សទ្ទានុក្រម

ពាក្យ និយម​ន័យ
សមភាព​យេនឌ័រ

សមភាព​យេនឌ័រ​ មាន​ន័យ​ថា ស្ត្រី និង​បុរស មាន​សិទ្ធិ និង​ឱកាស​ស្មើរ​គ្នា​នៅ​គ្រប់​វិស័យ​ទាំងអស់​​ក្នុង​ជីវិត។ សមភាព​យេនឌ័រ ក៏​មាន​ន័យ​ថា មនុស្ស​ទាំងអស់​មាន​សេរីភាព​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​ និង​ជ្រើសរើស​ ដោយ​គ្មាន​ការ​ដាក់​កំហិត ឬ​ដែន​កំណត់​ ពី​សំណាក់​តួនាទី​​ផ្នែក​យេនឌ័រ​ដ៏​តឹងរ៉ឹង​នោះ​ឡើយ។ នៅ​ក្នុង​សង្គម​មួយ​ដែល​គោរព​សមភាព​យេនឌ័រ ភាព​ខុសគ្នា​ផ្នែក​អាកប្បកិរិយា បំណងប្រាថ្នា និង​សេចក្ដី​ត្រូវការ​របស់​ស្ត្រី និង​បុរស ត្រូវ​បាន​គេ​ទទួល​ស្គាល់ ឲ្យ​តម្លៃ និង​ផ្ដល់ការ​គាំទ្រ ដោយ​ឈរ​លើ​មូលដ្ឋាន​សមភាព​យេនឌ័រ។

សមភាព​យេនឌ័រ គឺ​ជា​គោលបំណង​​ដ៏​សំខាន់​មួយ នៅ​ក្នុង​គោលនយោបាយ​សង្គម​របស់​ប្រទេស​ហ្វាំងឡង់។ សមភាព​យេនឌ័រ មិន​មែន​មាន​ន័យ​ថា​ជា​ការ​ទាមទារ​នូវ​ភាព​ដូចគ្នា​បេះបិទ រវាង​បុរស និង​ស្ត្រី​នោះ​ទេ ប៉ុន្តែ​មាន​ន័យ​ថា ភាព​ខុសគ្នា​រវាង​ស្ត្រី និង​បុរស មិន​មែន​ជា​កត្តា​នាំ​ឲ្យ​​ស្ត្រី និង​បុរស​មាន​ឋានៈ​ខុសគ្នា ឬ​ធ្វើ​ឲ្យសង្គម​ប្រព្រឹត្ត​​ក្នុង​លក្ខណៈ​ផ្សេង​ពី​គ្នា មក​លើ​ពួកគេ​នោះ​ឡើយ។ ដោយ​ផ្អែក​លើ​ចំណុចនេះ គំនិត​ស្ដី​​អំពី​សមភាព​​ផ្នែក​យេនឌ័រ​របស់​ប្រទេស​ហ្វាំងឡង់ សង្កត់​ធ្ងន់​ថា ការ​​​ផ្ដល់​ឱកាស​ស្មើរ​គ្នា​ចំពោះ​បុរស និង​ស្ត្រី ​តែ​មួយ​មុខ គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ លទ្ធផល​ចុងក្រោយ​នៃ​សកម្មភាព​ទាំង​អស់​នេះ ក៏​ត្រូវ​តែ​មាន​លក្ខណៈ​យុត្តិធម៌ និង​ស្រប​ទៅតាម​គោលការណ៍​សមភាព​យេនឌ័រ​ផងដែរ។

ដោយ​សារ​តែ​ស្ត្រី​​​នៅ​ទូទាំង​ពិភពលោក ​មាន​ឋានៈ​ទាប​ជាង​បុរស​​ ហេតុនេះ ចាំបាច់​ត្រូវ​មាន​វិធានការ​ដ៏​សកម្ម​ដើម្បី​​លើក​កំពស់​ឋានៈ​របស់​ស្ត្រី ក្នុង​គោលដៅ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមភាព​​ផ្នែក​យេនឌ័រ។ តាមរយៈ​វេទិការ​សកម្មភាព​ក្រុង​ប៉េកាំង (Beijing Platform for Action) ប្រទេស​ទាំង​អស់ បាន​ប្ដេជ្ញាចិត្ត​​ ធ្វើ​យ៉ាង​ណា​សម្រេច​ឲ្យ​បាន​នូវ​សមភាព​ផ្នែក​​យេនឌ័រ។ ដើម្បី​សម្រេច​បាន​នូវ​សមភាព​ផ្នែក​​យេនឌ័រ ចាំបាច់​ត្រូវ​ធ្វើ​សកម្មភាព​ទាំង​នៅ​កម្រិត​​ប្រជាជន​សាមញ្ញ ក្នុង​ជីវភាព​​ប្រចាំ​ថ្ងៃ និង​នៅ​កម្រិត​ផ្សេងៗ​នៃ​ការសម្រេច​ចិត្ត​ផ្នែក​នយោបាយ​។

សមភាព​​ផ្នែក​យេនឌ័រ

មាន​ន័យ​ថា “ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌” ចំពោះ​ស្ត្រី និង​​បុរស យោងទៅតាម​សេចក្ដី​ត្រូវការ​របស់​ពួកគេ​រៀងៗ​ខ្លួន ដែល​រួម​មាន​ការ​ប្រព្រឹត្តិ​ដោយ​ស្មើរ​ភាព​គ្នា ឬ​ការ​ប្រព្រឹត្តិ​ដែល​ចាត់ទុក​ថា​ស្មើរភាព​គ្នា ទាក់ទង​នឹង​សិទ្ធិ អត្ថប្រយោជន៍ កាតព្វកិច្ច និង​ឱកាស។
 ដើម្បី​ធានា​បាន​នូវ​ភាព​យុត្តិធម៌ ចាំបាច់​ត្រូវ​​បង្កើត​ឲ្យ​មាន​វិធានការ​នានា ដើម្បី​ប៉ះប៉ូវ​សង​ចំពោះ​គុណវិបត្តិ​ផ្នែក​ប្រវត្តិសាស្ត្រ និង​ផ្នែក​សង្គម ដែល​រារាំង​​ស្ត្រី និង​បុរស​​មិន​ឲ្យ​អាច​ប្រតិបត្តិ​សកម្មភាព​ជា​វិជ្ជមាន​បាន។ 

សវនកម្ម​យេនឌ័រ

វិធី និង​ដំណើរ​ការ​សម្រាប់​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ ដើម្បី​ឱ្យ​ស្ថាប័ន​នានា​មើល​ឃើញ​អារម្មណ៍​ជាក់​ស្ដែង និង​កម្រិត​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹកនាំ​និង​បុគ្គលិក​ទៅ​ លើ​បញ្ហា​យេនឌ័រ​នៅ​ក្នុង​កម្មវិធី​នានា និង​នៅ​ក្នុង​ដំណើរ​ការ​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន​នោះ​។

ពាក្យ​នេះ​អាច​មាន​ន័យ​សំដៅ​លើ​ ការ​វិភាគ​ប្រាក់​ចំណូល​និង​ចំណាយ​រចនា​សម្ព័ន្ធ​ ព្រម​ទាំង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ឬ​របស់​ស្ថាប័ន​ណា​មួយ​ ឬ​ក៏​គម្រោង​ការ​ណា​មួយ ដោយ​ឈរ​លើ​ទស្សនៈ​យេនឌ័រ​ ក្នុង​គោល​បំណង​លើក​កំពស់​​​ឱ្យ​មាន​ការ​ផ្លាស់​ប្ដួរ​នៅ​ក្នុង​គោល​នយោបាយ និង​ការ​អនុវត្ត​សម្រាប់​ការ​រួម​វិភាគ​ទាន​ឱ្យ​មាន​សមភាព​យេនឌ័រ​​ល្អ​ ប្រសើរ​។

សិទ្ធិ​បន្ត​ពូជ

ជា​សិទ្ធិ​របស់​បុគ្គល​ ឬ​គូ​ស្វាមី​ភរិយា​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​សេរី​ និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​កំណត់​ចំនួន​កូន​ ការ​ពន្យារ​កំណើត​ និង​ការ​លៃលក​ពេល​វេលា​សម្រាប់​ការ​ចង់​បាន​កូន​។ សិទ្ធិ​បន្ត​ពូជ​ក៏​រាប់​បញ្ចូល​ផង​ដែរ​នូវ​សិទ្ធិ​ក្នុង​ការ​ទទួល​ព័ត៌មាន​ សម្រាប់​ធ្វើ​ការ​សម្រេច​ចិត្ត និង​ជា​សិទ្ធិ​ក្នុង​ការ​ទទួល​យក​មធ្យោបាយ​ និង​សេវា​ដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​សុខភាព​ផ្លូវ​ភេទ និង​សុខភាព​បន្ត​ពូជ​។

សូចនាករ​ដែល​យកចិត្ត​ទុកដាក់​ចំពោះ​យេនឌ័រ

សូចនាករ គឺ​ជា​​ឧបករណ៍​ដ៏​មាន​សារៈប្រយោជន៍ ដែល​វាស់វែង​វឌ្ឍនភាព​របស់​គម្រោង ឬ​កម្មវិធី។ ហេតុនេះ សូចនាករ​ដែល​យកចិត្ត​ទុកដាក់​ចំពោះ​យេនឌ័រ គឺ​ជា​រង្វាស់​ដែល​តាមដាន​ទៅលើ​បំលាស់ប្ដូរ​​ផ្នែក​ទំនាក់ទំនង​​យេនឌ័រ ជីវិត​របស់​ស្ត្រី បុរស កុមារី និង​កុមារ។​ ទាំង​សូចនាករ​​បែប​គុណភាព និង​បែប​បរិមាណ ដែល​អាច​យកទៅ​ប្រើប្រាស់​ដើម្បី​វាស់វែង​កម្រិត​ សមធម៌​យេនឌ័រ និង​សមភាព​យេនឌ័រ ដែល​ទទួល​បាន​តាមរយៈ​គម្រោង​ជាក់លាក់។ សូចនាករ​ គួរ​ត្រូវ​បាន​បង្កើតឡើង​តាម​វិធី​បែប​ចូលរួម ដើម្បី​វាស់ស្ទង់​នូវ​ទិដ្ឋភាពអន្តរវិស័យ​នៃ​បញ្ហា​ជាក់លាក់​ណាមួយ និង​ទស្សនៈ​របស់​ក្រុម​គោលដៅ​នៃ​ការ​ស្រាវជ្រាវ ជា​ពិសេស​គឺ​ទស្សនវិស័យ​របស់​ស្ត្រី ដែល​ជានិច្ចកាល​គួរ​ត្រូវ​បាន​យក​មក​ពិចារណា ដើម្បី​បង្កើត​សូចនាករ​របស់​គម្រោង។ ហេតុនេះ ​ដំណើរការ​នៃ​ការ​ស្រាវជ្រាវ​របស់​អ្នក នឹង​ជួយ​ឲ្យ​អ្នក​អាច​​ដឹង​កាន់តែ​ច្បាស់ ថា​តើ​សូចនាករ​ណាមួយ ដែល​ត្រូវ​យក​មក​ប្រើ ព្រោះ​ថា នៅ​មុនពេល​​អ្នក​មាន​ចំណេះដឹង​ស៊ី​ជម្រៅ​អំពី​បញ្ហានោះ នៅ​ក្នុង​បិរបទ​វប្បធម៌ អ្នក​អាច​​មាន​ការ​លំបាក​ក្នុង​ការ​កំណត់​ថា​តើ​​ត្រូវ​ប្រើ​សូនាករ​ណាមួយ។

សេចក្ដីត្រូវការ​ទាក់ទង​នឹង​យេនឌ័រ​

ជា​លទ្ធផល​នៃ​តួនាទី​ផ្នែក​យេនឌ័រ​របស់​បុរស និង​ស្ត្រី ធ្វើ​ឲ្យ​សេចក្ដី​ត្រូវការ​របស់​ពួកគេ​ ក៏​ត្រូវ​បាន​កំណត់​ដោយ​យេនឌ័រ​ផងដែរ។ តាម​ធម្មតា សហប្រតិបត្តិការ​អភិវឌ្ឍ​ តែង​​ព្យាយាម​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ទៅលើ​ល័ក្ខខ័ណ្ឌ​​ជាក់ស្ដែង​ដែល​មនុស្ស​រស់នៅ និង​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​ពួកគេ ហេតុនេះ ​យើង​ចាំបាច់​​ត្រូវ​ពិនិត្យ​​មើល​ទៅ​លើ​ ភាពពាក់ព័ន្ធ​​នឹង​យេនឌ័រ របស់​សេចក្ដី​ត្រូវការ​ទាំងអស់​នេះ។ សេចក្ដី​ត្រូវការ​ទាក់ទង​នឹង​យេនឌ័រ អាច​ចែក​ចេញ​ទៅ​ជា​ សេចក្ដី​ត្រូវការ​ចំពោះមុខ និង​សេចក្ដី​ត្រូវការ​ជា​យុទ្ធសាស្ត្រ៖

សេចក្ដី​ត្រូវការ​ចំពោះមុខ គឺ​ជា​សេចក្ដី​ត្រូវការ​ជាក់ស្ដែង​ ផ្នែក​សម្ភារៈ ដែល​ចាំបាច់​ត្រូវ​ឆ្លើយតប​ ដើម្បី​អាច​បំពេញ​សេចក្ដីង​ត្រូវការ​មូលដ្ឋាន​របស់​ជីវិត។ សេចក្ដី​ត្រូវការ​ទាំងអស់​នេះ អាច​រួមមាន​ដូចជា សេចក្ដី​ត្រូវការ​អាហាររូបត្ថម្ភ ការ​ថែទាំ​សុខភាព និង​ទីជម្រក។ គេ​អាច​ឆ្លើយតប​ចំពោះសេចក្ដី​ត្រូវការ​ចំពោះមុខ​បាន​តាម រយៈ​សកម្មភាព​ជាក់ស្ដែង ដូចជា​ការ​ផ្ដល់​សេវា ការអប់រំ ឥណទាន។ល។ សេចក្ដី​ត្រូវការ​ចំពោះមុខ ក្លាយជា​សេ​ចក្ដី​ត្រូវការ​ដែល​ទាក់ទង​នឹង​យេនឌ័រ នៅ​ពេល​ដែល​ការ​បំពេញ​​សេចក្ដី​ត្រូវការ​នោះ ជា​​ចំបង គឺ​ជា​ការងារ​​​របស់​ភេទ​ជាក់លាក់​ណាមួយ​នោះ។ ​

ឧទាហរណ៍ នៅ​ក្នុង​សហគមន៍​ជា​ច្រើន ការដងទឹក​យកមក​ប្រើប្រាស់ គឺជា​ការងារ​របស់​ស្រ្តី។ បន្ថែម​លើ​ការងារ​ផ្សេងៗ​ទៀត​របស់ខ្លួន ស្ត្រី​ត្រូវ​ទៅ​ដងទឹក​ពី​កន្លែង​ឆ្ងាយ និង​ត្រូវ​ចំណាយ​ពេលវេលា​ជា​ច្រើន​ដើម្បី​ធ្វើ​ដំណើរ​​ទៅ​ដង​ទឺក។ គម្រោង​សហប្រតិបត្តិការ​អភិវឌ្ឍ​មួយ អាច​ឆ្លើយតប​ទៅ​នឹង​បញ្ហា ​​ដែល​ជា​សេចក្ដី​ត្រូវការចំពោះមុខ​​ទាក់ទង​នឹង​យេនឌ័រ​​មួយ​នេះ​បាន ដូចជា​តាមរយៈ​ការ​សង់​អណ្ដូងទឹក​នៅ​ជិត​សហគមន៍​ ដើម្បី​ឲ្យ​ស្ត្រី​អាច​សន្សំ​ពេល​វេលា និង​កម្លាំង​បាន។ ប៉ុន្តែ ការ​សង់​អណ្ដូងទឹក​នេះ​ផ្ទាល់ មិន​​បាន​ផ្លាស់ប្ដូរ​បំណែងចែក​ការងារ​រវាង​បុរស និង​ស្ត្រី នៅ​ក្នុង​សហគមន៍ និង​ក្នុង​គ្រួសារ​នោះ​ឡើយ។
ការ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​សេចក្ដី​ត្រូវការ​ចំពោះមុខ​ទាក់ទង​នឹង​យេនឌ័រ មិន​ផ្លាស់ប្ដូ​ទំនាក់ទំនង​អំណាច ​រវាង​ស្រ្តី និង​បុរស​នៅ​ក្នុង​សហគមន៍​ឡើយ។

សេចក្ដី​ត្រូវការ​ជា​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​យេនឌ័រ ទាក់ទង​នឹង​ឋានៈ​របស់​ស្ត្រី និង​បុរស និង​រចនាសម្ព័ន្ធ​អំណាច​នៅ​ក្នុង​សហគមន៍។ សេចក្ដី​ត្រូវការ​ជា​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​យេនឌ័រ រួមមាន​ដូចជា សិទ្ធិ​ក្នុងការ​កាន់កាប់ និង​ទទួល​បន្តមរតក​ជា​​លុយកាក់ និង​ដីធ្លី សិទ្ធិ​ទទួល​បាន​ប្រាក់​ឈ្នួល​ស្មើរ​គ្នាម​ចំពោះ​ការងារ​ដូចគ្នា សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត​លើ​បញ្ហា​ទាក់ទង​នឹង​រាងកាយ​របស់​ខ្លួន សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឯង​។ល។ ការ​បំពេញ​បាន​នូវ​សេចក្ដី​ត្រូវការ​ជា​យុទ្ធសាស្ត្រ​ទាំងនេះ ទាមទារ​នូវ​ការ​ផ្លាស់ប្ដូរ​ផ្នែក​រចនាសម្ព័ន្ធ និង​ឥរិយាបទ នៅ​ក្នុង​សហគមន៍។

ឧទាហរណ៍ ការ​ចូលរួម​ចំណែក​របស់​ស្ត្រី នៅ​ក្នុង​​ការ​សម្រេចចិត្ត​ផ្នែក​នយោបាយ​​ក្នុង​​សហគមន៍ អាច​ជា​សេចក្ដី​ត្រូវការ​ជា​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​យេនឌ័រ។ ប្រសិន​បើ ​ស្ត្រីអាច​ចូលរួម​ក្នុង​ការ​សម្រេចចិត្ត​បាន ពួកគេ​នឹង​អាច​ផ្លាស់ប្ដូរ​ឋានៈ​របស់​ខ្លួន និង​អាច​គ្រប់គ្រង​ជីវិត​របស់​ខ្លួន​ឯង​បាន​ច្រើន​ជាង​មុន។ គម្រោង​សហប្រតិបត្តិការ​អភិវឌ្ឍ អាច​គាំទ្រ​សេចក្ដី​ត្រូវការ​ជា​យុទ្ធសាស្ត្រ​ទាំង​នេះ​បាន តាម​វិធី​ដូចជា ការ​បង្រៀន​ដល់​ស្ត្រី​អំពី​បញ្ហា​នានា​ទាក់ទង​នឹង​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​អំពី​រចនាសម្ព័ន្ធ​នៃ​ការ​សម្រេចចិត្ត​ផ្នែក​នយោបាយ ហើយ​ក៏​​ចាំបាច់​ត្រូវ​ផ្ដល់​ការ​​អប់រំ​ដល់​បុរស ស្ដីអំពី​សិទ្ធិ​ស្ត្រី​ផងដែរ។
សកម្មភាព​នានា​ ដែល​មាន​គោលដៅ​បំពេញ​សេចក្ដី​ត្រូវការ​ជា​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​យេនឌ័រ នឹង​នាំ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​​តួនាទី​ផ្នែក​យេនឌ័រ​នៅ​ក្នុង​សហគមន៍ នឹង​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ប្រព័ន្ធ​​យេនឌ័រ​ទាំងមូល​ផងដែរ។ ក្នុង​ន័យ​នេះ វិសមភាព​យេនឌ័រ​ ក៏​អាច​ត្រូវ​បាន​កាត់បន្ថយ​ផងដែរ។ ដើម្បី​ឲ្យបំលាស់ប្ដូរ​ទាំងអស់​នេះកើត​មាន​បាន យើង​​ចាំបាច់​ត្រូវការ​​ពេល​វេលាយូរ ប៉ុន្តែ​តាមធម្មតា​បំលាស់ប្ដូរ​ទាំងនេះ​ គឺ​ជា​បំលាស់ប្ដូរ​ដែល​មាន​ភាព​យូរ​អង្វែង និង​មាន​និរន្តរភាព។

ជា​ការ​ចាំបាច់​ណាស់​ដែល​​យើង​ត្រូវ​ដោះស្រាយ​ទាំង​សេចក្ដី​ត្រូវការ​ចំពោះ​មុខ និង​សេចក្ដី​ត្រូវការ​ជា​យុទ្ធសាស្ត្រ។ លទ្ធផល​យូរអង្វែង និង​មាន​និរន្តភាព សម្រាប់​សមភាព​យេនឌ័រ គឺ​អាច​សម្រេច​បាន​តាមរយៈ​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវការ​ជា​យុទ្ធសាស្ត្រ ប៉ុន្តែ​ក្នុង​ករណី​ជា​ច្រើន ការ​ឆ្លើយតប​ចំពោះ​សេចក្ដី​ត្រូវការ​ចំពោះមុខ គឺ​ជា​ជំហាន​ដំបូង​ដ៏​ចាំបាច់ នៅ​ក្នុង​ដំណើរ​ការ​ឈាន​ទៅ​រក​គោលដៅ​នៃ​សមភាព​យេនឌ័រ។

សេដ្ឋកិច្ច​មិន​រៀប​រយ ឬ ក្រៅ​ប្រព័ន្ធ

សកម្មភាព​សេដ្ឋកិច្ច​ដែល​ស្ថិត​នៅ​ក្រៅ​បទ​បញ្ញត្តិ​និង​កិច្ច​សន្យា​ការ​ ងារ និង​ដែល​ធ្វើ​ឡើង​សម្រាប់​ផ្ដល់​ផល​ប្រយោជន៍​ផ្ទាល់​ដល់​ក្រុម​គ្រួសារ​ ខ្លួន ឬ​ក៏​គ្រួសារ​ញាតិ​សន្ដាន ឬ​មិត្ត​ភ័ក្តិ ដោយ​ឈរ​លើ​គោល​ការណ៍​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។

សកម្មភាព​ទាំង​នោះ​រួម​មាន ការ​ងារ​ផ្ទះ​សម្បែង​ប្រចាំ​ថ្ងៃ និង​សកម្មភាព​ផ្គត់ផ្គង់​ខ្លួន និង/ឬ​សកម្មភាព​អាជីព​យ៉ាង​ច្រើន​ទៀត​ ទោះ​ជា​មាន​មុខ​របរ​តែ​មួយ ឬ​ក៏​មុខរបរ​បន្ថែម​ទី​២ ទោះ​ជា​ការ​ងារ​នោះ​ធ្វើ​ឡើង​ដោយ​ជាប់​លាប់​ឬ​មិន​ជាប់​លាប់ ទោះ​ជា​សកម្មភាព​នោះ​ស្ថិត​ក្នុង​ឬ​ក្រៅ​រង្វង់​ករណីយកិច្ច ទោះ​ជា​ក្នុង​ឬ​ក្រៅ​កាតព្វកិច្ច​នៃ​កិច្ចសន្យា​ក៏​ដោយ តែ​ក៏​មិន​រាប់​បញ្ចូល​សកម្មភាព​ធម្មតា​ទាំង​ឡាយ​ដែល​ជា​ផ្នែក​មួយ​នៃ​ ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​នោះ​ទេ​។

ស្ត្រី​ក្នុង​កិច្ច​អភិវឌ្ឍ

គម្រោង ឬ​យុទ្ធវិធី​នៃ​ការ​អភិវឌ្ឍ ដែល​ទទួល​ស្គាល់​តម្រូវ​ការ និង​សមត្ថភាព​ដោយ​ឡែក​របស់​ស្ត្រី ដោយ​មាន​គោល​ដៅ​សំខាន់​ផ្ដោត​លើ​យុទ្ធ​សាស្ត្រ និង​កម្មវិធី​សកម្មភាព​អភិវឌ្ឍ ដែល​នឹង​​ជួយ​សម្រួល​ដល់​ការ​ចូល​រួម​របស់​ស្ត្រី​នៅ​ក្នុង​ផ្នែក​ផលិតកម្ម​ ។

ស្ត្រី​និង​ការ​អភិវឌ្ឍ

យុទ្ធវិធី​ ឬ​គំរូ​នៃ​ការ​អភិវឌ្ឍ ដែល​ផ្ដោត​លើ​ទំនាក់​ទំនង​រវាង​ស្ត្រី​និង​បុរស និង​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ​។

គំរូ​អភិវឌ្ឍ​បែប​នេះ​ទទួល​ស្គាល់​ថា បុរស​ដែល​រស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ និង​មិន​នៅ​ក្នុង​វណ្ណៈ​អភិជន ក៏​ទទួល​រង​នូវ​ឥទ្ធិពល​ជា​អវិជ្ជមាន​ពី​រចនា​សម្ព័ន្ធ​វិសម​ធម៌​នៅ​ក្នុង​ ប្រព័ន្ធ​អន្តរជាតិ​ដែរ​។ តែ​យ៉ាង​ណា​ក៏​ដោយ​ ប្រព័ន្ធ​នេះ​បាន​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​តិច​តួច​ទៅ​លើ​ទំនាក់​ទំនង​ យេនឌ័រ​នៅ​ក្នុង​សង្គម ក្នុង​រង្វង់​វណ្ណៈ​នានា​។

ស្ត្រី​និយម

ស្រ្តី​និយម កើត​ឡើង​ពី​និកាយ​គំនិត និង​ចលនា​ផ្នែក​សង្គម។ ស្ត្រី​និយម ការពារ និង​ទាមទារ​សិទ្ធិ និង​ឱកាស​ស្មើរ​គ្នា​សម្រាប់​បុរស និង​ស្ត្រី។ ស្ត្រី​និយម គឺ​ជា​វិធី​មួយ​បែប​ទៀត ដើម្បី​យល់ដឹង​អំពី ​ពិភពលោក ទំនាក់ទំនង​អំណាច រចនាសម្ព័ន្ធ​សង្គម និង​ទំនាក់ទំនង​រវាង​បុរស និង​ស្ត្រី។ ស្រ្តី​និយម ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​សង្គមសារ​ជា​ថ្មី និង​ឲ្យ​មាន​​ប្រព័ន្ធ​ទំនាក់ទំនង​​រវាង​មនុស្ស និង​មនុស្សថ្មី ដោយ​ផ្អែក​លើ​ការ​អភិវឌ្ឍ​នូវ​ឥរិយាបទ​នៃ​ការ​គោរព សមភាព ការ​ទទួល​ខុសត្រូវ និង​សាមគ្គីភាព​រវាង​សមាជិក​នៅ​ក្នុង​សង្គម។

Pages