សទ្ទានុក្រម

ពាក្យ និយម​ន័យ
ស្ត្រី​និយម​ ឬ ស្រី​និយម

ស័ព្ទ "​ស្ត្រី​និយម​ ឬ​ ស្រី​និយម​" នេះ​គឺ​បាន​ពី​ពាក្យ​ក្នុង​ភាសា​ឡាតាំង​ថា​ Femina មាន​ន័យ​ថា​ "​ស្រី​" ​។ គេ​ចាប់​ផ្ដើម​ប្រើ​ស័ព្ទ​នេះ​នៅ​ក្នុង​កំឡុង​ឆ្នាំ ១៨៩០ ដោយ​យោង​ទៅ​លើ​ទ្រឹស្ដី​សមភាព​រវាង​បុរស និង​ស្ត្រី និង​ចលនា​ដើម្បី​សិទ្ធិ​ស្ត្រី​។ សព្វ​ថ្ងៃ​នេះ វចនានុក្រម​អន្តរជាតិ​នានា​តែង​តែ​ឱ្យ​និយម​ន័យ​ថា ជា​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ស្ត្រី ដោយ​មាន​ជំនឿ​លើ​សមភាព​រវាង​ភេទ​ទាំង​ពី​។ រីឯ​ន័យ​ទូលាយ​របស់​ពាក្យ​នេះ​ គឺ​គេ​សំដៅ​យក​ជន​គ្រប់​រូប​ដែល​យល់​ដឹង និង​ស្វែង​រក​មធ្យោបាយ​ដើម្បី​បញ្ចប់​ការ​ដាក់​ស្ត្រី​ឱ្យ​ស្ថិត​នៅ​ក្រោម​ បង្គាប់​គេ​។

ស្ត្រី​នៅ​ក្នុង​ការ​អភិវឌ្ឍ WID/GAD

វិធីសាស្ត្រ WID (ឬ ស្ត្រី​នៅ​ក្នុង​ការ​អភិវឌ្ឍ = Women in Development) អំពាវនាវ​ឲ្យ​មាន​ការ​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ថែម​ទៀត​ចំពោះ​ស្ត្រី​នៅ​ក្នុង​គោលនយោបាយ និង​ការ​អនុវត្ត​ផ្នែក​ការ​អភិវឌ្ឍ និង​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុង​ការ​បញ្ចូល​ស្ត្រី ចូលទៅ​ក្នុង​ដំណើរការ​នៃ​ការ​អភិវឌ្ឍ។ ផ្ទុយ​មកវិញ វិធីសាស្ត្ររបស់ GAD (ឬ​យេនឌ័រ និង​ការ​អភិវឌ្ឍ = Gender and Development) ចំពោះ​គោលនយោបាយ និង​ការ​អនុវត្ត​ផ្នែក​ការ​​អភិវឌ្ឍ ផ្ដោតការយកចិត្ត​ទុកដាក់​លើ​មូលដ្ឋាន​នៃ​ភាព​ខុសគ្នា​រវាង​បុរស និង​ស្ត្រី ដែល​បង្កើតឡើង​ដោយ​សង្គម និង​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុង​ការ​ជំនះ​លើ​តួនាទី និង​ទំនាក់ទំនង​យេនឌ័រ​ដែល​មាន​ស្រាប់។

ស្ត្រី​បំពេញ​តួនាទី​បី​ក្នុង​ពេល​តែ​មួយ

ការងារ​បី​ប្រភេទ​ដែល​ស្រ្តី​ធ្វើ៖

ផលិត៖ ការងារ​ទាំង​អស់​ដែល​ចូលរួម​វិភាគទាន​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​គ្រួសារ និង​សហគមន៍ ដូចជា​ធ្វើ​ស្រែ ចិញ្ចឹម​មាន់ទា សិប្បកម្ម ធ្វើការងារ​ទទួលបាន​ប្រាក់ឈ្នួល...

ថែទាំ-ផ្ទះសម្បែង៖ មើល​ថែ​ផ្ទះ​សម្បែង និង​សហគមន៍ រកអុស/ដងទឹក រៀបចំ​អាហារ ថែទាំ​កូន/ថែមនុស្ស​ចាស់។

សហគមន៍៖ គាំទ្រ​កម្មវិធី​ផ្នែក​សង្គម និង​សេវា​ផ្នែក​សង្គម​នានា ដូចជា​ពិធី​បុណ្យ ការ​កែលំអរ​សហគមន៍ សកម្មភាព​ផ្នែក​នយោបាយ...

ស្ថិតិ​យេនឌ័រ

ព័ត៌មាន​ និង​ទិន្នន័យ​ ដែល​មិន​មែន​គ្រាន់​តែ​ជា​ការ​ប្រៀប​ធៀប​រវាង​បុរស​និង​ស្ត្រី​នោះ​ទេ​ តែ​ធានា​ឱ្យ​មាន​ការ​វាស់​វែង​និង​ផ្ដល់​តម្លៃ​ដោយ​ត្រឹម​ត្រូវ​លើ​ការ​ចូល​ រួម​ និង​ការ​រួម​វិភាគ​ទាន​របស់​បុរស​និង​ស្ត្រី​នៅ​ក្នុង​សង្គម​នៅ​គ្រប់​ កម្រិត​ និង​គ្រប់​វិស័យ​។

អព្យា​ក្រិត​ភាព​យេនឌ័រ

ទស្សនៈ​អព្យា​ក្រិត​មិន​លំអៀង​ចំពោះ​ទំនាក់​ទំនង​យេនឌ័រ តែ​ជា​ទូទៅ​មិន​អាច​ជួយ​ដល់​ដំណើរ​ការ​ដែល​នាំ​ឱ្យ​មាន​សមភាព​យេនឌ័រ​ទេ​។

អំពើ​ហិង្សា​ក្នុង​គ្រួសារ

អំពើ​ហិង្សា​ក្នុង​គ្រួសារ​ គឺ​ជា​ការ​រំលោភ​បំពាន ឬ​ការ​បង្ខិត​បង្ខំ​ផ្លូវ​កាយ ផ្លូវ​ចិត្ត ផ្លូវ​ភេទ (​រួម​បញ្ចូល​ទាំង​ការ​ប្រមាថ​មាក់ងាយ ការ​គំរាម​កំហែង និង​ការ​ដាក់​ឱ្យ​នៅ​ឯកោ​ពី​គេ​ឯង​នៅ​ក្នុង​សង្គម​ផង​ដែរ​) និង​ការ​រំលោភ​បំពាន​ខាង​ផ្នែក​ជីវភាព​ សេដ្ឋកិច្ច​ពី​សំណាក់​បុគ្គល​ម្នាក់​ (​ឬ​ច្រើន​នាក់​) ដើម្បី​ត្រួត​ត្រា​ទៅ​លើ​បុគ្គល​ផ្សេង​ៗ​ទៀត​ដែល​រស់​នៅ​ក្រោម​ដំបូល​តែ​មួយ ឬ​សមាជិក​ក្នុង​បន្ទុក​គ្រួសារ​។

អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ

អំពើ​រំលោភ​បំពាន​ទាំង​ឡាយ​ទៅ​លើ​ភេទ​ណា​មួយ​ ដែល​គេ​គិត​ថា​ទន់​ខ្សោយ​ជាង​ខ្លួន​ ហើយ​ដែល​មាន​នាំ​ឱ្យ​មាន​សេចក្ដី​អន្តរាយ​លើ​រូប​រាង​កាយ​ ផ្លូវ​ភេទ​ ផ្លូវ​ចិត្ត​ ឬ​ខាង​សេដ្ឋកិច្ច​ ដោយ​ផ្អែក​លើ​យេនឌ័រ​នៃ​បុគ្គល​ណា​មួយ​។​ តាម​ធម្មតា​ គឺ​គេ​សំដៅ​លើ​ស្ត្រី​និង​កុមារ​ជា​អ្នក​រង​គ្រោះ​ តែ​ក៏​អាច​ជា​អំពើ​ហិង្សា​លើ​ភេទ​មួយ​ផ្សេង​ទៀត​ដែរ។​ អំពើ​ហិង្សា​នោះ​រួម​មាន​ ការ​គំរាម​កំហែង​ ការ​បង្ខិត​បង្ខំ​ ការ​ដក​ហូត​សេរី​ភាព​ ការ​រំលោភ​ផ្លូវ​ភេទ​និង​ផ្លូវ​ចិត្ត​ ការ​លប​ចាប់​ ឬ​ក៏​បំបែក​ផែនការ​ណា​មួយ​នៃ​ការ​បៀតបៀន​រំខាន​ ទោះ​ជា​កើត​ឡើង​ក្នុង​ជីវិត​ឯកជន​ ឬ​សាធារណៈ​ក៏​ដោយ​។

អំពើ​ហិង្សា​ផ្នែក​យេនឌ័រ

អំពើ​ហិង្សា ដែល​ពាក់ព័ន្ធ​នឹង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ដោយ​ក្នុងនោះ មនុស្ស​ស្រី ច្រើនតែ​ជា​ជនរងគ្រោះ ហើយ​ដែល​មាន​ប្រភព​កើតចេញ​ពី​ទំនាក់ទំនង​ អំណាច​មិន​ស្មើរគ្នារវាង​បុរស និង​ស្ត្រី។ អំពើហិង្សា ត្រូវ​បាន​ធ្វើឡើង​ប្រឆាំង​នឹង​ស្រ្តី​ដោយ​ផ្ទាល់ ដោយសារ​តែ​ពួកគេ​គឺ​ជា​ស្ត្រី ឬ​ដែល​ជះឥទ្ធិពល​លើ​ស្ត្រី​ក្នុង​ទំហំ​ធំធេងជាង។

អំពើ​ហិង្សា​ផ្នែក​យេនឌ័រ រួមមាន​ការ​បង្ករគ្រោះថ្នាក់​ផ្នែក​រាងកាយ ផ្លូវភេទ និង​ផ្លូវចិត្ត (រួមទាំង​ការ​បំភិតបំភ័យ ការ​រងទុក្ខ ការ​បង្ខិតបង្ខំ និង/ឬ​ការ​ដកហូតសេរីភាព​នៅ​ក្នុង​សហគមន៍​ទូទៅ)។ អំពើ​ហិង្សា​ផ្នែក​យេនឌ័រ ក៏​រួមទាំង​អំពើ​ហិង្សា​ដែល​រដ្ឋជួយ​ធ្វើ​ឲ្យ​សាយភាយ ឬ​ប្រព្រឹត្តិ​ដោយ​រដ្ឋ​ផងដែរ។ (និយមន័យ​ដកស្រង់ពី​ក្រុម​ប្រធានបទ​យេនឌ័រ​របស់​អង្គការ UNFPA ឆ្នាំ1998)

អំពើ​ហិង្សា​លើ​ស្ត្រី

តាម​និយម​ន័យ​ដែល​ផ្ដល់​ឱ្យ​ដោយ​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​សហ​ ប្រជាជាតិ​ស្ដី​ពី​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី សំដៅ​លើ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​នាំ​ឱ្យ​មាន ឬ​ក៏​ទំនង​ជា​នាំ​ឱ្យ​មាន​សេចក្ដី​អន្តរាយ​លើ​រូប​រាង​កាយ​ ផ្លូវ​ភេទ ផ្លូវ​ចិត្ត ឬ​ខាង​សេដ្ឋកិច្ច​ ឬ​ក៏​ការ​រង​ទុក្ខ​ទោស​ដែល​ទាក់​ទង​ទៅ​នឹង​យេនឌ័រ​នៃ​បុគ្គល​ណា​មួយ​។

តាម​ធម្មតា​គឺ​សំដៅ​លើ​ស្ត្រី​និង​ក្មេង​ស្រី តែ​ក៏​អាច​ជា​អំពើ​ហិង្សា​ទៅ​លើ​បុរស​ឬ​ស្ត្រី​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដែរ​។ អំពើ​ហិង្សា​នោះ​រួម​មាន​ ការ​គំរាម​កំហែង ការ​បង្ខិត​បង្ខំ ការ​ដក​ហូត​សេរីភាព ការ​ដក​សិទ្ធិ​ក្នុង​ការ​ធ្វើ​ការងារ​ដើម្បី​ចិញ្ចឹម​ជីវិត​ ការ​រំលោភ​ផ្លូវ​ភេទ និង​ផ្លូវ​ចិត្ត ការ​លប​ចាប់​ ឬ​ក៏​បែប​ផែន​ណា​មួយ​នៃ​ការ​បៀតបៀន​រំខាន ទោះ​បី​កើត​ឡើង​ក្នុង​ជីវិត​ឯកជន ឬ​សាធារណៈ​ក៏​ដោយ​។

សេចក្ដី​ប្រកាស​បន្ត​ទៀត​ថា អំពើ​ហិង្សា​លើ​ស្ត្រី​រួម​បញ្ចូល​ទាំង "​អំពើ​ហិង្សា​លើ​រាង​កាយ អំពើ​ហិង្សា​ផ្លូវ​ភេទ និង​អំពើ​ហិង្សា​ខាង​ផ្លូវ​ចិត្ត ដែល​កើត​មាន​ឡើង​នៅ​ក្នុង​គ្រួសារ​និង​នៅ​ក្នុង​សហគមន៍​ទាំង​មូល រាប់​បញ្ចូល​ទាំង​ការ​វាយ​ដំ ការ​រំលោភ​ផ្លូវ​ភេទ​លើ​ក្មេង​ស្រី ការ​រំលោភ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ការ​បៀតបៀន​កេរ​ខ្មាស​ស្ត្រី និង​ការ​អនុវត្ត​តាម​ប្រពៃណី ដែល​ផ្ដល់​ទុក្ខ​ទោស​ចំពោះ​ស្ត្រី អំពើ​ហិង្សា​ក្រៅ​ពី​ប្ដី​ប្រពន្ធ និង​អំពើ​ហិង្សា​ទាក់​ទង​នឹង​ការ​កេង​ប្រវ័ញ្ច ការ​បៀតបៀន​រំខាន​ផ្លូវ​ភេទ និង​ការ​បំភិត​បំភ័យ​នៅ​ក្នុង​ការងារ​នៅ​ក្នុង​គ្រឹះ​ស្ថាន​អប់រំ និង​ទី​កន្លែង​ដទៃ​ទៀត ការ​ជួញ​ដូរ​ស្ត្រី ពេស្យា​កម្ម​ដោយ​បង្ខំ និង​អំពើ​ហិង្សា​ ដែល​ប្រព្រឹត្តិ ឬ​បើក​ដៃ​ឱ្យ​ប្រព្រឹត្ត​ដោយ​រដ្ឋ​"​។

ឧត្ដម​ភាព​នៃ​បុរស

ប្រព័ន្ធ​កៀប​សង្កត់​មួយ​ដែល​ផ្ដល់​អំណាច​ទៅ​បុរស​ និង​គុណ​តម្លៃ​នៃ​ភាព​ជា​ប្រុស​។

Pages