សទ្ទានុក្រម

ពាក្យ និយម​ន័យ
មិន​មាន​ទស្សនៈ​យេនឌ័រ

អសកម្ម​ភាព​ក្នុង​ការ​ទទួល​ស្គាល់​ និង​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ភាព​ខុស​គ្នា​រវាង​តម្រូវ​ការ​ ផលប្រយោជន៍​ ការ​ទទួល​)បាន​នូវ​ធនធាន​ អំណាច​ព្រម​ទាំង​ឋានៈ​ក្នុង​សង្គម​ និង​ក្នុង​នយោបាយ​របស់​បុរស​និង​ស្ត្រី​។​ គ្មាន​ការ​វិភាគ​យេនឌ័រ​ នៅ​ក្នុង​ការ​គិត​ និង​ក្នុង​ការ​អនុវត្ត​។

យន្ត​ការ​ជាតិ​សម្រាប់​លើក​កំពស់​ស្ថានភាព​ស្ត្រី

ស្ថាប័ន​សម្រប​សម្រួល​គោល​នយោបាយ​ថ្នាក់​ជាតិ​នៅ​ក្នុង​រដ្ឋាភិបាល ដែល​ជម្រុញ​ឱ្យ​មាន​ភាព​ជឿន​លឿន​ទៅ​មុខ​ដល់​ស្ត្រី​។ តួ​នាទី​សំខាន់​របស់​អង្គភាព​នេះ​គឺ​គាំ​ទ្រ​ការ​បញ្ជ្រាប​ទស្សនៈ សមភាព​យេនឌ័រ​ក្នុង​គោល​នយោបាយ​គ្រប់​វិស័យ​ឱ្យ​បាន​ទូលំ​ទូលាយ​ក្នុង​ រដ្ឋាភិបាល​។

យេនឌ័រ

ពាក្យ​ថា “យេនឌ័រ” មាន​ន័យ​ថា​ជា​ការ​កំណត់​ផ្នែក​​សង្គម​វប្បធ៌ម មក​​លើ​បុរស និង​ស្រ្តី។ ការ​​កំណត់​នេះ សំដៅ​ទៅលើ​លក្ខណៈសម្បត្តិ​នានា​របស់​បុរស និង​ស្រ្តី រួម​ទាំង​គំនិត​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់ តម្លៃ អាកប្បកិរិយា តួនាទី និង​ការ​ទទួល​ខុសត្រូវ​​ជាដើម។ លក្ខណៈ​សម្បត្តិ​របស់​បុរស ​គឺ​ហៅ​ថា ភាពជាបុរស ហើយ​លក្ខណៈ​សម្បត្តិ​របស់​ស្ត្រី​ ហៅថា ភាព​ជា​ស្ត្រី។ ជាទូទៅ សង្គម​មាន​ការ​​កំណត់​​ចំពោះ​បុរស ​ខុសពី​​ចំពោះ​ស្ត្រី​។ នេះ​មាន​ន័យ​ថា ស្រ្តី​ទទួល​ការ​កំណត់​ពី​​សង្គម​​ខុស​​​ពី​បុរស​ ទៅ​លើ​ផ្នែក​លក្ខណៈ​សម្បត្តិ អាកប្បកិរិយា សកម្មភាព តម្លៃ និង​ការ​ទទួល​ខុសត្រូវ។ ឧទាហរណ៍ ឪពុក​ម្ដាយ តែង​សង្ឃឹម​ថា​កូនស្រ្តី​អាច​ជួយ​ធ្វើ​ការងារ​ផ្ទះ បាន​ច្រើន​ជាង​កូន​ប្រុស។ កូន​ប្រុស​គួរ​តែ​ជា​អ្នក​រក​ចំណូល​ចិញ្ចឹម​គ្រួសារ ហេតុនេះ កូនប្រុស​ត្រូវ​មាន​ការ​អប់រំ​ខ្ពស់​ជាង​ជា​ដើម។ 

យេនឌ័រ​គឺ​​ជា​អ្វី​ដែល​យើង​រៀន​ ហើយ​ជា​កម្ម​វត្ថុ​នៃ​ការ​ប្រែប្រួល​ពី​សម័យ​មួយ​ទៅ​សម័យ​មួយ និង​​មាន​លក្ខណៈ​ប្លែក​ៗពី​គ្នា​ ពីវប្បធម៌​មួយ​ទៅ​វប្បធម៌​មួយ​ទៀត។ យេនឌ័រ​ មាន​ន័យ​ថា​ សភាព​​ជា​បុរស ឬ​ជា​ស្ត្រី ហើយ​​បើ​និយាយ​នៅ​ក្នុង​បរិបទ​សង្គម​មួយ យេនឌ័រ​​សំដៅ​ទៅ​លើ​ភាព​ខុសគ្នា​ផ្នែក​សង្គម​រវាង​បុរស និង​ស្រ្តី។ ក្មេង​ស្រី និង​ក្មេង​ប្រុស រៀន​អំពី​ភាព​ខុស​ប្លែក​​​គ្នា​ទាំងអស់​​នេះ តាម​វិធី​ផ្សេងៗ​ពីគ្នា​ពេលពួកគេ​ចូល​ប្រឡូក​ក្នុង​​សង្គម ទៅ​តាម​​វប្បធម៌​​ខុសៗ​គ្នា។ អត្តសញ្ញាណ​របស់​ស្រ្តី និង​បុរស​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​មាន​ភាព​​ខុសប្លែក​ពី​គ្នា ព្រោះ​បរិយាកាស​សង្គម​ជុំវិញ មាន​​ការរំពឹង​ទុក​ផ្សេង​គ្នា ចំពោះ​ក្មេង​ស្រី និង​ក្មេង​ប្រុស តាំង​ពី​ពេលពួកគេ​​​ទើប​កើត​មក​ម្លេះ។ ដូចនេះ តួនាទី​​ផ្នែក​យេនឌ័រ​ចាប់ផ្ដើម​លេចចេញ​ជា​រូបរាង​ តាំង​ពី​ពេល​ដំបូង​នៃ​ជីវិត​មនុស្ស​មក​ម្លេះ។ នៅ​ប្រទេស​ហ្វាំងឡង់ គេ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ផ្កាឈូក​ឲ្យ​​ទារក​ស្រី និង​ស្លៀក​​ពណ៌​ខៀវ​ខ្ចី​​សម្រាប់​ទារក​ប្រុស។ ក្មេង​ស្រី​ត្រូវ​លេង​តុក្កតា​កូន​ក្រមុំ ឯក្មេង​ប្រុស​វិញ​លេង​ហ្គេម​សង្គ្រាម​ក្នុង​កុំព្យូទ័រ។

ហេតុនេះ យេនឌ័រ​មាន​​​ន័យ​ផ្នែក​វប្បធម៌ និង​សង្គម ពោល​គឺ​ជា​អ្វី​ដែល​យើងរៀន ដែល​ផ្ទុយ​ពី​ភេទ ដែល​សំដៅ​លើ​ន័យ​ផ្នែក​ជីវសាស្ត្រ​។​ អត្ថន័យ​របស់​ពាក្យ​​យេនឌ័រ​​​ក្នុង​ន័យ​​សង្គម និង​វប្បធម៌ ក៏​មាន​លក្ខណៈ​ប្លែក​ៗ​គ្នា​ពី​វប្បធម៌​មួយ​ទៅ​វប្បធម៌​មួយ ពី​សម័យ​មួយ​ ទៅ​សម័យ​មួយ​ទៀត​ផងដែរ។

យេនឌ័រ និង​ ភេទ

យេនឌ័រ គឺ​សំដៅ​យក​តួ​នាទី​ ឥរិយាបថ និង​គុណ​តម្លៃ​នានា ដែល​វប្បធម៌​ និង​សង្គម​ដាក់​កំណត់​ឱ្យ​បុរស​និង​ស្ត្រី​អនុវត្ត​ដោយ​ឡែក​ពី​គ្នា​។ តួ​នាទី​ ឥរិយាបថ និង​គុណ​តម្លៃ​ ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​និង​ថែរក្សា​ដោយ​ស្ថាប័ន​សង្គម​នានា​ ដូចជា គ្រួសារ​ រដ្ឋាភិបាល សហគមន៍ សាលារៀន វត្ត​អារាម និង​សារព័ត៌មាន​។ គឺ​ដោយ​សារ​យេនឌ័រ​នេះ​ហើយ ទើប​បាន​ជា​តួ​នាទី​និង​លក្ខណៈ​សំគាល់​មួយ​ចំនួន​ត្រូវ​បាន​កំណត់​ឡើង​ផ្សេង ​ពី​គ្នា និង​តឹង​រ៉ឹង​សម្រាប់​បុរស​និង​ស្ត្រី​។ យេនឌ័រ​អាច​កែ​ប្រែ​បាន តែ​ភេទ​មិន​អាច​កែ​ប្រែ​បាន​ទេ​។

ឥឡូវ​នេះ​ស័ព្ទ យេនឌ័រ ត្រូវ​បាន​គេ​បំលែង​ន័យ​ដំបូង​របស់​វា​ដែល​ប្រើ​ប្រាស់​ក្នុង​វេយ្យាករណ៍​ សម្រាប់​បញ្ជាក់​នាម​ថា​ជា បុំលិង្គ (​ភេទ​ប្រុស​) ឥត្ថី​លិង្គ (​ភេទ​ស្រី​) នបុំសកលិង្គ (​អភេទ​) ឱ្យ​ទៅ​ជា​ន័យ​ថ្មី​។ សង្គមវិទូ​ប្រើ​ពាក្យ​នេះ​សំដៅ​យក​តួ​នាទី​របស់​បុរស​និង​ស្ត្រី ឥរិយាបថ គុណ​តម្លៃ​​ដែល​សង្គម​បាន​កំណត់​ ហើយ​ដែល​សហគមន៍​និង​សង្គម​អះ​អាង​ថា​សម​ស្រប​សម្រាប់​ភេទ​និមួយៗ​។

ភេទ គឺ​សំដៅ​ទៅ​លើ​ភាព​ខុស​គ្នា​តាម​ធម្មជាតិ​ខាង​លក្ខណៈ​ជីវសាស្ត្រ ដែល​កំណត់​មនុស្ស​ណា​មួយ​បាន​ថា​ ជា​បុរសឬ​ជា​ស្ត្រី​។ ភេទ​គឺ​សំដៅ​យក​លក្ខណៈ​រូប​រាង​កាយ​របស់​មនុស្ស​ម្នាក់​ៗ មុខ​មាត់ ភិន​ភាគ ប្រដាប់​ភេទ អ័រម៉ូន សែន ក្រូម៉ូសូម និង​សរីរាង្គ​បន្ត​ពូជ​។

យេនឌ័រ​និង​ការ​អភិវឌ្ឍ

យុទ្ធវិធី​ម្យ៉ាង ដែល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​វិសមភាព​នៃ​ទំនាក់​ទំនង​រវាង​បុរស និង​ស្ត្រី ដែល​បណ្ដាល​មក​ពី "​ភាព​លំអៀង​ក្នុង​ការ​បំពេញ​មុខ​ងារ​នៅ​ក្នុង​សង្គម​"​។ ដូចនេះ ស័ព្ទ យេនឌ័រ ដែល​គេ​យក​ជា​ឧបករណ៍​សម្រាប់​វិភាគ គឺ​កើត​ចេញ​ពី​កំណើន​នៃ​ការ​យល់​ដឹង​អំពី​វិសមភាព​នៃ​រចនា​សម្ព័ន្ធ​របស់​ ស្ថាប័ន​។

យេនឌ័រ​មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​តែ​ទៅ​លើ​ស្ត្រី ដែល​ជា​ក្រុម​មួយ​ដាច់​តែ​ឯង​នោះ​ទេ តែ​ក៏​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តួ​នាទី​ និង​តម្រូវ​ការ​នានា​របស់​ភេទ​ទាំង​ពីរ​ផង​ដែរ​។

ដោយ​យល់​ឃើញ​ថា​ តាម​ធម្មតា​បើ​ធៀប​នឹង​បុរស​ ស្ត្រី​តែង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ចាញ់​ប្រៀប ហេតុ​នេះ​ហើយ ការ​លើក​កំពស់​សមភាព​យេនឌ័រ​ត្រូវ​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ ពិត​ប្រាកដ​ទៅ​លើ​តម្រូវ​ការ​ផល​ប្រយោជន៍ និង​ទស្សនវិស័យ​របស់​ស្ត្រី​។ ដូច​នេះ​គោល​បំណង​នៃ​ការ​អភិវឌ្ឍ គឺ​ធ្វើ​ឱ្យ​ស្ថានភាព​ស្ត្រី​នៅ​ក្នុង​សង្គម​មាន​ភាព​ជឿន​លឿន​ទៅ​មុខ រួម​ជាមួយ​នឹង​សមភាព​យេនឌ័រ​ដែល​ជា​គោល​ដៅ​សំខាន់​។

រំ​ញោច​យេនឌ័រ

សមត្ថភាព​យល់​ដឹង ទទួល​យក និង​ធ្វើ​ការ​ត្រិះ​រិះ​ពិចារណា​នូវ​បញ្ហា​និង​កង្វល់​យេនឌ័រ​។

វិធីសាស្រ្ត​បែប​គុណភាព

នេះ​គឺ​ជា​វិធីសាស្រ្ត​ដែលមិនមែន​បែប​ស្ថិតិ​ ​ទាក់ទង​នឹង​ការប្រមូល​ទស្សនៈ​វិស័យ តម្លៃ និង​អាកប្បកិរិយា​នានា ​ដែល​អាច​នឹង​ពិបាក​ក្នុង​ការកំណត់​បរិមាណ។ យើង​ធ្វើ​ការស្រាវជ្រាវ​លើ​ប្រភេទ​ចំណាត់ថ្នាក់​ជាក់​លាក់​ណាមួយ​ ឬ​ក្រុមសង្គម​ជាក់លាក់​ណាមួយ​ ដូចជា​ភូមិ​នៅ​ទី​ជនបទ សាលារៀន​បឋមសិក្សា ក្រុម​អ្នកប្រើប្រាស់ គ្រួសារ និង​ក្រុមហ៊ុន​ជាដើម។ លទ្ធផល​របស់​វិធីសាស្រ្ត​នេះ​ ត្រូវបាន​ចាប់​ច្បិច​យក​តាមរយៈភាសា ឬការពិពណ៌នា​ជា​ពាក្សសំដី​ និង​ការនិទាន​ដែលបាន​មកពី​ក្រុម​គោលដៅ​ផ្ទាល់។ តក្កវិជ្ជា និង​ស្ថានភាព​ជាក់ស្តែង​នៅ​ទីតាំង​ធ្វើ​សកម្មភាព​ ត្រូវ​បាន​យក​មក​សិក្សា។

វិធីសាស្រ្ត​បែប​បរិមាណ ឬ​បែប​ស្ថិតិ

នៅក្នុង​វិធី​ស្រាវជ្រាវ​នេះ​ គោលដៅ​នៃ​ការស្រាវជ្រាវ គឺ​ដើម្បី​ឈាន​មកដល់​​ចំណាត់ថ្នាក់​ផ្នែក​សង្គម​ ឬ​ការកំណត់​ក្រុម​សង្គម​បែប​ស្ថិតិ។ យើង​ប្រើប្រាស់​ស្ថិតិ​ដើម្បី​ពិពណ៌នា​អំពី​បាតុភូត និង​ស្ថានភាព​នានា​របស់​សង្គម។ លទ្ធផល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ទម្រង់​ជា​តួលេខ​ ឬ​ស្ថិតិ​ ដូចជា ជា​មធ្យម​ ប្រេកង់​ ប្រភាគ​ ភាគរយ ទំនាក់ទំនង ការសាកល្បង ឬ​ក្រាហ្វិក។ តក្កវិជ្ជា​មាន​សុពលភាព​បែប​វត្ថុវិស័យ។ ជំរឿន​ថ្នាក់​ជាតិ និង​ការ​ស្រាវជ្រាវ​ផ្នែក​សង្គម​ប្រើប្រាស់​កម្រង​សំណួរ​ គឺ​ជា​ឧទាហរណ៍​​មួយចំនួន​​នៃ​វិធី​សាស្រ្ត​នេះ។

សកម្មភាព​ជា​វិជ្ជមាន

សកម្មភាព​នៃ​គោល​នយោបាយ​មួយ​ ដែល​មាន​សុ​ឆន្ទៈ​ចំពោះ​ក្រុម​មនុស្ស​ដែល​សង្គម​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ ដូចជា​ស្ត្រី​ជាដើម​។ សកម្មភាព​នេះ​គឺ​ជា​វិធាន​ការ​ពិសេស ​ដែល​មិន​ផ្ដោត​ទៅ​លើ​ការ​រើស​អើង​ឡើយ តែ​មាន​គោល​បំណង​ពន្លឿន​ការ​សម្រេច​គោល​ដៅ​ ដើម្បី​ទទួល​បាន​នូវ​សមភាព​រវាង​ក្រុម​មនុស្ស​ក្នុង​សង្គម​។

សកម្មភាព​ជា​វិជ្ជមាន​ មិន​ត្រូវ​ឱ្យ​មាន​លទ្ធផល​ជា​វិសមភាព​ និង​មាន​ការ​បែង​ចែក​នោះ​ទេ តែ​ត្រូវ​ធ្វើ​បន្ត​រហូត​ដល់​សម្រេច​បាន​នូវ​គោល​បំណង​នានា​នៃ​សមភាព​ខាង​ កាលានុវត្ត​ភាព និង​ខាង​ប្រព្រឹត្តិកម្ម​។

សមធម៌​យេនឌ័រ​

សមធម៌​យេនឌ័រ​ គឺ​ជា​ដំណើរ​នៃ​ការ​ប្រព្រឹត្ត​ដោយ​យុត្តិធ៌ម​ ទៅ​លើ​ស្ត្រី​ និង​បុរស ​សំដៅ​អោយ​មាន​សមភាព​យេនឌ័រ​។ ដើម្បី​ធានា​បាន​នូវ​យុត្តិធម៌​ត្រូវ​តែ​មាន​វិធានការ​ក្នុង​ការ​ស្ដារ​ភាព​ ចាញ់​ប្រៀប​ដែល​តែង​តែ​កើត​មាន​ក្នុង​សង្គម​ និង​រារាំង​ស្ត្រី​និង​បុរស​ មិន​ឱ្យ​ចែក​រំលែក​តួនាទី​សង្គម​បាន​ត្រឹមត្រូវ​។ ការ​ចាត់​វិធាន​ការ​ទាំង​នោះ​ គឺ​សំដៅ​បំបាត់​គម្លាត​ជាក់​ស្ដែង​នៅ​ជ្រុង​ណា​មួយ​ ដែល​រារាំង​មិន​អោយ​ស្ត្រី ​ឬ​បុរស​ មិន​បាន​ទទួល​ឋានៈ​ និង​ផលប្រយោជន៍​ពី​ការ​អភិវឌ្ឍ​ស្មើ​ៗ​គ្នា​។ ឧទាហរណ៍​មួយ​នៃ​វិធានការ​បែប​នេះ​ គឺ​ការ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ភាព​ជា​អ្នក​ដឹក​នាំ​ដល់​ស្ត្រី​ ដែល​រួម​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​វិសមភាព​យេនឌ័រ​នៅ​ក្នុង​រចនា​ សម្ព័ន្ធ​គ្រប់​គ្រង។

Pages