សទ្ទានុក្រម

ពាក្យ និយម​ន័យ
បញ្ហា​និង​កង្វល់​ពាក់​ព័ន្ធ​នឹង​យេនឌ័រ

បញ្ហា​និង​កង្វល់​ដែល​ពាក់​ព័ន្ធ​នឹង​ទំនាក់​ទំនង​រវាង​បុរស​និង​ស្ត្រី​ និង​ដែល​ធ្វើ​ឱ្យ​មាន​វិសមភាព និង​គម្លាត​យេនឌ័រ​។

បទដ្ឋាន​សង្គម

គឺ​ជា​របត់​សង្គម ឬ​គំរូ​នៃ​អាកប្បកិរិយា ដែល​សង្គម​នានា​បាន​កំណត់​ឱ្យ​អនុវត្ត​តាម ហើយ​មាន​ឫស​គល់​ចេញ​ពី​វប្បធម៌ ជាតិពន្ធុ និង​ប្រវត្តិ​របស់​សង្គម​ទាំង​នោះ​។ ជា​ញឹក​ញាប់ បទដ្ឋាន​សង្គម​ច្រើន​តែ​កម្រិត​ស្ត្រី​មិន​ឱ្យ​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​ អភិវឌ្ឍ ដោយ​សំអាង​ថា ស្ត្រី​មាន​តួនាទី​ចំបង​ជា​អ្នក​ថែទាំ​កូន​ចៅ និង​ផ្ទះ​សម្បែង មានការ​អប់រំ​ទាប មាន​បទពិសោធន៍​តិច​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ទទួល​បាន​សេវាកម្ម​និង​គ្រប់​គ្រង​ធនធាន ព្រម​ទាំង​មាន​សិទ្ធិ​តិច​តួច​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​។

បិតាធិបតេយ្យ

សំដៅ​លើ​ទំនៀម​ទម្លាប់​ម្យ៉ាង​ដែល​ក្នុង​នោះ​ ខ្សែ​រយៈ​អំណាច​ស្ថិត​នៅ​ក្នុង​ដៃ​បុរស​នៅ​ក្នុង​សហគមន៍ ឬ​ក៏​កុលសម្ព័ន្ធ​។ បិតាធិបតេយ្យ​ផ្ដល់​ភាព​លើស​លប់​របស់​បុរស​ទៅ​លើ​កម្មសិទ្ធិ និង​ការ​គ្រប់​គ្រង​ក្នុង​គ្រប់​ជាន់​ថ្នាក់​ក្នុង​សង្គម​មួយ​ដែល​ធានា និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​នៃ​ការ​រើស​អើង​យេនឌ័រ​នៅ​តែ​មាន​ដំណើរ​ការ​។

ប្រព័ន្ធ​គ្រប់​គ្រង​នេះ ត្រូវ​បាន​តម្រឹម​ដោយ​មនោគម​វិជ្ជា​បិតាធិបតេយ្យ ដែល​មាន​ន័យ​ថា ជា​ប្រព័ន្ធ​គំនិត​ដែល​ផ្អែក​លើ​ជំនឿ​ទៅ​លើ​ឧត្ដម​ភាព​របស់​បុរស ហើយ​ពេល​ខ្លះ​មាន​ការ​អះ​អាង​ថា ការ​បែង​ចែក​ពលកម្ម​តាម​យេនឌ័រ​ត្រូវ​ផ្អែក​លើ​លក្ខណៈ​ជីវសាស្ត្រ ឬ​ផ្អែក​លើ​គម្ពីរ​សាសនា​។

បំណែង​​ចែក​ការងារ​ផ្នែក​យេនឌ័រ

គេ​ច្រើន​អាច​មើល​ឃើញ​​នូវ​វិសមភាព​រវាង​បុរស និង​ស្ត្រី​ បាន​យ៉ាង​ច្បាស់​បំផុត ​នៅ​ក្នុង​បំណែងចែក​ពលកម្ម ក្នុង​សង្គម​នានា។ តាម​ប្រពៃណីនៅ​ក្នុង​សហគមន៍​ជា​ច្រើន ស្រ្តី និង​ក្មេង​ស្រី ទទួល​ខុសត្រូវ​លើ​ការងារ​ទាក់ទង​នឹងសកម្មភាព​គ្រួសារ និង​សហគមន៍ ចំណែក​ឯ​បុរស​វិញ​ច្រើន​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​ការងារ​ទាក់ទង​នឹង​ការ​ផលិត។ ទោះជាយ៉ាងណាក្ដី តួនាទី​​ផ្នែក​យេនឌ័រ កំពុង​មាន​ការ​ផ្លាស់ប្ដូរ ហើយ​ស្ត្រី​នៅ​កន្លែង​ជា​ច្រើន​​ក្នុង​ពិភពលោក ក៏​កំពុង​ឈាន​ជើង​ចូល​​ប្រឡូក​ក្នុង​វិស័យ​ការ​ងារ ដែល​ទទួល​បាន​កម្រៃ​ផង​ដែរ។ ប៉ុន្តែ​ ជា​រឿយៗ តួនាទី​ផ្នែក​យេនឌ័រ​នៅ​តែ​មិនមាន​ការ​ផ្លាស់ប្ដូរ​ឡើយ ពោលគឺ ស្រ្តី និង​ក្មេង​ស្រី​ដែល​ចូលរួម​នៅ​ក្នុង​ការងារផ្នែក​​ផលិត នៅ​តែ​បន្ត​ធ្វើ​ការងារ​ផលិត​ឡើងវិញ និង​ការងារ​សហគមន៍​ដដែល។ ហេតុនេះ ពួកគេ​ដើរ​តួនាទី​បី​យ៉ាង​ក្នុង​ពេល​តែ​មួយ នៅ​ក្នុង​សហគមន៍​របស់​ខ្លួន។ មួយ​វិញ​ទៀត នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន ស្រ្តី​ដែល​ធ្វើការងារ​រក​ប្រាក់ចំណូល ច្រើន​ត្រូវ​បាន​គេ​ជួល​ឲ្យ​ធ្វើការងារ ​នៅ​ក្នុង​វិស័យ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ដែល​ក្នុង​នោះ​ម៉ោង​ធ្វើការងារ និង​ល័ក្ខខ័ណ្ឌ​ការងារ​របស់​ពួកគេ​​មាន​លក្ខណៈ​យ៉ាប់យ៉ឺន​ជា​ខ្លាំង។

ទំនាក់ទំនង​រវាង​តួនាទី​​ផ្នែក​យេនឌ័រ និង​បំណែងចែក​ពលកម្ម​ មាន​ចំណង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វប្បធម៌​និមួយៗ។ ទំនាក់ទំនង​​ផ្នែក​យេនឌ័រ ​បង្កើត​បាន​ទៅជា​ប្រព័ន្ធ​អំណាច​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច សង្គម និង​នយោបាយ។ អត្តសញ្ញាណ​ផ្នែក​វប្បធម៌​របស់​សង្គម​និមួយៗ​ ត្រូវ​បាន​កំណត់​រូបរាង​ដោយ​ការ​អនុវត្ត​ប្រចាំ​ថ្ងៃ ឧទាហរណ៍​ដូចជា​ដោយ ​វប្បធម៌ ​វិធាន​អាកប្បកិរិយា របៀប​និយាយ និង​ស្លៀកពាក់ ជា​ដើម។ ការ​អនុវត្ត​ទាំង​អស់​នេះ​ស្ដែង​ចេញ​នូវ​តម្លៃ និង​ឥរិយាបទ​របស់​សហគមន៍​និមួយៗ អំពី​របៀប​ដែល​មនុស្ស​គួរ​រស់នៅ​ជាមួយ​គ្នា និង​អំពី​អត្ថន័យ​នៃ​ការ​ធ្វើ​ជា​មនុស្ស​ស្រី ឬ​មនុស្ស​ប្រុស​នៅ​ក្នុង​សហគមន៍​នោះ។ តម្លៃ ការ​គោរពតាម និង​របៀប​ស្ដែង​ចេញ​អំពី​យេនឌ័រ ដែល​មាន​ទំនាក់ទំនងជាមួយ​ការ​ធ្វើ​ជា​បុរស ឬ​ជា​​ស្ត្រី​ ទាំង​អស់​នេះ បង្កើត​បាន​ទៅ​ជា​ប្រព័ន្ធ​យេនឌ័រ។ នៅ​ក្នុង​សង្គម​ភាគ​ច្រើន ប្រព័ន្ធ​យេនឌ័រ​ដែល​​ជា​អ្នក​ក្ដោបក្ដាប់​អំណាច ​គឺ​ប្រព័ន្ធ​បិតាធិបតេយ្យ ពោល​គឺ​ជា​ប្រព័ន្ធ​ដែល​បុរស​មាន​ឋានៈ​ខ្ពស់​ជាង​ស្ត្រី។ 

ប្រព័ន្ធ​​តាមដាន និង​វាយតម្លៃ​ដែល​យកចិត្តទុកដាក់​ចំពោះ​យេនឌ័រ

នៅ​ក្នុង​អង្គការ និង​ស្ថាប័ន​ផ្សេង​ៗ​នៅ​ក្នុង​តំបន់ យើង​រក​ឃើញ​ថា កិច្ច​ខិត​ខំ​ដើម្បី​បញ្ជ្រាប​សមភាព​យេនឌ័រ​ មាន​ភាព​ទន់ខ្សោយ ឬ​ត្រូវ​បាត់បង់​ទៅវិញ​ ដោយសារ​តែមិនមានប្រព័ន្ធតាមដាន និង​វាយ​តម្លៃ ​ មគ្គុទ្ទេសក៍​សម្រាប់​ដំណើរ​ការ​នៃ​ការ​កសាង​ឆ្ពោះ​ទៅ​រក​សមធម៌។

យើង​គិត​ថា ប្រហែលជា​ការងារ​របស់​យើង​ធ្វើ​មិន​សូវ​បាន​ល្អ ហើយ​លទ្ធផល​ដែល​ទទួល​បាន​នោះ​គឺ ​និន្នាការ​​នៃ​ប្រែក្លាយ​សកម្មភាព​របស់​យើង ទៅជា​​ការ​រួម​បញ្ចូល​តែ​តួរលេខស្រ្តី​។ ជំនួស​ឲុ្យ​ការ​គិត​អំពី​ដំណើរ​ការ​នេះ ក្នុងន័យកាលបរិច្ឆេទកំណត់ និង​គោលដៅ​ជាក់លាក់ នៅ​ពេល​ដែល​មាន​ប្រព័ន្ធ​តាមដាន ដើម្បី​ធានា​នូវ​ការ​ជម្រុញ​ការ​អនុវត្ត​នោះ យើង​នឹង​អាច​ផ្តល់​អំណាច​ដល់​មនុស្ស​ដែល​ធ្វើការ​នៅ​ក្នុង​គម្រោង និង​អង្គការ។ ហេតុនេះ វិធី​ជា​វិធី​ដែល​សមហេតុផល និង​ធានា​សុវត្ថិ​ភាព​ខ្ពស់ជាង​សំដៅ​ទៅ​សាង​សង្គម​ប្រកប​ដោយ​សមភាព និង​ប្រជាធិបតេយ្យ។

ហេតុនេះ លទ្ធផល​សកម្មភាព និង​ជា​សូចនាករ គឺ​ជា​បទដ្ឋាន​គំរូ​សម្រាប់​ការ​តាមដាន និង​វាយតម្លៃ ហើយ​ចាំបាច់​ត្រូវ​តែ​បង្កើត​ឡើង​ឲ្យ​មាន​ការ​បែងចែក​ទៅ​តាម​ភេទ។ តាម​វិធី​នេះ​ យើង​អាច​ធានា​បាន​ថា ការ​ចូល​រួម​របស់​​ស្ត្រី  និង​បុរស​គឺ​មិន​អាស្រ័យ​តែ​ទៅ​លើ​ការ​យល់ដឹង​របស់​ក្រុម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នេះ​ជា​ផ្នែក​មួយ​នៃ​វិធី​សាស្ត្រ​របស់​ស្ថាប័ន​ដែល​ត្រូវ​បាន​ច្របាច់​បញ្ចូល​ទៅ​ក្នុង​វត្ថុ​បំណង និង​ផែនការ។

ផ្នត់​គំនិត​សង្គម​លើ​តួ​នាទី​យេនឌ័រ

រូបភាព​ដែល​ជាប់​ដិត​ដាម​នៅ​ក្នុង​គំនិត​និង​អារម្មណ៍​របស់​មនុស្ស​ម្នាក់​ៗ ​នៅ​ក្នុង​សង្គម​អំពី​តួ​នាទី​ និង​ការ​បែង​ចែក​ពលកម្ម​របស់​បុរស​និង​ស្ត្រី​ ហើយ​បាន​ក្លាយ​ជា​បទដ្ឋាន​សង្គម​ដែល​ពិបាក​នឹង​កែ​ប្រែ​។ ឧទាហរណ៍ បុរស​ជា​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នៅ​ក្នុង​គ្រួសារ​និង​សង្គម​ ឯ​ស្ត្រី​ជា​អ្នក​ថែទាំ​កូន​ចៅ​ ផ្ទះ​សម្បែង ម្ហូប​អាហារ​........​។

ភាពលំអៀងផ្នែកយេនឌ័រ

ជារឿយៗ ច្រើន​តែ​ជា​ការ​បែងចែក​​ដោយ​​អចេតនា និង​​មិន​អាច​មើលឃើញ​ច្បាស់​រវាង​បុរស និងស្រ្តី តាមរយៈ​ការ​ដាក់​យេនឌ័រ​មួយ​នៅ​ក្នុង ឋានៈ​​ជា​ឋានានុក្រម​ណាមួយ ធៀប​ទៅនឹង​ភេទ​មួយទៀត នៅ​ក្នុង​បរិបទ​ជាក់លាក់​ណាមួយ ហើយ​ជាលទ្ធផល ក៏​បង្កើត​ឲ្យ​មាន​រូបភាព​គំនិត​បុរេវិនិច្ឆ័យ​អំពី​ភាព​ជា​បុរស និងភាព​ជាស្រ្តី។ ភាពលំអៀង​ផ្នែក​យេនឌ័រ ជះឥទ្ធិពល​​ទៅ​លើ​​ការ​ចូលរួម​របស់​បុរស និង​ស្រ្តី​នៅ​ក្នុង​ការ​ស្រាវជ្រាវ (ពោលគឺ ធ្វើ​ឲ្យ​មាន​អ្នក​តំណាង​របស់ស្រ្តីតិច) និង ជះឥទ្ធិពល​ទៅលើ​សុពលភាព​របស់​ការស្រាវជ្រាវ។ ឧទាហរណ៍​មួយ​ អំពី​ការ​ស្រាវជ្រាវ​ ដែល​មាន​​ភាពលំអៀង​ផ្នែក​យេនឌ័រ​គឺ ​ការ​ស្រាវជ្រាវ​ដែល​ផ្តោតទៅលើ​ទស្សនៈវិស័យ​របស់​បុរស​តែ​ម្ខាង ឬស្រ្តី​ទស្សនៈវិស័យ​របស់តែម្ខាង តែ​បែ​ជា​យក​ លទ្ធផល​នោះ​ទៅ​បង្ហាញ​ថា​ ជា​លទ្ធផល​ដែល​មាន​សុពលភាព​ជាសាកល។

ភាព​ជា​ប្រុស

ភាព​ជា​ប្រុស​ជា​ទស្សនៈ​ដែល​វប្បធម៌​ណា​មួយ​រំពឹង​ថា​ មនុស្ស​ប្រុស​ត្រួវ​មាន​អាកប្បកិរិយា​ គំនិត និង​របៀប​ស្ដែង​ឡើង​ដោយ​ឡែក​មួយ​ពី​ភាព​ជា​ស្រី​។

ភាព​លំ​អៀង​យេនឌ័រ

សកម្មភាព​ ឬ​ការ​វិនិច្ឆ័យ​ជា​មុន​ដោយ​លំ​អៀង​ ដោយ​ផ្អែក​លើ​អារម្មណ៍​ទាក់​ទង​ទៅ​នឹង​ណា​មួយ។

មាតាធិបតេយ្យ

សំដៅ​លើ​ទំនៀម​ទម្លាប់​ម្យ៉ាង​ដែល​ក្នុង​នោះ​ ខ្សែ​រយៈ​អំណាច​ស្ថិត​នៅ​ក្នុង​ដៃ​ស្ត្រី​នៅ​ក្នុង​សហគមន៍ ឬ​ក៏​កុលសម្ព័ន្ធ​។ នៅ​ក្នុង​របប​មាតាធិបតេយ្យ កូន​ចៅ​ត្រូវ​បាន​គេ​ផ្ដល់​អត្ត​សញ្ញាណ​ទៅ​តាម​ម្ដាយ ឬ​ខ្សែ​ស្រឡាយ​ខាង​ម្ដាយ​ ជា​ជាង​យក​ខាង​ឪពុក​។ ដូច​នេះ​ ចំណង​សម្ព័ន្ធ​គ្រួសារ​ធំ​និង​កុលសម្ព័ន្ធ គឺ​យក​ទៅ​តាម​ខ្សែ​លោហិត​ខាង​ម្ដាយ​។

Pages