សទ្ទានុក្រម

ពាក្យ និយម​ន័យ
តួ​នាទី​បន្ត​ពូជ

តួនាទី​បន្ត​ពូជ​រួម​មាន​ ការ​ទទួល​ខុស​តូវ​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន​ និង​កិច្ចការ​ក្នុង​គ្រួសារ ដែល​ទាម​ទារ​ឱ្យ​ធានា​បាន​នូវ​ការ​ថែទាំ និង​បង្កើត​ឡើង​វិញ​នូវ​កម្លាំង​ពលកម្ម (​ដូច​ជា ការ​រៀប​ចំ​ម្ហូប​អាហារ ការ​រក​អុស​ ការ​រក​ទឹក ការ​ទិញ​ទំនិញ ការ​ថែរក្សា​ផ្ទះ​សម្បែង និង​ការ​ថែរក្សា​សុខភាព​គ្រួសារ​)​។ តួនាទី​នេះ​មាន​ទាំង​ការ​ថែទាំ​កម្លាំង​ពលកម្ម (​ស្វាមី និង​កូន​ដែល​ធ្វើ​ការ​) និង​ការ​ថែទាំ​អនាគត​កម្លាំង​ពលកម្ម (​កូន​តូច និង​កូន​ដែល​ត្រូវ​ចូល​រៀន​)​។ ការងារ​បន្ត​ពូជ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការ​រស់​រាន​របស់​មនុស្ស ក៏​ប៉ុន្តែ​ គេ​កម្រ​នឹង​ចាត់​ទុក​ការងារ​នេះ​ថា​ជា "​ការងារ​ពិត​ប្រាកដ​" ណាស់​។ នៅ​ក្នុង​សហគមន៍​ក្រី​ក្រ ការងារ​បន្ត​ពូជ​ភាគ​ច្រើន​បំផុត​ជា​ការងារ​​មមាញឹក​ និង​ចំណាយ​ពេល​វេលា​ច្រើន​។ ការងារ​ទាំង​នោះ​ស្ទើរ​តែ​ទាំង​អស់​ ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ត្រី និង​កុមារី​។

តួ​នាទី​យេនឌ័រ

តួ​នាទី​យេឌ័រ​ គឺ​ជា​តួ​នាទី​របស់​បុរស​និង​ស្ត្រី​ដែល​កំណត់​ដោយ​សង្គម​។ ឧទាហរណ៍​ តួ​នាទី​របស់​ឪពុក​និង​ម្ដាយ​រួម​មាន​សិទ្ធិ​និង​ករណីយកិច្ច​ក្នុង​ការ​ ថែទាំ​កូន និង​ផ្គត់​ផ្គង់​ជីវភាព​ដល់​គ្រួសារ​។ កម្រង​តួ​នាទី​ទាំង​ពីរ​របស់​ឪពុក​និង​ម្ដាយ រួម​នឹង​កម្រង​នៃ​អាកប្បកិរិយា​របស់​គាត់​ បង្កើត​បាន​ជា​គុណ​តម្លៃ​សង្គម​។ ប្រសិន​បើ​បុគ្គល​ណា​មួយ​មិន​បាន​បំពេញ​តួ​នាទី​យេនឌ័រ​ដូច​ដែល​សង្គម​រំពឹង ​ទុក ពួក​គេ​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ថ្កោល​ទោស ឬ​ការ​ដាក់​ទណ្ឌកម្ម​ពី​សង្គម​។

ទោះ​ជា​ស្ត្រី​និង​បុរស​ធ្វើ​សកម្មភាព​ផ្សេង​ៗ​គ្នា ហើយ​ផលិត​ទ្រព្យ​សម្ភារៈ​ និង​សេវាកម្ម​ផ្សេង​គ្នា​ក៏​ដោយ​ ក៏​ស្ត្រី​និង​បុរស​នៅ​តែ​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​។ តែ​ការ​បែង​ចែក​មុខងារ​ និង​គុណ​តម្លៃ​ប្រែ​ប្រួល​យ៉ាង​ទូលំ​ទូលាយ​ពី​វប្បធម៌​មួយ​ទៅ​វប្បធម៌​មួយ ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ទៀត​នៅ​ក្នុង​រយៈ​កាល​ផ្សេង​គ្នា​។

តើ ប្រសិទ្ធភាពជា​អ្វី?

ប្រសិទ្ធភាព (Efficiency) គឺ​ជា​បញ្ញតិ​មួយ​ដែល​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​សំដៅ​ទៅលើ​ទំនាក់ទំនង​ដែល​មាន​ រវាង​ការងារ​ដែល​មាន​ក្នុង​ផែនការ និង​ការ​ប្រតិបត្តិ​ការងារ​ទាំងនោះ ដោយ​ពិនិត្យ​ទៅលើ​ពេលវេលា ការ​វិនិយោគ​ផ្នែក​សេដ្ឋកិច្ច បុគ្គលិក​ដែល​ត្រូវ​បាន​ចាត់តាំង និង​ធនធាន​សម្ភារៈ។ ប្រសិទ្ធភាព សំដៅ​ទៅលើ​សមត្ថភាព​របស់​យើង ក្នុង​ការ​ធ្វើ​ការងារ​នោះ។

លទ្ធផល​ការងារ​ដែល​មាន​ប្រសិទ្ធិភាព គឺ​​ជា​លទ្ធផល​ការងារ​ដែល​បង្កើត​ផលិតផល ដោយ​ប្រើ​ទុនចូល​តិច។ លទ្ធផល​ការងារ​នេះ ទាក់ទង​នឹង​ការ​ទទួល​ស្គាល់​នូវ​ជំនាញ និង​សមត្ថភាព​របស់​បុគ្គលិក ដើម្បី​ធ្វើការ​បែងចែក​ការ​ទទួល​ខុសត្រូវ​បាន​ល្អ ការ​កំណត់​អំពី​ធនធានឧបទ្ទេស និង​បច្ចេកទេស​​ ដែល​អាច​សម្របខ្លួន​បាន​ល្អ ជា​មួយ​នឹង​សេចក្ដី​ត្រូវការ​របស់​គម្រោង ព្រម​ជាមួយ​លទ្ធភាព​ក្នុង​ការបង្កើត​ធនធាន​ឲ្យ​បាន​ច្រើន​បំផុត ក្នុង​រយៈពេល​ដែល​បាន​រំពឹង​ទុក។

ទោះជាយ៉ាងណាក្ដី ការ​ប៉ាន់ប្រមាណលើប្រសិទ្ធភាព ក៏​​​ចាំបាច់​ត្រូវ​តែ​ពិចារណា​ទៅ​លើ​អត្ថប្រយោជន៍ ការ​ចំណាយ និង​លទ្ធផល​រយៈពេល​វែង ព្រមទាំង​និរន្តរភាព​នៃ​កិច្ចខិតខំ និង​គោលដៅ​ផងដែរ។ យើង​មិនត្រូវ​ បាត់បង់​ចក្ខុវិស័យ​​អំពី​ប្រភេទ​នៃ​ការ​អភិវឌ្ឍ​ដែល​យើង​កំពុង​ព្យាយាម​ចង់បាន និង​ត្រលប់​ទៅ​​កំណត់​បញ្ញត្តិ​ជា​ថ្មី ដោយ​ឈរ​លើ​មូលដ្ឋាន​សមធម៌​។


តើប្រសិទ្ធិផលជា​អ្វី?​

ប្រសិទ្ធិផល (efficacy) សំដៅ​ទៅ​លើ​ចំណុចខ្លាំង​របស់​ក្រុម ឬ​ក្រុមការងារ​ដើម្បី​បំពេញ​នូវ​គោលបំណង​ដែល​បាន​សន្មត់ និង​ទំនាក់ទំនង​របស់​វា ទៅនឹង​សមត្ថភាព​របស់​យើង​ដើម្បី​ប្រែក្លាយ​តថភាព។ ប្រសិទ្ធិផល ប្រាប់​យើងថា​តើ​យើង​ខិតជិត​រូបភាព​គោលដៅ ឬ​ទស្សនវិស័យ​ស្ថាប័ន​កម្រិត​ណា​ហើយ។

តាម​ធម្មតា នៅ​ក្នុង​អង្គការ គោលបំណង​ទាំងអស់​នេះ ត្រូវ​បាន​រួមបញ្ចូល​នៅ​ក្នុង​វត្ថុបំណង​ទូទៅរបស់​កម្មវិធី ឬ​គម្រោង។ គោលបំណង​ទាំងនេះ សំដៅ​ទៅ​លើ ឧទាហរណ៍​​ដូចជា “ដើម្បី​ធ្វើ​ឲ្យ​គុណភាព​ជីវិត​របស់​ស្ត្រី និង​បុរស នៅ​ក្នុង​​ក្រុម​​ចូលរួម​ទាំងអស់​មាន​ភាព​ប្រសើរ​ឡើង” ឬ “ដើម្បី​បង្កើត​ការ​យល់ដឹង​អំពី​ផលិតកម្ម​កសិកម្ម​សរីរាង្គ” “ទទួល​ស្គាល់​នូវ​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ និង​ជីវសាស្ត្រ​របស់​តំបន់”។ល។ ការ​សម្រេច​បាន​នូវ​វត្ថុបំណង​ទាំងអស់​នេះ ទាក់ទង​នឹង​ការ​បំពេញ​សកម្មភាព​នានា ដែល​ត្រូវ​តែ​ប៉ាន់ប្រមាណ នៅ​លើ​កម្រិត​គុណភាព និង​បរិមាណ។

តើ​ការ​តាមដាន​ជា​អ្វី?

ប្រព័ន្ធ​តាមដាន គឺ​ជា​ដំណើរការ ដែល​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ និង​ជា​ប្រព័ន្ធ ដើម្បី​វាស់វែង​វឌ្ឍនភាព និង​ការ​ផ្លាស់ប្ដូរ ​បង្ករឡើង​ដោយសារ​ចង្កោម​សកម្មភាព​មួយ ក្នុង​អំឡុងពេល​ជាក់លាក់​ណាមួយ ដោយ​ផ្អែក​លើ​សូចនា​ករ ដែល​បាន​កំណត់​ទុក​ជាមុន (Guijt ឆ្នាំ 1998)។

ការ​តាមដាន គឺ​ជា​ឧបករណ៏​ប៉ាន់ប្រមាណ​មួយ ដែល​មិនត្រឹម​តែ​វាស់​ទៅលើ​ការ​ប្រតិបត្តិ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ពិនិត្យ​ឡើងវិញ និង​ផ្ដល់​សញ្ញា​តឿន​អាសន្ន​អំពី​ស្ថានភាព​ជាក់លាក់ ឬ​សកម្មភាព​ជា​បញ្ហា​ណា​មួយ ដែល​មិន​បាន​ទទួល​លទ្ធផល​ល្អ តាមអ្វី​ដែល​មាន​កំណត់​នៅ​ក្នុង​ផែនការ និង​ការ​តាក់តែង​។​ តាមរយៈ​ការ​តាមដាន យើង​ពិនិត្យ​យ៉ាង​ស៊ី​ជម្រៅ និង​ស្វែង​យល់ ​អំពី​មូលហេតុ​នៃ​បរាជ័យ​ដែល​បាន​សំគាល់ឃើញ ក្នុង​ទស្សនៈ​មួយ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជា​ជម្រើស​ផ្សេងទៀត។ ការ​តាមដាន ក៏​សង្កត់ធ្ងន់​ផងដែរ ទៅ​លើ​ទិដ្ឋភាព​ជា​វិជ្ជមាន​នានា ​ ការ​តាមដាន​ជួយ​​ឲ្យ​គេ​អាច​ចម្លង​តាម​​​ការ​អនុវត្ត​​ល្អ​ៗ​នោះ​បាន​ដោយ​ជោគជ័យ  និង​ពិនិត្យ​ឡើងវិញ​ទៅ​លើ​ការ​អនុវត្ត​ដែល​ជា​បញ្ហា។ ដោយ​ហេតុនេះ ការ​តាមដាន គឺ​ជា​យន្តការ​មួយ ដែល​ត្រូវ​បាន​បង្កើតឡើង ដើម្បី​អម​ដំណើរការ​អនុវត្ត និង​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​សម្រេចបាន នៅ​ក្នុង​ការ​ឆ្លើយតប​ជាមួយ​នឹង​គោលដៅ។

តើ​ការ​វាយតម្លៃ​ជា​អ្វី?

តាម​ន័យ​របស់​ពាក្យ ការ​វាយតម្លៃ​មាន​ន័យ​ថា​ជា​ការ​លើកទឹកចិត្ត ការ​ទទួលស្គាល់ ការ​គណនា​តម្លៃ​នៃ​វត្ថុ​ផ្សេងៗ។ ក្នុង​នាម​ជា​យន្តការ​មួយ​របស់​ស្ថាប័ន ការ​វាយតម្លៃ​គឺ​ជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន និង​ជា​ដំណើរការ​ស្រាវជ្រាវ និង​វិភាគ​​​ជាប់​ជានិច្ច អំពី​ការ​ផ្លាស់ប្ដូរ​នានា ដែល​អាច​លេចចេញ​ជា​រូបរាង​បាន ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង ជា​លទ្ធផល​ដែល​កើត​ចេញ​​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ពី​ការងារ​របស់​ស្ថាប័ន ឬ​គម្រោង​ណាមួយ នៅ​ក្នុង​បរិបទ​ជាក់លាក់ ដោយ​ពិចារណា​ទៅលើ​ប្រជាជន និង​ស្ថាប័ន​នានា​ដែល​បាន​ចូលរួម។ ដំណើរការ​នេះ ពិនិត្យ​ទៅលើ​ការ​បំពេញ​ការងារ និង​លទ្ធផលការងារ​របស់​កម្មវិធី ឬ​គម្រោង​មួយ ដើម្បី​ផ្ដល់​ព័ត៌មាន​ ព្រមជាមួយ​លក្ខណៈ​វិនិច្ឆ័យ​ដែល​មាន​សារៈប្រយោជន៍​ សម្រាប់​ការ​សម្រេចចិត្ត ទាក់ទង​នឹង​រដ្ឋបាល និង​ការ​គ្រប់គ្រង​គម្រោង។ បន្ថែម​ទៅ​លើ​ផលប៉ះពាល់ ការ​វាយតម្លៃ ដែល​ជា​ដំណើរការ​ជា​អចិន្ត្រៃ​មួយ សំដៅ​ទៅលើ​ប្រសិទ្ធភាព​នៃ​វិធានការដែល​បាន​អនុវត្ត។

ទស្សនៈ​យេនឌ័រ

ការ​យក​ចិត្ត​ទៅ​លើ​របៀប​ខុស​ៗ​គ្នា​ ដែល​ទំនាក់​ទំនង​រវាង​បុរស​និង​ស្ត្រី​មាន​ឥទ្ធិពល​ទៅ​លើ​ព្រឹត្តិការណ៍ និង​ដំណើរ​ការ​ខាង​សេដ្ឋកិច្ច​ នយោបាយ សង្គម ច្បាប់ និង​វប្បធម៌ និង​ការ​ទទួល​ផល​ប៉ះ​ពាល់​របស់​បុរស​និង​ស្ត្រី​ពី​ព្រឹត្តិការណ៍ និង​ដំណើរ​ការ​ទាំងនោះ​។

ទិន្នន័យ​បែង​ចែក​តាម​ភេទ

ទិន្នន័យ​បែង​ចែក​តាម​ភេទ គឺ​ជា​ទិន្នន័យ​ដែល​ផ្ដល់​ព័ត៌មាន​ស្ថិតិ​ដាច់​ដោយ​ឡែក​ពី​គ្នា​រវាង​បុរស​ និង​ស្ត្រី​។

កម្មវិធី​អភិវឌ្ឍ​នានា​តម្រូវ​ឱ្យ​មាន​ទិន្នន័យ​បែប​នេះ ដើម្បី​ជួយ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កំណត់​រក​ផល​ប៉ះពាល់​យេនឌ័រ និង​ធ្វើ​ឱ្យ​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវ​ការ​យេនឌ័រ​ប្រកប​ដោយ​ប្រសិទ្ធ​ ភាព​។

ទំនាក់​ទំនង​យេនឌ័រ

ទំនាក់​ទំនង​រវាង​បុរស និង​ស្ត្រី​នៅ​ក្នុង​សង្គម​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បែង​ចែក​អំណាច ការ​ទទួល​ខុស​ត្រូវ​ និង​តម្រូវ​ការ​ផ្សេង​ៗ ដែល​កំណត់​បាន​នូវ​គុណ​តម្លៃ​រៀង​ៗ​ខ្លួន​។ ទំនាក់​ទំនង​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា​អាស្រ័យ​ទៅ​តាម​ពេល​វេលា​និង ​ទី​កន្លែង ក៏​ដូច​ជា​ទៅ​តាម​ទំនាក់​ទំនង​ដទៃ​ទៀត​នៅ​ក្នុង​សង្គម ដូច​ជា​ វណ្ណៈ​ ឋានៈ វ័យ ពូជ​សាសន៍ ជាតិ​ពន្ធ ពិការភាព​។ល។

ទំនាក់​ទំនង​សង្គម​នៃ​យេនឌ័រ

ទំនាក់​ទំនង​សង្គម​នៃ​យេនឌ័រ​​ពន្យល់​ឱ្យ​ឃើញ​ច្បាស់​អំពី​ភាព​មិន​ឆ្លុះ​ គ្នា​ (​ស៊ី​មេទ្រី​គ្នា​) ដែល​កើត​ឡើង​ជា​ទូទៅ​ក្នុង​ទំនាក់​ទំនង​រវាង​បុរស​និង​ស្ត្រី​ ដោយ​ផ្អែក​លើ​តួនាទី​ភេទ​ក្នុង​ការ​បែង​ចែក​អំណាច ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត ការ​បែង​ចែក​ពលកម្ម​ទាំង​នៅ​ក្នុង​ផ្ទះ និង​ទាំង​នៅ​ក្នុង​សង្គម​ទាំង​មូល​។ ទំនាក់​ទំនង​សង្គម​នៃ​យេនឌ័រ​នេះ​ ធ្វើ​ឱ្យ​យើង​ចាប់​អារម្មណ៍​ដោយ​ចំពោះ​ទៅ​លើ​លក្ខណៈ​សម្បត្តិ​ទាំង​ឡាយ​ដែល​ ទទួល​បាន​តាម​រយៈ​សង្គមូបនីយកម្ម ការ​ឱ្យ​និយម​ន័យ​អំពី​ក្រុម​ និង​អំពី​ខ្លួន​យើង ការ​ដឹង​ពី​តួ​នាទី គុណ​តម្លៃ និង​អាកប្បកិរិយា​សម​ស្រប​របស់​យើង​។ ហើយ​លើស​ពី​នេះ​ទៀត គឺ​ដឹង​អំពី​អន្តរ​សកម្មភាព​ដែល​រំពឹង​ទុក និង​អាច​ទទួល​យក​បាន​ក្នុង​ទំនាក់​ទំនង​រវាង​បុរស និង​ស្ត្រី​ផង​ដែរ​។

Pages