ។