សទ្ទានុក្រម

ពាក្យ និយម​ន័យ
ការ​វិភាគ​ផ្នែក​យេនឌ័រ និង​ការ​ធ្វើ​ផែនការ​ស្រាវជ្រាវ

ការវិភាគផ្នែកយេនឌ័រ រួមមានការយកការវិភាគដែលផ្អែកលើទស្សនៈ​យេនឌ័រ​ទៅ​អនុវត្ត នៅលើព័ត៌មាន និងទិន្នន័យប្រភេទផ្សេងៗ។ ដោយហេតុថា ការប្រើប្រាស់​ព័ត៌មានតាមលក្ខណៈជាក់លាក់បែបនេះ គឺជាទិដ្ឋភាពដ៏សំខាន់បំផុតនៃការបញ្ជ្រាប យេនឌ័រ ជាការសំខាន់ណាស់ដែលអ្នកចាំបាច់ត្រូវតែអាចមានលទ្ធភាពចូលទៅរក​ការវិភាគផ្នែកយេនឌ័រដែលអ្នកត្រូវការ និងអាចប្រើប្រាស់ការវិភាគផ្នែកយេនឌ័រទាំង​នោះឲ្យបានសមស្រប សំរាប់ការធ្វើផែនការគោលនយោបាយ និងសម្រាប់ការ​សម្រេចចិត្ត។ ដោយហេតុថា ការវិភាគផ្នែកយេនឌ័រអាចត្រូវបានយកទៅប្រើប្រាស់ នៅក្នុងវិធីផ្សេងៗជាច្រើន វាក៏ជាការសំខាន់ណាស់ផងដែរ ដែលអ្នកចាំបាច់ត្រូវតែ​កំណត់​ឲ្យបានថា តើការវិភាគផ្នែកយេនឌ័រប្រភេទអ្វី ដែលអ្នកនឹងត្រូវប្រើគ្រប់​ស្ថានភាព​ទាំងអស់។​ ប្រសិនបើ នៅមិនទាន់មានព័ត៌មាន និងការវិភាគនៅឡើយ អ្នក​ក៏​នឹង​ចាំបាច់ត្រូវដឹងអំពីរបៀបដើម្បីបង្កើតនៅព័ត៌មាន និងការវិភាគទាំងអស់នេះ ផងដែរ។ ទិន្នន័យដែលបែងចែកទៅតាមប្រភេទ៖ +ការវិភាគ +ទស្សនៈវិស័យផ្នែកយេនឌ័រ = ការវិភាគផ្នែកយេនឌ័រ


ការ​វិភាគ​យេនឌ័រ

ការ​វិភាគ​លើ​ដំណើរ​ការ​ឬ​បាតុភូត​មួយ ដោយ​ពិនិត្យ​យ៉ាង​ម៉ត់​ចត់​លើ​តួ​នាទី​របស់​បុរស​និង​ស្ត្រី ដោយ​រួម​បញ្ចូល​បញ្ហា​គន្លឹះ​នានា​ដូច​ជា ការ​បែង​ចែក​ពលកម្ម​តាម​យេនឌ័រ សកម្មភាព ផលិតកម្ម​ និង​បន្ត​ពូជ ការ​ទទួល​បាន​និង​ការ​គ្រប់​គ្រង​លើ​ធនធាន តម្រូវ​ការ​និង​ផល​ប្រយោជន៍​ ព្រម​ទាំង​កត្តា​សង្គម​និង​សេដ្ឋកិច្ច​នានា ដែល​មាន​ឥទ្ធិពល​ទៅ​លើ​បុរស​និង​ស្ត្រី​។ ការ​វិភាគ​យេនឌ័រ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​គ្រប់​ជំហាន​នៃ​អន្តរាគមន៍ គោល​នយោបាយ ផែនការ និង​កម្មវិធី​នានា ដោយ​ចាប់​ផ្ដើម​ពី​ការ​កំណត់​អាទិភាព ការ​ប្រមូល​ទិន្នន័យ រហូត​ដល់​ការ​រៀប​ចំ​តាក់​តែង​ការ​អនុវត្ត និង​ការ​វាយ​តម្លៃ​។

ការ​វិភាគ​យេនឌ័រ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង

បែប​ផែន​រៀប​រយ​មួយ​នៃ​ការ​កំណត់​បញ្ជាក់​អំពី​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ ​យេនឌ័រ​នៅ​ក្នុង​ផែនការ​ កម្មវិធី និង​គម្រោង​អភិវឌ្ឍ​នានា​​។ ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ជា​ប្រព័ន្ធ​ដើម្បី​កត់​ត្រា​ភាព​លើស​លុប​ ឬ​ក៏​អត្រា​នៃ​ការ​ចូល​រួម​ពី​សំណាក់​ស្ត្រី​ និង​បុរស​ក្នុង​សំណុំ​នៃ​សកម្មភាព​ ដែល​បង្កើត​បាន​ជា​ប្រព័ន្ធ​ផលិតកម្ម​មួយ​។

ការ​ស្រាជ្រាវ​​ដែល​​មាន​​ភាព​​​ងងឹត​​ផ្នែក​​យេនឌ័រ

មិន​យក​បញ្ហា​យេនឌ័រ​មក​ពិចារណា​ទេ ដោយ​ច្រើនតែ​ផ្អែក​ទៅលើ​ការ​សន្មត់​ខុស​ឆ្គង​ថា ភាព​ខុសគ្នា​ដែល​អាច​មាន​រវាង បុរស និង​ស្រ្តី គឺ​មិន​ពាក់ព័ន្ធ​សម្រាប់​ការស្រាវជ្រាវ​ដែល​កំពុងធ្វើ​នោះទេ។ ភាពងងឹត​ផ្នែក​យេនឌ័រ សំដៅ​​ទៅលើ​ ការ​ខកខាន​មិន​បាន​​កំណត់ ឬ​មិន​បាន​ទទួលស្គាល់​​ថា ភាព​ខុសគ្នា​​ដែល​ឈរ​លើ​មូលដ្ឋាន​ផ្នែកយេនឌ័រមានសាសរៈសំខាន់។ ឧទាហរណ៍​មួយ​អំពី “ភាពងងឹត” នេះ​គឺ៖ ស្វែងយល់​អំពី​បុព្វហេតុ​នៃ​ការ​បោះបង់​ការសិក្សា នៅ​កម្រិត​មធ្យមសិក្សា នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​គិតគូរ​អំពី​យេនឌ័រ​របស់​សិស្ស និង​ល័ក្ខខ័ណ្ឌ ព្រមទាំង​​ស្ថានភាព​នៃ​យេនឌ័រ​របស់​សិស្ស​ ដែល​អាច​ជះឥទ្ធិពលដល់​​​ការ​បោះបង់​ការសិក្សា​។

ការ​ស្រាវជ្រាវ​ដែល​មាន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​យេនឌ័រ

ក្នុង​ការ​ស្រាវជ្រាវ​ដែល​យកចិត្តទុកដាក់​ចំពោះ​យេនឌ័រ យេនឌ័រ​ត្រូវបាន​យកមក​ពិចារណា​យ៉ាង​ស៊ីសង្វាក់​នៅក្នុង​វដ្ដ​នៃ​ ការស្រាវជ្រាវ​ទាំងមូល។ ការស្រាវជ្រាវ​ដែល​យកចិត្ត​ទុកដាក់​ទៅលើ យេនឌ័រ គឺ​មិនមែន​ជា​ការ​ស្រាវជ្រាវ​ទៅលើ​ស្រ្តី ឬ​ការស្រាវជ្រាវ​ទៅលើ​ទំនាក់ទំនង​យេនឌ័រ​នោះទេ ប៉ុន្តែ​​​ការ​ស្រាវជ្រាវ​​ពិចារណា​ទៅលើ​​យេនឌ័រ​ថា ​ជា​ជំរើស​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការសិក្សា​ផ្នែក​បរិស្ថាន និង​ផ្នែកអភិវឌ្ឍ​ជាដើម។ បុរស និង​ស្រ្តី​មាន​តួនាទី​ផ្សេងគ្នា ដែល​ជះឥទ្ធិពល​ខុសគ្នា​ទៅលើ​បរិស្ថាន និង​ការ​អភិវឌ្ឍន៍។ ជាងនេះ​ទៅទៀត ទំនាក់ទំនង​អំណាច​រវាង​បុរស និង​ស្រ្តី អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ទស្សនៈវិស័យ​របស់​បុរស និង​​ទស្សនៈវិស័យ​របស់​ស្រ្តី ស្តីពី​បញ្ហា​បរិស្ថាន និង​ការ​អភិវឌ្ឍន៍។

ហេតុនេះ ការស្រាវជ្រាវ​ដែល​យកចិត្តទុកដាក់​ចំពោះ​យេឌ័រ មាន​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ភាព​ដូចគ្នា និង​ភាពខុសគ្នា រវាង​បទពិសោធន៍ និង​ទស្សនៈ​​របស់​បុរស និង​​​របស់​​ស្រ្តី ព្រមទាំង​ឲ្យ​តម្លៃ​ស្មើគ្នា​ចំពោះ​បទពិសោធន៍ និង ទស្សនៈ​និមួយៗ។ ឧទាហរណ៍ ការស្រាវជ្រាវ​ដើម្បី​កំណត់​អំពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​សាកល នៅ​ក្នុង​​តំបន់​ភាគឥសាន្ត​នៃ​​ប្រទេស​កម្ពុជា នឹង អាច​កាន់តែ​មាន​លក្ខណៈ​ច្បាស់លាស់​ថែមទៀត ប្រសិនបើ​ការស្រាជ្រាវ​នោះ​រួមបញ្ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​វិភាគ​របស់ ​ខ្លួន ស្តីអំពី​ផលប៉ះពាល់​ទៅលើ​សកម្មភាព​មនុស្ស ជីវភាព និង​ភាព​ងាយ​រងគ្រោះ​ចំពោះ​គ្រោះធម្មជាតិ។ ដោយសារ បុរស និង​ស្រ្តី​មាន​តួនាទី​ផ្សេងគ្នា ហើយ​​ដោយ​ហេតុថា ឋានៈ​សង្គម​ និង ទំនាក់ទំនង​អំណាច​របស់​ពួកគេ អាច​ជះឥទ្ធិពល​លើ​​សមត្ថភាព​របស់​ពួកគេ ​ក្នុង​ការសម្របខ្លួន​ទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ ហេតុនេះ ទស្សនៈវិស័យ​ផ្នែក​យេនឌ័រ គឺ​មាន​ភាព​ពាក់ព័ន្ធ​យ៉ាងខ្លាំង ហើយ​នឹង​អាច​ជួយ​ពង្រឹង​លទ្ធផល​នៃ​ការស្រាវជ្រាវ និង​បង្កើន​នូវ​សារៈប្រយោជន៍​នៃ​ការស្រាវជ្រាវ​នោះ ចំពោះ​អ្នក​ធ្វើ​គោលនយោបាយ។

ការ​ស្រាវជ្រាវ​ដែល​មាន​បញ្ចូល​យេនឌ័រ

មានន័យថាទិដ្ឋភាពផ្នែកយេនឌ័រត្រូវបានបញ្ជ្រាបចូលទៅក្នុង គ្រប់សមាសធាតុទាំងអស់​របស់ការស្រាវជ្រាវ៖ ការកំណត់បញ្ហា ការកំណត់និយមន័យបញ្ញត្តិ និងក្របខណ្ឌ័នៃការវិភាគ ការជ្រើសរើសវិធីសាស្រ្ត ការវិភាគ ការរកឃើញ និងការផ្សព្វផ្សាយលទ្ធផល

ការ​​ឆ្លើយ​តប​​នឹង​​តម្រូវ​​ការ​​យេនឌ័រ

របៀប​ ឬ​វិធី​ដោះ​ស្រាយ​កង្វល់​ ដែល​ពាក់​ព័ន្ធ​នឹង​វិសមភាព​យេនឌ័រ​នៅ​ក្នុង​ការ​បង្កើត​ និង​អនុវត្ត​គោល​នយោបាយ​ និង​កម្មវិធី​អភិវឌ្ឍ​នានា​។

ការ​​តស៊ូ​​មតិ​ ឬ ការ​​ស្វែង​​រក​​ការ​​គាំ​ទ្រ​​មតិ

យុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់​ទាញ​មនុស្ស​ឱ្យ​មាន​ការ​ភ្ញាក់​រឭក​ និង​យល់​ដឹង​កាន់​តែ​ច្រើន​ឡើង​ៗ​អំពី​វិសមភាព​យេនឌ័រ​ ហើយ​ឈាន​ទៅ​រក​ការ​គាំ​ទ្រ និង​ចូល​រួម​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​។ យុទ្ធសាស្ត្រ​នេះ​ក៏​ផ្ដោត​ផង​ដែរ​ទៅ​លើ​ការ​ដាក់​បញ្ចូល​បញ្ហា​ការ​រើស​អើង ​ខាង​យេនឌ័រ​ទៅ​ក្នុង​គោល​នយោបាយ​​ និង​កម្មវិធី​នានា​ និង​ធានា​បាន​ថា​ បញ្ហា​ទាំង​នោះ​នឹង​មាន​ដំណោះ​ស្រាយ​ប្រកប​ដោយ​ជោគ​ជ័យ​។

ការ​តស៊ូ​មតិ ​តម្រូវ​ឱ្យ​មាន​សកម្មជន​ និង​មាន​ចំណេះ​ដឹង​ខាង​យេនឌ័រ​ច្បាស់​លាស់ ព្រម​ទាំង​មាន​ការ​ឃ្លាំ​មើល​ដើម្បី​ឱ្យ​ដឹង​ថា​ បញ្ហា​យេនឌ័រ​នានា​មិន​ត្រូវ​បាន​គេ​មើល​រំលង​។ ការ​តស៊ូ​មតិ​ត្រូវ​មាន​យុទ្ធវិធី​ និង​ភាព​ស្វិតស្វាញ​ ដើម្បី​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​យេនឌ័រ​នានា​ ដែល​បាន​លើក​ឡើង​នោះ​។

ការ​​ទទួល​​ខុស​​ត្រូវ​​ក្នុង​​គ្រួសារ

ការ​បំពេញ​មុខងារ​នានា​នៅ​ក្នុង​ផ្ទះ​សម្បែង​​ដើម្បី​ធានា​បាន​ថា តម្រូវ​ការ​ជា​មូលដ្ឋាន​របស់​សមាជិក​គ្រួសារ​ទាំង​អស់​ត្រូវ​បាន​បំពេញ​ ដូច​ជា​ការ​ដាំ​ស្ល ការ​បោស​សំអាត ការ​ថែទាំ​កូន​ចៅ និង​សមាជិក​គ្រួសារ​ដទៃ​ទៀត​។ នៅ​ក្នុង​សង្គម​ជា​ច្រើន​ការ​ទទួល​ខុស​ត្រូវ​លើ​ការងារ​ផ្ទះ​សម្បែង​បាន​ ធ្លាក់​ទាំង​ស្រុង​ទៅ​លើ​ស្ត្រី​។

ការ​​ទទួល​​បាន​ និង​​ការ​​គ្រប់​គ្រង

ការ​ទទួល​បាន​ គឺ​ជា​សិទ្ធិ​ ឬ​ឱកាស​សម្រាប់​បុគ្គល​ម្នាក់​ៗ​ ក្នុង​ការ​ប្រើ​ប្រាស់​ធន​ធាន​ ឬ​ផល​ប្រយោជន៍​នានា​ខាង​នយោបាយ​ សេដ្ឋកិច្ច និង​សង្គមកិច្ច​។

ការ​គ្រប់​គ្រង​ គឺ​ជា​សមត្ថភាព​របស់​បុគ្គល​ម្នាក់​ៗ​ក្នុង​ការ​ប្រើ​សិទ្ធិ​ ធ្វើ​សេចក្ដី​សម្រេច​ និង​ដាក់​កំណត់​ឱ្យ​អ្នក​ដទៃ​ប្រើ​ប្រាស់​ធន​ធាន ឬ​ផល​ប្រយោជន៍​នានា​ហើយ​ឱ្យ​អ្នក​ដទៃ​ធ្វើ​តាម​ការ​ដាក់​កំណត់​នោះ​។

សមភាព​ក្នុង​ការ​ទទួល​បាន​នូវ​ធន​ធាន​ ផល​ប្រយោជន៍​ និង​សេវាកម្ម​នានា​គឺ​ជា​វត្ថុ​បំណង​មួយ​ក្នុង​ចំណោម​វត្ថុ​បំណង​ទាំង​ឡាយ​ នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ស្ត្រី ដើម្បី​ទទួល​បាន​សមភាព​ផ្នែក​ប្រព្រឹត្តិកម្ម​ និង​កាលានុវត្ត​ភាព​នានា​ពី​សង្គម​។

Pages